របប​លោក ហ៊ុន សែន ថា​អាល្លឺម៉ង់​សម្រេច​លម្អៀង​និង​មាន​ចរិត​នយោបាយ​រឿង​ព្យួរ​ទិដ្ឋាការ

ដោយ មួង ណារ៉េត
2018-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Sorn Chanratha

របប​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​អាល្លឺម៉ង់ លម្អៀង និង មាន​ចរិត​នយោបាយ​ក្នុង​ករណី​ព្យួរ​ការ​ផ្ដល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជនរ​បស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិក​គ្រួសារ​របស់​លោក និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។ ទណ្ឌកម្ម​នេះ គឺ​ជា​ការ​ព្រមាន​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី អះអាង​ថា អាល្លឺម៉ង់​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន បែប​នេះ គឺ​ជា​ការ​មើល​រំលង​តថភាព​ពិត និង​ជាក់ស្ដែង​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ លោក​បន្ត​ថា ចំណាត់​ការ​បែប​នេះ គឺ​រំលោភ​ទៅ​លើ​ភាព​ឯករាជ្យ​ផ្នែក​ច្បាប់ និង​តុលាការ​កម្ពុជា។ មិនតែប៉ុណ្ណោះ លោក​អះអាង​បន្ថែម​ថា ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រក្សា​ទំនាក់ទំនង និង​កិច្ច​សហប្រត្តិបត្តិការ​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ប្រទេស​អាល្លឺម៉ង់ បាន​ជូន​ដំណឹង​ទៅ​របប​លោក ហ៊ុន សែន អំពី​ការ​ព្យួរ​ការ​ផ្ដល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ រួម​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យោធា និង​ប្រធាន​តុលាការ​កំពូល​ផង​ដែរ។ បើ​តាម​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍  (the Phnom Penh Post) ចុះ​ផ្សាយ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ មិន​ត្រឹម​តែ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន នោះ​ទេ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទាំង​អស់ រួមគ្នា​ចាត់​វិធានការ​ទណ្ឌកម្ម​ដូច​គ្នា​នេះ​ដែរ។

ចំណាត់ការ​រដ្ឋាភិបាល​អាល្លឺម៉ង់ ក្នុង​ការ​ព្យួរ​ការ​ផ្ដល់​ទិដ្ឋាការ​អនុគ្រោះ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​រដ្ឋ​សភា​អាល្លឺម៉ង់ ដឹក​នាំ​ដោយ​លោក ហ្វ្រ៊ីតចហ្វ ស្មីដ (Frithjof Schmidt) ដែល​តំណាង​ឲ្យ​អ្នក​នយោបាយ ១៣​រូប​ផ្សេង​ទៀត ចោទ​សួរ​រដ្ឋាភិបាល​អាល្លឺម៉ង់ អំពី​ថា​តើ​អាល្លឺម៉ង់ មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​របប​លោក ហ៊ុន សែន ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​បែប​នេះ?

​វិធានការ​របស់​ប្រទេស​អាល្លឺម៉ង់ នៅ​ពេល​នេះ គឺ​ជា​ការ​រួម​គ្នា​ជាមួយ​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត ដូចជា​សហរដ្ឋអាមេរិក ដែល​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ដើម្បី​បង្ខំ​ឲ្យ​ស្ដារ​ស្ថានការណ៍​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ឲ្យ​ត្រឡប់​មក​ដូច​ដើម​វិញ។ អាមេរិក ក៏​បាន​ផ្អាក​ទិដ្ឋាការ​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។  សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​កាត់​ផ្ដាច់​ជំនួយ​ទាំង​ស្រុង ដែល​ធ្លាប់​ជួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ​នេះ​ទេ ប្រសិនបើ​របប​ក្រុង​ភ្នំពេញ មិន​ស្តារ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន។

​មិន​តែប៉ុណ្ណោះ សភា​របស់​សហភាព​អឺរ៉ុប បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ រួច​ហើយ​កាល​ពី​ចុង​ឆ្នាំ​២០១៧ លើ​សេចក្ដី​សម្រេច​ចាត់​វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ លើ​របប​លោក ហ៊ុន សែន ដែល​អាច​ឈាន​ដល់​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែក​ជើង​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។  រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏​បាន​សម្រេច​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក ផង​ដែរ។

ឥឡូវ​នេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​ដើម្បី​ឈាន​ទៅ​បង្កក និង​រឹប​អូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រម​ទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក ថែម​ទៀត បើ​ស្ថានភាព​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅ​តែ​អាក្រក់​ខ្លាំង​ដូច​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

He himself is the ones in this case

He's the ones in this case with everybody got his picture at every international airports and would be send him back home in 24 hours.

Feb 24, 2018 03:36 PM

អ្នក​អាន​អនាមិក

តុលាការស្រុកខ្មែរ ជារបស់ ជនផ្តាច់ការ ហ៑ុន សែន !
មានតែ ពួកមនុស្សឆ្កួត ដែលដូរខួរក្បាលខ្លួនអែងចេញ ធ្វើមិនដឹង !

Feb 23, 2018 05:22 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

ខ្ញុំមានភ័ស្តុតាងអាចបង្ហាញពិភពលោកថា ហ៊ុន - សែនបានបង្កើតតុលាការដើម្បីក្បត់ប្រជាជនខ្មែរនិងរំលាយគណបក្សសង្គ្រោះជាតិ។

Feb 23, 2018 01:07 AM

គេហទំព័រ​ទាំងមូល