អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​ថា បើ​របប​លោក ហ៊ុន សែន ចង់​បើក​ទូលាយ​សេរីភាព​សារព័ត៌មាន គួរ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​តាម​រយៈ​សកម្មភាព​ជាក់​ស្តែង

ដោយ មួង ណារ៉េត
2018.12.04
NOP_VY នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្ដីពីសេចក្ដីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០១៦ នាខេត្តព្រះសីហនុ។
RFA

របប​លោក ហ៊ុន សែន ចេញ​សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ។ រីឯ​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ថា ក្រៅ​ពី​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ របប​ក្រុង​ភ្នំពេញ គួរ​តែ​ទម្លាក់​ចោល​បទ​ប្រកាន់​ផ្សេងៗ លើ​អ្នក​សារព័ត៌មាន​ផង។

របប​ក្រុង​ភ្នំពេញ​បង្ហាញ​ជំហរ​ទន់ភ្លន់ ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថយ​ភាព​តានតឹង ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា  ស្រប​ពេល​ដែល​របបនេះ កំពុង​រង​ការ​គាប​សង្កត់​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ពី​សហគមន៍​អន្តរជាតិ។

ក្នុង​សេចក្តីថ្លែងការណ៍ចុះថ្ងៃ​ទី៣ ខែ​ធ្នូ ក្រសួងការ​បរទេស​កម្ពុជា ប្រកាស​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ដែល​បាន​បិទ​ ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នេះ អាច​មាន​សេរីភាព​បើក​ការិយាល័យ​ខ្លួន នៅ​កម្ពុជា​ឡើង​វិញ​បាន។ បន្ថែម​លើ​ស្ថាប័ន​វិទ្យុ​ទាំង​ពីរ​នេះ របប​លោក ហ៊ុន សែន អះអាង​ថា នឹង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស និង ខ្មែរ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​បាន​ដែរ ប៉ុន្តែ ក្នុង​លក្ខខណ្ឌ ដែល​ដោះ​ស្រាយ​បំណុល​ពន្ធដារ រួច​រាល់​សិន​ប៉ុណ្ណោះ។

កាសែត ឌឹ ខេមបូឌា ដេលី ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ ២០១៧ ដោយ​រង​សម្ពាធ​របស់​របប​លោក ហ៊ុន សែន ដែល​យក​លេស ថា​កាសែត​នេះ ​ជំពាក់​ពន្ធ​រដ្ឋ​រយៈ​ពេល ១០ឆ្នាំ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៦​លាន ៣​សែន ដុល្លារ ដែល​ក្នុង​នោះ​ជិត ៣​លាន​ដុល្លារ គឺជា​ថ្លៃ​ការ​ប្រាក់ ​ដែល​អាជ្ញាធរ​ពន្ធ​កម្ពុជា ថា​កាសែត​នេះ​ជំពាក់រដ្ឋ​ ក្នុង​រយៈពេល ១០​ឆ្នាំ​នោះ មក​ដាក់​បន្ទុក​ដ៏​ធ្ងន់ ឲ្យ​ម្ចាស់​កាសែត​នេះ សង​ក្នុង​រយៈពេល​ដ៏​ខ្លី។ ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) កាល​ណោះ​បញ្ចាក់​ថា កាសែត​អ្នកស្រី​ មិន​បាន​ជំពាក់​ពន្ធ​រដ្ឋ ដ៏​ច្រើន​សន្ធឹក​បែប​នោះ​ទេ ហើយ​ថា​ ការ​យក​លេស​រឿង​ពន្ធដារ​នេះ គឺ​របប​លោក ហ៊ុន សែន មាន​ចេតនា​នយោបាយ ចង់​បិទ​សារព័ត៌​សេរី​ ដ៏​កម្រ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។

អាស៊ីសេរី មិនទាន់អាច​សុំ​ប្រតិកម្ម​ពី​អ្នកស្រី ​ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) បាន​នៅ​ឡើយ​ទេ​ នៅ​ពេល​នេះ។

សម្ពាធអន្តរជាតិ បាន​កើន​ឡើង​កាន់​តែ​សន្ធាប់​លើ​របប​លោក ហ៊ុន សែន ក្រោយ​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្តេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ផ្សេងៗ និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​រង​ការ​រិះគន់​ជុំ​ទិស​ថា ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។

សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ជាបណ្តើរៗ និង​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែម បើ​របប​លោក ហ៊ុន សែន មិន​ស្តារ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏​បាន​ដាក់​ទណ្ឌកម្ម​ តាម​រយៈ​ការ​ផ្តាច់​ជំនួយ​ ដែល​ធ្លាប់​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត ឬ គ..ប និង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត ហើយ​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ ២០១៨ បាន​ជូន​ដំណឹង​ទៅ​របប​លោក​ ហ៊ុន សែន អំពី​នីតិវិធី​ដក​ការ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​គ្រប់​មុខ​លើក​លែង​តែ​អាវុធ ឬ EBA ដែល​សហភាព​អឺរ៉ុប ទុក​ពេល​ឲ្យ​របប​លោក ហ៊ុន សែន ត្រឹម​យ៉ាង​យូរ​បំផុត ១២ខែ ដើម្បី​ស្តារ​ស្ថានការណ៍​អាក្រក់​បច្ចុប្បន្ន​នេះ។ នៅ​ក្នុង​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែម របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប មាន​បញ្ចូល​ទាំង​ការ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឲ្យ​បើក​ដំណើរ​ការ​ដោយ​គ្មាន​រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ផង​ដែរ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន បាន​ទេ ដោយ​លោក​អះអាង​ថា មិន​បាន​ឃើញ​សេចក្តី​ថ្លែង​ការណ៍​នេះ និង​បង្វែរ​ឲ្យ​សួរ​នាំ​ក្រសួង​ការ​បរទេស និង​ក្រសួង​សាម៉ី​វិញ។

ចំណែកអ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​លោក កេត សាផាន់ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត មិន​អាច​ទាក់ទង​បាន​ទេ។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ លោក ខៀវ កាញារីទ្ធ អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ដើម​ខែ​វិច្ឆិកា​ថា ការណ៍​ដែល​ចង់​ឲ្យ​មាន​ការិយាល័យ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA នៅ​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​ងាយ​ស្រួល​ប្រាស្រ័យ​ទាក់ទង​ការងារ​អ្វី​ជា​មួយ​គ្នា។

ទោះជាយ៉ាងនេះក្តី​ របប​លោក ហ៊ុន សែន មិន​បាន​ផ្តល់​ការ​ធានា​ណា​មួយ អំពី​ការ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទេ។ របប​នេះ ក៏​មិន​បាន​បញ្ជាក់​អំពី​ការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់ ដែល​មាន​លក្ខណៈ​ជា​ការ​ប្រឌិត និង​ចរិត​នយោបាយ មក​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ឲ្យ​ត្រួ​តពិនិត្យ​តាម​ផ្លូវ​តុលាការ​នោះ​ដែរ។

នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)លោក ណុប វី មាន​ប្រសាសន៍​ថា ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ គឺ​គ្រាន់​តែ​ជា​ជំហាន​ចាប់​ផ្តើម​មួយ​ប៉ុណ្ណោះ ព្រោះ​ប្រសិន​បើ​កាសែត ឌឹ ខេម បូឌា ដេលី គ្មាន​លទ្ធភាព​បង់ពន្ធ គឺ​នៅ​តែ​មិន​អាច​ដំណើរ​ការ​បាន។ ចំណែក​ករណី​អាស៊ី​សេរី និង វីអូអេ ទោះ​បី​ជា​អាច​មាន​លទ្ធភាព​បើក​ដំណើរ​ការ​ស្ថាប័ន​របស់​ខ្លួន​ឡើង​វិញ​ក្តី ប្រសិន​បើ​ស្ថានីយ​វិទ្យុ FM​ ជាង ៣០ ទៀត នៅ​តែ​របប​ក្រុង​ភ្នំពេញ បិទ​មិន​ឲ្យ​ផ្សាយ​បន្ត​នូវ​កម្មវិធី​ព័ត៌មាន​នៃ​វិទ្យុ​ឯករាជ្យ​នោះ គឺ​នៅ​តែ​ជា​ច្រក​មួយ មិន​អាច​ទៅ​រួច​ដដែល៖ «ត្រូវ​ប្រគល់​អាជ្ញាប័ណ្ណ​មក​ឲ្យ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ទាំង​អស់​នោះ​ឡើង​វិញ ហើយ​អនុញ្ញាតឲ្យ​ម្ចាស់​វិទ្យុ​ទាំង​អស់​ហ្នឹង មាន​សេរីភាព​​​គ្រប់គ្រាន់ ក្នុង​ការ​ទទួល​យក​កម្មវិធី​យក​មក​ផ្សព្វផ្សាយ​តាម​វិទ្យុ​របស់​គាត់។ រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​មួយ ដែល​រដ្ឋាភិបាល​ពិត​ជា​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ផ្នែក​សារព័ត៌មាន»

អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែល​ទើប​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​លើក​ឡើង​ថា ការ​បើក​ឱកាស​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ បើក​ដំណើរ​ការ​នៅ​កម្ពុជា​ឡើង​វិញ​នេះ គឺ​ជា​ចំណុច​វិជ្ជមាន​មួយ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ស្នើសុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា លើ​អ្នក​សារព័ត៌មាន​ទាំង​អស់ ដើម្បី​កាន់​តែ​បង្ហាញ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា កម្ពុជា​ពិត​ជា​ចាប់​ផ្តើម​បើក​មាន​សេរីភាព​សារព័ត៌មាន​ឡើង​វិញ​ពិត​ប្រាកដ៖ «យក​ល្អ​ស្តែង​ឲ្យ​ចេញ​ជា​សកម្មភាព ដូចជា ខាង​តុលាការ​ពន្លឿន​នីតិវិធី​របស់​ពួក​ខ្ញុំ​ទាំង​ពីរ និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​ខ្ញុំ​ទាំង​ពីរ»

កាលពីថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ ២០១៧ វិទ្យុ​អាស៊ី​សេរី បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​បង្ខំ​ចិត្ត​បិទ​នេះ គឺ​ដោយសារ​តែ​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​របប​លោក ហ៊ុន សែន ដែល​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត ធ្វើ​ឲ្យ​វិទ្យុ​អាស៊ី​សេរី មិន​អាច​បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន ដោយ​ធានា​អំពី​សុចរិតភាព នៃ​បេសកកម្ម​សារព័ត៌មាន​របស់​ខ្លួន​នៅ​កម្ពុជា​បាន​ជា​បន្ត​ទៅទៀត។

ការ​ធ្វើ​ទុក្ខបុក​ម្នេញទាំងនោះ រួមមាន​ការ​ចោទប្រកាន់​វិទ្យុ​អាស៊ី​សេរី ក្រោម​លេស​ថា បាន​រំលោភ​ច្បាប់​ស្ដីពី​សារពើ​ពន្ធ និង​បែបបទ​រដ្ឋបាល​ ក្នុង​ការ​ចុះ​បញ្ជីកា​ស្ថាប័ន​ព័ត៌មាន​ និង​ពិន័យ​ឲ្យ​បង់ពន្ធ​ជា​ច្រើន​ឆ្នាំ ដែល​កន្លង​ផុត​ទៅ​ព្រម​ទាំង​បង្កើន​វោហារសាស្ត្រ​បំភិតបំភ័យ និង​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើងៗ។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បិទ​ស្ថានីយ៍​វិទ្យុ​ឯករាជ្យ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី។ របប​លោក ហ៊ុន សែន បិទ​ប៉ុស្តិ៍​វិទ្យុ FM ចំនួន​ ៣២ ប៉ុស្តិ៍ នៅ​ ២០ ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។

នៅមុន​ដំណាច់​ឆ្នាំ ២០១៨ នេះ របប​លោក ហ៊ុន សែន បាន​ដោះ​លែង​អ្នក​ទោស​នយោបាយ សកម្មជន​ដីធ្លី និង​ពន្លឿន​នីតិវិធី​តុលាការ ដើម្បី​បិទ​បញ្ចប់​រឿងក្តី​មេ​ដឹក​នាំ​សហជីព​កម្មករ និង​បន្ទន់​ឥរិយាបទ​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ និង​អង្គការ​ស៊ីវិល​ជា​ដើម។ ប៉ុន្តែ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា ចំណាត់ការ​ទាំង​នេះ គឺ​ជា​ការ​បង្ហាញ​ភាព​ទាល់​ច្រក​របស់​របប​លោក ហ៊ុន សែន ដែល​កំពុង​រង​សម្ពាធ​អន្តរជាតិ​ខ្លាំង។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បន្ថែម​ថា របប​លោក ហ៊ុន សែន កំពុង​ប្រឹង​ទិញ​ពេល​វេលា ដើម្បី​កេង​ចំណេញ និង​លួង​ចិត្ត​សហគមន៍​អន្តរជាតិ​ កុំ​ឲ្យ​ប្រញាប់​ដាក់​ទណ្ឌកម្ម​លើ​របប​នេះ​ប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង បន្ត​ថា គួរ​កុំ​ទាន់​អាល​ជឿ​របប​លោក ហ៊ុន សែន ព្រោះ​របប​នេះ​ពូកែ​បំពាន​ច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​ងាយ​ណាស់៖ «យើង​មើល​ឃើញ​មួយ​ភ្លែត ថា​គាត់​ចិត្តល្អ ប្រកាស​ឲ្យ​អាស៊ី​សេរី វីអូអេ ចូល​ទៅ​វិញ​ មិន​ទាន់​គ្រាន់​ទេ។ អ្វី​ដែល​លោក​ ហ៊ុន សែន បំផ្លាញ​អស់​ហើយ ហើយ​គ្រាន់​តែ​ផ្តល់​មក​វិញ​បន្តិចបន្តួច​នោះ គឺ​វា​មិន​គ្រប់គ្រាន់​ទេ»

មន្រ្តីបក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា ដើម្បី​ឲ្យ​គ្រប់គ្រាន់ គឺ​ទាល់​តែ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ដែល​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ទៅ​រក​សភាព​ល្អ​ប្រសើរ​វិញ​ទាំង​ស្រុង ដូច​កាល​មុន​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ ២០១៧

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។