សកម្មជន​បក្ស​ប្រឆាំង៖ សមត្ថកិច្ច​ខេត្ត​កំពង់ធំ​ រារាំង​​មិន​​ឲ្យ​​ពួក​គេ​បរិភោគ​​នំ​​បញ្ចុក​​ជុំ​​គ្នា

ដោយ សុ ជីវី
2019.05.23
ស៊ុន ធន់ លោក ស៊ុន ធន់ ជា​គ្រូបង្រៀន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​នៅ​ខេត្ត​កំពង់ធំ។
រូប៖ ហ្វេសប៊ុក​លោក ថៃ ធីម

ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ ចាត់​ទុក​សកម្មភាព​ប៉ូលិស​រារាំង​ពិធី​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ថា ជា​ការ​គំរាម​កំហែង និង​បំបិទ​សេរីភាព​ជួប​ជុំ​បរិភោគ​អាហារ​របស់​ពួកគេ​។ មន្ត្រី​រដ្ឋាភិបាល​ថា សមត្ថកិច្ច​មាន​សិទ្ធិ​ចុះ​ទៅ​សួរ​នាំ បើ​សង្ស័យ​កម្មវិធី​បរិភោគ​នំ​បញ្ចុក​បង្កប់​រឿង​នយោបាយ។ តែ​សង្គម​ស៊ីវិល​ថា មន្ត្រី​បក្ស​ប្រឆាំង មាន​សិទ្ធិ​ជួប​ប្រជុំ និង​ជជែក​ គាំទ្រ​នយោបាយ ដូច​ពលរដ្ឋ​ទូទៅ។

ជំទប់​ទី​២ ជាប់​ឆ្នោត​នៅ​ឃុំ​ស្វាយភ្លើង​ ស្រុក​តាំងគោក លោក ប្រែង គឹមសឿន ប្រាប់​ថា សមត្ថកិច្ច​ស្លៀក​ពាក់​ឯកសណ្ឋាន​ប្រហែល ២០នាក់ បាន​ទៅ​សួរ​រក​លោក​ដល់​ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី២២ ឧសភា ​ខណៈ​លោក​កំពុង​បរិភោគ​នំ​បញ្ចុក​ជា​មួយ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត នៅ​ក្នុង​ឃុំ​ស្វាយភ្លើង។ លោក​ថា ក្រោយ​ពេល​សមត្ថកិច្ច​ទៅ​សួរ​នាំ​រក​លោក​ប្រពន្ធ​របស់​លោក បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​លោក​គេច​ខ្លួន​សិន កុំ​ទាន់​ចូល​ផ្ទះ ដោយសារ​បារម្ភ​ខ្លាច​ត្រូវ​ចាប់​ខ្លួន៖ «ឥឡូវ​នេះ គាត់ (ប្រពន្ធ)​ មិន​ទាន់​ឲ្យ​ខ្ញុំ​ទៅ​ទេ។ មិន​ទាន់​ឲ្យ​ខ្ញុំ​ចូល​ផ្ទះ​ទេ។ ឲ្យ​នៅ​ផ្ទះ​ម៉ែ​ខ្ញុំ​សិន​ទៅ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ហ៊ាន​ទៅ​ទេ ព្រោះ​សភាព​ការណ៍​មិន​ទាន់​ស្រួល»

ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​នៅ​ខេត្ត​កំពង់ធំ ២នាក់​ទៀត ក៏​រង​ការ​ឃ្លាំ​មើល និង​មាន​សមត្ថកិច្ច​ចុះ​ទៅ​សួរ​រក​ដល់​ផ្ទះ​រៀងៗ ខ្លួន​ដែរ គឺ​លោក ស៊ុន ធន់ និង​លោក ថោង វិបុល​សុខុម។

លោក ស៊ុន ធន់ ប្រាប់​អាស៊ី​សេរី​ថា ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល​ច្រើន​នាក់​ បាន​ទៅ​សួរ​នាំ​លោក ករណី ធ្វើ​បុណ្យ​សង្ឃ​ទាន ឲ្យ​ប្រពន្ធ​កំពុង​ដេក​ឈឺ​នៅ​ផ្ទះ ហើយ​មាន​ការ​​ជួបជុំ​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ផ្ទះ​របស់​លោក ស្ថិត​នៅ​ឃុំ​ទ្រាល ស្រុក​បារាយណ៍។ លោក ស៊ុន ធន់ អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី២២ ឧសភា លោក​បាន​អញ្ជើញ​មិត្ត​ភក្ដិ​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គ្នា នៅ​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំង​ខេត្ត​កំពង់ធំ មក​ធ្វើ​បុណ្យ​សង្ឃទាន​ ឲ្យ​ប្រពន្ធ រួចហើយ​ក៏​អញ្ជើញ​ភ្ញៀវ​បរិភោគ​នំ​បញ្ចុក​រួម​គ្នា ហើយ​មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​ទេ។ ប៉ុន្តែ​ក្រោយ​កម្មវិធី ហូប​នំ​បញ្ចុក​រួច ម៉ោង​ប្រហែល ១២ថ្ងៃ​ត្រង់ សមត្ថកិច្ច​ច្រើន​នាក់ បាន​មក​សួរ​នាំ​លោក ដល់​ផ្ទះ ខណៈ​លោក​ធ្វើ​កម្មវិធី​បុណ្យ​បែប​នេះ កន្លង​មក​ មិន​ធ្លាប់​រង​ការ​សួរ​នាំ​ទេ។ លោក ស៊ុន ធន់ ថា ក្នុង​ពេល​បរិភោគ​នំ​បញ្ចុក សមត្ថកិច្ច​ បាន​លួច​ថត​រូប ​អ្នក​ចូល​រួម​។​​

ឯ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ខេត្ត​កំពង់​ធំ ម្នាក់​ទៀត គឺ​លោក ថោង វិបុល​សុខុម ប្រាប់​ថា សមត្ថកិច្ច​ក៏​បាន​ទៅ​ឃ្លាំមើល និង​សួរ​នាំ​កម្មវិធី​ហូប​នំ​បញ្ចុក​រួម​គ្នា នៅ​ផ្ទះ​របស់​លោក កាល​ពី​ថ្ងៃ​ទី១៩ ឧសភា​ដែរ។ លោក​ ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​តាម​រំខាន​ រារាំង សិទ្ធិ​ជួប​ប្រជុំ​គ្នា​របស់​ពួក​គាត់។

លោក​ អះអាង​ថា ដោយសារ​ការ​នឹក​រលឹក​គ្នា និង​ចង់​ជជែក​អតីត​កាល​ក្នុង​ពេល​ធ្វើការ​ជា​មួយ​គ្នា ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស សង្គ្រោះ​ជាតិ ដែល​រង​ការ​ដក​ហូត​តំណែង​ បាន​រ៉ៃ​អង្គាស​គ្នា ក្នុង​ម្នាក់​ពី ១ពាន់​រៀល​ ទៅ ៥ពាន់​រៀល ដើម្បី​​ធ្វើ​នំ​ហូប​រួម​គ្នា​នៅ​ផ្ទះ​របស់​លោក។ លោក​ថា ការ​រំខាន​របស់​សមត្ថកិច្ច​ រឹត​តែ​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត បន្ត​ជួប​ប្រជុំ​គ្នា​ញឹក​ញាប់​ ដើម្បី​បង្ហាញ​ថា មិន​ខ្លាច​ការ​គំរាម ព្រោះ​​គ្មាន​ច្បាប់ ​ចែង​ហាម​ឃាត់​ការ​ជួប​ជុំ​គ្នា​បរិភោគ​នំ​បញ្ចុក​​ឡើយ៖ «ពួក​ខ្ញុំ​ត្រូវ​ការ​ជួប​ជុំ​គ្នា។ សូម​កុំ​ល​ឲ្យ​មាន​ការ​រារាំង​ពួក​ខ្ញុំ។ កុំ​ប្រមាថ​ពួក​ខ្ញុំ​អ៊ីចឹង។ សូម​ឲ្យ​ផ្ដល់​សិទ្ធិ​ពួក​ខ្ញុំ ឲ្យ​បាន​គ្រប់​គ្រាន់»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​​ពី​ស្នងការ​នគរបាល​​ខេត្ត​កំពង់ធំ លោក អ៊ុក កុសល្យ និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន​ នៅ​ថ្ងៃ​ទី​២២ ឧសភា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​មាន​សិទ្ធិ​កោះហៅ​ និង​សាក​សួរ ប្រសិន​បើ​​សមត្ថកិច្ច​មាន​ការ​សង្ស័យ ឬ​រក​ឃើញ​ភាព​មិន​ប្រក្រតី ​ណាមួយ ក្នុង​ពេល​​បរិភោគ​នំ​បញ្ចុក៖ «បើ​កាលណា យើង​ប្រើ​ពាក្យ​ថា គ្រាន់​តែ​ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក ដូចជា​អត់​មាន​រឿង​អ្វី​ទេ។ គ្មាន​ច្បាប់​ណា​ចែង​ហាម​មិន​ឲ្យ​ជួបជុំ​គ្នា​ ហូប​នំ​បញ្ចុក។ ក៏​ប៉ុន្តែ​ក្រែង​​មាន​សកម្មភាព​អ្វី​ផ្សេង​ទៀត ដែល​យើង​អត់​ដឹង​ ផ្ទៃ​ក្នុង​ណា។ ទាល់​តែ​សមត្ថកិច្ច​ណា ដែល​គេ​ឃាត់​ហ្នុង ច្បាស់​ជា​គេ​មាន​អង្គហេតុ​ត្រឹមត្រូវ​ហើយ។ អា​ហ្នឹង​ទាល់​តែ​យើង​សួរ​ទៅ​រក​អ្នក​ដែល​ឃាត់​ឃាំង​ហ្នឹង​ឯង ថា​តើ​មាន​អង្គហេតុ​អ្វី ដែល​ចាត់​ទុក​ថា ការ​ជួប​ជុំ​ហ្នឹង​មិន​សម​ស្រប»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​កំពង់ធំ លោក សុក រដ្ឋា អះអាង​ថា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ មាន​សិទ្ធិ​លើស​ពី​ការ​ជួប​ប្រជុំ ពោល គឺ​ពួកគេ​មាន​សិទ្ធិ​ជជែក​វែក​ញែក រឿង​នយោបាយ ឬ គាំទ្រ​នយោបាយ​បាន​ ដោយ​គ្មាន​ការ​រារាំង​ឡើយ។ សង្គម​ស៊ីវិល​រូប​នេះ ចាត់​ទុក​ថា ការ​ឃ្លាំមើល ឬ​ការ​លួច​ថត​រូប ថត​សំឡេង ពី​សំណាក់​សមត្ថកិច្ច​ ជា​អំពើ​ខុស​ច្បាប់ រំលោភ​សិទ្ធិ​បុគ្គល​ធ្ងន់ធ្ងរ៖ «ខ្ញុំ​គិត​ថា មិន​គួរ​ មិន​គួរ​បន្ត​ទេ ករណី​ហ្នឹង គឺ​រដ្ឋាភិបាល​មិន​គួរ​ឃ្លាំ​មើល​ពួក​គាត់​បន្ត​ទេ ហើយ​ក៏​មិន​គួរ​ណា​ ត្រូវ​អញ្ជើញ​ពួក​គាត់ (ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត) ចូល​បំភ្លឺ​អ្វី​ត​ទៀត​ដែរ»

សមត្ថកិច្ច​​ កាលពី​ពេល​ថ្មីៗនេះ បាន​កោះ​ហៅ​សកម្មជន និង​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត របស់​​​គណបក្ស​​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ធំ ចំនួន​៣៥​នាក់​រួច​ហើយ​ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ ករណី​ហូប​​អាហារ​សាមគ្គី​ និង​ថ្លែង​សារ​នយោបាយ​គាំទ្រ លោក សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​វិល​ចូល​ស្រុក​វិញ នៅ​ឆ្នាំ​២០១៩។ ការ​កោះហៅ​របស់​សមត្ថកិច្ច​ធ្វើ​ឡើង​ ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​​បង្ក្រាប ​​​អ្នក​ហ៊ាន​​ចេញ​មុខ​គាំទ្រ​នយោបាយ​លោក សម រង្ស៊ី ទោះ​ម្នាក់ ឬ​ពីរ​នាក់ ក៏​ត្រូវ​វាយ​បង្ក្រាប​ភ្លាមៗ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។