លោក ហ៊ុន ម៉ាណែត បដិសេធ​សារ​បែក​ធ្លាយ​តាម​ហ្វេសប៊ុក​ជា​លើក​ទី២

ដោយ សេក បណ្ឌិត
2018-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
RFA

កូនប្រុស​របស់​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា ណែត បដិសេធ សារ​សំឡេង​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​ផែនការ យុទ្ធសាស្ត្រ នយោបាយ ទប់ទល់​នឹង​ចរន្ត​ដាក់​សំពាធ​ពី​អន្តរជាតិ និង​ផែនការ​កម្ទេច​បក្ស​ប្រឆាំង។

ភ្លាមៗ​នៅ​ក្រោយ​ការ​ចេញ​សារ​បែក​ធ្លាយ​នោះ លោក ហ៊ុន ម៉ាណែត បាន​បដិសេធ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក នៅ​ថ្ងៃពុធ ទី​១៨ តុលា ដោយ​សរសេរ​ថា​៖ មាន​រឿង​ប្លែកៗ​ទៀតហើយ​...!! ក្រោយពី​ប្រឌិត​រឿង​មិន​ពិត​មួយ​ដើម្បី​បំផ្លាញ​កិត្តិយស​លោក មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រុម​មនុស្ស​ដដែល​បាន​ប្រឌិត​រឿង​ថ្មី​មួយទៀត​យក​មក​វ៉ៃ​ប្រហារ​លោក​សាជាថ្មី​ទៀត។

លោក​សរសេរ​បន្ត​ទៀត ដោយ​ផ្ដល់​យោបល់​តប​ទៅ​អ្នក​បញ្ចេញ​សារ​បែក​ធ្លាយ​នោះ​ថា បើ​ក្លែង​ថា ជា​សំឡេង​របស់​លោក គួរ​ទៅ​រក​មនុស្ស​ដែល​មាន​សំឡេង ស្រដៀង​លោក ហើយ​របៀប​និយាយ​ឲ្យ​ប្រហាក់ប្រហែល​នឹង​លោក​ក្រែង​បាន​សម​ជាង​នេះ​បន្តិច។

សារ​បែក​ធ្លាយ ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ចែកចាយ​តៗ​គ្នា​នៅ ថ្ងៃទី១៨ តុលា នេះ បាន​សរសេរ​ចំណងជើង​ថា បែក​ធ្លាយ ហ៊ុន ម៉ាណែត អំពី​ផែនការ​តិរច្ឆាន​ទប់ទល់ ជាមួយ​អន្តរជាតិ ក្រោយ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ខ្សែអាត់​សំឡេង ដែល​គេ​សន្និដ្ឋាន​ថា ជា​សំឡេង​របស់ លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​ក្រុមការងារ​របស់​ខ្លួន អំពី​ផែនការ​សកម្មភាព​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ទប់ទល់​បង្វែរ​ស្ថានការណ៍ បើ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ដោយ​ត្រូវ​មាន​វិធី​កម្ទេច​សារ​នោះ​ចោល​តាម​យុទ្ធសាស្ត្រ​សំខាន់ៗ​នៃ​សង្គ្រាម​នយោបាយ។

សារ​បែក​ធ្លាយ​ដែល​គេ​អះអាង​ថា ជា​សំឡេង របស់ លោក ហ៊ុន មាណែត នៅ​ពេល​នេះ កើតឡើង​ក្រោយ​ពី​មានការ​បែក​ធ្លាយ​សារ​រឿង​រាវ​ស្នេហា​ឆ្លើយឆ្លង​គ្នា រវាង​ហ្វេសប៊ុក ឈ្មោះ ហ៊ុន ម៉ាណែត និង​គណនី​ហ្វេសប៊ុក ឈ្មោះ យុង ខេមរា កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ដែល​ត្រូវ​បាន​អ្នកប្រើប្រាស់​សង្គម​ចែកចាយ​ត​គ្នា ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ក៏បាន​បដិសេធ​សារ​ជា​សំឡេង​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល