HRWអំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ឲ្យ​ដោះលែង​លោក កឹម សុខា

មួង ណារ៉េត
2018.08.21
កឹម សុខា ៦២២ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo from Facebook

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ការ​ឃុំខ្លួន​នេះ ធ្វើឡើង​ស្រេច​តែ​អំពើ​ចិត្ត និង​ដោយសារ​ហេតុផល​នយោបាយ។ មេធាវី​លោក កឹម សុខា បើ​តុលាការ​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ច្រើន ផ្នែក​នយោបាយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្លែងការណ៍​ទៅ​កាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ទាំងអស់ នៅលើ​ពិភពលោក ដែល​ខ្វល់ខ្វាយ អំពី​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង អ្នក​ទោស​នយោបាយ​ទាំងអស់​ជាបន្ទាន់។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថ្លែង​កាលពី​ថ្ងៃ​ទី២១ ខែ សីហា ថា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​មក​នេះ គឺ​ដោយសារ​ការចោទប្រកាន់ ពី​បទ​ក្បត់ជាតិ ដែល​ជា​ការ​ចោទ​គ្មាន​ហេតុផល និង​គួរ​ឲ្យ​អស់សំណើច ក៏​ព្រោះតែ​លោក កឹម សុខា ជា​មេដឹកនាំ​បក្ស​ប្រឆាំង ដ៏​មាន​ប្រជាប្រិយ​តែប៉ុណ្ណោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យល់ស្រប​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុមការងារ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី៥ ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ធ្វើតាម​អំពើ​ចិត្ត និង​ដោយសារ​ហេតុផល​នយោបាយ។

សេចក្ដីថ្លែងការណ៍​របស់​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ចេញ​នៅតែ​មួយថ្ងៃ នៅ​មុន​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​លោក កឹម សុខា ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី២២ ខែ​សីហា នេះ។

លោក​មេធាវី ផែង ហេង ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា សង្ឃឹមថា តុលាការ​នឹង​ដោះលែង​កូន​ក្តី​របស់​លោក ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​របប​លោក ហ៊ុន សែន គ្មាន​ប្រយោជន៍​អ្វី នឹង​បន្ត​ឃុំខ្លួន​កូន​ក្តី​លោក នៅ​យូរ​តទៅទៀត​នោះ​ទេ។ លោក ផែង ហេង បន្ថែម​ថា ការ​ដោះលែង​លោក កឹម សុខា នៅ​ពេល​នេះ ក៏​យ៉ាងហោចណាស់ ដើម្បី​ប្រយោជន៍​មនុស្សធម៌ និង​ស្តារ​មុខមាត់​កម្ពុជា ក្នុង​ស្ថានភាព​ដែល​សហគមន៍​អន្តរជាតិ កំពុង​ដែល​ថ្កោលទោស​ជុំ​ទិស​ដូច្នេះ​ដែរ៖ «រូបភាព​ណាមួយ​ក៏ដោយ ក៏​យើង​ជា​មេធាវី ចង់​ឃើញ​មានការ​ដោះលែង​គាត់​នៅ​ថ្ងៃ​ហ្នឹង​ដែរ ព្រោះ​គាត់​មាន​ជំងឺ។ ការណ៍​ដែល​តុលាការ​សម្រេច​ដោះលែង​គាត់ តាម​ការ​ស្នើ​សុំ​របស់​គាត់ វា​នឹង​ចំណេញ​ទៅ​ដល់​រដ្ឋាភិបាល​ផង សម្រាប់​ជា​សំឡេង ធ្វើការ​តស៊ូ​ក្នុង​ឆាក​អន្តរជាតិ រឿង​ដក​ការ​អនុគ្រោះ​ពន្ធ ឬ​រឿង​អាមេរិក​ដាក់ទណ្ឌកម្ម​ជាដើម»

ចំពោះ​លោក ផែង ហេង បើ​តុលាការ​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​នេះ គឺ​គ្មាន​អ្វី​ជា​រឿង​ចម្លែក​នោះ​ឡើយ ព្រោះ​អ្វីៗ​ដែល​ជា​នីតិវិធី​ច្បាប់ តាម​ផ្លូវ​តុលាការ ក្នុង​ការ​ទាមទារ​ឲ្យ​ដោះលែង និង ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់ ដែល​ប្រឆាំង​លោក កឹម សុខា​នោះ លោក និង​ក្រុម​មេធាវី​បាន​បំពេញ​ចប់​សព្វគ្រប់​អស់ហើយ នៅឡើយ​តែ​ដំណោះស្រាយ តាម​ផ្លូវ​នយោបាយ​ប៉ុណ្ណោះ។ លោក​អះអាង​ថា រឿង​នយោបាយ អាច​ដោះស្រាយ​បាន​ឆាប់ និង​ពិបាក​ស្មាន​ទុក​បាន​ណាស់៖ «បើសិនជា​អ្នក​នយោបាយ គេ​ជជែក​គ្នា គេ​អាច​អារកាត់​ស្អី​ក៏បាន​ដែរ។ ជា​ប្រវត្តិ​នៃ​ទំនាស់​នយោបាយ តាំងពី​ឆ្នាំ ១៩៩៧ រហូត​ដល់ ២០១៣ ចុង​បញ្ចប់ អ្នកបច្ចេកទេស ដើរ​មិន​ទាន់​អ្នក​នយោបាយ​ទេ»

ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា តែងតែ​អះអាង​ថា ករណី​លោក កឹម សុខា គឺជា​រឿង​នយោបាយ។ សហគមន៍​អន្តរជាតិ ក៏​ចាត់​ទុក​រឿង​នេះ និង​រឿង​ចាប់ខ្លួន​សកម្មជន​ដីធ្លី និង​សកម្មជន​បក្ស​ប្រឆាំង​ឯទៀត ថា ជា​រឿង​នយោបាយ​ដែរ។ ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ថ្មីៗ​នេះ បាន​ចេញ​សេចក្ដីថ្លែងការណ៍ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​ទាំងអស់​នោះ​ដែរ។

ម្សិលមិញ​នេះ អតីត​អ្នករាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ពីរ​រូប​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​តុលាការ​ដោះលែង ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ពី​ឃុំខ្លួន​អស់​រយៈពេល​ជាង ៩​ខែ​រួចមក។ ចំណែក​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ក៏​ត្រូវ​បាន​ដោះលែង ក្រោយ​ជាប់​ពន្ធនាគារ​អស់​ជាង ២​ឆ្នាំ នៃ​ទោស​សរុប​ពីរ​ឆ្នាំ​កន្លះ។

អ្នកវិភាគ​យល់​ឃើញ​ថា ការ​ដោះលែង​ទាំងនេះ គឺជា​រូបភាព​នយោបាយ ច្រើន​ជាង​រូបភាព​នៃ​ការ​អនុវត្ត​ច្បាប់ តាម​នីតិវិធី​តុលាការ។ អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ការ​ដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ឯទៀត អាច​នឹង​កើតមាន​ឲ្យ​ឥត​ព្រាងទុក ដូចគ្នា​នេះ​ដែរ ព្រោះ​នេះ​ជា​ទម្លាប់ ដែល​កើតមាន​ជា​ហូរហែ​មក​ហើយ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ៖ «ខ្ញុំ​គិត​ថា តុលាការ​អាច​នឹង​ទទួល​រង​សម្ពាធ ពី​បរិយាកាស​នយោបាយ​កន្លង​មក​ហើយ។ កាលណា​ករណី​នេះ ជា​ករណី​នយោបាយ ទោះបី​យក​ផ្លូវច្បាប់​ទៅ​ដោះ​យ៉ាងម៉េច ក៏​ដោះ​អត់​រួច​ដែរ។ យើង​យក​អ្នកច្បាប់​មួយ​ឡាន​ទៅទៀត ទៅ​ដោះ​ក៏​ដោះ​អត់​រួច​ដែរ។ នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ធូរស្រាល គឺ​អ្វីៗ​វា​កើត​មិន​ដល់ ២៤​ម៉ោង​ទេ វា​នឹង​វិល​មក​ធូរស្រាល​វិញ។ ដូច្នេះ ករណី​បែប​នេះ គេ​ហៅថា​ករណី​នយោបាយ។ អ្នក​ទោស​នយោបាយ ជាប់ទោស​មិនសូវ​ជា​មាន​អាណត្តិ​របស់​គាត់​ប៉ុន្មាន​ទេ។ បើ​ត្រូវ​រួច រួច​ភ្លាម។ បើ​ត្រូវ​ជាប់ ជាប់​យូរ​ដោយ​ឥត​ដឹង​រឿងហេតុ​អី​ទេ ដោយសារតែ​នយោបាយ​នៅ​តឹងតែង គេ​នឹង​នៅតែ​ដាក់​អ្នក​ហ្នឹងឯង​បន្ត។ អ្នកខ្លះ​ជួនកាល នៅ​រហូតដល់ ១០​ឆ្នាំ ក៏​មាន»

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ច្រានចោល​រាល់​ការ​អះអាង​ទាំងឡាយ​ណា ដែល​ថា​តុលាការ​កម្ពុជា រង​ឥទ្ធិពល​នយោបាយ ក្នុង​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ណា​ម្នាក់។ ចំពោះ​ករណី​លោក កឹម សុខា នេះ លោក ផៃ ស៊ីផាន អះអាង​ថា លោក​ទុក​លទ្ធភាព​ឲ្យ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់។ លោក​បន្ត​ថា របប​លោក ហ៊ុន សែន គ្មាន​ឥទ្ធិពល​អ្វី សូម្បីតែ​បន្តិច ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ​ទេ ព្រោះ​តុលាការ​ឯករាជ្យ៖ «អ្នក​ទាំង​អស់ហ្នឹង​ស្ថិត​ក្នុង​សេចក្ដី​សម្រេច​របស់​តុលាការ និង​ក្រុមប្រឹក្សា​វាយតម្លៃ​ទៅលើ​អ្នក​ដែល​ជាប់ពន្ធនាគារ ដែល​មាន​អន្តរក្រសួង​អ្នក​វាយ​តម្លៃ។ ដូច្នេះ​ការ​ដោះលែង​ទណ្ឌិត ឬ​អ្នក​ជាប់ឃុំ​ដទៃ​ចេញ​ពី​ពន្ធនាគារ គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ។ ខ្ញុំ​មើល​មិន​ឃើញ​គំនាប​របស់​អន្តរជាតិ ឬ​បរទេស​ណាមួយ ដាក់​សម្ពាធ​មក​លើ​រាជរដ្ឋាភិបាល​នោះ​ទេ»

លោក កឹម សុខា ដែល​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម។ លោក កឹម សុខា នឹង​គ្មាន​វត្តមាន នៅ​ក្នុង​ពេល​សវនាការ នៅ​ថ្ងៃ​នេះ​ទេ ដោយសារតែ​គ្មាន​ដីកា​នាំខ្លួន​លោក ទៅ​កាន់​តុលាការ។

លោក​បណ្ឌិត មាស នី អបអរសាទរ ចំពោះ​រាល់​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ការ​បន្ថយ​កម្ដៅ​នយោបាយ​នៅ​កម្ពុជា។ លោក​សង្ឃឹមថា របប​លោក ហ៊ុន សែន នឹង​ពិចារណា​ដោះលែង​លោក កឹម សុខា ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិល​មក​ធ្វើ​នយោបាយ​ដូចដើម​វិញ​បាន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។