សង្គម​ស៊ីវិល​និង​បក្ស​នយោបាយ​នឹង​ចូល​ប្រជុំ​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត

ដោយ យាង សុជាមេត្តា
2016.01.23
យឹម សុវណ្ណ ៦២០ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
Photo: RFA

អង្គការ​សង្គម​ស៊ីវិល និង​បក្ស​នយោបាយ អះអាង​ថា ពួកគេ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ការបោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​២០១៦​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្វាគមន៍​ចំពោះ​ការចូលរួម​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ប្រកាស​ថា នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ យោបល់​ទៅ លើ​សេចក្ដី​ព្រាង​នេះ នៅ​ថ្ងៃ​ទី​២៨ មករា ដោយ​រំពឹង​ថា នឹង​មាន​ការចូលរួម​ពី តំណាង​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល អង្គទូត អ្នក​ជំនាញ​ការ​បោះ ឆ្នោត​របស់​ជប៉ុន និង​សហភាព​អឺរ៉ុប។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មករា ថា គណបក្សប្រឆាំង នឹង​ចូលរួម​ពិភាក្សា​នៅ​កិច្ចប្រជុំ​នោះ ប៉ុន្តែ​លោក​ថា រហូត​មក​ទល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ពី គ..ប នៅឡើយ៖ «បើ​ឃើញ​មាន​លិខិត​អញ្ជើញ​យើង​នឹង​ទៅ​ចូលរួម ដើម្បី​ពិនិត្យ​មើល​ថា​តើ នីតិវិធី និង​បទបញ្ជា​ហ្នឹង​យ៉ាងម៉េច គួរ​កែ​លម្អ ឬ​មាន​ចំណុចខ្លាំង​ចំណុចខ្សោយ​កន្លែង​ណា ចូលរួម​មតិ យោបល់​ដើម្បី​ធ្វើ​ម៉េច ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត»

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា គណបក្ស​មិនទាន់​ទទួល​បាន​ព័ត៌មាន នៃ​អញ្ជើញ​ចូលរួម​នៅឡើយ។ យ៉ាងណា លោក សុខ ឥសាន សាទរ​ចំពោះ ការរៀបចំ​របស់ គ..ប ឲ្យ​មានការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នេះ៖ «..ប នេះ​ធ្វើ​ក៏​ក្នុង​លក្ខណៈ​មួយ​ដែល​មាន​ការទទួលខុសត្រូវ​ដែរ ចំពោះ​គណបក្ស ទាំង​២ ក៏ដូចជា​ពលរដ្ឋ​ទូទៅ​សុទ្ធតែ​ឯកភាព​ធ្វើការ​រៀបចំ គ..ប ថ្មី​នេះ​ហើយ បើ​ថា​រៀបចំ ហើយ យើង​មិន​ទុកចិត្ត​ទេ ហ្នឹង​វា​ពិបាក​យល់​ដែរ យើង​ប្រគល់​ការងារ​ឲ្យ​គេ យើង​ត្រូវ​ផ្ដល់​ការ​ទុកចិត្ត​ឲ្យ​គេ»

ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ អ្នកឃ្លាំមើល​ការបោះឆ្នោត​ឯករាជ្យ និង​គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ករណី ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​អ្នក បោះឆ្នោត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​បាត់ឈ្មោះ​ក្នុង​ពេល​បោះឆ្នោត ខ្លះ​មាន ឈ្មោះ​ស្ទួន មិន​អាច​បោះឆ្នោត​បាន​ដោយសារ​មាន​អ្នក​បោះ​រួចហើយ ឬ​អ្នក​ខ្លះ​ទៀត​អាច​ចុះ ឈ្មោះ​លើស ពី​មួយ​កន្លែង​ជាដើម​។ បន្ទាប់ពី​ការ​តវ៉ា​ពី​គណបក្សប្រឆាំង​អស់​រយៈ​ពេញ​មួយ​ឆ្នាំ គណបក្ស ជាប់ឆ្នោត​ទាំងពីរ​សម្រេច​កែ​ទម្រង់​ការ​បោះឆ្នោត ដោយ​រួមមាន ​ការ​រៀប​ចុះឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយមាន​ផ្ដិត​ស្នាម​មេដៃ ដើម្បី​បញ្ចៀស ការ​លួច​អត្តសញ្ញាណ​អ្នកដទៃ ទៅ​បោះឆ្នោត​ជំនួស និង អោយ​មាន​ភាព ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ។

អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា គ..ប នឹង​ធ្វើ​លិខិត​អញ្ជើញ​ទៅកាន់​ភាគី ពាក់ព័ន្ធ​ចូលរួម​ពិគ្រោះ​យោបល់​នៅ​ដើម​សប្ដាហ៍​ក្រោយ។ លោក​ថា គ..ប ស្វាគមន៍​ចំពោះ ការចូលរួម​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៖ «សេចក្ដី​ព្រាង​គឺ​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នៃ​ការ​ចុះ​ឈ្មោះ​តាម បែប​អេឡិចត្រូនិច ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក អ៊ីចឹង​ការចូលរួម​របស់​ភាគី​ពាក់ ព័ន្ធ​ពិតជា​មាន​សារៈសំខាន់​ណាស់ អ្វី​ដែល គ..ប ចង់​បង្ហាញ​នៅ​ថ្ងៃ​ទី​២៨ ដែរ​នោះ គឺថា​អនុសាសន៍​មួយ​ចំនួន គ..ប បាន​ទទួល​យក​ហើយ ក៏ប៉ុន្តែ​អនុសាសន៍​មួយ​ចំនួន​ក៏ គ..ប នឹង ថ្លឹងថ្លែង ជជែក​គ្នា​បន្ថែម​ទៀត ដើម្បី​ដាក់​បញ្ហា​ថា ទទួលយក ឬ​មិន​ទទួលយក»

សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ទាំងអស់​៦​ជំពូក​និង​១ ឧបសម្ពន្ធ។ សេចក្ដី​ព្រាង​នេះ ចែង​អំពី​ការគ្រប់គ្រង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការងារ​បណ្ដុះបណ្ដាល​អប់រំ​អ្នកបោះឆ្នោត និង​ការងារ​ព័ត៌មាន​សាធារណៈ ពី​ការិយាល័យ​ចុះឈ្មោះ​បោះ ឆ្នោត និង​ការិយាល័យ​បោះឆ្នោត ពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ពី​ការ​ដាក់​ការ​ទទួល និង​ដោះស្រាយ​បណ្ដឹង ព្រម​ទាំង​ពី​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នកសង្កេតការណ៍ និង​អ្នកសារព័ត៌មាន។

លោក ហង្ស ពុទ្ធា អះអាង​ថា សេចក្ដី​ព្រាង​នេះ​ត្រូវ​បាន គ..ប ផ្ញើ​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ផ្ដល់ យោបល់​រួចហើយ ប៉ុន្តែ​មិនទាន់​រៀបចំ​ឲ្យ​មានការ​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​រួមគ្នា​ជា​ផ្លូវការ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា មុន​នឹង គ​.​ជ​.​ប ទទួលយក​អនុសាសន៍​របស់​ភាគី​ណាមួយ គ​.​ជ​.​ប ត្រូវ​ពិនិត្យ​លើ​គោលការណ៍​៣​យ៉ាង ទី​១ ថា​តើ​អនុសាសន៍​នោះ​ស្រប​នឹង​ច្បាប់​បោះ ឆ្នោត​ដែរ​ឬទេ​? ទី​២ ថា​តើ​អនុសាសន៍​នោះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ការបោះឆ្នោត យ៉ាង​ណាខ្លះ​? ហើយ​ទី​៣ ថា​តើ​អនុសាសន៍​នោះ គ​.​ជ​.​ប អាច​ធ្វើ​តាម​បាន​ដែរ​ឬទេ?

នាយក​ប្រតិបត្តិ គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​ការបោះឆ្នោត នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៦ ដើម្បី​ប្រមូល​អនុសាសន៍​រួម ដើម្បី​ដាក់​ជូន គ​.​ជ​.​ប ក្នុង​ថ្ងៃ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃ​ទី​២៨​នោះ៖ «យើង​នឹង​មើល​ឃើញ​ចំណុច​ខ្វះខាត ហើយ​ចំណុច​ណា​ដែល​ពាក់ព័ន្ធ​នឹង​អង្គការ សង្គម​ស៊ីវិល​យើង យើង​នឹង​លើកឡើង​ពេលនោះ ហើយ​យើង​សុំ​ឲ្យ​មានការ​កែប្រែ​យ៉ាងម៉េច យើង​នឹង​លើក​នៅ​ពេល​ប្រជុំ​ថ្ងៃ​ទី​២៨ តែ​ម្ដង»

ចំពោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច​នេះ គ​.​ជ​.​ប បាន​ធ្វើ​ការ​ចុះឈ្មោះ បោះឆ្នោត​សាកល្បង​ម្ដង​រួចហើយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ជ្រើសរើស​ឃុំ​-​សង្កាត់ ចំនួន​២៥​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត ដើម្បី​ចុះឈ្មោះ។ សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ផ្លូវការ គ​.​ជ​.​ប គ្រោង​នឹង​រៀបចំ​ធ្វើ​ចំនួន​៣​ខែ គឺ​ចាប់ពី​ខែ​ឧសភា ដល់​កក្កដា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។