"លោក ហ៊ុន សែន មិនឃើញថាមានបាតុកម្មប្រឆាំងលោកនៅអាមេរិកទេ"
2016.02.19
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានឃើញ មានបាតុកម្មប្រឆាំងរូបលោកនៅសហរដ្ឋអាមេរិកទេ។ ប៉ុន្តែលោក ហ៊ុន សែន បានដឹងថា មានបាតុករថៃគាំទ្រលោក។
ថ្លែងប្រាប់អ្នកកាសែត នៅថ្ងៃយប់ទី១៨ ខែកុម្ភៈ បន្ទាប់ពី លោក ហ៊ុន សែន និងមន្ត្រីមួយចំនួន បានវិលដល់ប្រទេសកម្ពុជា លោក កៅ គឹមហួន ថ្លែងឲ្យដឹងថា កិច្ចប្រជុំ៣ទាំងលើក ក្នុងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈ លោក ហ៊ុន សែន មិនបានឃើញមានបាតុកម្មប្រឆាំងរូបលោកទេ។
លោកអះអាងបន្តថា ប្រសិនបើលោក ហ៊ុន សែន ឃើញមានបាតុកម្មប្រឆាំងលោក ហ៊ុន សែន លោក នឹងចុះចាប់ដៃ ជាមួយក្រុមបាតុករ។
កិច្ចប្រជុំរវាងប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក នៅក្រុងរ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃរដ្ឋកាលីហ្វ័រញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ទី១៦ ខែកុម្ភៈ។
នៅពេលដែលមេដឹកនាំទាំងនេះកំពុងជជែកគ្នានៅឯខាងក្រៅបរិវេណឯណេះ ក្រុមបាតុករចម្រុះជាតិសាសន៍ មានទាំងក្រុមពលរដ្ឋខ្មែរ-អាមេរិកកាំង ផងនាំគ្នាធ្វើបាតុកម្មតវ៉ាផងដែរ។
ពួកគេភាគច្រើនទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសកំណើតរបស់ខ្លួន គោរពសិទ្ធិមនុស្ស និងសិទ្ធិក្នុងការចូលរួមធ្វើនយោបាយដោយស្មើភាពជាដើម។
ចំណែកបាតុករខ្មែរ-អាមេរិកកាំង ទាមទារឲ្យលោក ហ៊ុន សែន បញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងទីពីរគឺដើម្បីស្នើឲ្យលោក បារ៉ាក់ អូបាម៉ា (Barack Obama) ជំរុញឲ្យលោក ហ៊ុន សែន អនុវត្តលទ្ធិប្រជាធិបតេយ្យ៕