លោក ហ៊ុន សែន បន្ត​ចំអក​ឲ្យ​អាមេរិក​ថា មិន​អើពើ​ជួយ​សម្អាត​គ្រាប់បែក​គីមី

ដោយ អាស៊ីសេរី
2017.09.29
ហ៊ុន សែន វីល្លៀម ហៃដ្ដ៍ ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
Photo courtesy of U.S. Embassy Phnom Penh's facebook page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី២៨ កញ្ញា បន្ត​ធ្វើ​ជំនួញ​វោហារសាស្ត្រ​ប្រឆាំង​អាមេរិក តាមរយៈ​ការ​លើកឡើង​ពី​ករណី​គ្រាប់បែក​គីមី​កប់​ក្នុង​ដី​ចំនួន ២ គ្រាប់ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​វត្ត​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ។ លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​អាមេរិក​ថា មិន​អើពើ​នឹង​ការ​ស្នើ​សុំ​របស់​លោក​ឲ្យ​ជួយ​សម្អាត​គ្រាប់បែក​នេះ។

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី អាជ្ញាធរ​មីន និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា នេះ ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​បង្កប់​គ្រាប់បែក​គីមី​នេះ​ផ្ទាល់ ដើម្បី​ធ្វើការ​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​បន្ថែម​ទៀត មុននឹង​ឈាន​សម្រេច​សម្អាត​ទីតាំង​គ្រាប់បែក​គីមី​នេះ។

អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា ធ្លាប់​សរសេរ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ករណី​គ្រាប់បែក​គីមី​នៅ​វត្ត​គគីរ​នេះ មាន​ភាព​ស្មុគស្មាញ​ទាំង​បច្ចេកទេស ពេលវេលា និង​សុវត្ថិភាព ជាពិសេស​ពាក់ព័ន្ធ​នឹង​ពេលវេលា​សិស្សានុសិស្ស​ជាប់​សិក្សា ព្រោះ​កិច្ចប្រតិបត្តិការ​អាច​ត្រូវការ​យូរ​ថ្ងៃ​ដែរ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ប៉ុន្តែ​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​ឡើយ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នកទទួល​។​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អាវុធ​គីមី លោក​ឧត្ដមសេនីយ៍ ជ័យ ស៊ុន ធ្លាប់​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថា តាម​ការ​ប៉ាន់ស្មាន អាជ្ញាធរ​របស់​លោក​ត្រូវការ​ថវិកា​ដើម្បី​សម្អាត​ទីតាំង​គ្រាប់បែក​នេះ យ៉ាងហោចណាស់​ចំនួន​បី​សែន​ដុល្លារ សម្រាប់​ចំណាយ​ដល់​ក្រុមការងារ​បោសសម្អាត​គ្រាប់បែក​គីមី សំលៀកបំពាក់​ការពារ និង​សារធាតុ​សម្អាត​ផ្សេងៗ​ទៀត។ កាលណោះ លោក​ក៏បាន​ទម្លាយ​ឲ្យ​កាសែត​ដដែល​នេះ​ដឹង​ដែរ​ថា នឹង​មិន​ចាំបាច់​តម្រូវ​ឲ្យ​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឡើយ ហើយ​ថា​ការ​សម្អាត​ចំណាយ​ពេល​តែ​ប៉ុន្មានសប្ដាហ៍ ហើយ​អ្វី​ដែល​ក្រុមការងារ​លោក​ត្រូវការ​គឺ​ថវិកា​នេះ​តែប៉ុណ្ណោះ។

អាជ្ញាធរ​ខ្មែរ​អះអាង​ថា យ៉ាងហោចណាស់ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ជិត ៣​លាន​តោន កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​៧០ ក្នុង​សម័យ​សង្គ្រាម​វៀតណាម។ ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៩០ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជាង ១៦០​លាន​ដុល្លារ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ដោះ​មីន និង​គ្រាប់បែក​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​នេះ។ ឯកអគ្គរដ្ឋទូត​អាមេរិក​លោក វីល្លៀម ហៃដ៍ (William Heidt) ធ្លាប់​លាតត្រដាង​ថា ពាក់​កណ្ដាល​នៃ​ទឹកប្រាក់​នេះ ត្រូវ​បាន​ប្រើ​សម្រាប់​លុបបំបាត់​យុទ្ធភណ្ឌ​ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ លោក​អះអាង​ថា ប្រាក់​ចំនួន​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស ពោល​គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា នេះ លោក ហ៊ុន សែន បាន​ចំអក​ដាក់​អាមេរិក​ថា មិនដែល​អើពើ​នឹង​ការ​ស្នើ​សុំ​របស់​លោក ឲ្យ​ជួយ​សម្អាត និង​ប្រមូល​យក​គ្រាប់បែក​គីមី​កប់​ក្នុង​ដី​ទាំងនេះ​ចេញ​ឡើយ បើ​ទោះ​ជា​លោក​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​ស្លាប់​ក៏ដោយ​។ ក្នុង​ន័យ​ចង់​បញ្ឈឺ​អាមេរិក លោក ហ៊ុន សែន ថា រដ្ឋាភិបាល​លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ ដោយ​ខ្លួនឯង តាមរយៈ​ការប្រើប្រាស់​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល៖ «ឥឡូវ គ្រាប់បែក​គីមី​នេះ វា​នៅ​ខេត្ត​ស្វាយរៀង​របស់​យើង អញ្ចឹង​ដើម្បី​យក​វា​ចេញ​ត្រូវ​ជម្លៀស​ប្រជាជន​ប៉ុន្មាន​ពាន់​នាក់ ប៉ុន្មាន​ពាន់​គ្រួសារ​នោះ បើ​ទោះបី​យ៉ាងម៉េច​ក៏ដោយ នេះ​ជា​បញ្ហា​របស់​យើង​។ ខ្ញុំ​បាន​និយាយ​ថា សុំ​ឲ្យ​អាមេរិក​មក​យក ប៉ុន្តែ​ចាំ​ទៅ ដេក​ទាល់តែ​ថ្ងៃ​ងាប់​ទៀត ក៏​មិនទាន់​អាមេរិក មក​យក​ដែរ​គ្រាប់​[​បែក​]​ហ្នឹង​នោះ អញ្ចឹង​ទេ សុវត្ថិភាព​ខ្លួនឯង យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​គណៈកម្មការ​ជាតិ អាវុធ​គីមី​របស់​យើង»

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិន​បាន​ថ្លែង​បញ្ជាក់​លម្អិត​ពី​ចំនួន​ថវិកា​ជាក់លាក់​ដែល​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​ការងារ​នេះ​ឡើយ ដោយ​លោក​គ្រាន់តែ​ថា នឹង​ត្រូវ​ជម្លៀស​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ជាពិសេស​សិស្សានុសិស្ស​ដែល​នឹង​ត្រៀម​ចូល​កង។

សារ​ថ្លែង​ចំអក​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​តែមួយ​ថ្ងៃ ក្រោយ​ពេល​ដែល​លោក​បាន​បបួល​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) ទៅ​មើល​គ្រាប់បែក​គីមី​ចំនួន​ពីរ​គ្រាប់​កំពុង​កប់​ក្នុង​ដី​នៅ​ខេត្ត​ស្វាយរៀង​នេះ។ ពេលនោះ លោក ហ៊ុន សែន បាន​ថ្លែង​ប្រកាស​ថា អាមេរិក​ត្រូវ​យក​យន្តហោះ​របស់​ខ្លួន​មក​ដឹក​គ្រាប់បែក​គីមី​ពី​ខេត្ត​ស្វាយរៀង​យក​ទៅ​ប្រទេស​ខ្លួន​វិញ ព្រោះថា បើ​ទុក​ក្នុង​ដី​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​នោះ​មានការ​ព្រួយបារម្ភ ហើយ​បើ​យក​ទៅ​កម្ទេច​ចោល នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​កម្ទេច​គ្រាប់បែក​នោះ។

ការ​និយាយ​ថ្លែង​ពី​រឿង​គ្រាប់បែក​អាមេរិក​កាលពី​សម័យ​សង្គ្រាម​នេះ ស្ទើរ​តែ​ក្លាយ​ជា​ប្រធានបទ​ដែល​លោក ហ៊ុន សែន លើក​មក​និយាយ​ស្ទើរ​តែ​ជាប្រចាំ​ទៅ​ហើយ នៅ​រៀងរាល់​ពេល​ដែល​លោក​ថ្លែង​សារ​ជា​សាធារណៈ​ក្នុង​ឆ្នាំ​២០១៧​នេះ។ ការ​រក​ឃើញ​គ្រាប់បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង​នេះ ហាក់​គាប់​ជួន​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​សង្គ្រាម​ពាក្យ​សម្ដី និង​បង្កើន​វោហារសាស្ត្រ​ប្រឆាំង​អាមេរិក​តាំងពី​ដើម​ឆ្នាំ​២០១៧​នេះ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។