ពលករ​ខ្មែរ​នៅ​ថៃ​រាប់រយ​នាក់​ប្រារព្ធ​ពិធីបុណ្យ​ខួប​៣​ឆ្នាំ​ជូន​លោក​បណ្ឌិត កែម ឡី

ដោយ ទីន ហ្សាការីយ៉ា
2019.07.14
បុណ្យ កែម ឡី ៣​ឆ្នាំ ថៃ ៦២២ ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ធ្វើ​បុណ្យ​ខួប ៣ឆ្នាំ ជូន​បណ្ឌិត កែម ឡី នា​ក្រុង​ប៉ាតាយ៉ា នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៩។
Photo Provided

ពលករ​ខ្មែរ​រាប់​រយ​នាក់​​ធ្វើការ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៤​ កក្កដា​ បាន​នាំគ្នា​ប្រារព្ធ​ពិធី​បុណ្យខួប​គម្រប់ ៣​ឆ្នាំ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ចំនួន​បី​ទីតាំង​ផ្សេងគ្នា​ក្នុង​ប្រទេស​ថៃ។ ក្រុម​ពលករ​អះអាង​ថា ការ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ផង និង​ចង់​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​រក​យុត្តិធម៌​​ជូន​​ដល់​​អ្នក​​ស្លាប់​​ផ្សេងៗ ផង។

ពលករ​ម្នាក់​ធ្វើការ​នៅ​ខេត្ត​ប៉ាក់ថុមថានី (Phathomthani) លោក ជីម ផាត ប្រាប់​អាស៊ីសេរី​​នៅ​​រសៀល​​ថ្ងៃ​​ទី​១៤ កក្កដា​ថា ទីកន្លែង​ដែល​ពួកគាត់​ធ្វើបុណ្យ នៅ​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ខេត្ត​ឈុនបុរី (Chhunbori) មាន​ពលករ​ខ្មែរ​ប្រមាណ ​៣០០​នាក់​ចូលរួម។ លោក​បន្ត​ថា ការរៀបចំ​កម្មវិធី​បុណ្យ​នេះ​ឡើយ ដោយសារ​ពួក​លោក​គោរព​ស្រឡាញ់​​វីរភាព​​របស់​​លោក​​បណ្ឌិត ដែល​ហ៊ាន​និយាយ​ការពិត រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន និង​ចែករំលែក​ឱ្យ​សាធារណជន​បាន​យល់ដឹង​អំពី​រឿង​ពិត​នៅ​ក្នុង​សង្គម។ លោក​បន្ត​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​បាត់បង់​លោក​បណ្ឌិត និង​សូម​ឱ្យ​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​បាន​ទៅកាន់​សុគតិភព៖ «ខ្ញុំ​ទាំងអស់​គ្នា​ជា​ពលករ​បាន​ផ្ដើម​គំនិត​ព្រោះ​វីរភាព​បណ្ឌិត កែម ឡី មិន​អាច​អ្នកណា​មួយ​បំភ្លេច​បាន​ទេ ជាពិសេស​អ្នក​និយម​បណ្ឌិត​ទោះបី​ប្រទេស​ក៏ដោយ​តែងតែ​ប្រារព្ធ​ធ្វើបុណ្យ​នេះ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត​កែម ឡី គឺ​មិន​ទាន់​មាន។ ពិធី​នេះ​យើង​បាន​និយម​ព្រះសង្ឃ​ចំនួន​១៧​អង្គ​សូត្រ​មន្ត តាម​ប្រពៃណី​ព្រះពុទ្ធសាសនា»

ចំណែក​ពលករ​ម្នាក់ទៀត​លោក សាន សំបូរ ថ្លែង​ថា ពួក​លោក​មាន​គ្នា​ជិត​ ១០​នាក់​ធ្វើការ​រោងចក្រ​នៅ​ខេត្ត​សាមុទ្រសាខន (Samuthsakorn) ក្បែរ​ទីក្រុង​បាងកក បាន​ធ្វើ​ដំណើរ​ពី​កន្លែង​ធ្វើការ តាំង​ពី​ថ្ងៃ​ទី​១៣ ​កក្កដា ដើម្បី​ចូលរួម​បុណ្យ​បណ្ឌិត កែម ឡី នៅ​ទីក្រុង​ប៉ាតាយ៉ា។ លោក​បន្ត​ថា ពួក​លោក​សប្បាយចិត្ត​នៅ​ពេល​បាន​ចូលរួម​ធ្វើ​បុណ្យ​នេះ ព្រោះ​យល់​ថា កុសលផល​បុណ្យ​ដែល​ពួកគាត់​បាន​ធ្វើ​នេះ នឹង​បាន​ទៅដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ជាក់​ជាមិនខាន៖ «ព្រោះ​គាត់​ជា​ធនធាន​មនុស្ស​​ល្អ​នៅ​សង្គម​យើង ហើយ​ខ្ញុំ​ជា​ពលករ​ចង់​ឱ្យ​មាន​បណ្ឌិត​បែបនេះ​ឱ្យ​ច្រើន​នៅ​កម្ពុជា។ រឿង​នេះ​ខ្ញុំ​គិត​ថា ឃាតក​ជួប​សម្លាប់​ជា​ឃាតក​ក្លែងក្លាយ​ទេ ហើយ​ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត រក​ឃាតក​ពិតប្រាកដ ព្រោះ​ខ្ញុំ​មិន​ត្រូវ​ការ​ឃាតក​ក្លែង​ក្លាយ​​បែបនេះ ចង់​បាន​ឃាតក​ពិតប្រាកដ ថា​តើ​អ្នកណា​នៅ​បញ្ជា​ពីក្រោយ​ខ្នង»

ពលករ​ខ្មែរ​បាន​រៀបចំ​ពិធីបុណ្យ​នេះ​ចំនួន ៣​កន្លែង​ខុសៗ​គ្នា​ក្នុង​ថ្ងៃ​តែមួយ ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ ៨០០​នាក់។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ទីក្រុង​បាងកក​លោក ម៉ោញ សារ៉ាត់ មាន​ប្រសាសន៍​ថា ពលករ​ធ្វើបុណ្យ​គម្រប់​ខួប ៣​ឆ្នាំ បណ្ឌិត កែម ឡី ដោយ​ស្ម័គ្រចិត្ត រួមមាន​ធ្វើ​នៅ​ទីក្រុង​បាងកក ទីក្រុង​ប៉ាតាយ៉ា និង​ខេត្ត​ត្រាត (Trat)។ លោក​បន្ត​ថា គោលបំណង ដើម្បី​ឧទ្ទិស​កុសល​ទៅដល់​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ជួបជុំគ្នា​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ក្រុម​យុវជន​ឱ្យ​ជួយ​តាមដាន​និង​ស្វែងរក​ឃាតក​ពិត មក​ផ្ដន្ទាទោស​តាមច្បាប់៖ «យើង​ចង់​ឆ្លៀត​យក​ឱកាស​ដែល​យើង​បាន​ធ្វើ​បុណ្យ​រួមគ្នា​ជួបជុំ​ដើម្បី​ពង្រឹង​ស្មារតី​តស៊ូ​ទៅ​មុខ​ទៀត ដើម្បី​ឈាន​ទៅ​រក​យុត្តិធម៌​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក​បណ្ឌិត កែម ឡី និង​អ្នក​ដែល​បាន​ពលី ជីវិត​ក្នុង​បុព្វហេតុ​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ទៀត»

លោក​បន្ថែម​ថា ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច​ថៃ​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​មិន​បាន​ហាមឃាត់ ឬ​រំខាន​ដល់​ការ​ធ្វើ​បុណ្យ​របស់​ក្រុម​ពលករ​នោះ​ទេ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​លោក កែម ឡី នៅតែ​ស្ថិត​ក្នុង​បេះដូង​ខ្មែរ​អ្នកគាំទ្រ​រូបលោក​ជានិច្ច ទោះជា​លោក​បាន​លាចាក​លោក​នេះ អស់​រយៈពេល​ជាង​បី​ឆ្នាំ​ទៅ​ហើយ​ក្ដី។ កាល​នៅ​មាន​ជីវិត លោក​តែងតែ​ជំរុញ​ឱ្យ​មហាជន​ទូទៅ​ធ្វើ​បដិវត្តន៍​ផ្នត់គំនិត​ហ៊ាន​និយាយ​ការ​ពិត។

ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​អះអាង​ថា ពួកគាត់​នឹង​រួមគ្នា​ធ្វើ​បុណ្យ​ឧទ្ទិសកុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ឆ្នាំ​ក្រោយ​ទៀត ហើយ​និង​តាមដាន​ការស្វែងរក​យុត្តិធម៌​ជូន​រូបលោក​ជា​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។