មន្ត្រី​អាមេរិក​ថា ការ​អញ្ជើញ​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន មិន​មាន​អ្វី​ប្លែក​ពិសេស​នោះ​ទេ

ដោយ ថន ថារ៉ូ
2019-04-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នឹង​លោក ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេ​បញ្ជាការ បញ្ជា​ការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋ​អាមេរិក ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៩។
លោក ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នឹង​លោក ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេ​បញ្ជាការ បញ្ជា​ការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋ​អាមេរិក ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

មន្ត្រី​សហរដ្ឋអាមេរិក អះអាង​ប្រាប់​អាស៊ីសេរី​ថា ការចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម កាលពី​ថ្ងៃទី៨ ដល់​ថ្ងៃ​ទី១២ មេសា ក្នុង​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក មិន​មាន​អ្វី​ប្លែក​ពិសេស​នោះ​ទេ។

មន្ត្រី​កិច្ចការ​សាធារណៈ នៃ​សន្និសីទ​នេះ គឺ​លោក​វរសេនីយ៍ត្រី ខេវិន ប៊យ (Kevin Boyd) បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា មាន​តំណាង​ប្រទេស​ចំនួន​៣២ ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាស៊ី​ខាងត្បូង អឺរ៉ុប និង​អាមេរិក​ខាងត្បូង ត្រូវ​បាន​សហរដ្ឋអាមេរិក​អញ្ជើញ ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ រួម​ទាំង​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បី​លោក ហ៊ុន ម៉ាណែត ផង ក្នុង​គោលបំណង​ពិភាក្សា នូវ​គោល​គំនិត​សំខាន់ៗ និង​ការ​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍ ព្រមទាំង​ការ​ប្រឈម​ផ្សេងៗ ទាក់ទង​នឹង​អធិបតេយ្យភាព ការ​គោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ភាព​បើក​ចំហរ​និង​ដោយ​សេរី សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក Kevin Boyd បន្ត​ទៀត​ថា ការ​អញ្ជើញ​របស់​អាមេរិក សម្រាប់​តំណាង​នៃ​ប្រទេស​នីមួយៗ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នោះ មិន​សំដៅចំ​ទៅលើ​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ។ លោក​ថា​ការ​អញ្ជើញ​នោះ គឺ​ធ្វើ​ឡើង​ស្របតាម​ច្បាប់ និង​គោលនយោបាយ​របស់​អាមេរិក ព្រោះ​អាមេរិក​មានបំណង​រក្សា​ទំនាក់ទំនង ប្រកប​ដោយ​តម្លាភាព និង​ភាព​បើក​ចំហរ ជាមួយ​គ្រប់​ប្រទេស​ទាំងអស់។

ដោយឡែក​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ អ្នកស្រី អេមីលី ហ្ស៊ីប៊ើក ( Emily Zeeberg ) ក៏​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ដែរ ថា លោក ហ៊ុន ម៉ាណែត ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ក្នុងនាម​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ក្នុង​កម្រិត​បច្ចេកទេស​បែប​ពហុភាគី​តែប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម គឺជា​អាទិភាព​ជាតិ​ចម្បង​មួយ​របស់​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក បាន​ធ្វើការ​ជាមួយ​មន្ត្រី​យោធា​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ផ្ដោត​លើ​បញ្ហា​ឆ្លងដែន រួមមាន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម សុវត្ថិភាព​ផ្លូវ​សមុទ្រ ការ​បណ្ដុះបណ្ដាល​នាយទាហាន ដើម្បី​ប្រតិបត្តិការ​ក្នុង​កង​រក្សា​សន្តិភាព ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នានា ដល់​សន្តិសុខ​សមុទ្រ​អន្តរជាតិ និង​ដើម្បី​ឆ្លើយតប​ដល់​វិបត្តិ​គ្រោះធម្មជាតិ និង​មនុស្សធម៌​ផង។

ជារឿយៗ មិន​ខុស​ពី​ឪពុក​របស់​លោក វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នៅ​លើ​ទឹកដី​បរទេស តែងតែ​បង្ក​នូវ​ការ​ប្រទាញ​ប្រទង់ ក្នុង​ចំណោម​សហគមន៍​ខ្មែរ នៅ​ក្រៅ​ប្រទេស រួមមាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អូស្ត្រាលី​ជាដើម។

មិនមែន​មានតែ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទេ ដែល​ត្រូវ​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន យក​ទៅ​ផ្សព្វផ្សាយ​អួតអាង​នោះ សូម្បីតែ​វត្តមាន​មន្ត្រី​ការទូត​ដទៃ​ទៀត​នៃ​របប​លោក ហ៊ុន សែន ដូចជា​លោក អ៊ូច បូរិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ដែល​ត្រូវ​សមាជិក​ព្រឹទ្ធសភា​ថ្នាក់ក្រោម​ជាតិ ប្រចាំ​រដ្ឋ Washington State អញ្ជើញ​ជា​លក្ខណៈ​បុគ្គល​សោះ ក៏​ត្រូវ​សារព័ត៌មាន​លោក ហ៊ុន សែន យក​ទៅ​ផ្សព្វផ្សាយ​ព្រោងព្រាត ឃោសនា​លើកមុខ​មាត់​ផង អាច​ជា​ការ​ធ្វើ​ឲ្យ​សាធារណជន យល់​ច្រលំ ថា​នោះ​ជា​ទស្សនកិច្ច​ផ្លូវការ ក្នុង​ន័យ​ថា អាមេរិក​ទទួលស្គាល់ របប​លោក ហ៊ុន សែន ជាដើម។

ថ្មីៗ​នេះ​ទៀតសោត របប​លោក ហ៊ុន សែន រៀបចំ​ទទួល​ស្វាគមន៍​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​របស់​អាមេរិក គឺ​លោក Doug Ericksen នៃ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត ជា​ផ្លូវការ​យ៉ាង​ហ៊ឹកហ៊ាក់ ទោះ​ទស្សនកិច្ច​នោះ​ជា​លក្ខណៈ​ឯកជន​ក៏ដោយ។ ប្រព័ន្ធ​ឃោសនា​របប​នេះ បាន​ចុះផ្សាយ​ជំនួប​នេះ យ៉ាង​គគ្រឹកគគ្រេង ដែល​ធ្វើ​ឲ្យ​អ្នកវិភាគ រិះគន់​ថា ជា​ការ​ធ្វើឡើង ដើម្បី​ឃោសនា ឲ្យ​មាន​រូបភាព​ភាន់ច្រឡំ ថា​មន្ត្រី​អាមេរិក​គាំទ្រ​របប​នេះ​។ មិនតែប៉ុណ្ណោះ ក្រោយ​លោក Doug Ericksen សរសើរ​របប​នេះ​ជាប្រចាំ របប​នេះ​បាន​ជួល​លោក ជា​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​មួយ​ឆ្នាំ ដើម្បី​ជួយ​កិច្ចការ​បញ្ចុះបញ្ចូល​ផ្សេងៗ ទោះបីជា​លោក​មាន​ឋានៈ​ត្រឹមតែ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​មូលដ្ឋាន ដែល​តំណាង​ឲ្យ​ពលរដ្ឋ​មួយ​ស្រុក នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត ដែល​គ្មាន​តួនាទី​បញ្ចុះបញ្ចូល​កម្រិត​ថ្នាក់​ជាតិ និង​អន្តរជាតិ​យ៉ាងណាក៏ដោយ។

ប្រការ​នេះ ក៏​រង​ការរិះគន់​យ៉ាង​ខ្លាំង ពី​អ្នកវិភាគ​សង្គម និង​នយោបាយ ដែល​ថា​របប​នេះ បង្ហិន​ថវិកា​ជាតិ ឥតប្រយោជន៍ ដើម្បី​គ្រាន់តែ​ចង់​បំភាន់​មតិ​ពលរដ្ឋ​ខ្មែរ ឲ្យ​យល់​ច្រឡំ​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​នេះ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​របស់​ខ្លួន​រួច​ទៅ​ហើយ ចំពោះ​របប​លោក ហ៊ុន សែន។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ប្រទេស​ទាំងនេះ ថ្កោលទោស​របប​លោក ហ៊ុន សែន ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិក ក៏បាន​បញ្ជាក់​ដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នឹង​មិន​ប្រសើរ​ឡើងវិញ​ទេ បើ​របប​ក្រុងភ្នំពេញ មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល