អនុសាសន៍៤ចំណុចរបស់លោក កឹម សុខា ដើម្បីប្រសិទ្ធភាពប្រើប្រាស់ច្បាប់ថវិកាឆ្នាំ២០១៧
2016.11.22

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា មិនបានចូលរួមកិច្ចប្រជុំសភា ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នៅថ្ងៃទី២២ វិច្ឆិកា ទេ ប៉ុន្តែលោកចេញនូវអនុសាសន៍ផ្ទាល់ខ្លួនចំនួន៤ ដើម្បីជាការចូលរួមបង្កើនគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ។
អនុសាសន៍ទាំង៤នោះ លោក កឹម សុខា បានចេញភ្លាមៗ ក្រោយពីសភាបានប្រជុំចប់ នៅល្ងាចថ្ងៃទី២២ វិច្ឆិកា គឺទី១ បង្កើនតម្លាភាព និងគណនេយ្យភាព ក្នុងការដេញថ្លៃពីក្រុមហ៊ុនឯកជន សម្រាប់នានាដែលប្រើថវិការដ្ឋ។ រីឯអាជ្ញាធរសវនកម្មជាតិ ត្រូវឯករាជ្យពីរដ្ឋាភិបាល និងគណបក្សនយោបាយ។ ចំណែករដ្ឋសភា ត្រូវដើរតួនាទីជាអ្នកតំណាងប្រជាពលរដ្ឋ ដោយមិនការពារផលប្រយោជន៍របស់បក្សឡើយ។ ដោយឡែកច្បាប់ស្ដីពីសេរីភាពក្នុងការផ្ដល់និងទទួលព័ត៌មាន ត្រូវបើកចំហព័ត៌មាននិងទូរលេខផ្សេងៗ ពាក់ព័ន្ធនឹងចំណាយចំណូលតាមស្ថាប័នជាតិជាដើម។
អនុសាសន៍ទី២ គឺការគ្រប់គ្រងបំណុល ដោយលោក កឹម សុខា បញ្ជាក់ថា សព្វថ្ងៃកម្ពុជាពុំទាន់ស្ថិតនៅក្នុងស្ថានភាពតានតឹងចំពោះបញ្ហាបំណុលនៅឡើយទេ។ លោកថា ការប្រើប្រាស់ថវិកាចំណូលដោយខ្ចីបំណុល ត្រូវផ្ដោតលើការវិនិយោគប្រព័ន្ធសំខាន់ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ស្រាវជ្រាវ និងពង្រឹងវិស័យសេដ្ឋកិច្ចជាដើម។ លើសពីនេះ ត្រូវកាត់បន្ថយចំណាយលើក្បាលម៉ាស៊ីនដ៏ធំរបស់គណៈរដ្ឋមន្ត្រី ទីប្រឹក្សា និងស្ថាប័នមួយចំនួនទៀតដែលមិនចាំបាច់។
ចំណែកអនុសាសន៍ទី៣ គឺការបែងចែកថវិកា ដោយផ្អែកលើចក្ខុវិស័យវែងឆ្ងាយក្នុងការប្រកួតប្រជែង និងអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមាននិរន្តរភាពដូចជា ការអភិវឌ្ឍធនធានមនុស្ស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិវឌ្ឍន៍ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងអភិបាលកិច្ច និងសមត្ថភាពនៃស្ថាប័នរដ្ឋ។
ដោយឡែកអនុសាសន៍ចុងក្រោយ គឺការគ្រប់គ្រងចំណូលជាតិ ដោយលោក កឹម សុខា ផ្ដល់អនុសាសន៍ថា ត្រូវទប់ស្កាត់ការគេចពន្ធ និងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលថវិកាពីសម្បទាននេសាទ ព្រៃឈើ និងដីធ្លី៕