លោក​ កឹម សុខា ថា លោក​មាន​សិទ្ធិ​ឲ្យ​មេធាវី​នាំពាក្យ និង​បង្ហាញ​ពី​ឆន្ទៈ​លោក ខណៈ​ថ្នាក់​ដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​យល់​ថា លោក​ស្ថិត​ក្រោម​សម្ពាធ​ពី​របប​ក្រុង​ភ្នំពេញ

ដោយ ទីន ហ្សាការីយ៉ា
2018-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

អតីត​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា លោក កឹម សុខា ដែល​របប​ក្រុង​ភ្នំពេញ​កំពុង​​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ បាន​បង្ហោះ​សារ​មួយ ដើម្បី​បញ្ជាក់​ពី​សំដី និង​ឆន្ទៈ​របស់​លោក​តាមរយៈ​មេធាវី។ ថ្វី​បើ​មាន ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក កឹម សុខា យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្រៅ​ប្រទេស យល់​ថា សំដី​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ គឺ​ស្ថិត​នៅ​ក្រោម​សម្ពាធ​និង​ការ​គាប់​សង្កត់​ ពី​របប​ក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​លោក​ឡើយ។

សារ​ដែល​លោក កឹម សុខា បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ អម​ដោយ​រូបភាព​មួយ​សន្លឹក​អង្គុយ​ពិភាក្សា​គ្នា​ជាមួយ​មេធាវី​បី​រូប​ នៅ​ផ្ទះ​របស់​លោក​សរសេរ​ថា "ខ្ញុំ​មាន​សិទ្ធិ​ឲ្យ​មេធាវី​របស់​ខ្ញុំ ​នាំ​ពាក្យ​និង​បង្ហាញ​ពី​ឆន្ទៈ​ខ្ញុំ ​ដែល​ជាកូន​ក្ដី ជាផ្លូវ​ការ​ស្រប​តាម​បញ្ញត្តិ​ច្បាប់"

ការ​បញ្ចេញ​សារ​ខ្លី​បែប​នេះ ទំនង​ជា​លោក កឹម សុខា​ ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ អំពី​សំដី​របស់​លោក ដែល​ធ្វើ​ឡើង​តាមរយៈ​មេធាវី ចាន់ ចេន​ ដែល​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​ថា ​លោក កឹម សុខា មិន​គាំទ្រ​សន្និសីទ​ពិភព​លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី២ ធ្នូ ​នៅ​រដ្ឋ​ចរចា នៃ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

បើ​ទោះ​បី​ជា​ការ​បញ្ចេញ​សារ​ពី​លោក កឹម សុខា​ ដោយ​ផ្ទាល់​យ៉ាង​នេះ​ក្ដី ប៉ុន្តែ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​មកពី​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ ចូលរួម​ក្នុង​សន្និសីទ​ពិភព​របស់​លោក​បក្ស​ប្រឆាំង​ នៅ​សហរដ្ឋអាមេរិក ​យល់ថា​ស្រដៀង​គ្នា​ថា ​សារ​ឬ​សំដី​ណា​មួយ​របស់​លោក កឹម សុខា​ ដែល​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​​បែប​នេះ ទោះ​ដោយ​ផ្ទាល់​ក្ដី គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​លោក កឹម សុខា ឡើយ ព្រោះ​នៅ​ស្ថិត​ការ​ឃ្លាំ​មើល​ពី​របប​លោក ហ៊ុន សែន។

តំណាង​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក លោក អ៊ុង រិទ្ធី ​ដែល​និយាយ​ជាមួយ​វីអូអេ​ (VOA) ភាសា​ខ្មែរ កាល​ពីថ្ងៃទី​១ ធ្នូ លើកឡើង​ថា រូប​លោក​និង​តំណាង​មកពី​ប្រទេស​ផ្សេង​ទៀត នៅ​តែ​ចាត់​ទុក​លោក កឹម សុខា​ជា​ប្រធាន​ដដែល ទោះបីជា​ លោក កឹម សុខា បាត់​បង់​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ក៏ដោយ។ លោក​បន្ត​ថា នៅ​ក្នុង​កាលៈទេសៈ ដ៏​ចាំបាច់​បែប​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ពិភព​លោក មិន​អាច​បណ្ដោយ​ឲ្យ​គណបក្ស ​នៅ​ទ្រឹង​ ដោយ​គ្មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ច្បាស់​លាស់​ បាន​នោះ​ទេ៖ «»

ស្រដៀង​គ្នា​នេះ តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​មក​ពី​ប្រទេស​បារាំង លោក សុខ សូផាត ដែល​និយាយ​ជាមួយ​វីអូអេ​ភាសាខ្មែរ ​នៅ​តែ​យល់​ថា​ គណបក្ស​សង្រ្គោះជាតិ​មកដល់​ពេល​មិន​មាន​ការ​បែក​បាក់​នោះ​ទេ ព្រោះ លោក កឹម សុខា និង​ លោក សម រង្ស៊ី ជា​និមិត្ត​រូប​សម្រាប់​គណបក្ស​ហើយ​ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ៖ «»

សន្និសីទ​ពិភពលោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​រយៈ​ពេល​ ២ថ្ងៃ នៅ​សហរដ្ឋ​អាមេរិក ធ្វើ​ឡើង​ដើម្បី​រៀបចំ​ផែនការ និង​ស្វែង​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ ចំណុច​សំខាន់ៗ ​ដែល​សន្និសីទ​ផ្ដោត​លើ​មធ្យោបាយ​យ៉ាង​ណា ដើម្បី​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ប្រគល់​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​ ៥ពាន់​នាក់​ឲ្យមន្រ្តី​នៅ​មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ និង​ឲ្យ​មាន​ការ​រៀប​ចំការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​ ត្រឹម​ត្រូវ​និង​ យុត្តិធម៌​ ឡើង​វិញ។

ជុំវិញ​ការ​ធ្វើ​សន្និសីទ​ពិភព​លោក របស់​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ ​មើល​ឃើញ​ថា មាន​ការ​បែក​បាក់​ផ្ទៃក្នុង​បក្ស ដោយ​មាន​មនុស្ស​មួយ​ចំនួន មាន​ទំនោរ​គាំទ្រ​លោក កឹម សុខា ហើយ​មួយ​ចំនួន​ទៀត​គាំទ្រ​លោក សម រង្ស៊ី។ កូន​ស្រី​បង្កើត​លោក កឹម សុខា គឺ​ កញ្ញា កឹម មនោវិទ្យា និង​មន្រ្តី​ជំនិត​លោក កឹម សុខា គឺ​លោក ញ៉ែម បុញ្ញារិទ្ធិ​ មិន​បាន​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ឡើយ ។

ថ្វី​បើ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ណាក្ដី ស្មារតីនៃ​សន្និសីទ​ពិភព​លោក​របស់​គណបក្ស​សង្រ្គោះ​ជាតិ​អំពាវនាវ​ឲ្យ​អ្នក​ស្នេហា​ជាតិ​ទាំង​អស់ ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​ និង​សេរីភាព​ពិត​ប្រាកដ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា រួម​គ្នា​ជា​កម្លាំង​មួយ ដើម្បី​ឲ្យ​មាន​ការប្ដូរ​ជាវិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាជាង​ការ​លាប​ពណ៌​គ្នា ដែល​មិន​អាច​ជួយ​សង្គ្រោះ​ប្រទេស​ជាតិទាន់​ពេល​វេលា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល