កម្ពុជា​ស្នើ​វៀតណាម​ចាត់​វិធានការ​ចំពោះ​អ្នក​រិះគន់​លោក ហ៊ុន សែន រឿង​សមុទ្រ​ចិន​ខាង​ត្បូង

ដោយ យ៉ង ចាន់តារា
2016-08-28
Share
លី ខឹឈាំង ហ៊ុន សែន ២០១៦ ៨៥៥ នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo AFP
Photo AFP

ក្រសួង​ការ​បរទេស​កម្ពុជា ថ្កោលទោស​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) មួយ​ចំនួន​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ដែល​បាន​ចូល​ទៅ​បញ្ចេញ​យោបល់​ក្នុង​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រសួង​ការ​បរទេស ចាត់​ទុក​សំណេរ​ទាំងនោះ​ថា​ជា​ការ​ជេរ​ប្រមាថ។ ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា។ អ្នក​ឃ្លាំ​មើល​សង្គម​ថ្លែង​ថា ការ​ឆ្លើយ​ឆ្លង​នៅ​លើ​ហ្វេសប៊ុក គឺ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ទុក​មតិ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា​ជា​អំពើ​អសីលធម៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ជាតិ​មួយ​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ បន្ទាប់​ពី​គណនេយ្យ​ទាំងនោះ​បាន​រិះគន់​លោក ហ៊ុន សែន ទាក់ទង​នឹង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រសួង​ការ​បរទេស​កម្ពុជា អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ឲ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​នេះ និង​នាំ​ខ្លួន​ជន​ទាំងនោះ​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រក្សា​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​រវាង​កម្ពុជា និង​វៀតណាម។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណនេយ្យ​ហ្វេសប៊ុក​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម បាន​ចូល​ទៅ​រិះគន់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ទាក់ទង​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

គណនេយ្យ​ហ្វេសប៊ុក​ទាំងនោះ​បាន​សរសេរ​ថា ពួក​គេ​ខក​ចិត្ត​ចំពោះ​ជំហរ​បដិសេធ​របស់​កម្ពុជា ក្នុង​ការ​ដាក់​បញ្ចូល​ខ្លឹមសារ​នៃ​សាលក្រម​តុលាការ​ក្រុង​ឡាអេ ទៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន។ អ្នក​ខ្លះ​សរសេរ​ថា លោក ហ៊ុន សែន ជ្រើសរើស​គោល​នយោបាយ​ការ​បរទេស​លម្អៀង​ទៅ​រក​ចិន ដែល​ផ្តល់​លុយ​ជាច្រើន​ដល់​កម្ពុជា ដែល​ទង្វើ​នេះ​ជា​ការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​ខ្លួន និង​ធ្វើ​ឲ្យ​កម្ពុជា ពឹង​ផ្អែក​លើ​ចិន កាន់​តែ​ខ្លាំង។ អ្នក​ខ្លះ​ទៀត​ប្រៀបធៀប​ថា លោក ហ៊ុន សែន អន់​ជាង​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង លោក គីម ជុង អ៊ុន (Kim Jong-un) ទៅ​ទៀត ដ្បិត​មេ​ដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ហ៊ាន​រិះគន់​ចិន ជា​សាធារណៈ បើ​ទោះ​ខ្លួន​ទទួល​ជំនួយ​ពី​ចិន ជាច្រើន​សន្ធឹកសន្ធាប់​ក្តី។

ជុំវិញ​រឿង​នេះ ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា វា​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កិត្តិយស​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឡើយ។ លោក​ថា ហ្វេសប៊ុក​ជា​វេទិកា​បើក​ចំហ​សម្រាប់​ការ​ឆ្លើយ​ឆ្លង​គ្នា ដូច​នេះ​បើ​សិន​ជា​នាយក​រដ្ឋមន្ត្រី​គិត​ថា​មតិ​យោបល់​ទាំងនោះ​ជា​ការ​រំខាន លោក​អាច​បញ្ជា​ឲ្យ​អ្នក​បច្ចេកទេស​បិទ ឬ​ប្លុក (Block) គណនេយ្យ​ទាំងនោះ​ជា​ការ​ស្រេច«យើង​មិន​អាច​យក​រឿង​ការ​ឆ្លើយ​ឆ្លង​តាម​ហ្វេសប៊ុក​ទៅ​ជា​រឿង​ការទូត​ប្រទេស​ជាតិ​ទេ។ ខ្ញុំ​មើល​ទៅ អ្នក​នយោបាយ​ដូចជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក។ ការ​សម្ដែង​មតិ​តាម​ហ្វេសប៊ុក មិន​ផ្លូវ​ការ​ទាល់​តែ​សោះ ហើយ​បើ​សិន​យើង​មិន​ពេញ​ចិត្ត យើង​ប្លុក (Block) ចោល​ទៅ»

ទាក់ទង​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា កន្លង​ទៅ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ង្វៀន វ៉ាន់ តៃ (Nguyen Van Tai) ដែល​រិះគន់​ជំហរ​របស់​កម្ពុជា និង​ឡាវ ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ថា​ចិន បាន​យក​ប្រទេស​ទាំង​ពីរ​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ខ្លួន។ លោក ហ៊ុន សែន សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា វៀតណាម មិន​មែន​ជា​ចៅហ្វាយ ហើយ​លោក​ក៏​មិន​មែន​ជា​អាយ៉ង​ដែល​ត្រូវ​បម្រើ​ផល​ប្រយោជន៍​វៀតណាម លើ​បញ្ហា​អ្វី​មួយ​នោះ​ដែរ៖ «ខ្ញុំ​សង្ឃឹម​ថា មេ​ដឹកនាំ​វៀតណាម នឹង​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​របស់​ខ្ញុំ​នេះ ហើយ​អប់រំ​ពលរដ្ឋ​វៀតណាម កុំ​ឲ្យ​រំខាន​ដល់​ខ្ញុំ​ត​ទៅ​ទៀត ព្រោះ​រយៈពេល​កន្លង​ទៅ​នេះ មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​បាន​ចូល​មក​និយាយ​មិន​ត្រឹមត្រូវ​ចំពោះ​ខ្ញុំ​លើ​ទំព័រ​ហ្វេសប៊ុក​ខ្ញុំ ក៏ដូចជា​ប្រជាជន​កម្ពុជា របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​សាជាថ្មី​ថា ខ្ញុំ​ជា​មេ​ដឹកនាំ​កម្ពុជា ដែល​មាន​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី ដែល​ស្មើ​ភាព និង​ស្មើ​សិទ្ធិ​ជាមួយ​ប្រទេស​ទាំងអស់ រាប់​ទាំង​ជាមួយ​នឹង​វៀតណាម ផង​ដែរ»

អ្នក​ស្រាវជ្រាវ​ខាង​នយោបាយ​ការ​បរទេស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន កត់​សម្គាល់​ថា ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​ក្នុង​តំបន់ តម្រូវ​ឲ្យ​កម្ពុជា ដាក់​ចេញ​នូវ​ជំហរ​ការ​បរទេស​ច្បាស់លាស់​ជាមួយ​វៀតណាម ដែល​មិន​មែន​ត្រឹម​តែ​ជា​ការ​និយាយ។ នោះ​ជា​ការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទាក់ទង​នឹង​បញ្ហា​ព្រំដែន អធិបតេយ្យភាព បូរណភាព​ដែន​ដី និង​បញ្ហា​អន្តោប្រវេសន៍​វៀតណាម ដ៏​ស្មុគស្មាញ«មេ​ដឹកនាំ​ប្រទេស​យើង​គ្រាន់​តែ​និយាយ ហើយ​គ្មាន​វិធានការ​អ្វី​ឲ្យ​ពិត​ប្រាកដ ដោះស្រាយ​បញ្ហា​ហ្នឹង​មិន​បាន​ទេ គឺ​មិន​កើត​ទេ។ មិន​កើត​នៅ​ត្រង់​ថា ប្រជាជន​ខ្មែរ គឺ​ហួស​ពី​ការ​អត់​ទ្រាំ​នៅ​ក្នុង​ការ​ទទួល​ការ​ប្រមាថ​ពី​បរទេស​ណា​មួយ​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ដែន​ដី​ខ្លួន​ឯង។ ដូច្នេះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​ត្រឹម​តែ​ឆ្លើយ​នូវ​ចម្លើយ​ដែល​ប្រជាជន​ខ្មែរ​ចង់​ស្តាប់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ការងារ​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង»

អ្នក​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ស្រប​គ្នា​ថា ការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ជាមួយ​វៀតណាម ឲ្យ​ចេញ​ជា​ផ្លែផ្កា និង​អាច​ទទួល​យក​បាន​ពី​សាធារណជន នឹង​ផ្តល់​ប្រយោជន៍​សំខាន់​ពីរ​យ៉ាង គឺ​ប្រយោជន៍​នយោបាយ និង​ប្រយោជន៍​ជាតិ។

ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១ ដល់​ខែ​សីហា ឆ្នាំ​២០១៦ រដ្ឋាភិបាល​ក្រុង​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត និង​លិខិត​តវ៉ា​ទៅ​រដ្ឋាភិបាល​ក្រុង​ហាណូយ ស្ដីពី​ការ​រំលោភ​បំពាន​របស់​វៀតណាម នៅ​តាម​ព្រំដែន​ចំនួន​ប្រមាណ ២៣​លើក​ហើយ។ កំណត់​ទូត​ចុង​ក្រោយ​ដែល​ផ្ញើ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ស្ដីពី​ការ​សាងសង់​ប៉ុស្តិ៍​យាម​នៅ​តំបន់​ស ក្នុង​ខេត្ត​រតនគិរី ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ សីហា កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​រម្លឹក​វៀតណាម រឿង​រំលោភ​បំពាន​ទឹក​ដី​កម្ពុជា។ ភាគី​ទាំង​ពីរ​គ្រោង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ដើម្បី​ពិភាក្សា​ពី​សេចក្ដី​ព្រាង​លិខិត​ស្នើសុំ​អន្តរាគមន៍ ផ្នែក​បច្ចេកទេស​ព្រំដែន​ពី​ប្រទេស​បារាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល