លោក ហ៊ុន សែន អះអាង​ថា​រដ្ឋាភិបាល​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​ពី​បរទេស​ឡើយ

ដោយ ចេង ម៉េងជូ
2016-06-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ មិថុនា អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​បរទេស​ឡើយ ព្រោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​ទេ។ ទន្ទឹម​នឹង​ការ​មិន​ខ្វល់​ពី​ការ​គំរាម​ផ្ដាច់​ជំនួយ លោក ហ៊ុន សែន ក៏​បាន​លើក​សរសើរ​ពី​គុណ​សម្បត្តិ​ជាច្រើន​របស់​រដ្ឋាភិបាល​ចិន។ ក៏ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ព្រមាន​ថា ភាព​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​គំរាម​បង្កក​ជំនួយ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ជួប​គ្រោះ​មហន្តរាយ។

ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​និយាយ​ចំៗ​ថា រដ្ឋាភិបាល​បរទេស​មួយ​ណា​ក្ដី ក៏​គេ​ដឹង​ជាទូទៅ​ថា លោក​សំដៅ​ដល់​សហភាព​អឺរ៉ុប ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រមាន​បង្កក​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ប្រសិន​បើ​មិន​មាន​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​នោះ​ទេ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សម្ពោធ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ស្រាវជ្រាវ​វិថី​សូត្រ​សមុទ្រ ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន លោក ហ៊ុន សែន ថ្លែង​បែប​ចំអក​ទៅ​រដ្ឋាភិបាល​បរទេស​ណា​ដែល​គំរាម​ផ្ដាច់​ជំនួយ​ដល់​កម្ពុជា ថា ប្រសិន​បើ​ផ្ដាច់​ជំនួយ​មែន លោក​ក៏​មិន​ខ្លាច​ដែរ ព្រោះ​ចំណាត់​ការ​នោះ​នឹង​ប៉ះពាល់​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រើប្រាស់​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ មិន​មែន​ប៉ះពាល់​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ៖ «កាល​ពី​ឆ្នាំ​ណា​នោះ ខ្ញុំ​គំរាម​ថា ម៉េច​ក៏​មិន​កាត់ (ជំនួយ)? បើ​ប្រកាស​ថា កាត់​ហើយ កាត់​ទៅ! ក៏​ប៉ុន្តែ​គាត់​មិន កាត់​ទេ។ អ្នក​ដែល​ងាប់​មុន​គេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អ្នក​ណា​ដែល​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ស៊ី​ប្រាក់​ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ អ្នក​ហ្នឹង​ងាប់​មុន​គេ ព្រោះ​គេ​មាន​ដែល​ផ្ដល់​មក​ឲ្យ​រដ្ឋាភិបាល​ពី​អង្កាល់ គេ​ផ្ដល់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ​តើ! ដល់​ពេល​ងាប់​ អ្នក​កំពុង​មាន​ការងារ​ធ្វើ ស៊ី​ប្រាក់​ខែ ​រាប់​រយ ស៊ី​ប្រាក់​ខែ​ដល់​ពាន់។ ទៅ! ទៅ​ងាប់​ទៅ! នែ! កុំ​មក​គំរាម​លេងៗ​ណា៎»

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បាន​លើក​សរសើរ​ពី​គុណ​សម្បត្តិ​ជាច្រើន​របស់​រដ្ឋាភិបាល​ចិន ដែល​ជា​ប្រភព​ប្រាក់​កម្ចី​ចម្បង​មួយ​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ជាង​គេ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​លោក​ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន ឡើយ៖ «មិន​មែន​ខ្ញុំ​មាន​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ចិន នៅ​ពី​ក្រោយ​ខ្នង ខ្ញុំ​អត់​ចិន ពី​អង្កាល់​ទេ ប្រាប់​ឲ្យ​ហើយ ប្រាប់​ឲ្យ​ច្បាស់ ហើយ​ចិន ក៏​មិន​ដែល​គំរាម​កំហែង​កម្ពុជា ពី​អង្កាល់​ដែរ សុំ​ទោស។ កម្ពុជា​មាន​នយោបាយ​ឯករាជ្យ​របស់​ខ្លួន​ ហើយ​ចិន ក៏​មិន​ទៅ​ប្រដៅ​កម្ពុជា ថា ត្រូវ​ធ្វើ​នេះ​ធ្វើ​នោះ​ទេ»

ភ្លាមៗ​ក្រោយ​សុន្ទរកថា​នោះ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បន្ទរ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ដោយ​ចោទ​ប្រកាន់​សភា​អឺរ៉ុប ថា​កំពុង​អនុវត្ត
«ស្តង់ដារ​ពីរ» នៅ​ពេល​វាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​ចោទ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​សរុប ៤.៦៣៧​អង្គការ​នៅ​កម្ពុជា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន «ជាប់​ពាក់ព័ន្ធ​សកម្មភាព​នយោបាយ ក្រោម​ការ​ឧបត្ថម្ភ​ពី​ស្ថាប័ន​បរទេស»

ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ទៅ​នឹង​ការ​ព្រមាន​បង្កក​ជំនួយ​ពី​សហភាព​អឺរ៉ុប នេះ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា អ្នក​រងគ្រោះ​ពិត​ប្រាកដ​ពី​ការ​បង្កក​ជំនួយ​របស់​សហភាព​អឺរ៉ុប គឺ​ពលរដ្ឋ​កម្ពុជា ទូទាំង​ប្រទេស នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​ពី​សហភាព​អឺរ៉ុប លែង​ដំណើរ​ការ។

ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ មិថុនា លោក កែម ឡី លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ត្រូវ​អាង​ជំនួយ​ពី​ប្រទេស​ចិន ដែល​មិន​គិត​ពី​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប ឡើយ៖ «វិធានការ​សហគមន៍​អឺរ៉ុប យើង​ធ្វើ​ព្រងើយ​កន្តើយ​អត់​បាន​ទេ ព្រោះ​ជំហាន​ទី​១ គេ​បញ្ចុះ​បញ្ចូល​តាម​ក្រសួង តាម​រដ្ឋមន្ត្រី​ការ​បរទេស​អី ជំហាន​ទី​២ គេ​ធ្វើ​សេចក្ដី​ថ្លែងការណ៍។ ជំហាន​ទី​៣ កាល​ណា​គេ​មាន​សេចក្ដី​សម្រេច​អ៊ីចឹង វា​អាច​ចូល​ដល់​បង្កក​ជំនួយ ហើយ​កាល​ណា​បង្កក​ជំនួយ​វា​អត់​បាន​ជោគជ័យ វា​អាច​ឈាន​ទៅ​ដល់​ផ្ដាច់​ជំនួយ ហើយ​ផ្ដាច់​ជំនួយ​ ប្រទេស​ផ្សេងៗ​វា​អាច​ឈាន​ទៅ​ដល់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​មួយ​ក៏​មិន​អាច​នាំ​ចេញ​នាំ​អី អា​ហ្នឹង​វា​រឿង​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ»

សហភាព​អឺរ៉ុប ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩២ មក។ ជំនួយ​សរុប​ពី​សហភាព​អឺរ៉ុប ស្មើ​នឹង​ប្រមាណ ២២% នៃ​ជំនួយ​អភិវឌ្ឍន៍​សរុប​របស់​បរទេស​ដល់​កម្ពុជា ក្នុង​នោះ ជំនួយ​ឥត​សំណង​ក្នុង​មួយ​ឆ្នាំៗ​ដែល​កម្ពុជា ទទួល​បាន​ពី​សហភាព​អឺរ៉ុប មាន​ទឹក​ប្រាក់​ជា​មធ្យម​ពី ១៣០​លាន ទៅ ១៥០​លាន​ដុល្លារ​អាមេរិក ផ្ដោត​លើ​វិស័យ​នានា រួម​មាន​សុខាភិបាល អប់រំ កសិកម្ម អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ព្រមាន​ថា មហន្តរាយ​នឹង​កើត​មាន​ឡើង​ដល់​ពលរដ្ឋ​ខ្មែរ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​មិន​ខ្វល់ខ្វាយ​នឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (22)
Share

Phnom Penh

ពី Phnom Penh

ពលរដ្ឋគ្រប់រូបគួគិតហើយ សម្រាប់ឆ្នាំ២០១៨ សម្តីបែបនេះបង្ហាញថា ហ៊ុន សែនមិនដែលខ្វល់ពីបងប្អូនទេ ចង់អ្នកណាងាប់ក៏ងាប់ទៅ សំខាន់ខ្លួនឯងបានអំណាច។ សូមបងប្អូនពិចារណាគ្រប់គ្នា ប្រសិនបើគ្មានជំនួយបរទេសទេ ប្រជាជនខ្មែរច្បាស់ជាស្លាប់ ចំណាក់ស្រុក និង អំពើចោរកម្មកើតឡើងផ្សេងៗ។

Jun 14, 2016 01:28 AM

អ្នក​អាន​អនាមិក

well, well why Khmer need to worry about EU cut aid. Hun Sen doesn't concern it at all because he can feed all Khmer need from China. if EU do cut it, any Khmer who need food or money just go surrounding Hun Sen's house and have to be tougher than him and his body guards in order to get food and money from him. be prepare time will come.

Jun 14, 2016 01:04 AM

ភវវរ្ម័ន

ពី បាវិត ស្វាយ​រៀង

សម្ដីលោកហ៊ុនសែនពេលនេះបញ្ជាក់ច្បាស់ថែមទៀតថារដ្ឋាភិបាលលោកហ៊ុនសែនប្រឆាំងដោយចំពោះនូវលិទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៃប្រជាជាតិខ្មែរ ។ ភាសាមេខ្មែរក្រហមអៀងសារី ប៉ុលពត ភាសា សមមិត្ត ហេង សំរិន ហ៊ុន សែនដែលប្រឆាំងនឹងសិទ្ធិសេរីភាពប្រជាជនខ្មែរគឺនៅដដែល ។ គតិរបស់លោកហ៊ុនសែនពេលនេះគឺប្រឆាំងនឹងប្រទេសសហគមន៍អ៊ឺរ៉ប់ សហរដ្ឋអាមេរិក ដែលចង់រក្សាលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា!លោកហ៊ុនសែនចង់សម្លាប់បក្សជំទាស់អង្គការសង្គមស៊ីវិលជាយួរហើយដែលសភាបក្សរបស់គាត់បានធ្វើច្បាប់គាបសង្កត់អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ហើយពេលនេះគាត់ចង់ឲ្យសហគមន៍លិទ្ធិប្រជាធិបតេយ្យផ្ដាច់ជំនួយហិរញ្ញវត្ថុដល់អង្គការទាំងនោះថែមទៀត ។ វាគួរឲ្យឈឺចាប់និងអាម៉ាស់ណាស់ដែលប្រជាជាតិខ្មែរមានលោកហ៊ុនសែនជានាយករដ្ឋមន្រ្ដីដ៏អគតិបែបនេះ ។ លោកហ៊ុនសែនគាត់គិតថាសហគមន៍អ៊ឺរ៉ប់ផ្ដាច់ជំនួយនិងស្លាប់បុគ្គលិកអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស អាដហុក(ADHOC) លីកាដូទាំងនេះ ជាគំនិតអគតិជួរជាតិមិនសមជាដឹកនាំតែជាឃាតករដូចអៀងសារី ប៉ុលពត ។ ប្រទេសកម្ពុជាក្រោយឆ្នាំ១៩៩៣ត្រូវបានរីកចម្រើនសេដ្ឋកិច្ចការងារដោយជំនួយបរទេសតាមរយៈអង្គការសង្គមស៊ីវិលរាប់រយទាំងនោះនិងការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ អាយអឹមអែហ្វដែលបង្កើតរោងចក្រកាត់ដេររាប់សិបនៅកម្ពុជាបើសហគមន៍អ៊ឺរ៉ប់ផ្ដាច់ជំនួយមែនវាមិនស្លាប់លោកហ៊ុនសែននិងបក្សពួកគាត់ទេ តែវាស្លាប់ប្រជាជនខ្មែរទូរទៅ ។

Jun 13, 2016 10:03 PM

អ្នក​អាន​អនាមិក

ងាប់ហើយ ផ្តាច់ៗទៅ មិនអង្វរទេវើយ រាល់ង៉ៃមិនចាយលុយអ្នក​ឯង​ទេ​វើយ លុយលក់ឈើ លក់ដី លក់ព្រៃ ណែនបង់ ចាយមិនអស់ផង កុំ​ថាចាយម៉ាជាតិ​ដប់ជាតិទៀតក៏មិនអស់ផង អញ្ចឹងកាត់អីកាត់ទៅវើយ។

Jun 13, 2016 09:52 PM

Mike

ពី Boston

If the international funds are frozen or never given to Cambodia and the Cambodian people are badly affected, what will happen to Samdech's government? Can the country stability be maintained? Why don't they bother thinking about the international funds?

Jun 13, 2016 09:05 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល