គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្វើសមាជជាលើកដំបូងនៅខេត្តកំពង់ស្ពឺ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចធ្វើសមាជដែលរៀបចំឡើងពីថ្នាក់ក្រោមជាតិមកវិញ។ សមាជគណបក្សដែលដំណើរការជាលើកដំបូង ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ និងចុះក្នុងបញ្ជីឈ្មោះស្ដីពីគណបក្សនយោបាយកាលពីឆ្នាំ២០១៥ រួចមកនេះ ត្រូវបានមន្ត្រីគណបក្សអះអាងថា ជាការអនុវត្តតាមបែបប្រជាធិបតេយ្យ។
អ្នកវិភាគសង្គមយល់ឃើញថា ការដាក់ពីរបៀបនៃការអនុវត្តដូចនេះរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហាក់ប្លែកបន្តិច ហើយក៏ជាមធ្យោបាយប្រសើរដែរ បើប្រៀបធៀបកម្មវិធីនយោបាយរបស់បក្សដទៃដែលធ្លាប់មាន។
មន្ត្រីនៃគណៈកម្មការកណ្ដាលបណ្ដោះអាសន្នរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឲ្យដឹងថា នីតិវិធីនៃការជ្រើសរើសតំណាងឲ្យឃុំ-សង្កាត់ គឺពុំមែនជាអង្គការចាត់តាំងពីថ្នាក់ជាតិទេ ក៏ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលនយោបាយមួយដែលកំណត់ក្នុងកម្មវិធីនយោបាយ គឺរាល់សេចក្ដីសម្រេច ត្រូវធ្វើពីថ្នាក់ក្រោមជាតិទៅវិញ ពោលគឺពីឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត-ក្រុង។
ការថ្លែងដូចនេះរបស់ លោក មួង សុជាតិ ជាសមាជិកគណៈកម្មការកណ្ដាលបណ្ដោះអាសន្នរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ទាប់ពីបញ្ចប់សមាជ នៅថ្ងៃទី២៨ កុម្ភៈ។ លោក មួង សុជាតិ បញ្ជាក់ថា ការតែងតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្នាក់ក្រោមជាតិនេះ គឺពុំមែនធ្វើឡើងពីថ្នាក់ជាតិមកវិញ ពោលគឺត្រូវបោះឆ្នោតពីសមាជិកដែលគាំទ្រ។ លោកបន្តថា ការបោះឆ្នោតដើម្បីរកតំណាងនៅក្នុងបក្សនេះ គឺមិនខុសគ្នាពីរបៀបនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ។ លោកបន្តថា «ឥតមានមេបញ្ជាទេ តែគេស្ម័គ្រចិត្ត។ តែបើឥតស្ម័គ្រចិត្ត ឈរប៉ុន្មានគឺរៀបចំលេខរៀងទី១ ទី២ ដាក់ឈ្មោះទៅ ដូចយើងបោះឆ្នោតឃុំ-សង្កាត់អ៊ីចឹង មានគណៈកម្មការ មានសន្លឹកឆ្នោតនៅក្នុងហ្នឹង ហើយបោះជាសម្ងាត់។ បត់សន្លឹកឆ្នោតដាក់ក្នុងហិប មានអ្នករាប់សន្លឹកឆ្នោត និងមានដាក់ពិន្ទុ មិនខុសអីពីបោះឆ្នោតឃុំ-សង្កាត់ទេ»។
សមាជគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលរៀបចំនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ មានសមាជិកចូលរួមជាង ១៥០នាក់សម្រេចជាឯកច្ឆន្ទ។
លោក ដុំ ដន ត្រូវបានសមាជិកបោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានក្រុមប្រឹក្សាឃុំនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅឃុំមហាសាំង ដើម្បីត្រៀមឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។
សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និយាយថា មុននឹងរើសអ្នកតំណាងខេត្ត ត្រូវឆ្លងកាត់ការបោះឆ្នោតពីសមាជិកឃុំ-សង្កាត់ជាមុនសិន ហើយសមាជិកទាំងនេះ នឹងបោះឆ្នោតរើសតំណាងខេត្តវិញម្ដង។ ម្យ៉ាងទៀត ការឈរឈ្មោះ គឺអាស្រ័យលើការស្ម័គ្រចិត្តរបស់សមាជិក។ លើសពីនេះ ចំនួនអ្នកឈរឈ្មោះសម្រាប់ឲ្យសមាជិកបោះឆ្នោត គឺអាស្រ័យលើអាសនៈនៅក្នុងឃុំ-សង្កាត់នីមួយៗ ហើយសមាជិកដែលជាប់នៅក្នុងឃុំ-សង្កាត់ គឺស្មើនឹងប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់លេខរៀងទី១។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ និងចុះក្នុងបញ្ជីស្ដីពីគណបក្សនយោបាយ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។ តាមគម្រោងរបស់បក្សមូលដ្ឋាននេះ រំពឹងថា នឹងមានសមាជិកជាង ១.៥០០នាក់ ក្នុងចំណោម ១០០ឃុំ-សង្កាត់ នឹងត្រូវដាក់ឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧ ខាងមុខ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា កម្មវិធីនយោបាយរបស់បក្សថ្មីនេះហាក់ប្លែកបន្តិច ហើយបើអនុវត្តដូចអ្វីដែលបានកំណត់នេះមែន ប្រហែលជាមានប្រសិទ្ធភាព។ លោកបន្តថា មានកម្មវិធីនយោបាយជាច្រើនដែលដាក់ចេញសម្រាប់អនុវត្តនៅថ្នាក់ក្រោមជាតិ ក៏ប៉ុន្តែមើលទៅហាក់មានភាពយឺតយ៉ាវ ដែលនៅពុំទាន់ឃើញឆ្លើយតបឲ្យទាន់តម្រូវការ។ លោកបន្តថា «បើសិនណាជាយើងធ្វើតាមរបៀបគណបក្សមូលដ្ឋានដោយកសាងកម្លាំងពិតពីក្រោមទៅ គឺនេះមានន័យថា គណបក្សនោះមានប្រសិទ្ធភាព ក្នុងការជួប ឬក៏ដឹងពីកម្លាំងផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ។ អ៊ីចឹងទេ គឺមានប្រសិទ្ធភាពជាងការដែលយើងមានតែទ្រឹស្ដី ហើយមិនមានការអនុវត្តជាក់ស្ដែង»។
អ្នកវិភាគយល់ឃើញថា បើទោះជារដ្ឋាភិបាលបានកំណត់ទិសដៅនៅក្នុងកម្មវិធីនយោបាយអភិវឌ្ឍន៍សហស្សវត្ស ក្នុងន័យដើម្បីកាត់បន្ថយភាពក្រីក្រឲ្យនៅក្នុងកម្រិតមួយដ៏តិចក្ដី អ្នកវិភាគសង្គមយល់ឃើញថា បញ្ហាប្រឈមរបស់ពលរដ្ឋនៅតែមានអត្រាមួយដ៏ខ្ពស់នៅឡើយ។ ពលរដ្ឋជាច្រើននៅបន្តធ្វើចំណាកស្រុក ដោយសារពុំសូវមានជំនាញបច្ចេកទេស និងខ្វះការគាំពារដោយរដ្ឋ ជាពិសេសដីធ្លីត្រូវបានឈ្មួញរឹបអូស និងបណ្ដេញចេញតាមរយៈគោលនយោបាយសម្បទានដីសេដ្ឋកិច្ច ជាដើម។
ជុំវិញរឿងនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តធ្វើសមាជនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសបន្តបន្ទាប់ទៀត ដើម្បីជ្រើសរើសបេក្ខជនដែលល្អជាងគេនៅក្នុងឃុំនីមួយៗ សម្រាប់ត្រៀមខ្លួនទៅចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧៕