លោក ម៉ៅ សុផាន់ បដិសេធ​ព័ត៌មាន​​​បង្ហោះ​តាម​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច

សារព័ត៌មាន​គាំទ្រ​លោក ហ៊ុន សែន មួយ​កាលពី​ថ្ងៃ​ទី​៣ តុលា បាន​ស្រង់​សម្ដី​របស់​លោក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០​ថា ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​កងពលតូច និង​គណនី​ហ្វេសប៊ុក​របស់ នាយ​ទាហាន​ម្នាក់​នៃ​កងពល​នេះ​ឈ្មោះ យុង ខេមរា ត្រូវ​ជន​អនាមិក​លួច​ចូល​ទៅ​គ្រប់គ្រង។

សារព័ត៌មាន​ដដែល​ផ្សាយ​ថា ជន​អនាមិក បាន​បង្ហោះ​ព័ត៌មាន​មួយ​ចំនួន ដែល​លោក ម៉ៅ សុផាន់ ចាត់ទុកថា​ជា​ព័ត៌មាន​មិន​ពិត។ លោក ម៉ៅ សុផាន់ បាន​ប្រកាស​មិន​ទទួលស្គាល់ ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ទាំងនោះ​ឡើយ។

បច្ចុប្បន្ន ជនអនាមិក បាន​ដក​ព័ត៌មាន​ទាំងអស់​ចេញ ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​កងពល​តូច​លេខ​៧០។ ដោយឡែក គណនី​ហ្វេសប៊ុក​ឈ្មោះ យុង ខេមរា វិញ​ពុំ​ឃើញ​មាន​ព័ត៌មាន​អ្វី​ប្លែក​ខុសធម្មតា​ត្រូវ​បង្ហោះ​ឡើយ ហើយ​ព័ត៌មាន​ចាស់ៗ ដែល​ធ្លាប់​មាន​ពីមុន​គឺ​នៅ​ទីនោះ​ដដែល។

ប៉ុន្តែ ជន​អនាមិក​បាន​ផ្សព្វផ្សាយ​សារ​វីដេអូ​បែក​ធ្លាយ​មួយ​របស់ គណនី​ហ្វេសប៊ុក​ឈ្មោះ យុង ខេមរា អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ គណនី​ហ្វេសប៊ុក​មួយទៀត​ឈ្មោះ ហ៊ុន ម៉ាណែត។ នៅ​ក្នុង​វីដេអូ​នោះ​ក៏​មាន​សារ​ជា​សំឡេង របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ យុង ខេមរា ឆ្លើយឆ្លង នឹង​គណនី​ហ្វេសប៊ុក​ឈ្មោះ ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត និង កញ្ញា យុង ខេមរា នៅ​មិនទាន់​ឆ្លើយតប​នឹង​សំណួរ​របស់​អាស៊ីសេរី ជុំវិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការ​លេច​សារ​ស្នេហា គណនី​ហ្វេសប៊ុក​ឈ្មោះ ហ៊ុន ម៉ាណែត និង យុង ខេមរា នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​៣ តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។