មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា លោក សម រង្ស៊ី មិន​បាន​លុប​គម្រោង​វិល​ទៅ​ស្រុក​ខ្មែរ​ទេ

ដោយ មួង ណារ៉េត
2019.02.23
សម រង្ស៊ី រដ្ឋសភា ៦២០ តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​កិច្ច​ប្រជុំ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។
Photo: RFA

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី២៣ ខែ​កុម្ភៈ ថា ដំណើរ​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​របស់ លោក សម រង្ស៊ី ពិត​ជាមាន​សារសំខាន់ និង​មិន​បាន​លុបចោល​នោះ​ឡើយ

អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ការ​វិលត្រឡប់​របស់​ប្រធាន​ស្តីទី និង​មន្ត្រី​គណបក្ស​ប្រឆាំង ទៅ​ស្រុក​ខ្មែរ​នេះ គឺ​ដើម្បី​ទៅ​តស៊ូ​ក្នុងការ​បុព្វហេតុ ដោះស្រាយ​បញ្ហា​ចំណាកស្រុក បញ្ហា​គ្មាន​ទីផ្សារ​លក់​កសិផលរ​បស់​កសិករ បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​របប​លោក ហ៊ុន សែន បញ្ហា​គុណភាព​អប់រំ បញ្ហា​ព្រំដែន អន្តោប្រវេសន៍​ដែលមាន​លំហូរ​ជនជាតិ​ចិន និង​វៀតណាម​ហូរ​ចូល​យ៉ាង​គំហុក និង​បញ្ហា​សុខភាព​កុមារ និង​ស្ត្រី​ជាដើម «ខ្ញុំ​សូម​ជម្រាប​ថា​ ក្នុង​នាម​ខ្ញុំ​ជា​អ្នកចូល​រួម​ ក្នុងការ​រៀបចំ​ផែនការជូន​ដំណើ​រ​លោក​ប្រធាន​ស្តីទី សម រង្ស៊ី អញ្ជើញ​ទៅ​ប្រទេស​កម្ពុជាវិញនេះ ការ​ប្រជុំរបស់​យើង​ នៅប្រជុំ​ប្រចាំ​ថ្ងៃ។ យប់​នេះ​យើង​ប្រជុំទៀតហើយ។ សូម​អរគុណក្មួយ​នៅ​ប្រទេស​ថៃ កូរ៉េ ជប៉ុន ដែល​កំពុង​ប្រជុំ​ ទោះ​រវល់​ការ​ងារ​ប្រចាំថ្ងៃយ៉ាង​ណាក្តី។ ការ​ត្រឡប់​ទៅវិញ​របស់​លោក​ប្រធានស្តីទី​ សម រង្ស៊ី អត់​មាន​ផ្លាស់​ប្តូរ​អ្វីទាល់តែសោះ។ សូមបងប្អូន​ជ្រាប​ថា អ្នកដែលផ្តល់​ព័ត៌មាន​ថា លោក សម រង្ស៊ី ផ្អាក​ការ​វិលត្រឡប់​ទៅវិញនេះ គឺចេញពីព័ត៌មាននៃ​​គណបក្សប្រជាជនកម្ពុជា​ បង្ហាញ​ថា​ជា​ព័ត៌មាន​មិន​ពិត ក្លែង​ក្លាយ ដោយ​ខ្លាចការវិលត្រឡប់​ទៅវិញ​របស់​លោក សម រង្ស៊ីប៉ុណ្ណោះ។»

ប្រព័ន្ធ​ឃោសនា​របស់លោក ហ៊ុន សែន បាន​ចុះផ្សាយ​ព្រោងព្រាត​ភ្លាមៗ ក្រោយ​ការ​ចេញផ្សាយ​លើ​ហ្វេសប៊ុក (Facebook) របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី២០ ខែ​កុម្ភៈ ដោយ​អះអាងថា លោក សម រង្ស៊ី បាន​បោះបង់​ចោលការ​ភ្នាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​របប​ឯក​បក្ស​លោក ហ៊ុន សែន ហើយ ដោយសារ​លោក សម រង្ស៊ី ហៅ​ការ​ភ្នាល់​គ្នា​នោះ ថា ក្លាយជា​មោ​ឃៈ ព្រោះ​លោក​អះអាងថា លោក ហ៊ុន សែន បាន​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ភ្នាល់​ជា​ឯកតោភាគី តាមតែ​អំពើ​ចិត្ត។

ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង លោក ហ៊ុន សែន អំពី​ការដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ រង​ការរិះគន់ ថា ជា​រឿង​គ្មាន​គុណធម៌។ ប៉ុន្តែ លោក ហ៊ុន សែន ថា​លោក​ត្រូវ​ទទួលព្រម​តាម​ការ​ភ្នាល់​នេះ ដោយសារ​លោក សម រង្ស៊ី រុញ​លោក​ឱ្យ​ផ្ទប់​នឹង​ជញ្ជាំង​។ ចំណែក​លោក សម រង្ស៊ី អះអាងថា ការ​ភ្នាល់​គ្នា​នេះ បង្ហាញ​ឱ្យ​ឃើញ​កាន់តែច្បាស់​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​តាមបែប​ផ្តាច់ការ និង​ត្រួតត្រា​លើ​ប្រព័ន្ធតុលាការ ដោយ​ឥត​ប្រកែក​បាន។

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ភ្នាល់​គ្នា កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​លោក សម រង្ស៊ី សរសេរ​សារ​តាម​ហ្វេសប៊ុក​លោកនៅ​ពេល​នោះ​ថា លោក​សុខចិត្ត​ដើរចូល​ឱ្យ​លោក ហ៊ុន សែន ចាប់ បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​មុន​ថ្ងៃទី៣ ខែ​មីនា ខាងមុខនេះ​។ លោក ហ៊ុន សែន ឯណោះ​វិញ ថា​រឿង​ដោះលែង​លោក កឹម សុខា នេះ គឺ​ទាល់តែ​ចាំ​សេះ​ដុះ​ស្នែង​។ លោក​អះអាង​បន្ថែម​ថា បើ​ដោះលែង​លោក កឹម សុខា មុន​ថ្ងៃ​ទី៣ ខែ​មីនា មែន លោក​សុខចិត្ត ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី។

ស្របពេល​ដែល​ឧសានវាទ នៃ​ការ​ភ្នាល់​គ្នា​នេះ​កាន់តែ​កៀក​ជិត​ចូលមក​ដល់ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅក្រៅ​ប្រទេស កំពុង​រៀបចំ​ពិធី​រៃអង្គាស​ថវិកា ដើម្បី​ទ្រទ្រង់ និង​ផ្គត់​ផ្គត់​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​នេះ។

ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ ក្នុង​ចំណោម​ទាំង ១១៨ នាក់ ទាំង​មន្ត្រី​ដែល​មិន​ចាក​ចេញពី​ប្រទេស​កម្ពុជា និង​មន្ត្រី​ដែល​បាន​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស សុទ្ធតែ​រង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ដោយសារ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

ទោះបី​ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ណែនាំ អំពី​នីតិវិធី​ក្នុងការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក៏​អ្នកស្រី មូរ សុខហួរ បញ្ជាក់​ជំហរ​ដាច់ខាត​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​វិញ​ទេ។ ផ្ទុយទៅវិញ អ្នកស្រី​ថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេ ដែល​ត្រូវ​ដាក់​លក្ខខណ្ឌ​ឱ្យ​របប​លោក ហ៊ុន សែន ផ្តល់​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ មក​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់​មកវិញ ឱ្យ​ស្របតាម​ឆន្ទៈ​រាស្ត្រ​ម្ចាស់ឆ្នោត ជាង​បី​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំងកន្លង​មក «យើង​ខ្ញុំ​មិន​ដូរ​ជំហរ​ជាដាច់ខាត។ ផ្ទុយទៅវិញ យើង​ខ្ញុំ​ចង់​ឃើញថា យើង​អាច​ជជែក​គ្នា។ នៅក្នុង​គណបក្សប្រជាជនកម្ពុជា យើង​ជឿជាក់ច្បាស់ណាស់​​ថា នៅក្នុង​ជួរ​គណបក្ស​ប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលគិត​ពីផលប្រយោជន៍រួម ដែលមិនមែនជាផលប្រយោជន៍​រួម​របស់​បុគ្គល​លោក សម រង្ស៊ី ឬ លោក កឹម សុខា​ នោះទេ>>។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ធ្លាប់​លើកឡើង​ប្រាប់​អាស៊ីសេរី ថា លោក សម រង្ស៊ី គួរតែ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ឱ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ លោក​អះអាងថា ពេល​វេលា​ដ៏​សមស្រប​បំផុត ដែល​លោក សម រង្ស៊ី គួរ​វិលត្រឡប់​ទៅវិញ​នោះ គឺ​កន្លងផុត​បាត់ទៅហើយ ព្រោះ​លោក​ថា បើ​ទៅមុន​សហភាព​អឺរ៉ុប កំណត់​ថ្ងៃ​ចាប់ផ្តើម​នីតិវិធី​ព្យួរ ឬ​ដក​ការអនុគ្រោះ​ពន្ធ EBA កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ អាច​ជា​វេលា​ល្អ និង​មិន​សូវ​មាន​គ្រោះថ្នាក់​

ចំណែកឯ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ដើម​ខែ​កុម្ភៈ ដោយ​លើកទឹកចិត្ត​ឱ្យ​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ។ លោក​ថា លោក សម រង្ស៊ី ត្រូវ​វិល​តាម​សន្យា បើជា​មនុស្ស​គេ​យកសម្តី ហើយ​រដ្ឋាភិបាល​ត្រូវ​ធានា​ការពារ​សុវត្ថិភាព​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។