មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា លោក សម រង្ស៊ី មិនបានលុបគម្រោងវិលទៅស្រុកខ្មែរទេ
2019.02.23
អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា ដំណើរវិលត្រឡប់ទៅស្រុកខ្មែរវិញរបស់ លោក សម រង្ស៊ី ពិតជាមានសារសំខាន់ និងមិនបានលុបចោលនោះឡើយ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ការវិលត្រឡប់របស់ប្រធានស្តីទី និងមន្ត្រីគណបក្សប្រឆាំង ទៅស្រុកខ្មែរនេះ គឺដើម្បីទៅតស៊ូក្នុងការបុព្វហេតុ ដោះស្រាយបញ្ហាចំណាកស្រុក បញ្ហាគ្មានទីផ្សារលក់កសិផលរបស់កសិករ បញ្ហាកាប់បំផ្លាញព្រៃឈើ អំពើពុករលួយក្នុងជួរមន្ត្រីរបបលោក ហ៊ុន សែន បញ្ហាគុណភាពអប់រំ បញ្ហាព្រំដែន អន្តោប្រវេសន៍ដែលមានលំហូរជនជាតិចិន និងវៀតណាមហូរចូលយ៉ាងគំហុក និងបញ្ហាសុខភាពកុមារ និងស្ត្រីជាដើម «ខ្ញុំសូមជម្រាបថា ក្នុងនាមខ្ញុំជាអ្នកចូលរួម ក្នុងការរៀបចំផែនការជូនដំណើរលោកប្រធានស្តីទី សម រង្ស៊ី អញ្ជើញទៅប្រទេសកម្ពុជាវិញនេះ ការប្រជុំរបស់យើង នៅប្រជុំប្រចាំថ្ងៃ។ យប់នេះយើងប្រជុំទៀតហើយ។ សូមអរគុណក្មួយនៅប្រទេសថៃ កូរ៉េ ជប៉ុន ដែលកំពុងប្រជុំ ទោះរវល់ការងារប្រចាំថ្ងៃយ៉ាងណាក្តី។ ការត្រឡប់ទៅវិញរបស់លោកប្រធានស្តីទី សម រង្ស៊ី អត់មានផ្លាស់ប្តូរអ្វីទាល់តែសោះ។ សូមបងប្អូនជ្រាបថា អ្នកដែលផ្តល់ព័ត៌មានថា លោក សម រង្ស៊ី ផ្អាកការវិលត្រឡប់ទៅវិញនេះ គឺចេញពីព័ត៌មាននៃគណបក្សប្រជាជនកម្ពុជា បង្ហាញថាជាព័ត៌មានមិនពិត ក្លែងក្លាយ ដោយខ្លាចការវិលត្រឡប់ទៅវិញរបស់លោក សម រង្ស៊ីប៉ុណ្ណោះ។»
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយព្រោងព្រាតភ្លាមៗ ក្រោយការចេញផ្សាយលើហ្វេសប៊ុក (Facebook) របស់លោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ដោយអះអាងថា លោក សម រង្ស៊ី បានបោះបង់ចោលការភ្នាល់ជាមួយនាយករដ្ឋមន្ត្រីនៃរបបឯកបក្សលោក ហ៊ុន សែន ហើយ ដោយសារលោក សម រង្ស៊ី ហៅការភ្នាល់គ្នានោះ ថា ក្លាយជាមោឃៈ ព្រោះលោកអះអាងថា លោក ហ៊ុន សែន បានកែប្រែលក្ខខណ្ឌនៃការភ្នាល់ជាឯកតោភាគី តាមតែអំពើចិត្ត។
ការភ្នាល់គ្នារវាងលោក សម រង្ស៊ី និង លោក ហ៊ុន សែន អំពីការដោះលែងប្រធានគណបក្សសង្គ្រោះជាតិនេះ រងការរិះគន់ ថា ជារឿងគ្មានគុណធម៌។ ប៉ុន្តែ លោក ហ៊ុន សែន ថាលោកត្រូវទទួលព្រមតាមការភ្នាល់នេះ ដោយសារលោក សម រង្ស៊ី រុញលោកឱ្យផ្ទប់នឹងជញ្ជាំង។ ចំណែកលោក សម រង្ស៊ី អះអាងថា ការភ្នាល់គ្នានេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន ដឹកនាំប្រទេសតាមបែបផ្តាច់ការ និងត្រួតត្រាលើប្រព័ន្ធតុលាការ ដោយឥតប្រកែកបាន។
លោក សម រង្ស៊ី និងលោក ហ៊ុន សែន បានភ្នាល់គ្នា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដោយលោក សម រង្ស៊ី សរសេរសារតាមហ្វេសប៊ុកលោកនៅពេលនោះថា លោកសុខចិត្តដើរចូលឱ្យលោក ហ៊ុន សែន ចាប់ បើលោក កឹម សុខា មិនត្រូវបានដោះលែងមុនថ្ងៃទី៣ ខែមីនា ខាងមុខនេះ។ លោក ហ៊ុន សែន ឯណោះវិញ ថារឿងដោះលែងលោក កឹម សុខា នេះ គឺទាល់តែចាំសេះដុះស្នែង។ លោកអះអាងបន្ថែមថា បើដោះលែងលោក កឹម សុខា មុនថ្ងៃទី៣ ខែមីនា មែន លោកសុខចិត្ត ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។
ស្របពេលដែលឧសានវាទ នៃការភ្នាល់គ្នានេះកាន់តែកៀកជិតចូលមកដល់ សកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស កំពុងរៀបចំពិធីរៃអង្គាសថវិកា ដើម្បីទ្រទ្រង់ និងផ្គត់ផ្គត់ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សនេះ។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់គណបក្សនេះ ក្នុងចំណោមទាំង ១១៨ នាក់ ទាំងមន្ត្រីដែលមិនចាកចេញពីប្រទេសកម្ពុជា និងមន្ត្រីដែលបាននិរទ្ទេសខ្លួនទៅក្រៅប្រទេស សុទ្ធតែរងការហាមឃាត់សិទ្ធិធ្វើនយោបាយ ដោយសារការរម្លាយគណបក្សសង្គ្រោះជាតិនោះ។
ទោះបីថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ អំពីនីតិវិធីក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក៏អ្នកស្រី មូរ សុខហួរ បញ្ជាក់ជំហរដាច់ខាតថា មន្ត្រីគណបក្សសង្គ្រោះជាតិ នឹងមិនស្នើសុំសិទ្ធិធ្វើនយោបាយនេះវិញទេ។ ផ្ទុយទៅវិញ អ្នកស្រីថា មានតែគណបក្សសង្គ្រោះជាតិទៅវិញទេ ដែលត្រូវដាក់លក្ខខណ្ឌឱ្យរបបលោក ហ៊ុន សែន ផ្តល់សិទ្ធិសេរីភាពផ្នែកនយោបាយ មកឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់មកវិញ ឱ្យស្របតាមឆន្ទៈរាស្ត្រម្ចាស់ឆ្នោត ជាងបីលាននាក់ ដែលបានបោះឆ្នោតឱ្យគណបក្សប្រឆាំងកន្លងមក «យើងខ្ញុំមិនដូរជំហរជាដាច់ខាត។ ផ្ទុយទៅវិញ យើងខ្ញុំចង់ឃើញថា យើងអាចជជែកគ្នា។ នៅក្នុងគណបក្សប្រជាជនកម្ពុជា យើងជឿជាក់ច្បាស់ណាស់ថា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលគិតពីផលប្រយោជន៍រួម ដែលមិនមែនជាផលប្រយោជន៍រួមរបស់បុគ្គលលោក សម រង្ស៊ី ឬ លោក កឹម សុខា នោះទេ>>។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ធ្លាប់លើកឡើងប្រាប់អាស៊ីសេរី ថា លោក សម រង្ស៊ី គួរតែវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកអះអាងថា ពេលវេលាដ៏សមស្របបំផុត ដែលលោក សម រង្ស៊ី គួរវិលត្រឡប់ទៅវិញនោះ គឺកន្លងផុតបាត់ទៅហើយ ព្រោះលោកថា បើទៅមុនសហភាពអឺរ៉ុប កំណត់ថ្ងៃចាប់ផ្តើមនីតិវិធីព្យួរ ឬដកការអនុគ្រោះពន្ធ EBA កាលពីថ្ងៃទី១១ ខែកុម្ភៈ អាចជាវេលាល្អ និងមិនសូវមានគ្រោះថ្នាក់។
ចំណែកឯលោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីដើមខែកុម្ភៈ ដោយលើកទឹកចិត្តឱ្យលោក សម រង្ស៊ី វិលទៅស្រុកខ្មែរវិញ។ លោកថា លោក សម រង្ស៊ី ត្រូវវិលតាមសន្យា បើជាមនុស្សគេយកសម្តី ហើយរដ្ឋាភិបាលត្រូវធានាការពារសុវត្ថិភាពលោក សម រង្ស៊ី៕