គណៈកម្មាធិការ​សភា​អាមេរិក ​សម្រេច​បញ្ចូនច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន H.R. 526 ទៅ​សភាអនុម័ត​

ដោយ មួង​ ណារ៉េត
2019-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក  ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo: RFA

​គណៈកម្មាធិការ​​កិច្ចការ​បរទេស នៃ​សភា​អាមេរិក បានបោះឆ្នោត​សម្រេចបញ្ជូន​សេចក្តីព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម លើ​មន្រ្តី​របបលោក ហ៊ុន សែន ទៅ​រដ្ឋសភា​ជាតិ​ ដើម្បី​អនុម័ត។

សេចក្តីសម្រេច​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំពិភាក្សា ពិនិត្យ និង បោះឆ្នោត​អនុម័តលើ​សេចក្តីព្រាងច្បាប់​នេះ​ របស់​គណៈកម្មាធិការកិច្ចការបរទេស កាលពី​ថ្ងៃទី 0៩ ខែ​មេសា។

នាយក​ផ្នែក​ទំនាក់ទំនង នៃ​ការិយាល័យ​តំណាងរាស្ត្រ​របស់​លោក ថិត យ៉ូហូ (Ted YOHO) គឺ​លោក ប្រ៊ៃអិន ខាវ៉ិននី (Brian Kaveney) បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី៩ ខែ​មេសា តាមរយៈ​សារ​អេឡិចត្រូនិក​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R 526 នេះ គ្មាន​អ្វី​ដែល​ត្រូវ​កែប្រែ​នោះ​ឡើយ។

កិច្ចប្រជុំពិភាក្សា ពិនិត្យ​ និង បោះឆ្នោតអនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ ដែលគណៈកម្មាធិការ​កិច្ចការបរទេស នៃ​រដ្ឋសភា​ កោះប្រជុំកាលពីថ្ងៃទី ០៩ ខែ មេសានោះ គឺជាជំហានផ្លូវការដ៏សំខាន់មួយ នៃ​នីតិវិធីសភា ដើម្បី​បញ្ជូន​សេចក្តីព្រាងច្បាប់​ ដែល​ត្រូវ​បាន​ដាក់ស្នើ​នេះ ទៅរដ្ឋសភា​អនុម័ត។

សេចក្ដីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ឬ H.R 526 នេះ ត្រូវ​បាន​ស្នើ​ឡើង​កាល​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​សមាជិក​សភា​ពីខាងគណបក្សកាន់អំណាច​សព្វថ្ងៃ គឺលោក ថិត យ៉ូហូ (Ted YOHO)។ គិត​មកត្រឹមថ្ងៃទី ០៨ ខែ មេសា ច្បាប់នេះ មាន​សមាជិកសភា​ប្រាំមួយនាក់ មកពី​ខាង​គណបក្សកាន់អំណាច និង គណបក្សប្រឆាំង ចុះហត្ថលេខា​គាំទ្រ (sponsor) រួមមានទាំង​tលោក អាឡែន ឡូវ៉ិនស្សល (Alan LOWENTHAL) និង លោក ស្ទីវ​ ឆាបុត (Steve Chabot) ផង។

លោក ថិត យ៉ូហូ (Ted YOHO) ធ្លាប់​បានបង្ហាញសុទិដ្ឋិនិយម​ខ្ពស់ ថា​ច្បាប់​នេះនឹង​ត្រូវ​សភា និង ព្រឹទ្ធសភា​អនុម័ត ដោយគ្មានជំទាស់ ឬ អល់អែក​អ្វីនោះឡើយ។ លោកបញ្ជាក់ថា លោក​សង្ឃឹម 100% ច្បាប់​នេះនឹង​ត្រូវ​រដ្ឋសភា​យល់ព្រមជាឯកឆ្ទន្ទ។ ហើយ​លោក​សង្ឃឹម ៩៨% ថា​ព្រឹទ្ធសភា​ នឹង​យល់ស្រប​តាម​សំណើនេះដែរ។ លោក​​រំពឹង​ថា នៅ ៦ ខែ ឬ មួយ​ឆ្នាំ មុនការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិក ច្បាប់​នេះនឹង​ចូល​ជា​ធរមាន។

ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើ​ឡើង​នៅ​ឆ្នាំ ២០២០។

សភា​អាមេរិក​អនុម័ត​ជា​ឯកច្ឆន្ទ​ម្ដង​រួច​ទៅ​ហើយ​ កាលពី​អាណត្តិ​មុន កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨ ដោយកាលណោះច្បាប់នេះ មាន​ឈ្មោះថា ច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជាឆ្នាំ ២០១៨ ឬ H.R. 5754។ ប៉ុន្តែ ព្រឹទ្ធសភា​អាមេរិក​នៅ​ពេល​នោះ មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​អនុម័ត​ច្បាប់​នេះ ឱ្យ​ទាន់​មុន​ដាច់​ឆ្នាំ​នោះ។

ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ គឺ​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​លោក និង​ជន​ឯទៀត ដែល​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ទណ្ឌកម្ម​ទាំងនោះ រួមមាន​ពីរ​ធំៗ គឺ​ទីមួយ បិទ​ទិដ្ឋាការ ដោយ​មិន​ឱ្យ​មន្ត្រី និង អ្នក​ពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ពីរ បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ។

ស្របពេលដែលសមាជិកសភាអាមេរិក មក​ពីខាង​គណបក្សទាំងពីរ​ កំពុង​ដុតដៃដុតជើង​ ក្នុងការ​ស្នើច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង ​មន្រ្តីរបបនេះ សមាជិកព្រឹទ្ធសភា​អាមេរិក ពីទាំងពីរ​គណបក្ស​ឯណោះដែរ​ ក៏កំពុង​រូតរះ​ ស្នើ​​ច្បាប់​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​របប​លោក ហ៊ុន សែន ដើម្បី​ដាក់សម្ពាធ​ឲ្យ​របបនេះ ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញដែរ។

សមាជិក​ព្រឹទ្ធសភា​​ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក​ ថិត គ្រូស (Ted CRUZ) និង​សមាជិកព្រឹទ្ធសភា មកពីខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris COONS) កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា បាន​​ដាក់​​សេចក្តី​​ស្នើច្បាប់​មួយ​ ស្តីពីពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩ ដើម្បី​ឲ្យ​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ពិចារណាឡើងវិញ លើ​ការ​​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (ឬ GSP) ដល់​​របប​​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើង​វិញ​នេះ រួម​មាន ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​​ផ្តល់​​ការ​​អនុគ្រោះ​ពន្ធ ដែល​​ផ្តល់​​ដល់​​កម្ពុជា ដោយសារ​​តែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​​បំផ្លាញ​​​ប្រជាធិបតេយ្យ។

ទាំង​សេចក្តីស្នើច្បាប់​របស់​សមាជិកសភា និង សមាជិកព្រឹទ្ធសភា​អាមេរិក គឺមាន​គោលដៅតែមួយដូចគ្នា គឺចង់​ឲ្យ​របបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញឲ្យ​ខាង​តែបាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល