សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​រិះគន់​រដ្ឋាភិបាល​រឿង​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI

ដោយ សុ ជីវី
2017-08-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​ហ្វេសប៊ុក (facebook) របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ Screenshot
ទំព័រ​ហ្វេសប៊ុក (facebook) របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ Screenshot
Screenshot

ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែរ​ឬ​ទេ? ការ​ចោទ​សួរ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បញ្ឈប់​សកម្មភាព​អង្គការ​អាមេរិក​មួយ គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា អិន.ឌី.អាយ (NDI) និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ចាត់​ទុក​ចំណាត់ការ​នេះ ថា​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ​មួយ។

ភ្លាមៗ​នៅ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​លើ​ហ្វេសប៊ុក (facebook) របស់​ស្ថានទូត​នេះ​ប្រចាំ​នៅ​កម្ពុជា បាន​ដាក់​សំណួរ​មួយ​ទៅ​កាន់​សាធារណជន​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល និង​ថា​សាធារណជន គឺ​ជា​អ្នក​សម្រេច​ចិត្ត ហើយ​អាច​ឆ្លើយ​សំណួរ​នេះ​តប​ទៅ​ស្ថានទូត​វិញ។

លើស​ពី​នេះ ស្ថានទូត​អាមេរិក ក៏​បាន​ពន្យល់​ពី​សកម្មភាព​ការងារ គោលដៅ និង​ការ​ស្វែងរក​ការ​ចុះ​បញ្ជី​ផ្លូវការ​របស់​វិទ្យាស្ថាន​នេះ តប​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៣ សីហា ថា​ការ​សម្រេច​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​នេះ ក្នុង​គោល​បំណង​ធានា​ការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​នូវ​ច្បាប់​នានា និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា។

ក្រសួង​ការ​បរទេស អះអាង​ថា បន្ទាប់​ពី​មាន​ការ​ពិចារណា និង​ការ​ពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់​ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​មក អាជ្ញាធរ​កម្ពុជា ឈាន​ដល់​សម្រេច​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នេះ ដោយ​ចោទ​ថា​មិន​អនុវត្ត​ច្បាប់​របស់​កម្ពុជា។

ក្រសួង​ការ​បរទេស បាន​បំភ្លឺ​ថា ការ​សម្រេច​នេះ​ក៏​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​សំខាន់​ចំនួន​ពីរ គឺ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សារពើពន្ធ ក្នុង​នោះ​សំអាង​ថា NDI ធ្វើ​សកម្មភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការ​បរទេស និង​មិន​បាន​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​សម្រាប់​ដំណើរការ​បង់​ពន្ធ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា វិធានការ​នេះ​គឺ​ការពារ​ផល​ប្រយោជន៍​របស់​ខ្មែរ និង​ចោទ​ថា​ការ​ប្រើប្រាស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ គឺ​ដើម្បី​បំបែក​បំបាក់​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​ដែល​ចេញ​ពី​ការ​បោះឆ្នោត។

រហូត​មក​ដល់​ពេល​នេះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​មិន​ទាន់​ឆ្លើយតប​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​នៅ​ឡើយ​ទេ។

ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ពន្យល់​ថា NDI មាន​អនុស្សរណៈ​យោគយល់​គ្នា​នៅ​មាន​សុពលភាព​ជាមួយ គ..ប ហើយ​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​នេះ និង​ក្រសួង​មហាផ្ទៃ។ តាំង​ពី​ឆ្នាំ​១៩៩២ មក កម្មវិធី​របស់​អង្គការ​នេះ គឺ​ជួយ​លើក​កម្ពស់​គណនេយ្យភាព​របស់​រដ្ឋាភិបាល​ជាមួយ​ពលរដ្ឋ និង​រួម​ចំណែក​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​មាន​ការ​បើក​ចំហ​ច្រើន និង​មាន​ការ​ចូលរួម​ពី​ក្រុម​មនុស្ស​ទាំងអស់។ NDI បាន​ស្វែងរក​ការ​ចុះ​បញ្ជី​ជាច្រើន​លើក ហើយ​ក្រសួង​ការ​បរទេស ក៏​បាន​ទទួល​សំណើ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៣៣៥​ថ្ងៃ​ហើយ ក្រសួង​មិន​បាន​ចាត់ការ​សំណើ​នោះ​ឡើយ ដែល​ក៏​ជា​ការ​រំលោភ​លើ​មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ស្ថានទូត​សហរដ្ឋ​អាមេរិក លើក​ឡើង​ទៀត​ថា មាន​រយៈពេល​តែ ២​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ការ​សម្រេច​បិទ​ទ្វារ NDI នៅ​ពេល​នេះ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (Comfrel) លោក គល់ បញ្ញា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ជាង ២០​ឆ្នាំ​មក​នេះ NDI ឈាន​មុខ​ក្នុង​ការ​ពង្រឹង​ឯករាជភាព អព្យាក្រឹត និង​ការ​មិន​លម្អៀង​នយោបាយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​កិច្ចការ​បោះឆ្នោត ព្រម​ទាំង​បាន​ផ្ដួចផ្ដើម​ចងក្រង​គោលការណ៍ និង​ក្រម​សីលធម៌ ហើយ​បញ្ចុះបញ្ចូល​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់ និង​ជំរុញ​អង្គការ​ជាតិ និង​អន្តរជាតិ ទទួល​យក​ទៅ​អនុវត្ត។ លោក​ថា ក្រៅ​ពី​ហេតុផល​នយោបាយ ការ​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន NDI ខ្វះ​ហេតុផល​ត្រឹមត្រូវ។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA
អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​អ្នកស្រី​ថា ករណី​ចោទ​ប្រកាន់ NDI នេះ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់ មាន​តម្លាភាព និង​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​អង្គការ​នេះ​បាន​ឆ្លើយតប​ឲ្យ​បាន​ពេញលេញ។ អ្នកស្រី​ចោទ​សួរ​ថា NDI បាន​ស្នើសុំ​ចុះ​បញ្ជី​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ តើ​ហេតុ​អ្វី​ទើប​ដំណើរការ​នេះ​មាន​រយៈពេល​ដល់​ទៅ ១​ឆ្នាំ នៅ​ពេល​ដែល​ច្បាប់​ចែង​ថា ការ​សម្រេច​ពី​ក្រសួង​ការ​បរទេស ត្រូវ​ធ្វើ​ក្នុង​រយៈពេល ៤៥​ថ្ងៃ បន្ទាប់​ទទួល​បាន​សំណើ? អ្នកស្រី​សរសេរ​ទៀត​ថា ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្ដី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ពី​ការ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ពេល​ដែល​ច្បាប់​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​ដ៏​លើសលប់ និង​តាម​អំពើ​ចិត្ត​ទៅ​លើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដោយ​អាច​បដិសេធ និង​ពន្យារ​ពេល​សម្រេច​លើ​សំណើ​សុំ​ចុះ​បញ្ជី​តាម​អំពើ​ចិត្ត។

ភ្លាមៗ​នេះ​ដែរ សមាជិក​សភា​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ចេញ​មក​ថ្លែងការណ៍​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​ចំណាត់ការ​នេះ ហើយ​ក៏​ជា​អ្វី​ដែល​ក្រុម​លោក​ធ្លាប់​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក​ថា ការ​បិទ​ទ្វារ NDI នេះ រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ឲ្យ NDI ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ឡើយ៖ «ហេតុការណ៍​នេះកើត​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​កើន​ឡើង​ការ​បង្ក្រាប សេរីភាព​បញ្ចេញ​មតិ និង​រឹតត្បិត​បរិយាកាស​សង្គម​ស៊ីវិល គឺ​សុទ្ធសឹងតែ​ជា​បញ្ហា​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប៉ុនប៉ង​ដោយ​គណបក្ស​កាន់​អំណាច ក្នុង​ការ​ពង្រឹង​អំណាច​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​ក្រោយ»

កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វ្រែសញូវ (Fresh News) បាន​ផ្សព្វផ្សាយ​ថា NDI បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​បក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​បក្ស​កាន់​អំណាច

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ NDI បដិសេធ​ថា ខ្លួន​មិន​បាន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ NDI អះអាង​ថា ពួក​គេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លម្អៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

លិខិត​ក្រសួង​ការ​បរទេស ដដែល​បញ្ជាក់​ថា ក្រៅ​ពី​អនុវត្ត​ចំពោះ NDI អាជ្ញាធរ​កម្ពុជា ក៏​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ចាត់​វិធានការ​បែប​នេះ​ចំពោះ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​មិន​គោរព​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​និង​ច្បាប់​ផ្សេងៗ​ទៀត​របស់​កម្ពុជា៕

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក​បណ្ឌិត មាស នី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

អ្នក​អាន​អនាមិក

Sam Dach Dek Kol Sen is now the second strongest man in Cambodia after Sam Rainsy because he is too timid to see Sam Rainsy.

He and his handful brainwashed followers believe that Cambodia is in peace today because of Cho Sen. They are completely wrong, it is because of love of Democracy.

In a true democracy, all different political ideologies are invited to compete FAIRLY in a general election. You do not need to kill each other to come to power, if the majority of people love you, they will give you the power through their votes. It happened only once in 1993, and the CPP lost but was able to come back illegally.

Sadly, Cambodia has NEVER truly enjoyed a true democratic fruits, dictatorship still rules everything, and no one cares. The U.S. used to be the Champions in promoting democracy around the world, but not anymore. Cho Sen will eventually bring a lock to close down the NDI headquarters in Washington, who dares stand in my Dek Kol 's way??? Even Present Trump has to bow down in front of my Dek Kol Sen!!!

Aug 24, 2017 03:24 AM

ភូមិកំណើត

ពី ភ្នំពេញ

ប្រទេសកម្ពុជាមិនមានលទ្ធិប្រជាធិតេយ្យទេ។ពួកអ្នកកាន់អំណាាចគឺពួកកុម្នុស្តន៏ យកឈ្មេាះប្រជាធិតេយ្យជាខែលមុខ។របបនេះមិនសូវខុសពីពួកខ្មែរក្រហម ពល ពតទេ គ្រាន់ដូរសំលៀកបំពាក់ឲ្យតាមសម៏យប៉ុណ្ណេាះ។ពួកនេះ​រករឿងសំឡាប់ពួកខ្មែរអ្នកជាតិនិយម៕

Aug 24, 2017 02:43 AM

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

នេះ​ជា​សញ្ញានៃ​ការ​ចង​ចាំ​បានថា វា​ដំណើរ​ឈាន​ទៅ​រក​របប​ប្រល័យ​ពូជ​សាសន៍​ ឬ ក្រោម​អាណានិគម​យួន​វៀតណាម​ឡើង​វិញសម្លាប់​ដោយ​ប្រយោល​ វា​ជានយោបាយ​ សម្លាប់​លិទ្ធិ​ប្រជាធិបតេយ្យ​ ដល់​កម្រិត​ខ្ពស់​ហើយគឺ​៩១%​ នៅសល់​តែ​បន្ដិច​ទៀតគឺ​ការ​បណ្ដេញ​ចេញ​ជន​​បរទេស​​មិន​មែនជា​យួន​​ ចិន ​ចេញ​ពី​ប្រទេសទាំងអស់ ទាំង​អ្នក​សារព័ត៌មាន​​ជា​ជាតិ​ខ្មែរ​និង​ពូក​បច្ចឹម​ប្រទេស​ត្រូវ​​បញ្ឈប់​សកម្មភាព​ការងារ​ឬ​​ចាប់ដាក់គុក​ នោះ​កម្ពុជា​នឹង​ត្រូវ​ក្ដាប់​ណែន​ដោយកង​កម្លាំង​របស់​បក្ស​ប្រជាជន​ទាំងស្រុង ។ សហរដ្ឋអារិក​ បើ​មិន​ចាប់ផ្ដើម​ធ្វើអ្វី​ ១​ទេ នោះ​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​ធ្លាក់​ក្នុង​ល្បិច​បំភាន់​ភ្នែក​របស់​យួន​និង​ឃាតក​​កំណាច់ល្មោភ​អំណាចសាជាថ្មី​​ជាក់ជាមិនខាន ។

Aug 24, 2017 02:31 AM

soy sophorn

ពី phonm phen

for my own Idea I think that it is not good that Government closed this institution and impact with many NGO in local that work on Democracy in Cambodia that have support from NDI to do their activities if No NDI maybe in Country don't have democracy .

Aug 24, 2017 12:01 AM

អ្នក​អាន​អនាមិក

ផែនការមេ ដាក់អោយការបោះឆ្នោត ២០១៨ មានភាពឯថកោរ ។

Aug 23, 2017 10:57 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល