លោក ហ៊ុន សែន ជំរុញឱ្យអន្តរជាតិជួយជ្រោមជ្រែងកម្ពុជា ជាជាងដាក់ទណ្ឌកម្ម
2020.01.31
ប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ អះអាងដោយមោទនភាពថា រដ្ឋាភិបាលរបស់លោកនឹងមិនឱ្យអ្នកណាមកដឹកច្រមុះបានឡើយ ហើយលោកនៅតែប្រើភាសាដដែល គឺមិនយកអធិបតេយ្យជាតិទៅប្ដូរនឹងជំនួយ ឬការអនុគ្រោះពីបរទេសនោះទេ។ សហជីពឯករាជ្យយល់ថា ប្រសិនបើលោក ហ៊ុន សែន ជាមេដឹកនាំដែលគិតប្រយោជន៍ជាតិ និងប្រជាពលរដ្ឋមែន នោះលោកនឹងអនុវត្តតាមលក្ខខណ្ឌស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA លើទីផ្សារសហភាពអឺរ៉ុប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តវាយប្រហារក្រុមប្រទេសមហាអំណាចថា បានប្រើប្រាស់ហេតុផលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬការការពារបរិស្ថាន ដើម្បីលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសតូចៗ ឬប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងប្រទេសដែលទន់ខ្សោយជាងខ្លួន នៅពេលប្រទេសទាំងនោះធ្វើអ្វីមិនស្របតាមការចង់បានរបស់ពួកគេ។ លោកបញ្ជាក់ថា កម្ពុជាក៏កំពុងកើតមានករណីដូចគ្នានេះ ដែលទំនងជាលោកចង់សំដៅលើការព្យួរការអនុគ្រោះពន្ធ EBA និងការរិះគន់ពីក្រុមប្រទេសប្រជាធិបតេយ្យប្រឆាំងនឹងរបបដឹកនាំរបស់លោកដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
មេដឹកនាំកាន់អំណាចយូរជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍រូបនេះ ថ្លែងថា សហគមន៍អន្តរជាតិគួរជួយជ្រោមជ្រែងកម្ពុជាឱ្យខ្លាំងជាងនេះ មិនមែនរកមធ្យោបាយបំបែកកម្ពុជានោះឡើយ។ លោកអំពាវនាវដល់សហគមន៍អន្តរជាតិគោរពជម្រើសនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ពីព្រោះរដ្ឋាភិបាលរបស់លោកបានបំពេញតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ តាំងពីក្រោយសម័យខ្មែរក្រហមរហូតមក៖ «ចំពោះកម្ពុជាវិញ សហគមន៍អន្តជាតិគប្បីជួយយើងឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើងជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការដែលនឹងអាចក្លាយជាកំហុសលើកទី៣ របស់ខ្លួន»។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីបូកសរុបការងាររបស់ក្រសួងការបរទេសនៅថ្ងៃទី៣១ មករា ពោលគឺនៅស្របពេលដែលការសម្រេចចិត្តជាចុងក្រោយរបស់សហភាពអឺរ៉ុបរឿងដកហូតការអនុគ្រោះពន្ធ EBA នៅសល់ពេលតែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ។ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ EBA មែន នោះកម្ពុជានឹងត្រូវខាតបង់ទឹកប្រាក់ជិត៧ រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចំពោះការនាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប។ បញ្ហានេះនឹងជះឥទ្ធិពលខ្លាំងដល់ការវិនិយោគ ពីព្រោះវិស័យឯកជននឹងរារែកចិត្តក្នុងការបន្តរកស៊ីនៅកម្ពុជា ហើយពេលនោះផលប៉ះពាល់ខាងសេដ្ឋកិច្ច និងសង្គម អាចមានទំហំធំធេងជាងនេះទៅទៀត។ ជាពិសេស ក្រុមថៅកែរោងចក្របានបញ្ជាក់រួចហើយថា វិធានការនេះនឹងប៉ះពាល់ដល់កម្មករវិស័យកាត់ដេរជាង៧ សែននាក់ និងគ្រួសាររបស់ពួកគេជាង ៣លាននាក់ថែមទៀត។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មើលឃើញថា សហគមន៍អន្តរជាតិបានជួយជ្រោមជ្រែងកម្ពុជាជាច្រើន គិតចាប់តាំងពីការបោះឆ្នោតអាណត្តិទី១ មកម្ល៉េះ។ លោកថា ការទាមទាររបស់សហគមន៍អន្តរជាតិនៅពេលនេះ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ប៉ុន្តែជាការទាញរដ្ឋាភិបាលឱ្យងាកមកដើរលើគន្លងប្រជាធិបតេយ្យវិញប៉ុណ្ណោះ៖ «អ្នកដឹកនាំកម្ពុជាសព្វថ្ងៃនេះកំពុងតែបំផ្លាញនូវអ្វីដែលប្រជាពលរដ្ឋចង់បាន ពីព្រោះប្រជាពលរដ្ឋចង់បានសិទ្ធិសេរីភាព និងមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យ តែផ្ទុយទៅវិញអ្នកដឹកនាំទេដែលដឹកនាំផ្ទុយទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ខុសទៅនឹងគន្លងប្រជាធិបតេយ្យ។ អ៊ីចឹងហើយបានជាគេខំចូលរួមទាញអ្នកដឹកនាំកម្ពុជាហ្នឹងឱ្យដើរចូលគន្លងប្រជាធិបតេយ្យវិញ»។
ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃថា កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជួយជ្រោមជ្រែងកម្ពុជាឱ្យក្លាយជាប្រទេសប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋពិតប្រាកដនោះ ត្រូវបានលោក ហ៊ុន សែន វាយកម្ទេចចោលពីរលើករួចមកហើយ។លើកទីមួយ គឺការធ្វើរដ្ឋប្រហារបង្ហូរឈាម ដណ្ដើមអំណាចពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ កាលពីឆ្នាំ១៩៩៧ និងការបន្សាបឥទ្ធិពលរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច តាមរយៈឧបាយទុច្ចរិតជាច្រើនប្រភេទ។ លើកទីពីរ គឺក្នុងឆ្នាំ២០១៧ ដោយលោក ហ៊ុន សែន បានបញ្ជាឱ្យចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយចោទពីបទក្បត់ជាតិ រួចលោកបានប្រើតុលាការរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ហាមប្រាមសិទ្ធិនយោបាយរបស់មន្ត្រីបក្សប្រឆាំង ធ្វើទុកបុកម្នេញឥតឈប់ឈរលើសំឡេងឯករាជ្យ ព្រមទាំងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺលោក ហ៊ុន សែន បានប្រមូលយកអំណាចរដ្ឋទាំងអស់ រួមមាន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ មកក្ដាប់យ៉ាងណែនក្នុងដៃ ធ្វើឱ្យកម្ពុជាក្លាយប្រទេសឯកបក្ស ប្រាសចាកពីខ្លឹមសាររដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១៕