គ.ជ.ប បង្ហាញបញ្ជីឈ្មោះផ្លូវការនៃសមាជិកក្រុមប្រឹក្សាជាង ១ម៉ឺននាក់ក្នុងអាណត្តិទី៣

បញ្ជីឈ្មោះផ្លូវការបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ មានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែង ចំនួនជាងមួយម៉ឺន (១១.៥៧២)នាក់។ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតបក្សសង្គ្រោះជាតិខេត្តកំពង់ធំ ចាត់ទុកការបោះឆ្នោតនេះថា ជាការបង្គ្រប់កិច្ច ធ្វើឱ្យតែល្អមើល គ្មានប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ ឧសភាថា អង្គបោះឆ្នោតជាង ១ម៉ឺននាក់ សុទ្ធជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែងបច្ចុប្បន្ន ពោលគឺគ្មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិទេ។
លោកពន្យល់ថា នីតិវិធីសម្រាប់បោះឆ្នោតអសកលនេះ គឺអង្គបោះឆ្នោតទាំងនោះ ជាតំណាងប្រជាពលរដ្ឋ ហើយម្នាក់ៗ មានសន្លឹកឆ្នោត ២សន្លឹក។ អង្គបោះឆ្នោត នឹងទទួលបានសន្លឹកឆ្នោតពណ៌លឿង គឺសម្រាប់ជ្រើសរើសក្រុមប្រឹក្សាស្រុកក្រុងខណ្ឌ ហើយពេលបោះរួច អង្គបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតពណ៌សមួយទៀត ហើយត្រូវបោះម្ដងទៀត គឺជ្រើសក្រុមប្រឹក្សារាជធានីខេត្ត។ បន្ទាប់មកអង្គបោះឆ្នោត នឹងត្រូវជ្រលក់ដៃនឹងទឹកថ្នាំពណ៌ខ្មៅ បញ្ចប់ការបោះឆ្នោត។
លោកបញ្ជាក់ថា ក្នុងមួយស្រុក គឺមានមួយការិយាល័យបោះឆ្នោត។ ការិយាល័យបោះឆ្នោតសរុប គឺមានចំនួន២០៣ ការិយាល័យទូទាំងប្រទេស។ ចំណែកសម្ភារៈបម្រើការបោះឆ្នោត បានបញ្ជូនទៅដល់ទីតាំងអស់ហើយ នៅឡើយតែសន្លឹកឆ្នោត នឹងត្រូវបញ្ជូនទៅនៅកំឡុងថ្ងៃទី២៤ ឬ ២៥ឧសភា។
លោកបន្តថា ចំនួនអ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ នេះ មានអង្គការ សមាគមក្នុងស្រុកប្រហែល៧ ចូលរួមសង្កេតការណ៍ ហើយគ្មានអ្នកសង្កេតការណ៍អន្តរជាតិទេ។ លោកអះអាងថា ដោយសារការបោះឆ្នោតនេះ ជាប្រភេទអសកលមិនសូវមានការចូលរួមទេ ហើយច្បាប់បោះឆ្នោតក៏បានមិនតម្រូវឱ្យការបោះឆ្នោតនេះ ទាល់តែមានអ្នកសង្កេតការណ៍ដែរ។ គ.ជ.ប ក៏មិនអនុញ្ញាតឱ្យអង្គការសមាគម ដែលមិនដាក់អ្នកសង្កេតការណ៍ ចេញសេចក្ដីថ្លែងការណ៍ដែរ៖ «ជាការពិតគឺដូចគ្នា (ដូចកាលបោះឆ្នោតឆ្នាំ២០១៨) ណា។ អ្នកដែលមិនធ្វើសកម្មភាពអ្វីផង ហើយចេញសេចក្ដីថ្លែងការណ៍ ដោយការស្រមើលស្រមៃ។ អ៊ីចឹង គ.ជ.ប មិនទទួលយកនូវសេចក្ដីថ្លែងការណ៍បែបហ្នឹងទេ»។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ នឹងប្រព្រឹត្តិនៅថ្ងៃទី២៦ ឧសភា ហើយមានគណបក្សចំនួន ៥ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ។ ក្នុងចំណោមបក្សទាំង៥ មានតែគណបក្សកាន់អំណាចប៉ុណ្ណោះ បានដាក់បេក្ខជនគ្រប់មណ្ឌល។ ឯអង្គការ សមាគមឯករាជ្យ ដែលឃ្លាំមើលសិទ្ធិបោះឆ្នោត សន្មតថា បក្សកាន់អំណាចនឹងក្ដោបយកអាសនៈទាំងអស់ ព្រោះបក្សដែលចូលរួមប្រកួតខ្លះ គ្មានសមាជិកបក្សជាក្រុមប្រឹក្សាគ្រប់ចំនួនដណ្ដើមអាសនៈ ឯបក្សខ្លះទៀត គ្មានសមាជិកសូម្បីតែម្នាក់។
បើទោះគណបក្សសង្គ្រោះជាតិ មិនត្រូវបានរបបក្រុងភ្នំពេញ បំបិទសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត ប៉ុន្តែគណបក្សប្រឆាំងមួយនេះ ប្រកាសថ្កោលទោសរាល់ការរៀបចំគ្រប់ព្រឹត្តិការណ៍បោះឆ្នោត ដើម្បីបំភាន់ភ្នែកពលរដ្ឋ និងអន្តរជាតិ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតបក្ស សង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ថៃ ធីម ចាត់ទុកថា ការបោះឆ្នោតខាងមុខនេះ នឹងគ្មានតម្លៃ ហើយគ្មានប្រយោជន៍សម្រាប់ពលរដ្ឋទេ ព្រោះអង្គបោះឆ្នោតស្ទើរពាក់កណ្ដាល ជាអង្គបោះឆ្នោតមិនស្របច្បាប់។ លោកថា ទោះគ្មាននរណាហ៊ានរារាំងការបោះឆ្នោតនោះ តែពលរដ្ឋបង្ហាញការមិនពេញចិត្តរួចហើយ តាមរយៈការមិនចូលរួម មិនអើពើ។ ចំណែកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលនឹងកើតចេញពីការបោះឆ្នោតបង្គ្រប់កិច្ចខាងមុខ ក៏មិនហ៊ានប្រឆាំងនឹងគណៈអភិបាលដូច ក្រុមប្រឹក្សារបស់គណបក្សប្រឆាំងឡើយ៖ «មិនសូវមានតម្លៃទេ ពីព្រោះថា សមាជិកអស់ទាំងហ្នឹង ទៅអង្គុយកៅអីក្រុមប្រឹក្សាដើម្បីតែលើកដៃគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់គណៈអភិបាលតែប៉ុណ្ណឹងទេ។ គណៈអភិបាលធ្វើអ្វី គាត់លើកដៃឯកភាពដែរ ព្រោះគាត់ស្ថិតក្នុងចំណោមគណបក្សតែមួយ។ ប្រសិនបើមានគណបក្ស សង្គ្រោះជាតិ ដូចកាលមុន យើងអាចជំទាស់បានច្រើន នៅក្នុងក្រុមប្រឹក្សាដោយសារតែយើងគណបក្សផ្សេងគ្នា ដូច្នេះយើងមានឥទ្ធិពលប្រឆាំងទៅនឹងការធ្វើអ្វីមិនត្រឹមត្រូវនៅក្នុងគណៈអភិបាលហ្នឹង»។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា ការបង្កើតព្រឹត្តិការណ៍បោះឆ្នោត ដែលពលរដ្ឋមិនពេញចិត្តបែបនេះ កំពុងធ្វើឱ្យគណបក្សកាន់អំណាចធ្លាក់ប្រជាប្រិយភាព។ លោកថា ពលរដ្ឋកំពុងចង់បានដំណោះស្រាយនយោបាយ ជាជាងការបង្កើតព្រឹត្តិការណ៍បោះឆ្នោត ដែលនាំឱ្យមានភាពតានតឹងនយោបាយបន្ថែម៕