ឃាតកម្ម​លើ​សកម្មជន​នយោបាយ​និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​រយៈពេល​២៣​ឆ្នាំ

អស់​រយៈពេល ២៣​ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស។ រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។

ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth

អស់​រយៈពេល ២៣​ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស។ រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​នោះ​ក្តី អំពើ​ឃាតកម្ម និង​ការ​សម្លាប់​ក្រៅ​ច្បាប់​នៅ​តែ​កើត​មាន​ជា​ហូរហែ​មក​ទល់​នឹង​បច្ចុប្បន្ន ហើយ​ភាគច្រើន​នៃ​ករណី​ទាំងនោះ មិន​ត្រូវ​បាន​អាជ្ញាធរ​វែក​មុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​បាន​នៅ​ឡើយ។ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ចាត់​ទុក​ករណី​ទាំងនេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​កសាង​នីតិរដ្ឋ​របស់​កម្ពុជា។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេ​ដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នក​វិភាគ​នយោបាយ។

កាសែត​មនសិការ​ខ្មែរ ។ RFA Photo

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ដែល​មាន​ចំណង​ជើង​ថា យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បាន​រាយ​នាម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ១១​នាក់​ដែល​ត្រូវ​បាន​ឃាតក​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ដោយ​មូលហេតុ​នៃ​ការ​រាយការណ៍​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល និង​បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​របស់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​ទុច្ចរិត។ ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​គេ​សម្លាប់​នោះ អ្នក​ដែល​លេចធ្លោ​ជាង​គេ គឺ​លោក ឃឹម សំបូរ ដែល​ជា​អ្នក​សារព័ត៌មាន​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី។ លោក ឃឹម សំបូរ និង​កូន​ប្រុស​ម្នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កក្កដា ឆ្នាំ​២០០៨។ ជា​ញឹកញាប់ លោក ឃឹម សំបូរ សរសេរ​អត្ថបទ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល និង​តែង​រិះគន់​ចំៗ​ទៅ​លើ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឃាតកម្ម​ទាំង​អម្បាលម៉ាន​លើ​ក្រុម​អ្នក​សារព័ត៌មាន មិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​វែក​មុខ​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។ ភាគច្រើន សមត្ថកិច្ច​ឆ្លើយ​ថា​មិន​អាច​កំណត់​អត្តសញ្ញាណ​ជន​ដៃ​ដល់ ឬ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់។

ក្រៅ​ពី​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​សហជីព ក៏​ទទួល​រង​នូវ​ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ដូច​គ្នា។

របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។

នៅ​ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់​បែក​ចំនួន ៤​គ្រាប់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ទៅ​លើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស។

ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧។ AFP File Photo


៤​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​ភ្នំពេញ។ អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់ ត្រូវ​បាន​សម្លាប់។ អ្នក​រងគ្រោះ​ភាគច្រើន​ជា​កង​កម្លាំង​របស់​ហ៊្វុនស៊ិនប៉ិច ហើយ​ក្នុង​នោះ​មន្ត្រី​ជាន់​ខ្ពស់​ខាង​យោធា និង​ស៊ីវិល​ជាច្រើន​រូប​ដូចជា លោក ចៅ សម្បត្តិ ក្រូច យឿម និង​លោក ហូ សុក ជាដើម ត្រូវ​បាន​គេ​បាញ់​សម្លាប់។

អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ករណី​ហិង្សា​ទាំង​ពីរ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​គេ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ទាំងនោះ បែរ​ជា​ត្រូវ​បាន​ដំឡើង​ឋានៈ និង​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។

ករណី​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​នយោបាយ បាន​កើត​ឡើង​ជា​បន្តបន្ទាប់។ ចាប់​ពី​ដើម​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០១ សកម្មជន​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន ១៧​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង មិន​បាន​បញ្ឈប់​ត្រឹម​នោះ​ទេ។ នៅ​អំឡុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០០៣ មន្ត្រី​គណបក្ស សម រង្ស៊ី ចំនួន ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃាតក​សម្លាប់។ នៅ​ឆ្នាំ​ដដែល​នោះ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោ ឱម រដ្ឋសាឌី ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រាជធានី​ភ្នំពេញ ដែល​អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ចំពោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី។

២២-មករា-២០១០: ការ​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ក្នុង​រាជធានី​ភ្នំពេញ RFA/Den Ayuthyea

ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ អំពើ​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​ក្រុម​សហជីព​វិញ​ម្តង។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា នៅ​ខែ​មករា ឆ្នាំ​២០០៤។ ក្រោយ​ឃាតកម្ម​នេះ ឃាតក​សិប្បនិម្មិត ២​រូប គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​អាជ្ញាធរ​នាំ​មក​កាត់​ទោស និង​ឃុំ​ខ្លួន​អស់​រយៈពេល​សរុប​ជិត ៦​ឆ្នាំ​ដោយ​គ្មាន​ទោស​កំហុស។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៣។

ជាង ៤​ខែ​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា មេ​ដឹកនាំ​សហជីព​មួយ​រូប​ទៀត គឺ​លោក រស់ សុវណ្ណារ៉េត ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ឆ្នាំ​២០០៧ ថ្នាក់​ដឹកនាំ​សហជីព​ម្នាក់​ទៀត គឺ​លោក ហ៊ី វុទ្ធី ក៏​ត្រូវ​បាន​គេ​សម្លាប់​ដូច​គ្នា។ នៅ​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​ទាំង​បី​រូប​នេះ។ ប៉ុន្តែ​មក​ទល់​នឹង​បច្ចុប្បន្ន គណៈកម្មការ​ពិសេស​មួយ​នេះ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ដល់​សាធារណជន​នៅ​ឡើយ។

អំពើ​ឃាតកម្ម​មិន​ត្រឹម​តែ​កើត​មាន​ទៅ​លើ​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​មេ​ដឹកនាំ​សហជីព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កើត​មាន​ទៅ​លើ​ព្រះសង្ឃ​ដែរ។ នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០០៣ ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន អធិបតី​ពុទ្ធ​មណ្ឌល និង​ជា​អគ្គនាយក​វិបស្សនាធុរៈ​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​នៅ​វត្ត​លង្កា ក្រុង​ភ្នំពេញ។ ព្រះអង្គ​បាន​សុគត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ពីរ​ថ្ងៃ​បន្ទាប់ ក្នុង​ព្រះជន្ម ៤៧​ព្រះវស្សា។

រូប​សំណាក​ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន អធិបតី​ពុទ្ធ​មណ្ឌល និង​ជា​អគ្គនាយក​វិបស្សនាធុរៈ​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ RFA/Leng Maly RFA/Leng Maly
ព្រះ​គ្រូ សំ ប៊ុនធឿន មាន​ព្រះ​កិត្តិនាម​ល្បីល្បាញ​ខាង​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​វិបស្សនា និង​ការ​ទូន្មាន​ពុទ្ធបរិស័ទ និង​សាវ័ក​របស់​ព្រះអង្គ​ឲ្យ​សាង​តែ​អំពើ​ល្អ ចៀសវាង​អំពើ​អាក្រក់ ហើយ​សេចក្តី​បង្រៀន​របស់​ព្រះអង្គ​សុទ្ធតែ​ឆ្លុះ​បញ្ចាំង​ការ​ពិត​ក្នុង​សង្គម​ខ្មែរ ដែល​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ និង​អំពើ​បាប។ ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ឬ​នាំ​ខ្លួន​មក​កាត់​ទោស ទាក់ទង​នឹង​ការ​ធ្វើ​គត​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ឡើយ។

ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល ហាក់​មាន​ការ​ថយ​ចុះ​នៅ​អាណត្តិ​ទី​៣ ពោល​គឺ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ច្រើន​លើសលប់​ដល់​ទៅ ៩០​អាសនៈ​ក្នុង​រដ្ឋសភា។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ពេញ​ដៃ​នៅ​គ្រា​នោះ ហេតុការណ៍​ដែល​សំខាន់​ជាង​គេ គឺ​ការ​ងើប​តវ៉ា​ប្រឆាំង​របស់​ពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត-ក្រុង​ចំពោះ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ហើយ​ជា​ញឹកញាប់ សកម្មជន​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត ត្រូវ​រង​ការ​គំរាម​កំហែង និង​សម្លាប់​ជាច្រើន​ករណី។

នៅ​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃ​ឈើ និង​បរិស្ថាន​ដ៏​សកម្ម​មួយ​រូប គឺ​លោក ឈុត វុទ្ធី ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ដែល​ដើរ​តួ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​កោះកុង នៅ​ពេល​រូប​លោក​ចុះ​ពិនិត្យ​សកម្មភាព​កាប់​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ជាមួយ​អ្នក​សារព័ត៌មាន។

ការ​បាញ់​សម្លាប់​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ពោល​គឺ​នៅ​ពេល​មាន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត និង​នៅ​ពេល​កម្មករ​រោងចក្រ​ជាច្រើន​បាន​នាំ​គ្នា​ចេញ​តវ៉ា​ដំឡើង​ប្រាក់​ខែ។

យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ ដែល​ជា​កម្មករ​សំណង់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ចំ​ក្បាល និង​ស្លាប់​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​បាតុករ​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ស្រប​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ យុវជន ម៉ៅ សុខចាន់ មិន​មែន​ជា​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ តែ​ជា​កម្មករ​សំណង់​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ទៅ​លំនៅឋាន​វិញ។

មន្ត្រី​គណបក្ស សម រង្ស៊ី អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព លោក ឈុត វុទ្ធី នៅ​ផ្ទះ​បុណ្យ នា​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១២។ RFA/Khe Sonorng

២​ខែ​ក្រោយ​មក គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ អ្នក​លក់​បាយ​នៅ​មុខ​សាលា​រៀន​ស្ទឹងមានជ័យ លោកស្រី អេង សុខុម ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ឲ្យ​ស្លាប់​នៅ​អំឡុង​ពេល​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​មុខ​វត្ត​ស្ទឹងមានជ័យ។ ហេតុការណ៍​ដ៏​ហិង្សា​នៅ​ពេល​នោះ កើត​ឡើង​ពេល​ក្រុម​កម្មករ​ជិត ១​ពាន់​នាក់ នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​ជាមួយ​គ្នា​កាល​ពី​ពេល​មុន ប៉ុន្តែ​ក្បួន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​រាប់​រយ​នាក់​ដែល​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង រួម​ជាមួយ​ឡាន​ទឹក​ជាច្រើន​គ្រឿង​ផង។

ជា​បន្តបន្ទាប់ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ។ នៅ​ដើម​ឆ្នាំ​២០១៤ កម្មករ ៤​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​បាត់​ខ្លួន ក្នុង​ការ​បាញ់​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

គ្មាន​អ្នក​ណា​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់​ក្នុង​ពេល​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ឡើយ ហើយ​ភាគី​សមត្ថកិច្ច​តែង​ឆ្លើយ​ថា នេះ​ជា​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ជា​ការ​បង្ក្រាប​ក្រុម​ដែល​បង្ក​ចលាចល​ក្នុង​សង្គម។

ហេតុការណ៍​ឃាតកម្ម​ចុង​ក្រោយ​បង្អស់ បាន​កើត​ឡើង​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ជាច្រើន​ខែ​ក្រោយ​ឃាតកម្ម មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ជាប់​សង្ស័យ​ថា ជា​អ្នក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នោះ គឺ​ឈ្មោះ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បង្ហាញ​ភស្តុតាង ឬ​ព័ត៌មាន​អ្វី​ទៀត​អំពី​ជន​សង្ស័យ​នេះ​ឡើយ។

នៅ​ចំពោះ​មុខ​ឃាតកម្ម​ជា​បន្តបន្ទាប់​បែប​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រង​នូវ​ការ​រិះគន់​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ ថា​បរាជ័យ​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ និង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិន​បដិសេធ​នឹង​ការ​លើក​ឡើង​បែប​នេះ​ឡើយ។ លោក​ថា សមត្ថកិច្ច​ទទួល​ស្គាល់​អ្វី​ដែល​មិន​ទាន់​ធ្វើ​បាន ហើយ​និង​បន្ត​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ទាំងនេះ​ត​ទៅ​មុខ​ទៀត ដោយ​មិន​បិទ​បញ្ចប់​សំណុំ​រឿង​ជា​ដាច់ខាត៖ «យើង​ស្រាវៗ (ស្រាវជ្រាវ) ទៅ រឿង​វា​ដាច់​តែ​ម្តង។ វា​តែលតោល​មិន​ដឹង​ទៅ​ឯណា​ទៀត។ យើង​មិន​បិទ​សំណុំ​រឿង​ហ្នឹង​ជា​ដាច់ខាត ដរាប​ណា​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ»

លោក​ស្នើ​ឲ្យ​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​សមត្ថកិច្ច ដើម្បី​ជំរុញ​ដំណើរ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​យុត្តិធម៌៖ «ចង់​បាន​យុត្តិធម៌ លុះត្រា​តែ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច។ គាត់​រត់​ចោល​ប្រទេស​តែ​អ៊ីចឹង ប៉ូលិស​ដឹង​ទាល់​តែ​មាន​សាក្សី។ ខ្ញុំ​ជឿ​ថា​វា​មិន​ដែល​ខ្មែរ​គ្នា​ឯង​ទៅ​សម្លាប់​គ្នា​ទេ»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នា​ទីស្នាក់ការ​កណ្ដាល គណបក្ស សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា ការ​ដែល​អាជ្ញាធរ​មិន​អាច​រក​ឃើញ​ឃាតក និង​អ្នក​ពាក់ព័ន្ធ​ដែល​សម្លាប់​អ្នក​សារព័ត៌មាន ព្រះសង្ឃ សកម្មជន និង​អ្នក​វិភាគ​នា​ពេល​កន្លង​ទៅ អាច​ធ្វើ​ឲ្យ​គេ​គិត​ថា ករណី​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ។ លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បំបាត់​មន្ទិល​របស់​សាធារណជន៖ «ពេល​ណា​ដែល​មាន​ឱកាស ខ្ញុំ​នឹង​ប្រើប្រាស់​តួនាទី​របស់​ខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ធ្វើ​កិច្ច​ការងារ​ហ្នឹង វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែល​បាន​ធ្វើ​ឃាត​អ្នក​ល្បីៗ អ្នក​កាសែត អ្នក​នយោបាយ អ្នក​ការពារ​បរិស្ថាន និង​ចុង​ក្រោយ​នេះ​ទៅ​លើ​បណ្ឌិត កែម ឡី»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ហៅ​ការ​សម្លាប់​សកម្មជន​នយោបាយ បរិស្ថាន សង្គម និង​អ្នក​សារព័ត៌មាន ថា​ជា​ឃាតកម្ម​ខាង​នយោបាយ។ លោក​ថា ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​នឹង​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «យើង​ឃើញ​រឿង​ឃាតកម្ម​ធំៗ​មួយ​ចំនួន​ទៀត​ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឃាតក ឬ​ក៏​អ្នក​ពាក់ព័ន្ធ គឺ​គេ​រក​ឃើញ​ភ្លាម។ អ៊ីចឹង​ខ្ញុំ​គិត​ថា​រឿង​ទាំងអស់​នេះ សមត្ថកិច្ច​គាត់​មិន​មែន​អសមត្ថភាព​ទេ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ក្នុង​ការ​បញ្ចេញ​ការ​ពិត បញ្ចេញ​របាយការណ៍​នៃ​ការ​ស៊ើប​អង្កេត​ការ​ពិត​ទេ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ស៊ើប​អង្កេត​ផ្ទាល់​ហ្នឹង​តែ​ម្តង បើ​សិន​ជា​គាត់​បង្ហាញ​ការ​ពិត​ទាំងអស់​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ជា​រឿង​ហ្នឹង​វា​ត្រូវ​កប់»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA
លោក អំ សំអាត ហៅ​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ទាំងនេះ​ថា​ជា​យុត្តិធម៌​ស្រមោល ដែល​ស្ថិត​នៅ​ជើង​មេឃ ពោល​គឺ​ជន​រងគ្រោះ និង​គ្រួសារ​បាន​ត្រឹម​តែ​រង់ចាំ​ដោយ​គ្មាន​លទ្ធផល។ លោក​ថា នេះ​ជា​និទ្ទណ្ឌភាព ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជាពិសេស​រួម​ចំណែក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​បែប​នេះ​ទៀត​នៅ​ពេល​ខាង​មុខ៖ «ការ​រិះគន់​ដោយ​ត្រង់ៗ ដោយ​ចំៗ​តែ​ម្តង ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​កាន់​អំណាច អ្នក​មាន​អំណាច ឬ​គណបក្ស​កាន់​អំណាច។ យើង​មើល​ឃើញ​ហើយ គាត់​ត្រូវ​មាន​ការ​បាញ់​សម្លាប់​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ចេញ​គំនិត ចង់​និយាយ​ការ​ពិត ចង់​បញ្ចេញ​មតិ​ដើម្បី​ធ្វើ​ការ​រិះគន់ គឺ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច​ដែរ។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល ជាពិសេស​សមត្ថកិច្ច ឲ្យ​ចាត់​វិធានការ​បន្ថែម​ដើម្បី​ពង្រឹង​សន្តិសុខ និង​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់​រូប។ ទន្ទឹម​នឹង​នេះ លោក​ក៏​ទទូច​ដល់​អាជ្ញាធរ​ឲ្យ​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាំងនោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​ថ្នាក់​ដឹកនាំ និង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា ឃាតកម្ម​សំខាន់ៗ​ដែល​កើត​មាន​កន្លង​ទៅ គឺ​ជា​ឃាតកម្ម​នយោបាយ៕

វីដេអូ៖ ឃាតកម្ម​និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​កើត​មាន​លើស​ពី​១០០​ករណី​រយៈពេល​២៣​ឆ្នាំ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។