អ្នក​វិភាគ​និង​សង្គម​ស៊ីវិល​ខ្លះ​រិះគន់​រដ្ឋសភា​ថា​នឹង​រង​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​នៅ​ពេល​ខាង​មុខ

ដោយ សេក បណ្ឌិត
2017-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
Photo: RFA

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា តំណាងរាស្ត្រ​ថ្មី​ដែល​បាន​ចូល​ទៅ​អង្គុយ​លើ​កៅអី​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា​នោះ នឹង​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ថ្ងៃ​អនាគត បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខិតខំ​ប៉ះប៉ូវ​ចុះឡើង​ធ្វើ​​អោយ​រដ្ឋសភា​ថ្មី​មើល​ទៅ​ស្របច្បាប់​​ក៏​ដោយ​ចុះ។

​ប្រធាន​បណ្ដាញ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា បើ​ទោះ​បី​រដ្ឋ​សភា​ថ្មី​ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​ដើម្បី​បង្គ្រប់​កិច្ច​ឲ្យ​រដ្ឋាភិបាល​ស្របច្បាប់ បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក្ដី ក៏​ប៉ុន្តែ​សភា​មួយ​នេះ នឹង​ត្រូវ​ប្រឈម​ជាមួយ​សហគមន៍​អន្តរជាតិ​ជា​ពុំ​ខាន ព្រោះ​ជា​រដ្ឋសភា​ថ្មី​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «យើង​នៅ​តែ​មើល​ឃើញ​ផល​ប៉ះពាល់​ជុំវិញ​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា និង​ឥទ្ធិពល​ការសម្រេច​ដៃ​គួរ​ម្ចាស់​ជំនួយ​ដែល​ធ្លាប់​ផ្ដល់​ឲ្យ​កម្ពុជា ក្នុង​លក្ខខណ្ឌ​លើក​តម្កើង​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ ដូច្នេះ​បើ​ម្ចាស់​ជំនួយ​គេ​សម្រេច​ថ្មី​បញ្ហា​ជំនួយ​មក​កម្ពុជា គឺ​វា​ជា​ការ​ប៉ះពាល់​ហើយ»

​ចំណែក​ឯ​មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា អះអាង​ថា រដ្ឋ​សភា​ថ្មី​នេះ អាច​ដំណើរការ​ស្រប​ច្បាប់​ទៅ​មុខ​បាន​មួយ​ចម្អិន​កំពឹស គឺ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៨ នឹង​ត្រូវ​ផុត​សុពលភាព​របស់​ខ្លួន​ហើយ។

លោក យឿង សុធារ៉ា អះអាង​ទៀត​ថា ក្រោយ​ពេល​តំណាងរាស្ត្រ​ដែល​ចូល​កាន់​ថ្មីថ្មោង​នេះ​អស់​សុពលភាព ពេល​នោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​តែ​ប្រកាស​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ជាបន្ទាន់ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ថ្មី​មក​ជំនួស​ឲ្យ​តំណាងរាស្ត្រ​ចាស់៖ «ហេតុ​ផ្សេង​ក្រៅ​ពី​នោះ​អាច​នឹង​មាន​ការ​រិះគន់ ដូចជា​កើត​ចលាចល​ធ្ងន់ធ្ងរ​មាន​ប្រដាប់​អាវុធ​អី​កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩២ និង​៩១ និង​ឆ្នាំ​១៩៩៧ ជាដើម គេ​អាច​ពន្យារ​ពេល​ការ​បោះឆ្នោត​បាន ដោយសារ​តែ​មាន​ការ​ប្រឈម​គ្នា​រវាង​ប្រជាជន និង​ប្រជាជន ដោយ​ស្ថានភាព​នោះ​ធ្ងន់ធ្ងរ ដែល​គេ​មើល​ឃើញ​ថា ការ​បោះឆ្នោត​មិន​អាច​រៀបចំ​ទៅ​កើត​ទេ»

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្រេច​យក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពលរដ្ឋ​បោះឆ្នោត​អោយ​ចំនួន ៥៥ ទៅ​បែងចែក​អោយ​គណបក្ស​តូចៗ​មិន​ជាប់​ឆ្នោត​ចំនួន​៣ និង​គណបក្ស​ប្រជាជន​កម្ពុជា។

​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក​បណ្ឌិត មាស នី បាន​ប្រៀបប្រដូច​សមាជិក​រដ្ឋសភា​ដែល​ទើប​ប្រសូតិ​ថ្មីថ្មោង​នោះ​ថា គ្រាន់តែ​ជា​ការ​ចូល​បំពេញ​សម្ល​ដែល​ខ្វះ​គ្រឿង​ប៉ុណ្ណោះ។ លោក​ថា នៅ​ពេល​តំណាងរាស្ត្រ​ថ្មី​ទាំង​នោះ​ចាប់​ផ្ដើម​ដំណើរ​ការងារ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា ធ្លាក់​ចុះ ពីព្រោះ​រដ្ឋាភិបាល​ត្រូវ​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​រូប​នេះ​លើកឡើង​ទៀត​ថា ការ​សម្រេច​ធ្វើ​ដូច្នេះ​ទំនង​រដ្ឋាភិបាល​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គឺ​ជា​រដ្ឋាភិបាល​ស្របច្បាប់៖ «សភា​ដែល​នៅ​ក្រោយ​ការ​គ្រប់គ្រង​ដែល​ទើប​បង្កើត​ថ្មី​នេះ​បើ​និយាយ​ពី​យន្តហោះ​គឺ​មាន​តែ​ស្លាប​មួយ​ចំហៀង​ទេ មួយ​ចំហៀង​ទៀត​មិន​អាច​ទទួល​ស្គាល់​ថា ជា​តំណាងរាស្ត្រ​បាន​ទេ ក្រុម​សភា​ចូល​ទៅ​ថ្មី​គ្រាន់​តែ​ជា​ក្រុម​បក្ស​មួយ រៀបចំ​ឡើង​ដើម្បី​ឲ្យ​ទៅ​ទទួល​យក​អាសនៈ​ទេ ប៉ុន្តែ​បើ​ឲ្យ​ត្រូវ​ថា តំណាងរាស្ត្រ​នោះ​គឺ​ពួកគាត់​មិន​មែន​ប្រជាពលរដ្ឋ​ជ្រើសតាំង​ឲ្យ​ទេ»

​សមាជិក​រដ្ឋសភា​ថ្មី ទាំង ៥៥​រូប​នោះ គឺ​ចំនួន ៤១​រូប មក​ពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២​រូប មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា ១​រូប មក​ពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង ១១​រូប​ទៀត​ត្រូវ​បាន​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមូល​យក​ខ្លួន​ឯង​តែង​ម្ដង ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​លាន់​កងរំពង​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក និង​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។ សមាជិកសភា​ថ្មី​ទាំង​នេះ​បាន​ទទួល​តំណែង​ដោយសារ​តែ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​រដ្ឋាភិបាល​បាន​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឱ្យ​គណបក្ស​នយោបាយ ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ​កាល​ពី​ឆ្នាំ​២០១៣។

​ទន្ទឹម​គ្នា​នេះ ចាប់​ពី​រដ្ឋសភា​ប្រកាស​សុពលភាព​របស់​តំណាងរាស្ត្រ​ថ្មី​ទាំង ៥៥​រូប​នោះ​មក ក៏​មាន​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​រក​វិធាន​ការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ប្រទេស​ទាំង​នោះ​រួម​មាន សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប និង​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី ជាដើម។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក៏​បាន​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ដែល​ពួកគេ​រស់​នៅ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​ដោះលែង​លោក កឹម សុខា អ្នក​ទោស​នយោបាយ និង​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បើក​ដំណើរ​ដូច​ដើម​ឡើង​វិញ ព្រមទាំង​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សុក្រឹត ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គួរអោយអាម៉ាស់ណាស់ នៅលើពិភពលោក នៅប្រទេសកម្ពុជា មាន រដ្ឋសភាចោរ ($ ប្លន់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋកន្លះប្រទេស $)

Dec 01, 2017 11:59 PM

គេហទំព័រ​ទាំងមូល