គ.ជ.ប នឹង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាជាថ្មី​ជូន​ពលរដ្ឋ​នៅ​ដើម​ឆ្នាំ​២០១៦

ដោយ អ៊ុំ រង្សី
2015.10.28
គ.ជ.ប ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)
RFA

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា បាន​ត្រៀម​រៀបចំ​លក្ខណៈ​រួច​រាល់​ហើយ ដើម្បី​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាជាថ្មី​ឡើង​វិញ ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១០​លាន​នាក់​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ។ អង្គភាព​នេះ​អះអាង​ថា ការ​ចុះ​ឈ្មោះ​ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឲ្យ​មាន​ភាព​ងាយ​ស្រួល និង​ធានា​ឲ្យ​បាន​ស្មើ​ភាព ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អះអាង​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាស់ នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ទៀត​ទេ គឺ​ទាមទារ​ឲ្យ​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​ថ្មី ដើម្បី​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត។

គ.ជ.ប បាន​ប៉ាន់​ប្រមាណ​ថា មាន​ពលរដ្ឋ​ជិត ១០​លាន​នាក់​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ត្រូវ​ចុះ​ឈ្មោះ​ផ្លូវ​ការ​ទូទាំង​ប្រទេស​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។ គ.ជ.ប ឲ្យ​ដឹង​ថា រយៈពេល​ចុះ​ឈ្មោះ​ផ្លូវ​ការ​នេះ​មាន​ចំនួន ៣​ខែ ហើយ ២​ខែ​សម្រាប់​រក្សា​ទុក​ពេលវេលា​ប្ដឹងផ្ដល់ និង​ដោះស្រាយ​បណ្ដឹង។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សាជាថ្មី​ឡើង​វិញ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០​លាន​នាក់​នេះ ដើម្បី​ងាយ​ស្រួល​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី គោលដៅ​បង្កើត​ជំនឿ​ទុក​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​នានា។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សាជាថ្មី​ឡើង​វិញ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០​លាន​នាក់​នេះ នឹង​ធ្វើ​ឡើង​ក្រោយ​ការ​ចុះ​ឈ្មោះ​សាកល្បង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ​នេះ​បាន​បញ្ចប់។ លោក​បន្ត​ថា ការ​ចុះ​ឈ្មោះ នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤៖ «បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ ផ្អែក​ទៅ​តាម​កិច្ច​ព្រមព្រៀង​រវាង​បក្ស​ទាំង​ពីរ ដែល​បាន​ព្រមព្រៀង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ ចឹង​ក្តី​សម្រេច​របស់​បក្ស​ទាំង​ពីរ បាន​សម្រេច​ដោយ​សភា ចឹង​បញ្ជី​ឈ្មោះ​នេះ មិន​ធ្វើ​ឡើង​តាម​បញ្ជី​ចាស់​កន្លង​ទៅ​ទេ»

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បន្ត​ថា ទោះ​បី​ពលរដ្ឋ​មាន​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​ចាស់​ក្តី ក៏​មិន​អាច​បោះ​ឆ្នោត​បាន​ដែរ។ ដូច្នេះ ការ​ចុះ​ឈ្មោះ​សាជាថ្មី ផ្តល់​សារសំខាន់​ដល់​អ្នក​បោះ​ឆ្នោត ដើម្បី​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ៖ «ដើម្បី​បោះ​ឆ្នោត​បាន គ.ជ.ប ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ ហើយ​ពលរដ្ឋ​វិញ​ដើម្បី​បោះ​ឆ្នោត ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ ដើម្បី​ឆ្ពោះ​ទៅ​រក​សិទ្ធិ​បោះ​ឆ្នោត​ពេញលេញ ជ្រើសរើស​អ្នក​នយោបាយ​ត្រូវ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត ត្រៀម​លក្ខណៈ (អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ) ដើម្បី​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ មាន​ដំណើរ​ការ​រលូន។ ជាង​នេះ​ទៀត គ.ជ.ប កំពុង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ពន្លឿន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត ដើម្បី​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​នេះ ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក។ លើស​ពី​នេះ ក៏​ដើម្បី​ត្រៀម​រៀបចំ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ឲ្យ​មាន​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។