អ្នក​វិភាគ​ប្រៀបធៀប​លោក ហ៊ុន សែន ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ អ៊ីត្លែ របស់​អាល្លឺម៉ង់

ដោយ ទីន ហ្សាការីយ៉ា
2017-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចុះ​សួរ​សុខ​ទុក្ខ​កងទ័ព​នៅ​កង​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចុះ​សួរ​សុខ​ទុក្ខ​កងទ័ព​នៅ​កង​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

ការ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន កន្លង​មក ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា លោក ហ៊ុន សែន ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ពិសេស​ការ​តាក់តែង​ធ្វើ​ច្បាប់ និង​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ជា​ច្រើន​លើក​ច្រើន​សា​ដើម្បី​តែ​បម្រើ​ផលប្រយោជន៍​អំណាច​របស់​បក្ស​ពួក​លោក ទោះ​បី​ជា​ទង្វើ​ទាំង​នោះ​ជា​ទង្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់​កំពូល​របស់​រដ្ឋ និង​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ​យ៉ាង​ណា​ក្ដី។

​អ្នក​វិភាគ​អះអាង​ថា គណបក្ស​កាន់​អំណាច​នឹង​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឡើយ ទោះ​បី​ខំ​ប្រើ​ល្បិច​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ណា​ដោយ។

​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ទទួល​ជោគជ័យ​លើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ទេ បើ​សិន​ជា​ការ​រៀបចំ​ការ​បោះឆ្នោត​នោះ ធ្វើ​ឡើង​ដោយ​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ថា រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​ជា​ច្រើន​ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ដើម្បី​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត​បាន ក៏ប៉ុន្តែ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ធ្វើ​ច្បាប់​ដើម្បី​គាប​សង្កត់​នេះ រដ្ឋាភិបាល​ជោគជ័យ​លើ​ការ​បង្ក្រាប និង​រឹតត្បិត ក៏ប៉ុន្តែ​មិន​ប្រាកដ​ថា ទទួល​ជោគជ័យ​លើ​ការ​ដឹកនាំ​របស់​ខ្លួន​នោះ​ឡើយ ពីព្រោះ​ថា សម័យ​បច្ចុប្បន្ន​នេះ ពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​សង្គម និង​នយោបាយ​ជា​ច្រើន ខុស​ពី​ទសវត្ស​ឆ្នាំ​៨០ និង ៩០។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ជ្រើស​រើស​យក​ភាព​ស្ងប់ស្ងាត់ មិន​មែន​មាន​ន័យ​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​រហូត​ឡើយ ពួកគាត់​នឹង​បញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​នៅ​ពេល​បោះឆ្នោត ដើម្បី​បោះ​ឆ្នោត​ទម្លាក់​រដ្ឋាភិបាល​ក៏​ថា​បាន៖ «»។

​គិត​ពី​ឆ្នាំ​១៩៩៣ មកទល់​ឆ្នាំ​២០១៥ សភា​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៨​លើក​មក​ហើយ ក្រៅ​ពី​នេះ ក៏​បង្កើត​ច្បាប់​ថ្មី និង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ទៀត​ទៅ​តាម​កាលៈទេសៈ​នយោបាយ​ក្នុង​អាណត្តិ​នីមួយៗ ដូចជា​រដ្ឋាភិបាល ឬ​សភា បាន​បង្កើត​ច្បាប់​ស្ដីពី​សហជីព ដែល​ខាង​តំណាង​សហជីព​ថា ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស និង​កាល​ពី​ពេល​ថ្មីៗ​នេះ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជាដើម។ ក៏ប៉ុន្តែ ខាង​រដ្ឋាភិបាល​អះអាង​ថា ការ​បង្កើត​ច្បាប់​ថ្មី និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាំង​នេះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ។ លើស​ពី​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើប​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​លោក​អាច​តែងតាំង​រដ្ឋលេខាធិការ​បាន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋ​សភា​ជា​មុន​ទេ។

​នៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន ជាង ៣០​ឆ្នាំ​មក​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights watch) លើក​ឡើង​ថា ជា​របប​គ្រប់គ្រង​មួយ​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​បាញ់​សម្លាប់​អ្នក​មាន​មតិផ្ទុយ​នឹង​រដ្ឋាភិបាល ក្រៅ​ពី​នេះ​ក៏​មាន​ការ​ចាប់ចង​មនុស្ស​ជា​ច្រើន ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​ដាក់​ពន្ធនាគារ រួម​ទាំង​មេ​បក្ស​ប្រឆាំង​ផង ក្រោម​ហេតុផល​ថា អនុវត្ត​ច្បាប់ និង​ពង្រឹង​នីតិរដ្ឋ។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​បំពេញ​បំណង​របស់​ខ្លួន​ក្នុង​ការពារ​អំណាច​លោក និង​បក្ស​ពួក​លោក។ លោក​បន្ថែម​ថា លោក ហ៊ុន សែន កំពុង​ទាញ​នាវា​ប្រជាធិបតេយ្យ​មិន​ច្បាស់លាស់​របស់​កម្ពុជា ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ​ធ្ងន់ធ្ងរ តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​ធ្វើ​ច្បាប់​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​គិត​ថា ចាំបាច់​ក្នុង​ការ​ផ្ដួល​គូ​ប្រកួត ដូចជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​ទាក់ទង​នឹង​ការ​បោះឆ្នោត ដើម្បី​រំលាយ​គណបក្សប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ ជាដើម មិន​ខុស​ពី​មេដឹកនាំ​ផ្ដាច់ការ​របស់​អាល្លឺម៉ង់ គឺ​លោក អាដុលហ្វ៍ អ៊ីត្លែ (Adolf Hitler) ជាដើម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា អ៊ីត្លែ និង​គណបក្ស​របស់​លោក ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​តាម​ប្រជាធិបតេយ្យ​ដើម្បី​គ្រប់គ្រង​អាល្លឺម៉ង់ នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៣០។ ប៉ុន្តែ​ក្រោយ​មក អ៊ីត្លែ បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បាន​អនុម័ត​ច្បាប់​ជា​ច្រើន​ដើម្បី​បំបាត់​គណបក្ស​នយោបាយ​ដើម្បី​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន (Jews) ហើយ​ទីបំផុត​បាន​សម្លាប់​ប្រជាធិបតេយ្យ​ទាំង​អស់​ដើម្បី​គ្រប់គ្រង​ផ្ដាច់ការ និង​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង។ មិន​ខុស​គ្នា​ទេ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​របស់​លោក​បាន​ធ្វើការ​តិច ឬ​ច្រើន​ដូច​គ្នា​នឹង​អ៊ីត្លែ​ដែរ ពិសេស​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ការ​ធ្វើ​ធម្មនុញ្ញ​បន្ថែម​ឆ្នាំ​២០០៤ ដើម្បី​បាន​បន្ត​អំណាច វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្លាស់ប្ដូរ​សំឡេង​ភាគ​ច្រើន ពីរ​ភាគ​បី (២/៣) ទៅ ហាសិបបូក១ (៥០+១) ការ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បន្ថែម​ជាមួយ​វៀតណាម ដែល​ជា​ច្បាប់​ផ្ដាច់ការ​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ភាគី​ពាក់ព័ន្ធ ។ល។៖ «»។

ក្រៅ​នេះ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី​បង្ហើប​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​នឹង​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​លោក​អាច​តែងតាំង​មន្ត្រី​ត្រឹម​ថ្នាក់​រដ្ឋលេខាធិការ​បាន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​អនុម័ត​ពី​រដ្ឋ​សភា​ជាមុន​នោះ​ទេ។

កាសែត ខ្មែរ ថាមស៍ (Khmer Times) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ថា លោក ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​អំពី​គម្រោង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​នៅ​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន។ ក្នុង​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ លោក ហ៊ុន សែន ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក​អាច​តែងតាំង​មន្ត្រី​ឋានៈ​រដ្ឋលេខាធិការ​តាម​រយៈ​ព្រះរាជក្រឹត្យ​ដោយ​ផ្ទាល់។ លោក​បន្ត​ថា ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​តែងតាំង​ដោយ​ផ្ទាល់​នេះ នឹង​ធ្វើ​ឲ្យ​ការ​តែងតាំង​មន្ត្រី​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​មាន​ភាព​ងាយ​ស្រួល​ប្រសើរ​ជាង​មុន​ដើម្បី​ឲ្យ​មន្ត្រី​របស់​លោក​អាច​បំពេញ​មុខ​តំណែង​ទំនេរ​នានា ពេល​អនាគត។

​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក្រៅ​ពី​សភា​ជ្រើសតាំង​គណៈរដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​នោះ ក៏​បាន​ចែង​ពី​ការ​ដាក់​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ពី​តំណែង​វិញ​ដែរ។ មាត្រា ៩៨​ថ្មី រដ្ឋ​សភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ចេញ​ពី​តំណែង​ដោយ​អនុម័ត​ញត្តិបន្ទោស​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​លើក​នៅ​ក្នុង​រដ្ឋសភា​តាម​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​សមាជិក​សភា​ទាំង​មូល។ ញត្តិបន្ទោស​រាជរដ្ឋាភិបាល​ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា ដោយ​តំណាងរាស្ត្រ​ចំនួន ៣០​នាក់ ទើប​រដ្ឋសភា​អាច​លើក​មក​ពិភាក្សា​បាន។

​ទន្ទឹម​នឹង​នេះ រដ្ឋធម្មនុញ្ញ​​ក៏​បាន​ចែង​ពី​តំណាងរាស្ត្រ​ក៏​មាន​សិទ្ធិ​កោះ​ហៅ​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី​មក​សួរ​នៅ​ក្នុង​រដ្ឋសភា​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​រំលោភ​រដ្ឋធម្មនុញ្ញ​មិន​ឲ្យ​រដ្ឋមន្ត្រី​របស់​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ពេល​កន្លង​មក។

​ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​បាន​ចែង​បែង​ចែក​ដាច់​ពី​គ្នា​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន នៅ​តែ​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​ទាំង​បី​ទាំង​បំពាន។ អ្នក​វិភាគ​លើក​ឡើង​ថា ភាព​មិន​ច្បាស់លាស់​ចំពោះ​ការ​អនុវត្ត​ច្បាប់​បែប​នេះ ដោយសារ​តែ​ស្ថាប័ន​កំពូល​របស់​រដ្ឋ​គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​គ្មាន​ភាព​ម្ចាស់ការ​ខ្លួន​ឯង និង​មិន​ឯករាជ្យ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រទេស​មួយ​ត្រូវ​មាន​ស្ថាប័ន​ឯករាជ្យ​ជា​ចាំបាច់ ដើម្បី​បកស្រាយ និង​ពន្យល់​ពី​ផ្លូវ​ច្បាប់ បើសិនជា​រដ្ឋាភិបាល​អនុវត្ត​ខុស​រដ្ឋធម្មនុញ្ញ និង​ដើម្បី​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​មិន​ឲ្យ​ដើរ​ប្រាសចាក​ពី​ច្បាប់​ដែល​មាន​ជា​ធរមាន៖ «»។

​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ប្រព្រឹត្ត​កំហុស​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ការ​កែប្រែ​ច្បាប់​ចំនួន ៤​ទាក់ទង និង​ការ​បោះ​ឆ្នោត ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​ការ​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង សកម្មជន ដើម្បី​ឲ្យ​តុលាការ​របស់​លោក​ចាប់​ខ្លួន និង​កាត់​ទោស​ដាក់​ពន្ធនាគារ​ជាដើម។

​ក្រុម​អង្គការ​អន្តរជាតិ​ល្បី​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ រួម​មាន​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ក្រុម​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) និង​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (International Commission of Jurists-ICJ) ជាដើម បាន​នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់​ដៃ ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង។ អង្គការ​ទាំង​នោះ ក្រៅ​ពី​ហៅ​ការ​រម្លាយ​នេះ​ជា​សោកនាដកម្ម និង​មរណភាព​ជា​ស្ថាពរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពួកគេ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ទាន់ និង​កុំ​ឲ្យ​ទទួល​ស្គាល់​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ដាច់​ខាត បើសិនជា​ពុំ​មាន​ដំណោះស្រាយ​នយោបាយ​រួម​ណា​មួយ​នោះ។

​អ្នក​វិភាគ​លើក​ឡើង​ថា អ្វី​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រព្រឹត្ត​ខុស​ច្បាប់​ម្ដង​ហើយ​ម្ដង​ទៀត ទោះ​ជា​ត្រូវ​កម្ទេច​គេ​ឯង​នោះ គឺ​ហេតុផល​តែមួយគត់​ដើម្បី​បន្ត​អំណាច​ឲ្យ​បក្សពួក កូនចៅ​ទៅ​មុខ​ទៀត ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ភ័យ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ តែ​ទង្វើ​នេះ មិន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទទួល​បាន​ផល​ល្អ​ឡើយ ពលរដ្ឋ​នឹង​កាន់​តែ​លែង​គាំទ្រ​កាន់​តែ​ខ្លាំង ដោយ​អ្នក​វិភាគ​លើក​ពី​លទ្ធផល​បោះឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ ជា​ឧទាហរណ៍​ស្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

HUN SEN NEVER EVER AGREE WITH THE PEOPLE WHO ARE PATROT IN CAMBODIA BUT HE AGREE WITH TRAITORS ONLY ............

Dec 28, 2017 09:45 AM

អ្នក​អាន​អនាមិក

សូមនិយាយរឿង តុលាការ បច្ចុប្បន្ន មានស្ដង់ដា ២ ជាហូរហែរ =
.តាមសង្កេតមើល លោក ខឹម វាសនា គាត់ជាគ្រូ របស់ លោក ហ៑ុន សែន
.ហេតុអ្វី បានជា និយាយដូច្នេះ ?
.ពីព្រោះ លោក ខឹម វាសនា គាត់រងពាក្យបណ្តឹង ជាច្រើនធ្ងន់ធ្ងរ ជាងបក្សសង្គ្រោះជាតិ ទៅទៀត ប៉ុន្តែ តុលាការនៅស្ងៀមមិនចាត់ការ ចោទប្រកាន់
សូមជួយពិចារណា !

Dec 27, 2017 09:31 AM

អ្នក​អាន​អនាមិក

Creasy laws of Khmer if Everyone are talking about laws.It is not interesting for Khmer people and International laws as well.

Dec 27, 2017 12:23 AM

អ្នក​អាន​អនាមិក

-> ស.ម ហ៑ុន សែន អុើយ មិនបាច់មកស្រែកបង្កើតច្បាប់ផ្តាច់ការ ដែលខ្លួនចង់បាន ក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ នោះទេ .
-> បើ ស.ម ហ៑ុន សែន ជាមនុស្សខ្លាំងសឿងពិតមែន ស្រែកប្រកាស ដូរ របបប្រជាធិបតេយ្យ អោយទៅជា របបផ្តាច់ការ តែម្តងទៅ !

Dec 27, 2017 12:00 AM

គេហទំព័រ​ទាំងមូល