គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចង់​បង្កើត​ភូមិ-ឃុំ​គំរូ​ឲ្យ​រដ្ឋាភិបាល​មើល

ដោយ វ៉ាន វណ្ណដេត
2017.05.18
យ៉េង វីរៈ យ៉ង សាំងកុមារ ២០១៧ ១៤៤០ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ជួរ​មុខ​ខាង​ឆ្វេង) និង​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ (ជួរ​មុខ​ខាង​ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​បង្កើត​ភូមិ-ឃុំ​គំរូ​នៅ​តាម​ឃុំ-សង្កាត់​ដែល​គណបក្ស​នេះ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៤។ ស្ថាបនិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្ឃឹម​លើ​បេក្ខជន​មេ​ឃុំ​របស់​បក្ស​ខ្លួន ថា​នឹង​អាច​ធ្វើ​បាន។ លើស​ពី​នេះ គណបក្ស​នេះ​បញ្ជាក់​ថា គ្មាន​គោល​នយោបាយ​ចែក​សារុង ចែក​ប៊ីចេង ដើម្បី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ដែរ។

ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉ង សាំងកុមារ ចង់​ឃើញ​ការ​អភិវឌ្ឍ​តាម​បែប​វិមជ្ឈការ​ពិត​ប្រាកដ​នៅ​តាម​ឃុំ-សង្កាត់។ លោក​ថា ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​តាម​បែប​វិមជ្ឈការ​ពិត​ប្រាកដ នឹង​ធ្វើ​ឲ្យ​រដ្ឋបាល​នៅ​តាម​ឃុំ-សង្កាត់​មាន​សារសំខាន់ ហើយ​តួនាទី​របស់​រដ្ឋាភិបាល​ទៅ​លើ​ភូមិ-ឃុំ លែង​សូវ​សំខាន់​ដូច​ពេល​នេះ​ហើយ។

លោក យ៉ង សាំងកុមារ លើក​ឡើង​នៅ​ចំពោះ​មុខ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ថា តាម​រយៈ​គោល​នយោបាយ​ល្អ​ទាំង​៥ របស់​គណបក្ស​នេះ គឺ​មេ​ឃុំ មេ​ភូមិ​ល្អ គ្រូពេទ្យ​ល្អ គ្រូបង្រៀន​ល្អ គ្រូ​កសិកម្ម​ល្អ និង​នគរបាល​ល្អ លោក​ចង់​បង្កើត​ភូមិ-ឃុំ​គំរូ​ឲ្យ​ថ្នាក់​លើ​មើល ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​មាន​លេស​ថា អ្នក​នៅ​ថ្នាក់​ក្រោម​ជាតិ​ធ្វើ​ការ​មិន​កើត៖ «យើង​រៀបចំ​ឲ្យ​បាន​ភូមិ-ឃុំ​មួយ​ចំនួន​ជា​គំរូ។ ចឹង​គឺ​យើង​ចង់​បង្ហាញ​អ្នក​ខាង​ក្រោម​ក៏​មាន​សមត្ថភាព​អាច​ដឹកនាំ​ភូមិ-ឃុំ​គេ​បាន​រីក​ចម្រើន​ដែរ»

លោក យ៉ង សាំងកុមារ បន្ថែម​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​គ្មាន​គោល​នយោបាយ​ចែក​សារុង ចែក​ប៊ីចេង ដើម្បី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​១២ ដែល​បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ។ គណបក្ស​នេះ បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន ២៧​ឃុំ-សង្កាត់​ក្នុង​ខេត្ត​ចំនួន​៩។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​លោក​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​ពី​គោល​នយោបាយ​ល្អៗ​សម្រាប់​អភិវឌ្ឍ​ភូមិ-ឃុំ​របស់​គ្រប់​គណបក្ស​នយោបាយ។ តែ​ទោះ​យ៉ាង​ណា លោក​ថា​ទុក​ឲ្យ​ពលរដ្ឋ​ជា​អ្នក​សម្រេច​ចិត្ត​នៅ​ថ្ងៃ​បោះឆ្នោត ថា​តើ​ពលរដ្ឋ​ស្រឡាញ់​គណបក្ស​ណា? ចំណែក​ឯ​ការ​ចែក​សារុង ប៊ីចេង​វិញ លោក សុខ ឥសាន ថា​គណបក្ស​ប្រជាជន​កម្ពុជា ចែក​ឲ្យ​តែ​សមាជិក​បក្ស​កាន់​អំណាច​ទេ មិន​មែន​ជា​ការ​ចែក​ឲ្យ​ពលរដ្ឋ​ទូទៅ​ទេ ហើយ​លោក​ស្នើ​កុំ​ឲ្យ​រិះគន់​បក្ស​កាន់​អំណាច ថា​លម្អៀង​ចែក​សារុង ឬ​ប៊ីចេង​ឲ្យ​ពលរដ្ឋ​មិន​ស្មើ​គ្នា៖ «ទុក​ឲ្យ​ប្រជាពលរដ្ឋ​លោក​អ្នក​មើល​ទៅ! បើ​ថា​គាត់​ពិត​ជា​ល្អ គាត់​ជាប់​ហើយ»

ក្រៅ​ពី​សារ​នយោបាយ​ល្អ​ទាំង​៥ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ថា​បេក្ខជន​មេ​ឃុំ-សង្កាត់​បក្ស​លោក បាន​ត្រៀម​សារ​នយោបាយ​បន្ថែម​ទៀត ដែល​ជា​បញ្ហា​ផ្ទាល់​របស់​ពលរដ្ឋ​តាម​ឃុំ​សម្រាប់​ឃោសនា។

បេក្ខជន​មេ​ឃុំ​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្ត​កំពត លោក អ៊ួន សុផល ប្រាប់​ថា លោក​បាន​ត្រៀម​សារ​នយោបាយ​បន្ថែម​ទៀត​សម្រាប់​ការ​ឃោសនា​នៅ​ឃុំ​ដំណាក់សុក្រំ។ លោក​ថា ការ​ជំរុញ​បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម គឺ​ជា​សារ​នយោបាយ​សំខាន់​មួយ ដែល​លោក​ត្រៀម​ឃោសនា​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ធំៗ ៣ នៅ​ឃុំ​របស់​លោក៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​កន្លងមក​ហ្នឹង គឺ​មាន​ការ​លក់​ផលិតផល​ខ្លួន​ឯង​បាន​ថ្លៃធ្វើ​យ៉ាង​ណា ឲ្យ​ប្រជាពលរដ្ឋ​កន្លង​មក​ហ្នឹង គឺ​អាច​ទិញ​របស់​ពី​ក្រុមហ៊ុន ពី​ឈ្មួញ ពី​ទីផ្សារ មក​សម្រាប់​ក្នុង​សហគមន៍​បាន​ថោក! ចឹង​ហើយ​ដែល​បទពិសោធន៍​ទាំងអស់​នេះ​ដាច់​ឆ្លុះ​បញ្ចាំង​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ»

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​បាន​ប្រជែង​គ្នា ដើម្បី​បង្ហាញ​ថា បក្ស​នយោបាយ​របស់​ខ្លួន​ព្យាយាម​ខ្លាំង​ណាស់ ដើម្បី​ជួយ​ពលរដ្ឋ​នៅ​តាម​ឃុំ-សង្កាត់​ដែល​ចង់​បាន​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ ដោយ​មាន​អ្នក​នយោបាយ​ខ្លះ​ប្រើ​វិធី​លួង ចែង​អំណោយ សន្យា ស្បថ ឬ​ព្រមាន​ពី​សង្គ្រាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។