លោក ហ៊ុន ម៉ាណែត ថា ការ​ទិញ​រថយន្ត​យោធា​ជិត​៣០០​គ្រឿង​ពី​ចិន គឺ​ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន

ដោយ សុជីវី
2020-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត (ឆ្វេង) ក្នុង​ពិធី​ប្រគល់​រថយន្ត​យោធា​ ដែល​ទើប​ទិញ​ពី​ចិន នា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២០។
លោក ហ៊ុន ម៉ាណែត (ឆ្វេង) ក្នុង​ពិធី​ប្រគល់​រថយន្ត​យោធា​ ដែល​ទើប​ទិញ​ពី​ចិន នា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ភាព​ពី​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

កូនប្រុស​លោក​នាយករដ្ឋមន្ត្រី និង​មេបញ្ជាការ​កងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការទិញ​រថយន្ត​យោធា​ធុន ធំ ២៩០​គ្រឿង​នៅ​ពេល​នេះ គឺ​ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន មិន​ដូច​អ្នកវិភាគ​រិះគន់​ថា ជា​ការ​ខ្ជះខ្ជាយ​ថវិកា និង​មិន​គិត​អំពី​ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ ជំងឺ​កូវីដ-១៩​នោះ​ទេ​។ ទោះ​យ៉ាងណា អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង នៅតែ​យល់ថា ការ​បញ្ជា​ទិញ​រថយន្ត​នេះ គឺ​សម្រាប់​ទុក​បង្ក្រាប​ពលរដ្ឋ និង​ការពារ​អំណាច​គ្រួសារ​លោក ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត ប្រកាស​អះអាង​ថា ថវិកា​ដែល​ទិញ​រថយន្ត​យោធា​ធុន​ធំ​ទាំង​២៩០​គ្រឿង​នេះ មិនបាន​ចំណាយ ថវិកាជាតិ​មួយ​រៀល​ឡើយ ហើយក៏​មិនមែន​ជា​ជំនួយ​របស់​ចិន​ដែរ គឺជា​ថវិកា​ដែល​បាន​មក​ពី​ក្រុម​សប្បុរសជន​ក្នុង​ប្រទេស​ដែល​មាន​សមានចិត្ត​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព និង​លទ្ធភាព​របស់ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ការ​បំពេញភារកិច្ច បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា។ កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រូប​នេះ ថា ការ​បញ្ជាទិញ​រថយន្ត​យោធា​ពី​ប្រទេស​ចិន នេះ គឺ​ធ្វើ​ឡើង​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ មក​ម្ល៉េះ ពោល​គឺ​មុន​ពេល​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ-១៩៖ «តម្រូវការ​កម្ចាត់​កូវីដ វា​ខ្ពស់​ជាង​តម្រូវការ​រថយន្ត ប៉ុន្តែ​រថយន្ត​នេះ​បាន​បញ្ជា​ទិញ​តាំងពី​ជាង​កន្លះ​ឆ្នាំមុន​កូវីដ​ផ្ទុះ អ៊ីចឹង​វា​រួច​ទៅ​ហើយ ដូច​អ្នក​កក់​តុ​ការ​អ៊ីចឹង តែ​កក់​ហើយ​ចាំតែ​យក​មក​វិញ​ទៅ ត្រូវតែ​ការ​មិន​ថា កូវីដ ឬ​មិន​កូវីដ​នោះ​ទេ​។ ឥឡូវ​ឡាន​យើង​បាន​កក់​លុយ​គេ​ហើយ ឱ្យ​គេ​ធ្វើ​ហើយ​បើ​យើង​មិន​យក​ធ្វើ​ម៉េច​។ បើ​យើង​មិន​យក​រថយន្ត​មក​ពេលនេះ តើ​ចាំ​ដល់​ពេលណា»

លោក ហ៊ុន ម៉ាណែត អះអាង​បន្ថែម​ថា ការទិញ​រថយន្ត​ទាំងនេះ គឺ​ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា សម្រាប់​ដឹកជញ្ជូន​កងកម្លាំង និង​ពលរដ្ឋ​ពេល​មាន​គ្រោះអាសន្ន​ដូចជា​ពេល​មាន ជម្លោះ​តាម​ព្រំដែន គ្រោះ​ទឹក​ជំនាន់ គ្រោះ​អគ្គីភ័យ និង​ពេល​មាន​ពិធី​បុណ្យទាន​ជាដើម៖ «ពេល​ដែល​មាន​ចោរលួច​ចោរប្លន់ មាន​ភ្លើង​ឆេះ​ផ្ទះ មាន​គ្រោះ​មហន្តរាយ ទឹកជំនន់ បាក់​អគារ ពេល​បុណ្យ​ពេល​ទាន​ត្រូវការ​សន្តិសុខ ពេល​កូ​វីដ ប្រសិនបើ មាន​សភាពការណ៍​កើតឡើង​គឺ​ត្រូវការ​កងកម្លាំង​ប្រដាប់​អាវុធ​ចូលរួម ហើយ​ឱ្យ​គាត់​ជិះ​ម៉ូតូ​ទៅ​ដើរ​ជួយ​គេ​យ៉ាងម៉េច។ នេះ​គឺជា​មធ្យោបាយ​បង្កើត​នូវ​សមត្ថភាព​និង​លទ្ធភាព​របស់​កងកម្លាំង​ប្រដាប់ អាវុធ​ក្នុង​ការបម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ»

ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​ពិធី ប្រគល់​រថយន្ត​ទាំងនោះ​ទៅ​ឱ្យ​អង្គភាព​ពាក់ព័ន្ធ ដូចជា​ប្រគល់​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៤០​គ្រឿង និង​កង​យោធពល​ខេមរភូមិន្ទ ២៥០​គ្រឿង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា។

ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ាណែត ក៏​ព្រមាន​ខ្លាំងៗ​ទៅ​អ្នកវិភាគ​កុំ​ឱ្យ​វិភាគ​រឿង​រថយន្ត​យោធា​នេះ ផ្ដេសផ្ដាស និង​ថែម​ព្រមាន​ពលរដ្ឋ កុំ​ឱ្យ​ជេរប្រមាថ​កងកម្លាំងប្រដាប់អាវុធ​បន្ត​ទៀត ព្រោះ​ពេល​មាន អាសន្ន​គឺ​មាន​តែ​កងកម្លាំង​ប្រដាប់​នោះ​ទេ ដែល​អាច​ជួយ​បាន​។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បង្គាប់​បញ្ជា​ឱ្យ​អ្នកសារព័ត៌មាន ត្រូវ​សរសេរ​ព័ត៌មាន​តាម​សម្ដី របស់​លោក និង​បកស្រាយ​ថា ការ​បញ្ជាទិញ​រថយន្ត​យោធា​នៅ​ពេល​នេះ មិនមែន​ជា​ការ​ខ្ជះខ្ជាយ​ថវិកា និង​មិន​គិត​អំពី​សុខទុក្ខ​ពលរដ្ឋ​ដូចជា​ការ​លើកឡើង​របស់​អ្នកវិភាគ​នោះ​ទេ។ ប៉ុន្តែ លោក លោក ហ៊ុន ម៉ាណែត មិន​បាន បញ្ជាក់ ពី​ប្រភព​នៃ​អ្នក​ផ្តល់​លុយ និង​ថវិកា​ចំនួន​ប៉ុន្មាន​សម្រាប់​ទិញ​រថយន្ត​ទាំងអស់​នោះ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង នៅតែ​មើល​ឃើញ​ថា ការ​បញ្ជា​ទិញ​រថយន្ត យោធា​ធុន​ធំ​ជិត ៣០០​គ្រឿង​នេះ គឺជា​ការ​ត្រៀម​ទុក​សម្រាប់​ដឹកជញ្ជូន​កងកម្លាំង​ទៅ វាយ​បង្ក្រាប​ប្រជាពលរដ្ឋ ឬ​ក្រុម​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​របប​ក្រុងភ្នំពេញ​។ ពួកគេ​ថា ការ​លើកឡើង​របស់ ហ៊ុន ម៉ា ណែត គ្រាន់តែ​ជា​លេស​ការពារ​ទង្វើ​ទុច្ចរិត​របស់​ខ្លួន​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍ថា ទោះបីជា​រថយន្ត​យោធា​ទាំងនោះ ត្រូវ​បាន​បញ្ជា​ទិញ​តាំង​ពីមុន​ផ្ទុះ​ជំងឺ​កូវីដ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល អាច​មាន​សិទ្ធិ​លុបចោល ឬ​ពន្យារ​ពេល​ការទិញ​រថយន្ត​ទាំងនេះ ដើម្បី​បង្វិល​ថវិកា​ទាំងនោះ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ទុក្ខ​វេទនា​បាត់បង់​ការងារ​ធ្វើ និង​គ្មាន​អាហារ​ហូបចុក ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​នេះ​ជា​មុន​សិន៖ «ទិញ​រថយន្ត​នេះ​ដើម្បី​មក​បង្ក្រាប​ខ្មែរ មិនមែន​ដើម្បី​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​យួន​ឈ្លានពាន​ដូច​យួន​បោះតង់​អ៊ីចឹង អត់​ហ៊ាន​ជាមួយ​យួន​ផង​នឹង។ លោក ហ៊ុន ម៉ាណែត ជា​មេបញ្ជាការ​កងទ័ពជើងគោក អត់​ឃើញ​យក​ទាហាន​ទៅ​ទប់​ជាមួយ​យួន​កុំ​ឱ្យ​បោះតង់​ផង​នឹង។ គាត់​នៅតែ​ការពារ​អំណាច​ឪ​គាត់​នៅ​រាជធានី​ភ្នំពេញ​។ គាត់​ទប់​ខ្លាច​មាន​បាតុកម្ម​។ មួយទៀត ការដែល​ផ្ដល់​រថយន្ត​ទៅ​ឱ្យ​ខាង​ប៉ូលិស​នោះ វា​អត់​សមរម្យ ព្រោះ​ប៉ូលិស អត់​ត្រូវការ​ឡាន​ធំ​បែបនេះ​ទេ ប៉ូលិស ត្រូវ​ប្រើ​ឡាន​តូចៗ ស្រុក​គេ​ប្រើ​តែ​ឡាន​តូចៗ​ទេ ប៉ុន្តែ​ប្រើ​អាឡាន​ធំ​នេះ គឺ ដើម្បី​ដឹក​ប៉ូលិស ដើម្បី​ទៅ​បង្ក្រាប​បាតុកម្ម ក្រែង​កើត​មាន​ដោយសារ​វិបត្តិ​កូវីដ​នេះ»

រីឯ​អ្នក​វិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​ការ​បញ្ជា​ទិញ​រថយន្ត​យោធា​ទាំងនេះ គឺជា​ថវិកា​របស់​សប្បុរស​ជន​មែន គឺ​មិន​អាច​ធ្វើឡើង​ដោយ​លួចលាក់​ស្ងាត់ៗ បែបនេះ​នោះ​ទេ​។ ម្យ៉ាងវិញទៀត លោក​មើល​ឃើញ​ថា ការ​បញ្ជាទិញ​រថយន្ត​ទាំងនេះ គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅពី​ទុក​ដឹកជញ្ជូន​កងកម្លាំង​សម្រាប់​វាយ​បង្ក្រាប​ពលរដ្ឋ​នោះ​ទេ៖ «បើជា​រឿង​សប្បុរសធម៌ គេ​មិនដែល​លាក់បាំង​ទេ ប៉ុន្តែ ស្រាប់តែ​ស្ងាត់ៗ​លាក់បាំង​ចេញ​លុយ​សប្បុរសជន​មក​ទិញ​ឡាន​យោធា​យ៉ាង​នេះ គឺជា​សប្បុរសជន​នៅ ក្នុង​បក្ខ​ពួកគាត់​តែ​ប៉ុន្មាន​នាក់​ដើម្បី​ជួយ​ជ្រោមជ្រែង​អំណាច​ដល់​ត្រកូល​ហ៊ុន របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ​គឺ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​។ ឡាន​នេះ​ទិញ​មក​សម្រាប់​ដឹក​កម្លាំង ទៅ​បង្ក្រាប​ចលនា​មហាជន​បែប​ណា​មួយ​ដែល​ទ្រាំ​មិន​បាន​ត្រូវតែ​តវ៉ា​ប្រឆាំង​ទៅ​នឹង​អំណាច​ផ្ដាច់ការ​របស់ លោក ហ៊ុន សែន ទៅ​ថ្ងៃក្រោយ ព្រោះ​បើ​កម្លាំង​នោះ​ងើប​កាន់តែ​ខ្លាំង​ពី​មហាជន គ្រប់ទិសទី បុក​ចូល​ទីក្រុង​ភ្នំពេញ គឺ​ឡាន​យោធា​ក្នុង​បរិមាណ​បច្ចុប្បន្ន មិន​អាច​ទ្រទ្រង់​សម្រាប់​ដឹក​កម្លាំង​ដើម្បី​ទប់ស្កាត់​សភាពការណ៍​បាន»

អ្នកវិភាគ​រូប​នេះ បន្ត​ថា ប្រសិនបើ​ការទិញ​រថយន្ត​ទាំងនេះ សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុង​គ្រា​មាន អាសន្ន​ដូចជា​ទឹក​ជំនន់ ឬ​បាក់​អគារ​ជាដើម​នោះ គួរតែ​ទិញ​ឡាន​ស៊ីវិល និង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ស្ថាប័ន​ស៊ីវិល មាន​ដូចជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​សុខាភិបាល​ជាដើម មិនមែន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា និង​ប៉ូលិស​នោះ​ទេ៖ «មិន​ទុក​លុយ​ដើម្បី​ជួយ​ពលរដ្ឋ បែរជា​យក​លុយ​នោះ​ទៅ​ទិញ​ឡាន នោះ គឺជា​នយោបាយ​សេដ្ឋកិច្ច​នៃ​អ្នក​នាំ​ដែល​មាន​ខួរ​ក្បាល​មិន​ត្រឹមត្រូវ ហើយ​ខ្វល់​ត្រឹម​តែ​អំណាច​គ្រួសារ​របស់​ខ្លួន»

រថយន្ត​ទាំង​២៩០​គ្រឿង​នេះ មាន​២​ប្រភេទ គឺ​កង់ ៦ និង​កង់​១០​។ ប្រភេទ​រថយន្ត​កង់​៦ អាច​ផ្ទុក​ទម្ងន់​ប្រមាណ ១០​តោន ហើយ​បើ​ដាក់​កងកម្លាំង​បាន​ប្រហែល ២០​នាក់ ចំណែក​ប្រភេទ​កង់ ១០ អាច​ផ្ទុក​ទម្ងន់​បាន​ប្រមាណ ២០​តោន ហើយ​បើ​ដាក់​កងកម្លាំង​អាច​បាន ៣០នាក់។

រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ទទួល​ជំនួយ​រថយន្ត​យោធា​ពី​ប្រទេស​ចិន និង​តែង​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​បញ្ជា​ទិញ​រថយន្ត​យោធា អាវុធ និង​ទិញ​ឧទ្ធម្ភាគចក្រ ពី​ប្រទេស​ចិន ជា​បន្តបន្ទាប់ ស្រប​ពេល ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​ធ្លាក់​ចុះ ព្រមទាំង​មានការ​រិះគន់​ថា ប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល