ពលរដ្ឋខ្មែរនៅបារាំងគ្រោងធ្វើបាតុកម្មគាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា
2015.10.19

ប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង គ្រោងធ្វើបាតុកម្មដ៏ធំមួយ ដើម្បីគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។ ប្រធានសមាគមអភិវឌ្ឍន៍សង្គមកិច្ច លោក អ៊ី បញ្ញាវុធ ដែលជាតំណាងសមាគមមួយក្នុងចំណោមសមាគមខ្មែរនានានៅប្រទេសបារាំង ចំនួនជិត ១០សមាគម ដែលគ្រោងចូលរួមបាតុកម្មនោះ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី១៨ តុលា ថា ពលរដ្ឋនៅប្រទេសបារាំង មានការព្រួយបារម្ភជាខ្លាំងអំពីសកម្មភាពចុងក្រោយនេះរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរំលោភសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដោយអះអាងថា ធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា ទៅក្នុងកណ្ដាប់ដៃវៀតណាម ដោយការប្រើប្រាស់កិច្ចព្រមព្រៀងខុសច្បាប់។
លោក អ៊ី បញ្ញាវុធ ថ្លែងថា «យើងទាំងអស់គ្នាបានដឹងហើយ ២៣ តុលា ជាសន្ធិសញ្ញាមួយរបស់ខ្មែរយើងរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហារៀបចំស្រុកទេសយើងឡើងវិញ។ តែយើងឃើញហើយសព្វថ្ងៃនេះ នៅប្រទេសកម្ពុជា យើង ការគោរពសិទ្ធិសេរីភាពក្តី ឬអ្វីៗក្តីនៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនមានដំណើរការសោះ។ យើងចង់សុំឲ្យអ្នកដឹកនាំប្រទេសខ្មែរហ្នឹង ទាំងបក្សប្រឆាំង យើងត្រូវគោរព ព្រោះជាប្រយោជន៍ប្រទេសជាតិ ហើយជាអាយុជីវិតទៅទៀត។ យើងមើលទៅ ឆ្នាំនេះអត់ស្រួលទេ កាន់តែដុនដាប អំណាច លោក ហ៊ុន សែន ខ្លាំងមែនទែន សង្កត់យករឿងព្រំដែន អត់មាននរណាហ៊ាននិយាយទេ សូម្បីគណបក្សផ្សេងៗទៀតខ្លាច គឺយើងស្ថិតនៅក្នុងគំនាបមួយខ្លាច អត់ហ៊ានធ្វើអ្វីទេ»។
លោក អ៊ី បញ្ញាវុធ បន្តថា តាមគម្រោង ពលរដ្ឋដែលគេរំពឹងថា នឹងចូលរួមប្រមាណ ៥០០នាក់ នឹងជួបជុំគ្នាពេលព្រឹកនៅវត្តពោធិ៍វង្ស ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលវិញ្ញាណក្ខន្ធដល់វីរបុរសនារី ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ ហើយនៅពេលថ្ងៃត្រង់ បាតុករទាំងនោះនឹងបន្តដំណើរទៅទីលាននៃសិទ្ធិមនុស្ស នៅត្រូកាដេរ៉ូ ដើម្បីចូលរួមមហាបាតុកម្មគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងថ្កោលទោសរបបដឹកនាំរបស់ លោក ហ៊ុន សែន និងពួកអាណានិគមនិយមវៀតណាម ដែលបានរំលោភបំពានលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងលើសិទ្ធិមូលដ្ឋាននៃប្រជាពលរដ្ឋ និងជាតិខ្មែរ៕