សមាជិក​គ.ជ.ប​ថ្មី​ទាំង​៩​នាក់​ស្បថ​ចូល​បំពេញ​ការងារ

ដោយ យាង សុជាមេត្តា
2015.04.11
សមាជិក គ.ជ.ប​ថ្មី​ស្បថ ៦២០ សមាជិក គ.ជ.ប​ថ្មី ចូល​ស្បថ​កាន់​តំណែង​នៅ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

សមាជិក គ.ជ.ប​ថ្មី ៩​រូប​ដែល​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ នាំ​គ្នា​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ទី​១១ មេសា។ ពិធី​សម្បថ​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​មុន​ពេល​ពិធី​ផ្ទេរ​តំណែង​ពី​ប្រធាន គ.ជ.ប​ចាស់ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ។

ក្នុង​សម្លៀកបំពាក់​ជា​មន្ត្រី​ដែល​មាន​អាវ​ក​ត្រង់​ពណ៌​ស សំពត់​ចង​ក្បិន​ពណ៌​គ្រាប់​អំពិល ស្រប​ទៅ​តាម​បែប​ផែន​សម្លៀកបំពាក់​ទាំង ៧​ពណ៌​តាម​ប្រពៃណី​ខ្មែរ​សម្រាប់​ថ្ងៃ​សៅរ៍ សមាជិក គ.ជ.ប​ថ្មី​ទាំង ៩​រូប ត្រូវ​បាន​រថយន្ត​ដឹក​ចេញ​ពី​មន្ទីរ​រដ្ឋសភា នៅ​ម៉ោង​ប្រមាណ ៤​រសៀល ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង ទី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ការ​ស្បថស្បែ​មុន​នឹង​ចូល​កាន់​តួនាទី​នៅ​ក្នុង គ.ជ.ប​ថ្មី។

មួយ​សន្ទុះ​ក្រោយ​មក ក្បួន​រថយន្ត​របស់​សម្ដេច​ព្រះ​មហា​សង្ឃរាជ​ទាំង​ពីរ​គណៈ គឺ​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទេព វង្ស និង​សម្ដេច​ព្រះ​មហា​សង្ឃរាជ ប៊ូ គ្រី បាន​យាង​មក​ដល់។

ពិធី​ស្បថស្បែ​បាន​ធ្វើ​ឡើង​ប្រហែល ១​ម៉ោង ក្រោម​រាជា​ធិបតី​ភាព​នៃ​សម្ដេច​ព្រះ​មហា​សង្ឃរាជ​ទាំង​ពីរ ប៉ុន្តែ​មិន​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហមុនី នោះ​ទេ ព្រោះ​ព្រះអង្គ​កំពុង​គង់​សម្រាក​នៅ​ក្នុង​ប្រទេស​ចិន។

ក្រោយ​ពិធី​សម្បថ​នោះ ក្បួន​រថយន្ត​ព្រះបរមរាជវាំង​បាន​ដឹក​សមាជិក គ.ជ.ប ត្រឡប់​ទៅ​កាន់​មន្ទីរ​រដ្ឋសភា​វិញ ដោយ​មិន​បាន​ឈប់​ដើម្បី​ឲ្យ​អ្នក​កាសែត​សាកសួរ​ឡើយ។

ថ្លែង​នៅ​មន្ទីរ​រដ្ឋសភា បន្ទាប់​ពី​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង​រួច សមាជិក គ.ជ.ប​ថ្មី លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា ខ្លឹមសារ​នៃ​ពាក្យ​សម្បថ គឺ​សំដៅ​ទៅ​លើ​ការ​ការពារ​អាយុ​ជីវិត​របស់​ជាតិ ក្នុង​នោះ​មាន​ដូចជា សមាជិក គ.ជ.ប​ថ្មី ត្រូវ​តែ​ស្មោះ​ត្រង់​ចំពោះ​ជាតិ ចំពោះ​ប្រជាពលរដ្ឋ និង​ការ​ការពារ​បូរណភាព​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​របស់​បរទេស ជាដើម។ លោក រ៉ុង ឈុន បញ្ជាក់​ថា ខ្លឹមសារ​នៃ​ពាក្យ​សម្បថ គឺ​ល្អ ហើយ​លោក​ថា ប្រសិន​បើ​មន្ត្រី គ.ជ.ប គ្រប់​គ្នា​អាច​ធ្វើ​បាន​តាម​ពាក្យពេចន៍​ក្នុង​សម្បថ​មែន នោះ​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ។ លោក រ៉ុង ឈុន អះអាង​ក្នុង​ទឹក​មុខ​ស្មើ​ថា លោក​មាន​អារម្មណ៍​ធម្មតា​បន្ទាប់​ពី​ស្បថស្បែ​រួច៖ «ខ្ញុំ​ធ្វើ​ការងារ​សង្គម​ច្រើន​ហើយ​មិន​មាន​អ្វី​ដែល​ប្លែក​ទេ ការងារ​ថ្មី​ជា​បន្ទុក​ធំ​មួយ​ទៀត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ គ.ជ.ប ហ្នឹង មាន​ដំណើរ​ការ​ល្អ​ប្រសើរ មាន​លក្ខណៈ​ឯករាជ្យ សេរី យុត្តិធម៌ ធ្វើ​ម៉េច​យើង​ត្រូវ​តែ​ការពារ​នូវ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូលរួម​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន»

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​សហការ​ជាមួយ​សហការី​របស់​លោក​ទាំង ៨​រូប និង​ជាមួយ​សង្គម​ស៊ីវិល​នានា ក្នុង​ការ​បំពេញ​ការងារ​នៅ គ.ជ.ប។

សមាជិក គ.ជ.ប​ថ្មី​ទាំង ៩​រូប ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​កាល​ពី​ថ្ងៃ​ទី​៩ មេសា មួយ​ថ្ងៃ​បន្ទាប់​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​ពី​កូតា​គណបក្ស​រៀងៗ​ខ្លួន​ទៅ​កាន់​រដ្ឋសភា។ ក្នុង​នោះ លោក ស៊ិក ប៊ុនហុក មក​ពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​ជា​ប្រធាន គ.ជ.ប ខណៈ​ដែល លោក គួយ ប៊ុនរឿន មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ជា​អនុប្រធាន។

សមាជិក គ.ជ.ប ៧​រូប​ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន អ្នកស្រី តែ ម៉ានីរ៉ុង លោក ហង្ស ពុទ្ធា លោក រ៉ុង ឈុន លោក ហ៊ីង ធីឫទ្ធិ លោក មាន សទី លោក ឌុច សុន និង​លោក ឯម សុផាត។ ពួក​គេ​មាន​អាយុ​ចន្លោះ​ពី ៤៦ ទៅ ៦៩​ឆ្នាំ និង​មាន​បទពិសោធន៍​ការងារ​ពី ១៥ ទៅ ៣៩​ឆ្នាំ។

ពិធី​ផ្ទេរ​តំណែង​ប្រធាន គ.ជ.ប​ថ្មី គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មេសា នៅ​ទីស្នាក់ការ គ.ជ.ប នា​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។