ហ៊្វុនស៊ិនប៉ិច​ប្រកាស​មិន​បោះបង់​នយោបាយ​ខ្លួន ទោះ​មិន​បាន​អាសនៈ​ក្នុង​ការ​បោះឆ្នោត

ដោយ ហេង រស្មី
2018-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
Photo: RFA

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ធ្លាប់​ជា​ដៃគូ​ចម្រុះ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ថា ពួកគេ​មិន​បោះបង់ចោល​ការ​ធ្វើ​នយោបាយ​របស់​ខ្លួន​ទេ ក៏​ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា ការ​បរាជ័យ​កន្លងមក​ដោយសារតែ​គណបក្ស​នេះ​មិនបាន​កែទម្រង់​អោយ​បាន​ស៊ីជម្រៅ។ នៅ​ក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ គណបក្ស​ប្រកាន់​របប​រាជានិយម​មួយ​នេះ​មិន​ទទួល​បាន​អាសនៈ​ណាមួយ​តាម​ការបោះឆ្នោត​នោះ​ឡើយ ក្នុង​ខណៈ​ដែ​ទ្រង់ រណឫទ្ធិ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ធ្លាប់​ជា​ដៃគូ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ បាន​បាត់បង់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​រហូត ដល់​មិន​ទទួល​បាន​អាសនៈ​សោះ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​សភាតំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ។

គណបក្ស​ប្រកាន់​របប​រាជានិយម​មួយ​នេះ បើទោះបីជា​បាន​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក៏​ដោយ​ក៏​គណបក្ស​នេះ​នៅតែ​អះអាង​ថា នៅតែ​មិន​បោះបង់​ការ​ប្រឹងប្រែង​របស់​ខ្លួន​ឡើយ។ ទោះជា​យ៉ាងណាក៏ដោយ គណបក្ស​នេះ​ទទួលស្គាល់​ថា ការ​បរាជ័យ​កន្លងមក ដោយសារតែ​មិនបាន​កែ​ទ្រង់​អោយ​បាន​ស៊ីជម្រៅ។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ បាន​ប្រាប់​អាស៊ីសេរី​ថា គណបក្ស​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ស្ដារ​ប្រជាប្រិយភាព​គណបក្ស​នេះ​ឡើងវិញ៖ «ដូច្នេះ​ការ​រៀប​ចំ​នេះ​យើង​រៀបចំ​អោយ​ច្បាស់លាស់ អោយ​មាន​យុត្តិធម៌ អ្នក​ដែល​ធ្វើ​កុំ​អោយ​មាន​បក្សពួកនិយម។ យើង​និយម​គឺ និយម​នៃ​របប​រាជានិយម»

ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​ជា​ការបោះឆ្នោត​លើកដំបូង​ដែល​រៀបចំឡើង​ដោយ​អង្គការ​សហប្រជាជាតិ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​នេះ ដោយ​ទទួល​បាន ៥៨​អាសនៈ។ ក៏ប៉ុន្តែ​ដើម្បី​កែសម្រួល​ស្ថានភាព​នយោបាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​សុខចិត្ត​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​មាន​នាយករដ្ឋមន្ត្រី​ពីរ។ ទ្រង់​រណឫទ្ធិ ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី​១ ចំណែក​ឯ​លោក ហ៊ុន សែន ត្រូវ​បានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី​២។

នាយករដ្ឋមន្ត្រី​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ជម្លោះ​ប្រដាប់​អាវុធ​ដ៏​បង្ហូរ​ឈាម​គ្នា​មួយ​ក៏បាន​ផ្ទុះឡើង​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។

ជម្លោះ​ប្រដាប់​អាវុធ​នោះ​គឺ​បាន​កើតឡើង​​នៅ​ក្នុង​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​៥ -៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ដែល​បណ្ដាល​ឲ្យ​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​នាក់ បាន​ស្លាប់ រង​របួស​និង​ជាច្រើន​នាក់​ទៀត​បាន​បាត់​ខ្លួន។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាប់​តាំង​ពី​ក្រោយ​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧​មក បាន​ចាប់ផ្តើម​បែកបាក់​កាន់តែ​ធ្ងន់ធ្ងរ រហូតដល់​ទ្រង់ រណឫទ្ធិ ត្រូវ​បានធ្វើ​បក្ស​ប្រហារ​ទម្លាក់​ចេញពី​ប្រធាន​គណបក្ស​ដែល​គេ​សង្ស័យ​ថា ធ្វើឡើង​ដោយ​លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​ជា​អតីត​មេទ័ព​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ទ្រង់។

ក្រោយមក​គណបក្ស​រាជានិយម​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​ពុះ​បំបែកចេញ​ជា​ពីរ កាលពី​ឆ្នាំ​២០១២។ លោក ញឹក ប៊ុនឆៃ បាន​កាន់កាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំណែក​ឯ ទ្រង់ រណឫទ្ធិ បាន​បង្កើត​គណបក្ស​ថ្មី​មួយទៀត​ដោយ​ដាក់ឈ្មោះ​ព្រះអង្គ​ផ្ទាល់​គឺ​គណបក្ស នរោត្តម រណឫទ្ធិ។

គណបក្ស​ទាំងពីរ​ដែល​កើត​ចេញពី​គណបក្ស​រាជានិយម​តែមួយ​នេះ នៅតែ​មិន​អាច​យក​ជ័យជម្នះ​លើ​​គណបក្ស​​គ្រប់​គ្រង​​អំណាច​​របស់​លោក ហ៊ុន សែន បាន​ឡើយ​​នៅ​​ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើសរើស​​សភា​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​​កាល​ពី​​ឆ្នាំ​២០១៣។

ក៏ប៉ុន្តែ ក្រុម​អ្នក​អង្កេត​ការណ៍​នយោបាយ​នៅចាំ​បាន​ថា របប​ក្រុងភ្នំពេញ​របស់​លោក ហ៊ុន សែន នៅ​ជិត​ផុត​អាណត្តិ​ ៥​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ចែករំលែក​សមាជិកសភា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៥​រូប ទៅ​​ឲ្យ​​គណបក្ស​ហ៊្វុនស៊ិនប៉ិច បន្ទាប់ពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ ត្រូវ​បាន​រំលាយ​តាម​អំណាច​​សាលក្រម​​តុលាការ​​កំពូល​​កាល​ពី​​ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៧។

សមាជិកសភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រកាន់​របប​រាជានិយម​មួយ​នេះ បាន​ស្បថ​ចូលកាន់​មុខ​ដំណែង​មិន​បាន​ប៉ុន្មាន​ខែ​ផង ការបោះឆ្នោត​បាន​ឈាន​មកដល់ ហើយ​ជា​លទ្ធផល​គណបក្ស​នេះ​ទទួល​បាន​សម្លេង​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ជាង ៤​សែន ៩​ម៉ឺន​សំឡេង។ ចំនួន​នេះ​មិន​អាច​អោយ​គណបក្ស​នេះ ទទួល​បាន​អាសនៈ​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ទេ។

ការ​មិន​ទទួល​បាន​អាសនៈ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ​បាន​បង្ក​អោយ​មាន​រិះគន់​ពី​គណបក្ស​ជំទាស់ និង​អ្នកវិភាគ​ដោយសារតែ​គណបក្ស​នេះ​បាន​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​របប​ក្រុងភ្នំពេញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ស្តី​បន្ទោស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា បាន​ដើរ​បញ្ច្រាស​ចរន្ត​នៃ​គោល​ការ​ប្រជាធិបតេយ្យ​ទើប​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​៖ «គណបក្ស​ហ្នឹង​បាន​ដើរ​បញ្ច្រាស​ចរន្ត​នៃ​ឆន្ទៈ​ប្រជាពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​បោះបង់​ការ​គាំទ្រ​រួច​ទៅ​ហើយ តាំងពី​ឆ្នាំ​២០០៨ និង​២០១៣​មក​ម្ល៉េះ អ៊ីចឹង​វា​អត់​មាន​ស្អី​ទៅមុខ​រួច​ទេ»

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​ធ្លាប់​ជា​ក្រុម​យុវជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​ថា ដោយសារតែ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​របប​ក្រុងភ្នំពេញ​បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាន​ធ្លាក់​ចុះ​ពី​៥៨​អាសនៈ នៅ​ក្នុង​ឆ្នាំ​១៩៩៣ មក​នៅ​ត្រឹម​គ្មាន​អាសនៈ​សោះ​នៅ​ឆ្នាំ​២០១៨។

លោក​និយាយ​ថា បើ​គណបក្ស​នេះ​មិនបាន​ដូរ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ទេ គណបក្ស​នេះ​នឹង​បាត់ឈ្មោះ​ពី​សង្គមជាតិ​ទាំងមូល៖ «វា​ទាល់តែ​គណបក្ស​ហ្នឹង​មាន​ជំហរ​នយោបាយ​ថ្មី ទិសដៅ​នយោបាយ​ថ្មី សកម្មភាព។ កុំ​ផ្លាស់​តែ​មេដឹកនាំ​ថ្មី​ហើយ​របៀប​ដឹកនាំ​ចាស់​ដដែល​គឺ​វា​អត់​មាន​អ្វី​រីកចម្រើន​ទេ។ អ្វី​ដែល​យើង​មើល​ឃើញ​មានតែ​ឈ្មោះ​តែ​ប៉ុណ្ណឹង»

ចាប់​តាំង​ពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ មក​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាត់បង់​អាសនៈ​ជា​បន្តបន្ទាប់ នៅ​រៀងរាល់​ការ​របោះ​ឆ្នោត។ ពោល​គឺ ពី​៥៨​អាសនៈ នៅ​ឆ្នាំ​១៩៩៣ មក ៤៣​អាសនៈ នៅ​ឆ្នាំ​១៩៩៨ ២៦​អាសនៈ​នៅ​ឆ្នាំ​២០០៣ មក​នៅ​ត្រឹម ២​អាសនៈ​នៅ​ឆ្នាំ​២០០៨ និង​មិន​បាន​អាសនៈ​ណាមួយ​សោះ ក្នុង​ការ​បោះឆ្នោត​ពីរ​អាណត្តិ​ចុងក្រោយ​នេះ គឺ​០​អាសនៈ នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៨។

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​អះអាង​ថា នឹង​មិន​បោះបង់ចោល​នយោបាយ​របស់​ខ្លួន​ទេ ហើយ​នៅ​បន្ត​សកម្មភាព​ដើម្បី​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល