អ្នក​វិភាគ​ថា​អាមេរិក​អាច​ពិចារណា​លុប​បំណុល​កម្ពុជា​បើ​រដ្ឋាភិបាល​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជា​មុន​សិន

ដោយ យាង សុជាមេត្តា
2016-12-25
Share
មាស នី ៨៥៥ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។
Photo: RFA

អ្នក​វិភាគ​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក អាច​ពិចារណា​លុប​បំណុល​ដែល​កម្ពុជា ជំពាក់ ប្រសិន​បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជា​មុន​សិន ដូចជា​ការ​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤ ធ្នូ ថ្លែង​ស្នើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជាប់​ឆ្នោត​ថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ពិចារណា​លុប​បំណុល​ដែល​កម្ពុជា ខ្ចី​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ ដែល​លោក ហ៊ុន សែន ចោទ​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​ជំរុញ​ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​វាយ​ប្រហារ​ផ្ទួនៗ​គ្នា​ទៅ​លើ​សហរដ្ឋ​អាមេរិក បើ​ទោះ​ជា​លោក ហ៊ុន សែន ហាក់​បង្ហាញ​ថា លោក​ចូល​ចិត្ត​ប្រធានាធិបតី​ថ្មី លោក ដូណាល់ ត្រាំ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ក្តី។

អស់​ពី​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក រឿង​រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឬ​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​ក្រោយ​ការ​បោះឆ្នោត​កន្លង​ទៅ ពេល​នេះ​លោក ហ៊ុន សែន រំឭក​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុង​ទសវត្សរ៍​៧០ ហើយ​ចោទ​សហរដ្ឋ​អាមេរិក ចំៗ​ថា ជា​អ្នក​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ​១៩៧០។

លោក ហ៊ុន សែន បន្ត​ថា បើ​មិន​មាន​ការ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ នោះ​ទេ ពួក​ខ្មែរ​ក្រហម​ក៏​គ្មាន​ឱកាស​បាន​ឡើង​កាន់​អំណាច ហើយ​ឈាន​ដល់​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ជាច្រើន​ឆ្នាំ​បន្ទាប់​មក​នោះ​ដែរ។

ផ្ដើម​ចេញ​ពី​មូលហេតុ​ទាំងអស់​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជាពិសេស​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ពិចារណា​លុប​ចោល​បំណុល​ដែល​សហរដ្ឋ​អាមេរិក ផ្តល់​ឲ្យ​របប​សាធារណរដ្ឋ​ខ្មែរ ហើយ​បាន​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក ទទួល​ខុស​ត្រូវ​ផ្តល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​បម្រើ​ដល់​ការ​ដោះ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​បាន​បន្សល់​តាំង​ពី​សម័យ​នោះ។

លោក ហ៊ុន សែន ចាត់​ទុក​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ហោច​ណាស់​ផ្នែក​សីលធម៌​របស់​សហរដ្ឋ​អាមេរិក ចំពោះ​កម្ពុជា៖ «ខ្ញុំ​អំពាវនាវ​សា​ថ្មី​ទៀត​ចំពោះ​សហរដ្ឋ​អាមេរិក ឲ្យ​ពិនិត្យ​ពិច័យ​ពី​បញ្ហា​បំណុល​ដែល​រដ្ឋាភិបាល លន់ នល់ ជំពាក់។ សង្ឃឹម​ថា អនាគត​ប្រធានាធិបតី​ដែល​នៅ​ជាង​តែ ២០​ថ្ងៃ​ទៀត នឹង​ទទួល​តំណែង ដូណាល់ ត្រាំ នឹង​ពិចារណា​ដិតដល់​ទៅ​លើ​បញ្ហា​មួយ​នេះ។ យើង​មិន​ទារ​ឲ្យ​អាមេរិក​សង​បំណុល​ទេ សង​តម្លៃ​ខូចខាត​នៃ​សង្គ្រាម​ដែល​ខ្លួន​បាន​បង្ក​វិនាសកម្ម​នៅ​កម្ពុជា ទេ តែ​គ្រាន់​តែ​ឲ្យ​សហរដ្ឋ​អាមេរិក ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ទាក់ទង​នឹង​បំណុល​ដែល​ជា​បំណុល​កខ្វក់ ហើយ​ពេល​នោះ​ពួក​យើង​ខ្ញុំ អត់​បាន​ដឹង​ទេ គ្មាន​តួលេខ​ណា​បញ្ជាក់​ថា បំណុល​នេះ​នាំ​មក​ដល់​កម្ពុជា ទេ។ ជួនកាល​វា​ជា​គ្រាប់​បែក​ទម្លាក់​លើ​ក្បាល​របស់​ជនជាតិ​កម្ពុជា តែ​ប៉ុណ្ណោះ»

លោក ហ៊ុន សែន មិន​ត្រឹម​តែ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​បង្ក​វិនាសកម្ម​ដល់​កម្ពុជា ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​បង្ក​ឲ្យ​មាន​វិនាសកម្ម​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា តាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ទៀត​ផង។

អាស៊ីសេរី នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ។

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ បណ្ឌិត មាស នី រំឭក​ប្រវត្តិសាស្ត្រ​ថា គេ​មិន​អាច​បន្ទោស​តែ​ទៅ​លើ​សហរដ្ឋ​អាមេរិក​តែ​មួយ​បាន​ទេ ព្រោះ​លោក​ថា មុន​នឹង​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ កងទ័ព​វៀតកុង បាន​ចូល​មក​ពាសពេញ​ទឹកដី​ខ្មែរ​រួច​ទៅ​ហើយ ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន។ ផ្ទុយ​ទៅ​វិញ បណ្ឌិត មាស នី ថា​បើ​គ្មាន​កងទ័ព​វៀតកុង នៅ​លើ​ទឹកដី​ខ្មែរ​ទេ វា​ក៏​គ្មាន​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ រហូត​ឈាន​ដល់​មាន​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ និង​រហូត​ឈាន​ដល់​មាន​ការ​លូក​ដៃ​របស់​សហរដ្ឋ​អាមេរិក​នោះ​ដែរ។

ទាក់ទង​នឹង​រឿង​បំណុល​វិញ បណ្ឌិត មាស នី យល់​ឃើញ​ថា បើ​រដ្ឋាភិបាល​បន្ត​បន្ទោស​សហរដ្ឋ​អាមេរិក ហើយ​ឲ្យ​អាមេរិក​លុប​ចោល​បំណុល លោក​ថា​វា​ហាក់​ពិបាក​ទៅ​រួច។ ផ្ទុយ​ទៅ​វិញ លោក​ថា​រដ្ឋាភិបាល​គួរ​ប្រើ​មធ្យោបាយ​ការទូត តាម​រយៈ​ការ​ពន្យល់​ដល់​ភាគី​អាមេរិក​ពី​តម្រូវ​ការ​របស់​កម្ពុជា។ លើស​ពី​នេះ លោក​ថា ដោយសារ​សហរដ្ឋ​អាមេរិក ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​បើ​ស្ថានភាព​នយោបាយ​កម្ពុជា នៅ​តែ​តានតឹង បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​បន្ត​កើត​មាន លោក​ថា​ការ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក លុប​ចោល​បំណុល មិន​ងាយ​ទៅ​រួច​ឡើយ៖ «លក្ខខណ្ឌ​របស់​អាមេរិក បើ​សិន​ជា​យើង​មាន​វាសនា​បាន​ទទួល​ការ​កាត់​បំណុល​មែន គ្មាន​អី​ក្រៅ​ពី​រឿង​ធ្វើ​ម៉េច​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​បង្កើន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​ទេ»

បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ មក​ទល់​ពេល​នេះ គិត​ទាំង​ដើម​ទាំង​ចុង គឺ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ គេ​នឹង​រង់ចាំ​មើល​ថា តើ​លោក ដូណាល់ ត្រាំ ដែល​លោក ហ៊ុន សែន ចូល​ចិត្ត និង​ចង់​ឲ្យ​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នោះ នឹង​ពិចារណា​ការ​លុប​ចោល​បំណុល​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ឬ​ទេ?

ទោះ​ជា​យ៉ាង​ណា បណ្ឌិត មាស នី យល់​ថា ប្រព័ន្ធ​គ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក មិន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ធ្វើ​អ្វី​បាន​តាម​ចិត្ត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា កម្ពុជា គួរ​បង្ហាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ឃើញ​ពី​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មុន​សិន បើ​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក លុប​ចោល​បំណុល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល