បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​ចរចា​ជាមួយ​អឺរ៉ុប​​រឿង​ដក EBA

ដោយ សន ចាន់រដ្ឋា
2018-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ជួរ​មុខ​ខាង​ឆ្វេង) និង​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ (ជួរ​មុខ​ខាង​ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ជួរ​មុខ​ខាង​ឆ្វេង) និង​ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ (ជួរ​មុខ​ខាង​ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ប្រកាស​ថា គណបក្ស​នេះ​មិន​គាំទ្រ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នោះ​ឡើយ ដោយសារ​ប្រព័ន្ធ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​ស្រប​ពេល​របប​ក្រុងភ្នំពេញ​មិនទាន់​បង្ហាញ​បន្ទន់​ជំហរ​របស់​ខ្លួន​នៅឡើយ ចំពោះ​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​ឱ្យ​មានការ​ចរចា​រវាង​ភាគី​ពាក់ព័ន្ធ ពិសេស របប​លោក ហ៊ុន សែន ជាមួយ​នឹង​តំណាង​សហភាព​អឺរ៉ុប ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​ហានិភ័យ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃទី​៣១ តុលា​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​កម្ពុជា។ គណបក្ស​នេះ​យល់ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​វិស័យ​ឯកជន ដែល​កំពុង​នាំចេញ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ កៅស៊ូ និង​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដែល​បណ្ដា​ឲ្យ​កម្ពុជា​បាត់បង់​ចំណូល​ជាតិ ការងារ កំណើន​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​កម្មករ។

គណបក្ស​នេះ​ចង់​ឱ្យ​មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ធានា​បាន​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន និង​ចៀសវាង​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច ព្រមទាំង​ការបាត់បង់​ការងារ​របស់​ពលរដ្ឋ។

សហភាព​អឺរ៉ុប​បាន​ដាក់​ឱសានវាទ​រយៈពេល ១២​ខែ ឱ្យ​របប​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ បើ​ពុំ​ដូច្នេះ​ទេ​សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ ដោយសារតែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ មិនទាន់​ត្រូវ​បាន​កែប្រែ​នៅឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅតែ​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន រក​ដំណោះស្រាយ​រឿង​នេះ​ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ​ជាធំ ដើម្បី​កុំ​ឱ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ លោក​ថ្លែង​ថា ដំណោះស្រាយ​សមស្រប​នោះ គឺ​ការ​ស្តារ​ស្ថានការណ៍​នយោបាយ​ឱ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ តាមរយៈ​ការ​ចរចា​រវាង​គណ​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង៖ «រដ្ឋាភិបាល​ត្រូវតែ​គិតគូរ​បញ្ហា​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា ចៀសវាង​គេ​សម្រេច​ដក​ហើយ នោះ​វា​នឹង​មាន​ការ​លំបាក​ស្នើសុំ​មកវិញ។ រឿង​សំខាន់​ទាំង​អ្នកនយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ចូល​តុ​អង្គុយ​និយាយ​គ្នា​ទៅ។ យើង​គិត​ថា បើ​មានការ​អង្គុយ​ជជែក​គ្នា ពេលនោះ​ហើយ​ដែល​នឹង​រក​ដំណោះស្រាយ​ឃើញ​នោះ ពីព្រោះ​យើង​ខ្មែរ​ដូចគ្នា និយាយ​ភាសា​តែមួយ អ៊ីចឹង​ជជែក​គ្នា​ទៅ នឹង​មាន​ច្រកចេញ​ហើយ។ ហើយ​មាន​សហគមន៍​អន្តរជាតិ​ដឹង​លឺ​រឿង​ស្វែងរក​ដំណោះស្រាយ​ហ្នឹង វា​ជា​រឿង​ល្អ​ប្រសើរ​ហើយ»

វិស័យ​កាត់ដេរ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​លើស​ពី ៧០​ម៉ឺន​នាក់ ដែល​កម្មករ​ភាគច្រើន​គឺជា​ស្ត្រី។ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ បាន​ផ្ដល់​ប្រាក់ចំណូល​លើស​ពី ៥ ពាន់​លាន​ដុល្លារ ដែល​ជា​ប្រាក់ចំណូល​ធំ​ជាងគេ​បាន​មកពី​ការនាំចេញ​ផលិតផល​គ្រប់​ប្រភេទ។ ផលិតផល​វាយនភណ្ឌ​របស់​កម្ពុជា ភាគច្រើន​ត្រូវ​បាន​នាំ​ចេញទៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។ ការនាំចេញ​ផលិតផល​នេះ​ទៅ​ទីផ្សារ​អឺរ៉ុប ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” ធ្វើ​ឱ្យ​កម្ពុជា​រួច​កាតព្វកិច្ច​ពន្ធ​ជិត ៧ រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បី​ឆ្លើយតប​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី៣១ តុលា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ​មក​ដល់​នឹង​ពេលនេះ របប​ក្រុងភ្នំពេញ ហាក់​មិនទាន់​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​ជុំវិញ​សំណើ​របស់​សហភាព​អឺរ៉ុប​នៅឡើយ ហើយ​មេដឹកនាំ​របប​នេះ​គឺ​លោក ហ៊ុន សែន តែង​និយាយ​ជា​ញឹកញាប់​ថា លោក​មិន​ខ្វល់​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ឡើយ ព្រោះ​មុន ឬ​ក្រោយ កម្ពុជា​គង់តែ​បាត់បង់​ប្រព័ន្ធ​នេះ​ដដែល ដោយសារតែ​កំណើន​សេដ្ឋកិច្ច៖ «អា​លុយ​ត្រូវ​បង់ពន្ធ​ឱ្យ​គេ​នេះ អាហ្នឹង​បើ​មិន​បង់ពន្ធ វា​ចំណេញ​ក្រុមហ៊ុន​ទេតើ។ គ្រាន់តែ​ក្រុមហ៊ុន​គេ​យក​ទៅ មួយ​ភាគ​គេ​ចំណេញ មួយ​ភាគ​គេ​យក​ទៅ​សង​ធនាគារ ហើយ​មួយ​ភាគ​គេ​យក​ទៅ​ដើម្បី​រួមចំណែក​ដំឡើង​បៀវត្ស​ឱ្យ​កម្មករ​តែ​ប៉ុណ្ណឹង​ទេ។ បើ​បាត់​អាហ្នឹង ទីផ្សារ​ក៏​វា​នៅ​ដែរ​។ ខ្ញុំ​សូម​ជម្រាប យើង​ធ្លាប់​បាត់​ហើយ​តើ​។ យើង​ធ្លាប់​នាំទៅ​អាមេរិក​ដោយ​មិន​បង់ពន្ធ តែ​គេ​ឱ្យ​ត្រឹមតែ​រយៈពេល​ប៉ុណ្ណឹង គឺ​ត្រឹម​ឆ្នាំ ២០០៤ គេ​បញ្ចប់​។ ឥលូវ​យើង​នាំទៅ​អាមេរិក យើង​បង់ពន្ធ​តើ។ ឥលូវ យើង​ចោទ​ជា​សំណួរ​ថា ចុះ​ក្រុមហ៊ុន​នានា​ដែល​នាំទៅ​អាមេរិក បង់ពន្ធ​នោះ ម៉េច​ក៏​មាន​ប្រាក់ចំណេញ ហើយ​ចុះ​ក្រុមហ៊ុន​នានា​ដែល​នាំមក​អឺរ៉ុប បើ​ត្រូវ​បង់ពន្ធ ម៉េច​ក៏​មាន​ប្រាក់ចំណេញ? វា​គ្រាន់តែ​ចំណេញ​តិច​តែ​ប៉ុណ្ណឹង»

ស្រប​ពេល​កម្ពុជា​កំពុង​មាន​បញ្ហា​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ ដែល​ជា​អ្នកបញ្ជា​ទិញ​ផលិតផល​វាយនភ័ណ្ឌ​ពី​កម្ពុជា ក៏បាន​ដាស់តឿន​របប​លោក ហ៊ុន សែន ឱ្យ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ផង​ដែរ។ ប្រតិភូ​ពិសេស​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​បាន​ក្រើន​រំលឹក​របប​លោក ហ៊ុន សែន ថា និរន្ត​ភាព និង​ការ​​រីកចម្រើន​នៃ​ចំណែក​ទីផ្សារ​របស់​កម្ពុជា គឺ​ចាំបាច់​ត្រូវតែ​មាន​ការអនុវត្ត​សិទ្ធិ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ ហើយ​បើ​កម្ពុជា​ពិតជា​ជា​ចង់​រក្សា និង​លើកកម្ពស់​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ​ដែល​កំពុង​បណ្ដាក់​ទុន​នៅ​ស្រុក​ខ្មែរ​មែន​នោះ របប​ក្រុងភ្នំពេញ​ត្រូវតែ​ធានា​ឱ្យ​បាន​នូវ​ការ​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ឱ្យ​បាន​ខ្ជាប់ខ្ជួន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល