សង្គមស៊ីវិល៖ ការសម្រួលតួនាទីមន្ត្រីជាន់ខ្ពស់យោធាជាការត្រៀមខ្លួនខ្លាចមានរដ្ឋប្រហារ
2015.10.22
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ហៅការកែសម្រួលតួនាទីក្នុងក្របខ័ណ្ឌយោធា ដោយដំឡើងតួនាទីឲ្យ លោក ហ៊ុន ម៉ានិត ជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ថាជាការត្រៀមបង្ការទុកជាមុនក្រែងមានរដ្ឋប្រហារ ដែលអាចផ្ទុះចេញពីផ្ទៃក្នុងយោធា។ លើសនេះទៀត ការផ្ដល់តួនាទីផ្នែកប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចឲ្យកូនប្រុសលោកនាយករដ្ឋមន្ត្រីនៅពេលនេះ ថាជាការរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ លោក ហ៊ុន សែន ទៅវិញទេ។
ការរិះគន់របស់ស្ថាប័នមិនមែនរដ្ឋាភិបាលជុំវិញការដកហូតតួនាទី ក្រោមគោលការណ៍កែសម្រួល និងតែងតាំងមុខងារនាយទាហានដោយអនុក្រឹត្យនេះ សង្គមស៊ីវិលចាត់ទុកថា ជាយន្តការទប់ស្កាត់ការប្រេះស្រាំផ្ទៃក្នុងផ្នែកយោធា ជាពិសេស នេះជាមធ្យោបាយរក្សាអំណាចឲ្យស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់។
ការដកហូតមុខងារក្នុងជួរយោធាក្រោមហេតុផលកែសម្រួល និងតែងតាំងតួនាទីនេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងគំរាមជាញឹកញាប់ថា ប្រទេសកម្ពុជា អាចនឹងមានសង្គ្រាមជាថ្មីទៀត បើគណបក្សប្រជាជនកម្ពុជា លែងបានដឹកនាំប្រទេសទៀត។
កាលពីថ្ងៃទី១៦ ខែកញ្ញា រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកែសម្រួល និងតែងតាំងមុខងារនាយទាហាន។ អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដំឡើងឋានន្តរសក្ដិ លោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីនាយករង មកជានាយកនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃកងយោធពលខេមរភូមិន្ទវិញម្ដង ដែលពីមុននេះ គឺជាតួនាទីរបស់ឧត្ដមសេនីយ៍ផ្កាយមាស៤ លោក ជា ដារា។
ជុំវិញរឿងនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានបន្ទូលថា ដោយសារប្រទេសកម្ពុជា ពុំទាន់មានសន្តិសុខគ្រប់គ្រាន់ ជាពិសេសសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី។ ព្រះអង្គមានបន្ទូលបន្តថា នេះជាដើមចមដែលនាំឲ្យមានការតែងតាំងដូច្នេះ។ ព្រះអង្គបន្តថា «តាមការពិត យើងត្រូវតែទទួលស្គាល់ថា ប្រទេសយើងឥតមានសន្តិភាពពិតប្រាកដ ឥតមានស្ថិរភាពពិតប្រាកដ ឥតមាន ហើយឥតមានសន្តិសុខពិតប្រាកដ។ ដូច្នេះ ការតែងតាំងឆ្លុះបញ្ចាំងឲ្យឃើញហើយថា សម្ដេច ហ៊ុន សែន ត្រូវការកសាងសន្តិភាព ស្ថិរភាពជុំវិញខ្លួនគាត់»។
អតីតនាយកនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ច លោក ជា ដារា កាលពីខែកក្កដា ក៏ធ្លាប់បានអះអាងដែរថា កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត យោធាទាំងអស់ គឺស្ថិតក្រោមការទំនុកបម្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។
វិទ្យុអាស៊ីអាស៊ី ពុំអាចទាក់ទង លោក ហ៊ុន ម៉ានិត និងលោក ជា ដារា ដើម្បីឆ្លើយតបបានភ្លាមៗទេនៅថ្ងៃទី២២ តុលា។ ដោយឡែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ វិញ ទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
លោក អ៊ូ វីរៈ ប្រធានអង្គការនៃវេទិកាអនាគត បញ្ជាក់ថា នេះពុំមែនជារបៀបកែសម្រួលមុខងារក្នុងក្របខ័ណ្ឌយោធាទេ។ ផ្ទុយទៅវិញ ជាមធ្យោបាយដើម្បីរក្សាលំនឹងនៃការប្រេះឆាផ្ទៃក្នុងប៉ុណ្ណោះ។ លោកបន្តថា ក្រៅពីនេះ ដោយសារស្ថាប័នចារកិច្ចនេះ គឺជាសេនាធិការសម្រាប់គ្រប់គ្រងផ្ទៃក្នុងទាំងយោធា និងផ្នែកដទៃទៀតទៅលើស៊ីវិល។ លោក អ៊ូ វីរៈ យល់ឃើញថា ហេតុនេះលោកនាយករដ្ឋមន្ត្រីបានដឹងខ្លួនកាន់តែច្បាស់ហើយ និងត្រូវតែដាក់មនុស្សដែលស្និទ្ធនឹងលោកផ្ទាល់ ដើម្បីបង្ការអាចមានរដ្ឋប្រហារកើតឡើងជាយថាហេតុណាមួយ។ លោកបន្តថា «មិនមែនជាកំណែទម្រង់ក្របខ័ណ្ឌយោធាទេ ជាប្រៀបជើងព្រួលរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់កូនរបស់គាត់ក្នុងតួនាទីដ៏សំខាន់ៗ។ តួនាទីដ៏សំខាន់វាមានចារកិច្ច ជាតួនាទីដើម្បីគ្រប់គ្រងផ្ទៃទេ មិនមែនគ្រប់គ្រងខាងក្រៅទេ»។
បើទោះជាបែបណា លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីចាត់ទុកថា នេះជាការកែសម្រួលតាមបែបរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពការងារ។ លោកបន្តថា ការចោទប្រកាន់ណាមួយប្រឆាំងរដ្ឋាភិបាល គឺជាគំនិតដែលមុជមិនជ្រៅទៅមិនឆ្ងាយ ហើយជានិច្ចជាកាលតែងមើលរដ្ឋាភិបាលក្នុងផ្លូវមិនល្អ។ លោកបន្តថា «បាទ! នេះជាទស្សនៈផ្កាប់មុខ មើលឃើញសម្ដេច ហ៊ុន សែន អាក្រក់ខ្មៅ។ នេះជាយោបល់ខ្ញុំ។ ការងាររដ្ឋបាលគេផ្លាស់ប្ដូរ ផ្លាស់ប្ដូរទៅលើសមត្ថភាព ផ្លាស់ប្ដូរទៅលើការងារជំនាញ»។
លោក ហ៊ុន ម៉ានិត ឧត្ដមសេនីយ៍ទោលផ្កាយ២ កូនប្រុសទីពីររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា មានមុខងារ និងការទទួលខុសត្រូវដទៃទៀតក្រៅពីនេះរួមមាន ជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយកនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងជាអនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅគ្រប់មុខសញ្ញា៕