លោក ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ពង្រឹង​សន្តិសុខ​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី

ដោយ យ៉ង ចាន់តារា
2016.07.11
Share on WhatsApp
Share on WhatsApp
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​បើក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ ពង្រឹង​សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស ក្រោយ​មាន​ហេតុការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ក្រុង​ភ្នំពេញ។

លោក ហ៊ុន សែន ប្រកាស​បែប​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ចំនួន​ពីរ រួម​និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត នៅ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ។ អ្នក​វិភាគ និង​អង្គការ​សង្គម​ស៊ីវិល​​ លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​ពិត​ជា​ចង់​លុប​លាង​ការ​មន្ទិល​​​របស់​សាធារណជន​ និង​សហគមន៍​អន្តរជាតិ​មែន​នោះ គឺ​ត្រូវ​វែក​មុខ​ចាប់​ជន​ដៃ​ដល់​ពិត​ប្រាកដ និង​ជន​ពាក់​ព័ន្ធ​មក​កាត់​ទោស​តាម​ច្បាប់។

លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ហៅ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត​ កែម ឡី ថា​ជា​អំពើឃោរឃៅ​ព្រៃផ្សៃ​ ហើយ​លោក​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​​ស្វែង​រក​ជន​ដៃដល់ និង​ជន​ឃុបឃិត​ទាំងឡាយ​​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​​​ច្បាប់​។ លោក​ ហ៊ុន​ សែន ថា​ ឃាត​កម្ម​នេះ ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​មុខ​មាត់​របស់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា និង​ចាត់​ទុក​ថា​នេះ​ជា​ការ​ផ្ចាញ់​ផ្ចាល​ដល់​រដ្ឋាភិបាល​របស់​លោក​ ដែល​តែង​​ប្រកាស​ក្ដែងៗ​អំពី​សន្តិភាព និង​សុវត្ថិភាព​​ក្នុង​​សង្គម៖ «រាជ​រដ្ឋាភិបាល​ គឺ​ពិត​ជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខមាត់​​អំពី​ម្ខាង​គឺ​អសមត្ថភាព​នៃ​ការ​ការពារ​សន្តិសុខ​សម្រាប់ តែ​ម្ខាង​ទៀត​ត្រូវ​បាន​គេ​លាប​ពណ៌​ភ្លាមៗ​អំពី​បញ្ហា​នេះ ដែល​មាន​ចរិត​ជា​បញ្ហា​ខាង​នយោបាយ​។ ដូច្នេះ​សង្ឃឹម​ថា​ប្រជា​ពលរដ្ឋ​របស់​យើង​នឹង​ទុក​លទ្ធភាព​ឱ្យ​ក្រសួង និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ ធ្វើ​កិច្ចការ​របស់​គេ​ដោយ​ត្រឹមត្រូវ​ម៉ត់​ចត់​ ហើយ​ដោយ​ចៀស​វាង​បង្វែរ​បញ្ហា​ពី​សោកនាដកម្ម​មួយ​នេះ​ទៅ​ជា​បញ្ហា​ខាង​នយោបាយ»

នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ លោក ហ៊ុន សែន ប្រកាស​ទទួល​ស្គាល់​ថា សន្តិ​សុខ​ផ្ទៃ​ក្នុង​ប្រទេស​កំពុង​ជួប​​បញ្ហា​ តាមរយៈ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ មាន​ជាអាទិ៍ ​ឃាតកម្ម និង​អំពើ​ប្លន់​ប្រដាប់​អាវុធ​ជាដើម។ លោក​បញ្ជាក់​ថា នេះ​ជា​ដំណាក់​កាល​ដែល​ត្រូវ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ​នានា ហើយ​លោក​បញ្ជា​ឱ្យ​សមត្ថកិច្ច​អនុវត្ត​វិធានការ​បិទ​ក្រោល​សេះ​មុន​ពេល​ដែល​សេះ​ចេញ​ផុត​ពី​ក្រោល​«ដូច្នេះ​ ទាម​ទារ​នូវ​ការ​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​យើង​​ឡើង​វិញ ដែល​ទាម​ទារ​នូវ​ការ​ចាត់​វិធាន​ការ​នូវ​ការ​ប្រឆាំង​នឹង​ឃាត​កម្ម ការ​ប្លន់​​ប្រដាប់​អាវុធ និង​ត្រូវ​ការ​ពារ​ប្រជាជន​គ្រប់​គ្នា​ មិន​ថា​អ្នក​នយោបាយ​ ធុរជន​ ឬ​ប្រជាជន​នោះ​ទេ»

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាល​កិច្ច បណ្ឌិត ចាន់ វិបុល​ យល់​ឃើញ​ថា​ សារ​​របស់​លោក ហ៊ុន សែន បែប​នេះ មាន​ភាព​ចាំ​បាច់​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា និង​អ្នក​គាំទ្រ​របស់​លោក កែម ឡី ស្ងប់ចិត្ត។ ប៉ុន្តែ​លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​តែ​វែក​មុខ​ជនល្មើស​ពិត​ប្រាកដ ដែល​មិនមែន​សិប្បនិមិត្ត និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត មក​ផ្ដន្ទាទោស​ឱ្យ​ខាន​តែ​បាន ដើម្បី​បញ្ជាក់​ថា ខ្លួន​ស្អាត​ស្អំ និង​ដើម្បី​ផ្ដល់​យុត្តិ​ធម៌​ជូន​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ៖ «ឲ្យ​រដ្ឋាភិបាល​មេត្តា​ដាក់​ចេញ​​នូវ​វិធានការ​ដូច​អ្វី​ដែល​បាន​លើក​ឡើង​ខាង​ដើម​នេះ។ ប្រសិន​បើ​មាន​បែបផែន​នយោបាយ​នៅ​​ខាង​ក្រោយ​ ខ្ញុំ​គិត​ថា​មិន​គួរ​យក​បែប​ផែន​នយោបាយ​នេះ​មក​លាយ​ឡំ​ទេ​។ សូម​ដាក់​រឿង​នេះ​ជា​រឿង​របស់​ជាតិ​ ហើយ​សូម​បង្ហាញ​សកម្មភាព​ពិត​ប្រាកដ​ក្នុង​រយៈពេល​ឆាប់ៗ​នេះ។ សូម​កុំ​រង់​ចាំ​រហូត​ដល់​ការ​បោះឆ្នោត​មក​ដល់ ឬ​ក៏​ក្រោយ​ការ​បោះឆ្នោត»

លោក ចាន់ វិបុល បន្ត​ថា រដ្ឋាភិបាល​អាច​ហៅ​ការ​បាត់​​បង់​ជីវិត​របស់​បណ្ឌិត​ កែម ឡី ត្រឹម​ជា​ឃាតកម្ម ឬ​​សោកនាដកម្ម​ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​ និង​អ្នក​តស៊ូ​មតិ​ នេះ​ជា​ការ​គំរាម​កំហែង​ផ្នែក​សេរីភាព​បញ្ចេញ​មតិ​យ៉ាង​ធ្ងន់ធ្ងរ៖ «វា​ជា​ការ​គំរាម​កំហែង​មួយ​មួយ​ទៅ​ដល់​អ្នក​ស្នេហា​ជាតិ​ផ្សេងៗ​ទៀត។ វា​ជា​ទម្រង់​មួយ​ដែល​ចង់​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ងើប​ឡើង​បង្ហាញ​នូវ​គំនិត​របស់​គាត់​ ការ​យល់​ឃើញ​របស់​គាត់​ ដែល​គំនិត​ និង​ការ​យល់​ឃើញ​ទាំង​អស់​នោះ​ នឹង​អាច​ប៉ះពាល់​ទៅដល់​ប្រយោជន៍​របស់​បុគ្គល​មួយ​ចំនួន»

ចំណែក​ មន្ត្រី​​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត វិញ កត់​សម្គាល់​ថា បណ្ឌិត កែម​ ឡី បាន​កសាង​ស្នាដៃ​ជា​ច្រើន​សម្រាប់​ជាតិ​ តាមរយៈ​មតិ​​រិះគន់​ស្ថាបនា​​ចំពោះ​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​របស់​សង្គម ហើយ​ជា​ពិសេស​លោក​បាន​ដឹក​នាំ និង​បង្រៀន​យុវជន​ និង​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ អំពី​សិទ្ធិ​សេរីភាព និង​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ក្នុង​សង្គម។ លោក អំ សំអាត ហៅ​ការ​បាត់​បង់​លោក​ កែម ឡី ជា​ការ​បាត់​បង់​វីរជន​សំខាន់​របស់​ជាតិ ហើយ​លោក​ទទូច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​រក​យុត្តិធម៌​ពិតប្រាកដ​ចំពោះ​សំណុំ​រឿង​ឃាតកម្ម​នេះ៖ «ជា​យុត្តិធម៌​ទៅ​លើ​លោក​បណ្ឌិត​ កែម ឡី ទី​មួយ​បាន​ន័យ​ថា​ ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ដោយ​ភាព​យុត្តិធម៌​ បង្ហាញ​នូវ​តម្លាភាព​ក្នុង​ការ​ស៊ើប​អង្កេត​ បង្ហាញ​នូវ​ហេតុផល​ពិត​ប្រាកដ​ក្នុង​ការ​សម្លាប់​លោក កែម ឡី»

បណ្ឌិត​ កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​។ លោក​​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)។ បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជា​ច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍន៍​ប្រទេស នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន គាំទ្រ​ការ​វិភាគ​របស់​លោក​ហៅ​ថា ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណាមួយ​ក្ដី។

ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ​ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី ១១ កក្កដា សម្ដែង​ក្ដី​រន្ធត់ និង​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាញ់​សម្លាប់​រូប​លោក។ សហរដ្ឋ​អាមេរិក​ចូល​រួម​រំលែក​ទុក្ខ​ដ៏​សែន​​ក្រៀម​ក្រំ និង​ស្មោះស្ម័គ្រ​ដល់​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​សហការី​របស់​លោក​បណ្ឌិត កែម ឡី។ ក្រៅពី​នេះ សហរដ្ឋអាមេរិក​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​នេះ និង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ ដោយ​ម៉ត់ចត់ និង​មិន​លម្អៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។