"កម្ពុជា​នឹង​រង​ទណ្ឌកម្ម​អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ​បើ​លោក ហ៊ុន សែន មិន​វិល​មក​តុ​ចរចា"

ដោយ ទីន ហ្សាការីយ៉ា
2018-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

ភាគី​ជប៉ុន​នៅ​មិនទាន់​ឆ្លើយតប​ចំពោះ​ការ​បដិសេធ​របស់​លោក ហ៊ុន សែន មិន​ព្រម​ចរចា​នយោបាយ​នឹង​បក្ស​ប្រឆាំង​នៅឡើយ​ទេ មក​ទល់​នឹង​ពេលនេះ។ អ្នកវិភាគ​នយោបាយ​លើកឡើង​ថា លោក ហ៊ុន សែន មិន​ត្រូវ​បដិសេធ​សំណើ​ភាគី​ជប៉ុន ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​របស់​កម្ពុជា ដែល​ស្នើ​ឲ្យ គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា លោក ហ៊ុន សែន ត្រូវតែ​ឆក់​ឱកាស​ល្អ​នេះ ដែល​រដ្ឋាភិបាល​ជប៉ុន ជា​សមាជិក​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​នយោបាយ ចង់​ឲ្យ​មេដឹកនាំ​ខ្មែរ​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ​បែប​នេះ។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រូវ​បដិសេធ​សំណើ​ជប៉ុន ដែល​ជំរុញ​ឲ្យ​ងាក​មក​តុ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​នោះ​ទេ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នា​ពេល​បច្ចុប្បន្ន នៅ​ខណៈ​របប​របស់​លោក កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ​នោះ។ លោក​បញ្ជាក់​ថា ជម្រើស​ដ៏​ល្អ​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង និង​របប​លោក ហ៊ុន សែន ត្រូវ​តែ​រក​វិធី​សមស្រប​មួយ ដើម្បី​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​មាន​ទាំង​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​នយោបាយ​កាន់តែ​ខ្លាំង​ថែមទៀត៖ «កាល​ពី​មុន​មក​យើង​ឃើញ​ប្រទេស​មជ្ឈិម​ប្រទេស​បាន​បង្ហាញ​ជំហរ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ក៏ប៉ុន្តែ​សម្រាប់​ជប៉ុន​វិញ​បាន​រក្សា​នូវ​ភាព​អព្យាក្រឹត្យ ហើយ​ឥលូវ​នេះ ជា​លើក​ទី​១​ហើយ ដែល​ជប៉ុន​បង្ហាញ​ការ​សម្របសម្រួល​ឲ្យ​ខ្មែរ​ងាក​មក​តុ​ចរចា ហើយ​ខ្ញុំ​សង្ឃឹមថា ជប៉ុន​នឹង​ជំរុញ​រដ្ឋាភិបាល​បន្ថែម​ទៀត ដើម្បី​មាន​ដំណោះស្រាយ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៣ មីនា បដិសេធ​សំណើ​របស់​ភាគី​ជប៉ុន ក្រោយ​ពី​ជំនួប​តំណាង​រដ្ឋមន្ត្រី​របស់​ជប៉ុន​ថា លោក​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ឡើយ ហើយ​ថា​វប្បធម៌​សន្ទនា​រវាង​លោក និង​លោក សម រង្ស៊ី លែង​មាន​ប្រសិទ្ធភាព​ទៀតហើយ។ កាលពី​ថ្ងៃ​ពុធ​ទី២១ មីនា លោក ហ៊ុន សែន ថ្លែង​ទាំង​មាន​កំហឹង​ថា ការ​ដុត​រូប​ទីមោង លោក​ដែល​លោក​អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​ពីក្រោយ ជា​ការ​វ៉ៃ​ដែក​គោ​លើ​ក្ដារមឈូស​គណបក្ស​ប្រឆាំង និង​បិទ​ផ្លូវ​ចរចា​តែម្ដង៖ «ចាំតែ​ចរចា​តើ៎​! ហ៊ុន សែន អត់​ត្រូវ​ការចរចា​ជាមួយ​អ្នកណា​ទាំងអស់។ ចរចា​ជាមួយ​អា​អ្នក​ជាប់គុក អត់​ចរចា​ទេ អា​ក្រុម​ជាប់គុក ដែល​ត្រូវ​គេ​រម្លាយ​ហើយ គឺ​គ្មាន​ការ​ចរចា អ្នកណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ​! ដឹង​ថា​គន្លឹះ​នៅ​នឹង​ដៃ ហ៊ុន សែន ហើយ​ទៅ​ដុត​រូប ហ៊ុន សែន វា​មិន​ចប់។ មិនមែន ហ៊ុន សែន ដាក់​អន្ទាក់​ទេ ប៉ុន្តែ អ្នកឯង​ទៅ​ផុត​គំនូស​ក្រហម​ទៅ​ហើយ។ អ៊ីចឹង​បាន​សេចក្ដី​ថា អ្នកឯង​ស្ទើរភ្លើង​ណាស់​ខាង​នយោបាយ អ្នកឯង​គួរ​មានការ​អត់ធ្មត់ ហើយ​អ្នកឯង​សុំ​ទទូច​សុំ​ការចរចា​ល្អ​ជាង»

ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​លោក ធ្វើបាតុកម្ម​ប្រឆាំង ឬ​ដុត​រូប​ទីងមោង​រូបលោក ហ៊ុន សែន នោះ មិនមែន​គណបក្សប្រឆាំង​នៅ​ពីក្រោយ​ខ្នង ឬ​រូបលោក​នៅ​ពីក្រោយ​អ្វី​ទេ ប៉ុន្តែ​ទង្វើ​ដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​ធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​សាកលលោក​ទ្រាំ​មិនបាន នូវ​ទង្វើ​ហិង្សា​ក្នុង​របប​របស់​លោក ដូចជា​ការ​ចាប់​ចង​លោក កឹម សុខា និង​អ្នក​ដទៃ​ទៀត ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាដើម៖ «ខ្ញុំ​សុំ​ឲ្យ​លោក ហ៊ុន សែន បើកភ្នែក​ទាំងពីរ​របស់​លោក​ឲ្យ​ធំ មើល​ពិភពលោក ថា​តើ​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​បាតុកម្ម​ប្រឆាំង​លោក ថា​តើ​ខ្ញុំ​ជា​អ្នក​នៅ​ពីក្រោយ​ឬ​យ៉ាងណា? ខ្ញុំ​ឯណា​ទៅ​នៅ​ក្រោយ​អ្នកធ្វើ​បាតុកម្ម​ទាំងនោះ ខ្ញុំ​គ្មាន​តួនាទី​អី​នៅ​ក្នុង​បក្ស​សង្គ្រោះជាតិ​ទៀត​ទេ ព្រោះ​លោក​បាន​រំលាយ​អស់​ទៅ​ហើយ ការពិត​លោក ហ៊ុន សែន គាត់​ធ្វើ​ខុសឆ្គង​ខ្លាំង​ពេក ហើយ​គាត់​ភ័យ​មក​ចោទ​ខ្ញុំ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ទៅវិញ»

បន្ថែម​ពី​នេះ​ទៀត លោក សម រង្ស៊ី ព្រមាន​ថា បើសិនជា លោក ហ៊ុន សែន នៅតែ​រឹងទទឹង​មិន​ងាក​មក​តុ​ចរចា​ទេ ចលនា​សង្គ្រោះជាតិ​គ្មាន​ជម្រើស​អ្វី ត្រូវ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ងើបឈរ​ឡើង ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​របប​លោក ហ៊ុន សែន ហើយ​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ឈប់​ការពារ​របប​លោក ហ៊ុន សែន។ ទោះបីជា​យ៉ាងណា​ដោយ សម រង្ស៊ី បាន​ប្រកាស​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ជប៉ុន​ឲ្យ​មាន​ការចរចា​នយោបាយ៖ «តាមតែ​ចិត្ត​ហ៊ុន សែន បើ​យើង​រំពឹង​ថា ហ៊ុន សែន ចង់​ចរចា គាត់​ចិត្ត​ទូ​ទូលាយ ចង់​ឲ្យ​ខ្មែរ​បាន​សុខ ចង់​ឲ្យ​ប្រទេសជាតិ​រុងរឿង​គ្មាន​ផ្លូវ​ទេ គាត់​ចង់តែ​ក្រាញ​អំណាច គាត់​លក់​ខ្ទេច​លក់​ខ្ទី កាត់​ដី​ឲ្យ​យួន នាំ​យួន នាំ​ចិន​ចូល​ពេញ​ស្រុក គាត់​ធ្វើ​ខុស​ច្រើន​ណាស់ ដូច្នេះ គាត់​ក្រាញ​អំណាច ដូច្នេះ​គ្មាន​សង្ឃឹម​ទេ ទាល់តែ​បង្ខំ​គាត់​ឲ្យ​ចុះ​ចេញពី​តំណែង ហើយ​បើ​គាត់​ចង់បាន​សុខ យើង​មាន​ផ្លូវ​ឲ្យ​គាត់​ចុះ​ដោយ​សម្រួល ហើយ​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​បាន​សុខ»

ជប៉ុន​គឺជា​ម្ចាស់​ជំនួយ​ដ៏​ធំ​សម្រាប់​កម្ពុជា ក្រៅពី​ចិន។ កាលពី​ថ្មីៗ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​សាលាក្ដី​ខ្មែរក្រហម​ចំនួន​១​លាន​ដុល្លារ​បន្ថែ​មទៀត និង​បាន​ផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១​ម៉ឺន ហិប​ឆ្នោត ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៧​លាន ៥​សែន​ដុល្លារ កាលពី​ខែ​កុម្ភៈ​កន្លងទៅ នៅ​ខណៈ​សហគមន៍​អឺរ៉ុប និង​អាមេរិក​បាន​ផ្អាក​ជំនួយ​ដល់​កិច្ច​ការរៀបចំ​ការ​បោះឆ្នោត​ទាំងស្រុង។

នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន វិល​ទៅ​រក​តុ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​វិញ​នេះ គឺជា​កាយ​វិកាយ​ទទួលខុសត្រូវ​របស់​ជប៉ុន។ លោក​ថា ជប៉ុន​បាន​សន្យា​ថា នឹង​ជួយ​លើ​ការ​កិច្ចការ​បោះឆ្នោត​ផ្នែក​ជំនួយ​បច្ចេកទេស ទៅតាម​អ្វី​ដែល​លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ជប៉ុន​ជួយ នៅ​ក្រោយ​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចប់​ជម្លោះ​នយោបាយ​កាលពី​ឆ្នាំ​២០១៤​នោះ។ លោក គល់ បញ្ញា សង្កត់ធ្ងន់​ថា របប​ក្រុងភ្នំពេញ​មិន​អាច​រៀបចំ​ការបោះឆ្នោត​ដោយ​គ្មាន​វត្តមាន​គណបក្សប្រឆាំង​បាន​ឡើយ៖ «ខាង​ភាគី​ជប៉ុន​គេ​មានការ​ប្រុងប្រយ័ត្ន​ហើយ គេ​មិន​អាច​ឲ្យ​កម្ពុជា​ចេះតែ​ប្រព្រឹត្តិ​ដំណើរការ​បោះឆ្នោត​ទៅ មិន​អាច​ទេ គឺ​ជប៉ុន​ចង់​ឲ្យ​មានការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​ដែរ ព្រោះ​ជប៉ុន​ក៏​មាន​អ្នក​វិនិយោគ​ច្រើន​ដែរ​នៅ​កម្ពុជា ដូច្នេះ​ជប៉ុន​ក៏​ត្រូវការ​ប្រជាធិបតេយ្យ និង​ស្ថិរភាព​ដែរ»

លោក គល់ បញ្ញា អះអាង​ថា អង្គការ​ខុមហ្វ្រែល​របស់​លោក បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការ​ឃ្លាំមើល​ការបោះឆ្នោត​សាកល​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាងមុខ ពីព្រោះ​លោក មាន​សុទិដ្ឋិនិយម​ថា គណបក្សប្រឆាំង​នឹង​មាន​វត្តមាន​ក្នុង​ការ​ចូលរួម​ការបោះឆ្នោត។ លោក​ថា ជប៉ុន​គឺជា​សមាជិក​មួយ​ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​តាំងពី​ពេល​នោះ​មក បញ្ហា​នេះ ជប៉ុន មិន​អាច​ប្រលែង​កម្ពុជា​ឲ្យ​ដើរ​ប្រាសចាក​ពី​ប្រជាធិបតេយ្យ​បាន​ឡើយ។

អ្នកវិភាគ​នយោបាយ​លោក មាស នី បញ្ជាក់​ថា ប្រទេស​ទាំង​៤៥ បាន​សម្រេច​ថ្កោលទោស​របប​ក្រុងភ្នំពេញ​នេះ​ប្រទេស​ទាំងនោះ​នឹង​មាន​វិធានការ​បន្ទាប់​ទៀត​ទៅលើ​របប​ក្រុងភ្នំពេញ​កាន់តែ​ធ្ងន់ធ្ងរ​ជាមុន ប្រសិនបើ លោក ហ៊ុន សែន នៅតែ​រឹងទទឹង​មិន​ចង់​វិល​មក​រក​តុ​ចរចា​នោះ។ សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​ទាំង​៤៥​នោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហគមន៍​អន្តរជាតិ​មិន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បន្ត​ទៅ​ទៀត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

change a new leader to solves all problems...

Want to be a better leader and country with friendly country around the world all khmer people must to change to a new leader to stop all your suffering with all the problems you all had been in the past.Don't care the political party...just care your people and country first...no stupid oneself party is nooooo goooood...be smart people...

Mar 25, 2018 03:50 PM

គេហទំព័រ​ទាំងមូល