អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ស្នើ​លោក ហ៊ុន សែន ស៊ើប​អង្កេត​ជា​បន្ទាន់​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ខែ សុណង
2016-08-03
Share
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ពលរដ្ឋ​ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក ឋិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​សរសេរ​លិខិត​ចំហ​មួយ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ភាសា​ខ្មែរ | ភាសា​អង់គ្លេស)។ លិខិត​ចំហ​នោះ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ជិត​មួយ​ខែ​ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់ មាន​មិត្តភ័ក្ដិ និង​អ្នក​រួម​ការងារ​របស់​គាត់​រង​ការ​គំរាម​កំហែង និង​ការ​បំភិតបំភ័យ​ជា​បន្តបន្ទាប់។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់ និង​ឯករាជ្យ​ជា​បន្ទាន់ ចំពោះ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

សហ​ស្ថាបនិក និង​នាយក​អង្គការ​ឃ្លាំ​មើល​ពិភពលោក លោក ផាទ្រីក អាឡេយ៍ (Patrick Alley) បាន​ផ្ញើ​លិខិត​ចំហ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២ សីហា បាន​រៀបរាប់​ថា ឃាតកម្ម​សម្លាប់​លោក កែម ឡី គឺ​ជា​ព្រឹត្តិការណ៍​ថ្មី​បំផុត​នៃ​បណ្ដា​អំពើ​ហិង្សា​នានា​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង សកម្មជន និង​អ្នក​សារព័ត៌មាន ហើយ​កំពុង​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ លិខិត​នេះ​បាន​ចាត់​ទុក​ថា ដំណាក់​កាល​ដំបូង​នៃ​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​លោក កែម ឡី មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​ដែល​ថា ការ​ស៊ើប​អង្កេត​នេះ​នឹង​ត្រូវ​បរាជ័យ​ដោយ​មិន​អាច​កំណត់​រក ឬ​ផ្ដន្ទាទោស​អ្នក​ដែល​បញ្ជា​លើ​បទ​ឧក្រិដ្ឋ​បាន​ដូច​លើក​មុនៗ​ដែរ។

អង្គការ​ឃ្លាំ​មើល​ពិភព​លោក (Global Witness) បាន​សរសេរ​ទៀត​ថា នេះ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​របប​ប្រជាធិបតេយ្យ​ដែល​ការពារ​សិទ្ធិ និង​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​ខ្លួន រួម​ទាំង​អ្នក​រិះគន់​ផង និង​ក្នុង​នាម​ជា​ហត្ថលេខី​លើ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ជាច្រើន រួម​ទាំង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ផង។ អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ធ្វើ​ការ​ធានា​លើ​សុវត្ថិភាព​របស់​បុគ្គល​ទាំង​នេះ និង​អ្នក​ដែល​គាំទ្រ​ពួក​គេ ហើយ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​ចំពោះ​លិខិត​ចំហ​នេះ​ទេ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ឲ្យ​តម្លៃ​ទាល់​តែ​សោះ​ចំពោះ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness)។ លោក​ថា អ្វី​ជា​ការ​លើក​ឡើង គឺ​ជា​និន្នាការ​នយោបាយ​ក្នុង​ការ​ប្រឆាំង​ដោយ​ផ្ទាល់​ខ្លួន ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ«គាត់​មិន​ដែល​គោរព​អ្វី​ទៅ​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា អ្វី​ទៅ​ជា​ច្បាប់​កម្ពុជា ដែល​ចែង​យ៉ាង​ច្បាស់​ណាស់​ថា ដំណើរ​ការ​ស្វែងរក​ភស្តុតាង ឬ​ដំណើរ​ការ​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​សម្លាប់​លោក កែម ឡី គឺ​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​តុលាការ​ខ្មែរ ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​គ្មាន​ស្ថាប័ន​ណា​លូកលាន់​នៅ​ក្នុង​សាច់​រឿង​នេះ​ទេ។ នេះ​បាន​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា ច្បាស់លាស់​ណាស់។ អ្វី​ដែល​គាត់​លើក​ឡើង​នោះ គឺ​ហាក់​ដូចជា​គាត់​មក​បង្គាប់​បញ្ជា​រដ្ឋាភិបាល ដែល​យើង​ច្រាន​ចោល ហើយ​យើង​មិន​ឲ្យ​តម្លៃ​ទាល់​តែ​សោះ»

ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ថា វីដេអូ​ភស្តុតាង​នៅ​ក្នុង​ហាង​កាហ្វេ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) បូកគោ អាជ្ញាធរ​នឹង​បញ្ចេញ​ជា​សាធារណៈ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ថា ឃាតក​ដែល​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ នោះ​ហើយ មិន​មែន​ជា​ឃាតក​សិប្បនិមិត្ត​នោះ​ទេ។ ឯ​ស្ថាប័ន​ជំនាញ ត្រូវ​ការ​ពេលវេលា​ដើម្បី​ដំណើរ​ការ​ស៊ើប​អង្កេត។

ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពីរ​ថ្ងៃ ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ជា​បណ្ដុំ​អង្គការ​ក្នុង​ស្រុក​ចំនួន ១១​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ប្រកប​ដោយ​ឯករាជ្យ តម្លាភាព ដើម្បី​ស្វែងរក​យុត្តិធម៌​ពិត​ដល់​លោក កែម ឡី និង​ក្រុម​គ្រួសារ​ផង ជម្រះ​មន្ទិល​សង្ស័យ​នានា ព្រម​ទាំង​អាច​បន្ធូរ​ស្ថានការណ៍​តានតឹង និង​បញ្ចប់​និទ្ទណ្ឌភាព។

លិខិត​ចំហ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ក៏​បាន​រំលេច​ដែរ​ថា មាន​ប្រជាពលរដ្ឋ​កម្ពុជា រាប់​សែន​នាក់ ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដោយ​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ផង​នោះ ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា វា​ជា​ការ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ដោយ​ឯករាជ្យ​មួយ ដើម្បី​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល