សហភាព​អន្តរ​សភា​ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឡេង ម៉ាលី
2017.04.05
បាតុករ​ធាក់​តំណាង​រាស្ត្រ ២០១៥ ៨៥៥ ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

សហភាព​អន្តរ​សភា (IPU) នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេសា ចេញ​សេចក្ដី​សម្រេច​ចិត្ត​របស់​ខ្លួន​មួយ ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។

សេចក្ដី​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​សហភាព​អន្តរ​សភា (IPU) ធ្វើ​ឡើង​ក្នុង​សន្និបាត​លើក​ទី​១៣៦ នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដេស នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេសា ទាក់ទង​នឹង​ករណី​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កាល​ពី​ពេល​ថ្មីៗ​នេះ។

គណៈប្រតិភូ​កម្ពុជា តំណាង​ឲ្យ​ព្រឹទ្ធសភា និង​រដ្ឋសភា ច្រាន​ចោល​ភ្លាមៗ ដោយ​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា​មិន​មាន​ភាព​ពេញលេញ និង​មាន​ភាព​លម្អៀង​កាន់​ជើង​ភាគី​ម្ខាង ព្រោះ​សេចក្ដី​សម្រេច​នេះ​មិន​បាន​ផ្ដល់​ការ​ពិចារណា​ត្រឹមត្រូវ។

គណៈប្រតិភូ​កម្ពុជា ថ្លែង​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​សហភាព​អន្តរ​សភា ប្រហែល​ជា​មិន​បាន​រាយការណ៍​ពី​អ្វី​ដែល​ខាង​ភាគី​កម្ពុជា បាន​ពន្យល់​នោះ ដល់​ប្រធាន​របស់​ខ្លួន​ទេ។ ទី​ពីរ ព្រឹទ្ធសភា និង​រដ្ឋសភា បាន​រៀបចំ​ទទួល​ការ​ធ្វើ​ទស្សនកិច្ច​របស់​ប្រតិភូ​គណៈកម្មការ​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​បាន​ជជែក​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​សភា ព្រឹទ្ធសភា ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ប៉ុន្តែ​គណៈកម្មការ​នេះ​មិន​បាន​ទៅ​ជួប។ ការ​អញ្ជើញ​នៅ​តែ​មាន​នៅ​ឡើយ។

ទោះ​ជា​តំណាង​ប្រតិភូ​កម្ពុជា ខំ​ការពារ​ខ្លួន​ក្ដី ក៏​ទីបំផុត សមាជិក​សហភាព​អន្តរ​សភា (IPU) សម្រេច​ចិត្ត​ថ្កោលទោស​កម្ពុជា ដដែល។

ប្រធាន​សហភាព​អន្តរ​សភា ថ្លែង​ថា លោក​នឹង​មក​កម្ពុជា ទៀត តាម​ការ​អញ្ជើញ ដោយ​មាន​បញ្ហា​ពីរ​នៅ​ក្នុង​ដៃ គឺ​ទី​មួយ ការ​រំលោភ​សិទ្ធិ​សមាជិក​សភា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​មួយ​ទៀត គឺ​អំពី​ស្ថានភាព​នយោបាយ​ទូទៅ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។