ក្រសួង​យុត្តិធម៌​ពិនិត្យ​បញ្ជី​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរបន្ថយ​និង​លើកលែង​ទោស​ពេល​ចូល​ឆ្នាំ

ដោយ ឡេង ម៉ាលី
2017-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​យុត្តិធម៌
ក្រសួង​យុត្តិធម៌
RFA/Sek Bandith

ក្រសួង​យុត្តិធម៌ នៅ​រសៀល​ថ្ងៃ​ទី​៣០ មីនា បាន​ពិនិត្យ​បញ្ជី​ទណ្ឌិត និង​ពិចារណា​លើ​ការ​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ មីនា បាន​បញ្ចប់​ការ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ចំនួន​១២ ដែល​គណៈកម្មការ​នៅ​ថ្នាក់​ខេត្ត ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​អ្នក​ទោស៖ «យើង​បាន​ពិនិត្យ​ទៅ​លើ​សំណើ​របស់​គណៈកម្មការ (ពន្ធនាគារ) ខេត្ត​នោះ​ចំនួន​១២ ហើយ​អ្វី​ដែល​នៅ​សល់ គឺ​សំណើ​គណៈកម្មការ​ពន្ធនាគារ​ថ្នាក់​ខេត្ត​ចំនួន​៥ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ដែល​នៅ​សល់​សម្រាប់​ប្រជុំ​នៅ​ថ្ងៃ​ស្អែក»

ការ​ពិនិត្យ​បញ្ជី​បាន​ចំនួន​១២ នេះ គឺ​ក្នុង​ចំណោម​បញ្ជី​ស្នើសុំ​ពី​គណៈកម្មការ​ពន្ធនាគារ​នៅ​ថ្នាក់​ខេត្ត​ទូទាំង​ប្រទេស​សរុប​ចំនួន​១៧ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ដែល​បាន​សុំ​មក​គណៈកម្មការ​ថ្នាក់​ជាតិ។ ទណ្ឌិត​ដែល​មាន​នៅ​ក្នុង​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ទាំងនេះ មាន​ចំនួន​សរុប ៣៩១​នាក់ ក្នុង​ចំនួន​នេះ​មាន​ទណ្ឌិត​ចំនួន ២៤​នាក់​ជា​ស្ត្រី។ ទណ្ឌិត​ចំនួន ៣១៤​រូប​ជា​អ្នក​ស្នើសុំ​បន្ធូរបន្ថយ​ទោស ហើយ​ទណ្ឌិត​ចំនួន ៧៧​រូប ស្នើសុំ​លើកលែង​ទោស។

ទោះ​ជា​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​បាន​បញ្ជី​ចំនួន​១២ ហើយ​ក្ដី ក៏​លោក គឹម សន្តិភាព នៅ​ល្ងាច​ថ្ងៃ​ដដែល នៅ​មិន​ទាន់​អាច​បញ្ជាក់​ចំនួន​ទណ្ឌិត​ដែល​គណៈកម្មការ​ថ្នាក់​ជាតិ​សម្រេច​ហើយ​នៅ​ឡើយ​ទេ៖ «ចំនួន​មនុស្ស​ដែល​ពិនិត្យ​បាន ខ្ញុំ​អត់​ទាន់​បាន​បូក​សរុប​នៅ​ឡើយ​ទេ។ រង់ចាំ​ស្អែក ហើយ​ក្រោយ​កិច្ច​ប្រជុំ មាន​លទ្ធផល​ផ្លូវ​ការ ខ្ញុំ​នឹង​ជម្រាប​ជូន»

លោក​បញ្ជាក់​ថា គណៈកម្មការ​ជាតិ​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ ហើយ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​៣១ មីនា។

ការ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​សម្រាប់​ទណ្ឌិត ត្រូវ​បាន​វាយ​តម្លៃ​ដោយ​គណៈកម្មការ​ពន្ធនាគារ​នៅ​តាម​ខេត្ត និង​គណៈកម្មការ​ថ្នាក់​ជាតិ ហើយ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​បន្ធូរបន្ថយ និង​លើកលែង​ទោស​ពី​ព្រះអង្គ។ កម្មវិធី​នេះ គេ​តែង​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ ដូចជា​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បុណ្យ​វិសាខ​បូជា និង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ជាដើម។

មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា ឲ្យ​ដឹង​ថា តួលេខ​អ្នក​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ២​ម៉ឺន ៤​ពាន់​នាក់។ ទាក់ទង​នឹង​ការ​ស្នើសុំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ព្រោះ​លោក​ថា ការងារ​នេះ​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​គណៈកម្មការ​ពិនិត្យ​បញ្ជី​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល