លោក កឹម សុខា ថា​នឹង​រក​វិធីសាស្ត្រ​ចរចា​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​ការ​បញ្ចេញ​មតិ

ដោយ សាន សែល
2016-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (រូប​កណ្ដាល​លើកដៃ) ទៅ​កាន់​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (រូប​កណ្ដាល​លើកដៃ) ទៅ​កាន់​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Photo: RFA

បន្ទាប់​ពី​ទទួល​បាន​ការ​លើកលែង​ទោស ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​៤ ធ្នូ បាន​ថ្លែង​ជា​សាធារណៈ​ថា ការ​លើកលែង​ទោស​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ដោះដូរ ឬ​ដាក់​លក្ខខណ្ឌ​អ្វី​នោះ​ទេ។ លោក កឹម សុខា បញ្ជាក់​ជំហរ​ថា នឹង​បន្ត​ចរចា​ដើម្បី​រក​វិធីសាស្ត្រ​ដោះ​លែង​អ្នក​ដែល​លោក​ថា​ជា​អ្នក​ទោស​ដោយ​ការ​បញ្ចេញ​មតិ ឲ្យ​មាន​សេរីភាព​វិញ។

ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​៤ ធ្នូ គូស​បញ្ជាក់​ទៅ​កាន់​យុវជន​សកម្មជន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ថា ការ​លើកលែង​ទោស​រូប​លោក មិន​មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ហើយ​ក៏​គ្មាន​ការ​ដោះដូរ​អ្វី​ដែរ។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ដាក់​លក្ខខណ្ឌ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​លើកលែង​ទោស​នោះ​ទេ៖ «ខ្ញុំ​និយាយ​ឲ្យ​ចំ​ទៅ​ចុះ សម្ដេច ហ៊ុន សែន និង​ខ្ញុំ មាន​បំណង​ដូច​គ្នា ចង់​រក​ចក្ខុវិស័យ​រួម គុណ​តម្លៃ​រួម។ ប្រទេស​ជាតិ​យើង​ទៅ​អនាគត ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ សម្រាប់​អនាគត​កូន​ចៅ​យើង​ជំនាន់​ក្រោយ»

លោក កឹម សុខា បាន​ឃុំ​ខ្លួន​ឯង​រយៈពេល​ជាង​កន្លះ​ឆ្នាំ ក្រោយ​ពេល​អាជ្ញាធរ​ដាក់​កង​កម្លាំង​តាម​ចាប់​ខ្លួន នៅ​គ្រា​ដែល​លោក​បដិសេធ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ដែល​គេ​ចោទ​រវាង​រូប​លោក និង​ស្រី​កំណាន់។ លោក​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កញ្ញា កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥​ខែ។

ព្រះមហាក្សត្រ សម្រេច​ព្រះរាជ​ទាន​ទោស​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២ ធ្នូ ក្រោយ​ពី​ការ​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​លើកលែង​ទោស​លោក កឹម សុខា កើត​ឡើង​ស្រប​ពេល​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង បង្ហាញ​ជំហរ​ការ​ប្រើប្រាស់​យន្តការ​ថ្មី​ស្ដីពី​បោះ​បង្គោល​ព្រំដែន និង​ការ​លេច​ធ្លាយ​សារ​ឆ្លើយឆ្លង​រវាង​អតីត​យុវតី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រឡប់​មក​គាំទ្រ​គណបក្ស​កាន់​អំណាច និង​លោក​នាយក​រដ្ឋមន្ត្រី ព្រម​ទាំង​កូនៗ​លោក​ដែល​ជា​មន្ត្រី​យោធា។

អ្នក​វិភាគ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា យល់​ថា ការ​លើក​ទោស​នេះ គឺ​គណបក្ស​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​ណា​មួយ ខណៈ​ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​តានតឹង។

ទោះ​យ៉ាង​ណា លោក កឹម សុខា ថ្លែង​បញ្ជាក់​ថា ការ​លើកលែង​ទោស​ដល់​រូប​លោក​នេះ ជា​សញ្ញា​ចាប់​ផ្តើម​នៃ​ការ​រក​គុណ​តម្លៃ​រួម​សម្រាប់​ប្រទេស​កម្ពុជា ដែល​លោក​ថា​ត្រូវ​ការ​បង្រួបបង្រួម​ជាតិ៖ «ប្រហែល​ជា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ព្រឹត្តិការណ៍​ថ្មីៗ។ ប្រជាពលរដ្ឋ​ខ្លះ​សន្និដ្ឋាន​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​ថា មាន​ដំណោះស្រាយ​នយោបាយ​បាន​ដោះលែង។ អ្នក​ខ្លះ​ថា បែកបាក់​គ្នា​ហើយ អ្នក​ខ្លះ​ថា ត្រូវរ៉ូវ​គ្នា​ហើយ អ្នក​ខ្លះ​ថា ប្រហែល​ជា​មាន​លក្ខខណ្ឌ​អី​ហើយ។ ជា​សិទ្ធិ​របស់​បង​ប្អូន​ទាំង​អស់ មាន​សិទ្ធិ​វិភាគ មាន​សិទ្ធិ​គិត មាន​សិទ្ធិ​ថា មាន​សិទ្ធិ​និយាយ​ស្តី មាន​សិទ្ធិ​សម្ដែង​មតិ គឺ​ជា​សិទ្ធិ​របស់​បង​ប្អូន។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ជា​បុគ្គល​សាធារណៈ ជា​អ្នក​ដឹក​នាំ​ជា​អ្នក​នយោបាយ។ ខ្ញុំ​សូម​ស្វាគមន៍​មតិ​រិះគន់​ សន្និដ្ឋាន ដែល​បងប្អូន​មើល​ឃើញ»

បន្ថែម​ពី​លើ​នេះ មន្ត្រី​របស់​គណបក្ស​កាន់​អំណាច ក៏​បាន​អះអាង​ថា ការ​លើកលែង​ទោស​នេះ​មិន​ជាប់​លក្ខខណ្ឌ​ណា​មួយ​នោះ​ទេ។

ចំណែក​លោក កឹម សុខា ប្រកាស​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ដែល​លោក​សំដៅ​លើ​ការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស មេ​ដឹកនាំ​សហគមន៍ មន្ត្រី គ..ប និង​សកម្មជន​របស់​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។ លោក​បាន​បង្ហើប​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រូប​លោក បាន​ជជែក​ពី​អ្នក​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា យល់​ឃើញ ប្រសិន​បើ​ដូច​អ្វី​ដែល​គណបក្ស​ទាំង​ពីរ​បាន​អះអាង​មែន​នេះ វា​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា។ ក៏ប៉ុន្តែ​លោក​ហាក់​នៅ​មាន​មន្ទិល​ថា ល្ខោន​អាច​នឹង​ចូល​វគ្គ​ថ្មី​មួយ​ទៀត​ដែល​លោក​សង្កេត​ឃើញ​ថា ការ​ដោះ​លែង​នេះ​វា​កើត​ឡើង​ផ្ទួន​ចំ​ពេល​មាន​ការ​ជជែក​ពី​រឿង​ផែនទី និង​ការ​ទម្លាយ​សារ​សម្ងាត់។

លោក កឹម សុខា គ្រោង​នឹង​ចូលរួម​ប្រជុំ​សភា​នៅ​ដើម​សប្ដាហ៍​ក្រោយ ហើយ​ទៅ​ចូល​គាល់​ព្រះមហាក្សត្រ មុន​នឹង​លោក​ទៅ​ជួប​អ្នក​ដែល​កំពុង​ជាប់​ឃុំ និង​ការ​ចុះ​មូលដ្ឋាន​របស់​លោក។

អំឡុង​ពេល​លោក​ឃុំ​ខ្លួន​ឯង​ជាង ៦​ខែ មាន​មន្ត្រី​ការទូត​បរទេស តំណាង​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ចូល​ទៅ​ជជែក​ជាមួយ​លោក កឹម សុខា នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស។

នៅ​មុខ​យុវជន​សកម្មជន​របស់​បក្ស លោក កឹម សុខា ក៏​ថ្លែង​អរគុណ​ដល់​សហគមន៍​អន្តរជាតិ​ដែល​ជួយ​ធ្វើ​អន្តរាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ជាង៣០ឆ្នាំមកហើយ ពួកអ្នកអស់នេះធ្វើ "នយោបាយ" ដោះតែកន្ទុយខ្លួនឯង; ឯរឿងអាយុជីវិតជាតិ ពួកសត្វរំពាទាំងពីរក្រុមនេះ ទុកគ្រាន់ចែកគ្នាបណ្ដាកទុនរកស៊ីម្នាក់ៗតាមអំពើក្បត់គ្រប់បែបយ៉ាង គ្រប់ៗគ្នា។ លទ្ធផល : យួនលេបយកបានស្រុកយ៉ាងស្រួល...

Dec 05, 2016 04:25 AM

អ្នក​អាន​អនាមិក

ពី USA

Like I said before,the reason Hun Sen wrote a letter to pardon for Kim Sokha because Donald Trump elected. You imagine China concern about Donald Trump, who is Mr. Hun Sen, he is nothing compare to China.

Dec 04, 2016 10:42 PM

អ្នក​អាន​អនាមិក

ពី USA

I want to ask Hun Marnet about using one stardard that he said before now where is Hun Sen one stardard? "ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឈរ​លើ ​ស្តង់ដារ ​តែមួយ (one stardard) ករណី​បែក​ធ្លាយ​កិច្ច​សន្ទនា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត និង​អតីត​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​កញ្ញា ធី សុវណ្ណថា។ by RFA" where is your one stardard Hun Marnet?

Dec 04, 2016 10:31 PM

អ្នក​អាន​អនាមិក

ទោះជាក្នុងកាលះទេសះណាក៏ដោយ សំុកំុបែកគ្នា ប្រយត្ន័ចាញ់ល្បិចកលអ្នកផ្សេង

Dec 04, 2016 08:50 PM

គេហទំព័រ​ទាំងមូល