សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​សម្រួល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដល់​ពលរដ្ឋ​នៅ​បរទេស

ដោយ សាន សែល
2017-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក មឿន តុលា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក មឿន តុលា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ពលករ​នៅ​ក្រៅ​ប្រទេស អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា សម្របសម្រួល​ចរចា​ជាមួយ​ភាគី​បរទេស ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នេះ គឺ​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត និង​មិន​ទាន់​ចុះ​ឈ្មោះ​ឆ្នោត ឲ្យ​ប្រញាប់​រួសរាន់​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ឲ្យ​បាន​ទាន់​ពេលវេលា​កំណត់។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTAL) លោក មឿន តុលា លើក​ឡើង​ថា ក្រសួង​ការ​បរទេស​កម្ពុជា និង គ..ប គួរ​លើក​ទឹក​ចិត្ត​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ប្រមាណ ២​លាន​នាក់ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​រយៈ​ការ​សុំ​កិច្ចសហការ​ពី​ប្រទេស​ម្ចាស់​ផ្ទះ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ស៊ិក ប៊ុនហុក កាល​ពី​ថ្ងៃ​ទី​៣០ សីហា បាន​ចេញ​លិខិត​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​កំពុង​ធ្វើ​ការ​សិក្សា ឬ​រស់នៅ​បរទេស សូម​ប្រញាប់​រួសរាន់​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ឲ្យ​បាន​ទាន់​ពេលវេលា​កំណត់ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​នៅ​ឆ្នាំ​ក្រោយ។

ប្រធាន គ..ប រូប​នេះ ធ្លាប់​អះអាង​ថា បើ​តាម​ច្បាប់​បោះឆ្នោត គ..ប មិន​មាន​សិទ្ធិ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​បាន​ទេ។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ៣៣​រូប កាល​ពី​ថ្ងៃ​ទី​១១ សីហា បាន​ដាក់​សេចក្តី​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត ដើម្បី​បើក​ផ្លូវ​អាច​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន។ សេចក្តី​ស្នើ​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា។

លោក មឿន តុលា នៃ​អង្គការ​សង់ត្រាល់ យល់​ថា ការ​អំពាវនាវ​របស់ គ..ប ហៅ​ពលរដ្ឋ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ជា​ការ​លើក​ទឹក​ចិត្ត ហើយ​លោក​សាទរ។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា នេះ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ លោក​ថា គ..ប គួរ​ស្នើ​ក្រសួង​ការ​បរទេស ជួយ​សម្រួល​លើ​កិច្ច​ការងារ​នេះ ហើយ​អាច​ចាប់​ផ្តើម​ធ្វើ​ជាមួយ​ប្រទេស​ថៃ មុន​គេ ដែល​លោក​ថា​វា​នៅ​ជិត និង​មាន​ពលរដ្ឋ​កម្ពុជា ប្រមាណ ១​លាន​នាក់​កំពុង​នៅ​ទីនោះ។

បើ​តាម​លោក មឿន តុលា ទី​មួយ ក្រសួង​ការ​បរទេស​កម្ពុជា គួរ​ស្នើ​ទៅ​ភាគី​ថៃ ពិភាក្សា​ជាមួយ​ថៅកែ ឬ​និយោជក​ផ្តល់​ច្បាប់​ឈប់​សម្រាក​ចន្លោះ​ពី ៣ ទៅ ៥​ថ្ងៃ​ដល់​ពលករ​កម្ពុជា សម្រាប់​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​ចុះ​ឈ្មោះ​បោះឆ្នោត។ ទី​ពីរ កម្ពុជា គួរ​ស្នើ​រដ្ឋាភិបាល​ថៃ លើកលែង​ថ្លៃ​ទិដ្ឋាការ​ចូល​វិញ (reentry visa) ដល់​ពលករ​ដែល​ត្រឡប់​មក​ចុះ​ឈ្មោះ​នៅ​កម្ពុជា ដែល​លោក តុលា ថា​ជាទូទៅ វា​តម្លៃ​ចន្លោះ​ពី ១.២០០​បាត​ទៅ ១.៤០០​បាត ឬ ៣៦​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ ៤២​ដុល្លារ។ ទី​បី កម្ពុជា គួរ​ស្នើ​ភាគី​ថៃ រៀបចំ​ច្រក​ចូល​ទឹកដី​ថៃ (reentry) ដាច់​ដោយឡែក​ពី​ច្រក​ធម្មតា ដើម្បី​សម្រួល​ដល់​ពលករ​ងាយស្រួល​ត្រឡប់​ទៅ​ប្រទេស​ថៃ ធ្វើ​ការ​វិញ។ ទី​បួន ភាគី​ទាំង​ពីរ​គួរ​ជួយ​សម្រួល​បញ្ចុះ​ថ្លៃ ឬ​រក្សា​ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​របស់​ពលករ ដែល​លោក តុលា ឲ្យ​ដឹង​ថា ជាទូទៅ​ពលករ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៤០​ម៉ឺន​រៀល​ពេល​ធ្វើ​ដំណើរ​ម្តងៗ៖ «ប្រសិន​បើ​យើង​ធ្វើ​កិច្ចការ​ទាំង​នេះ​បាន ពលករ​ខ្មែរ​អាច​ត្រឡប់​មកចុះ​ឈ្មោះ​បាន​ខ្លះ។ កាល​ដែល​អំពាវនាវ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​ជឿ​ថា ពលករ​ខ្មែរ​ភាគ​ច្រើន​គាត់​ចង់​មក​​ចុះ​ឈ្មោះ​បោះឆ្នោត តែ​បញ្ហា​គឺ​ឧបសគ្គ​បី​បួន​ប្រាំ​ដែល​ខ្ញុំ​លើក​ឡើង»

សំណើ​ទាំងនេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ឆ្លើយតប​ថា វា​ត្រូវការ​កិច្ចសហការ​ប្រតិបត្តិ​រវាង​ប្រទេស និង​ប្រទេស និង​ស្ថាប័ន​ឯកជន។ លោក​ថា សេចក្តី​អំពាវនាវ​របស់​ប្រធាន គ..ប ស្នើ​ឲ្យ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​កម្ពុជា ជួយ​ផ្សព្វផ្សាយ​បន្ត។ លោក​ពន្យល់​ថា គ..ប មិន​មាន​ភាព​ចាំបាច់​ណា​មួយ​ពេល​ឮ​សូរ​ពាក្យ​ស្នើសុំ​ណា​មួយ​រត់​ទៅ​ធ្វើ​តាម​នោះ​ទេ តែ​ត្រូវ​ពិនិត្យ​មើល​ពី​ភាព​ស្រប​ច្បាប់​ជា​មុន​សិន៖ «អ្វី​ដែល​លើក​ឡើង​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ទេ ហើយ​ការ​លើក​ឡើង​ទាំង​ឡាយ វា​ត្រូវ​ឆ្លង​កាត់​នូវ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ បើសិន​ជា​ចង់​ដោះស្រាយ។ ការ​លើក​ឡើង​ខ្លះ មាន​ភាព​ស្របច្បាប់ ហើយ​ខ្លះ​មាន​ភាព​មិន​ស្របច្បាប់។ គ.ជ.ប មាន​ការ​ថ្លឹងថ្លែង​ណាស់​អំពី​ថា តើ​ការ​បត់​បែន​ទាំង​ឡាយ​នោះ មាន​ប្រយោជន៍​ដល់​ការ​បោះឆ្នោត មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ភាគ​ច្រើន ឬ​យ៉ាង​ណា»

លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​៣១ សីហា គ..ប បាន​បញ្ជូន​សម្ភារៈ​ទៅ​គ្រប់​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​អស់​ហើយ សម្រាប់​ដំណើរការ​យុទ្ធនាការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​មាន​រយៈពេល ៧០​ថ្ងៃ ផ្តើម​ពី​ថ្ងៃ​ទី​១ កញ្ញា តទៅ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រសួង​ការ​បរទេស​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​សង្គម​ស៊ីវិល​នេះ​បាន​ឡើយ​នៅ​ថ្ងៃ​ទី​៣១ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Funny

ពី Phnom Penh

បេីស្រលាញ់ជាតិណាស់ តែគ្រាន់តែមកស្រុកចុះឈ្មោះបោះឆ្នោតខ្លាចបាត់ប្រយោជន៍ដែរនោះ សូមកុំអូតថាខ្លួនស្រលាញ់ជាតិ។​

Sep 01, 2017 09:30 AM

គេហទំព័រ​ទាំងមូល