រដ្ឋសភា​ឯកបក្ស​បង្កើន​ខ្ទង់​ចំណាយ សម្រាប់​ឆ្នាំ​២០១៩

ដោយ ថន ថារ៉ូ
2018.10.26
ឡេង ប៉េងឡុង ២០១៦ ៦២២ អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឯបក្ស​របប​ក្រុង​ភ្នំពេញ បានសម្រេច​បង្កើន​ខ្ទង់​ចំណាយ សម្រាប់​ចាយ​វាយ​លើ​ស្ថាប័ន​រដ្ឋ សម្រាប់ឆ្នាំ២០១៩ ប៉ុន្តែ​មន្រ្តី​រដ្ឋសភា បដិសេធ​មិន​បញ្ជាក់​តួ​លេខ​ពិត​ប្រាកដ​នៃ​ការ​ចំណាយ​នោះ​ទេ។ អតីត​អគ្គលេខាធិការ​រង​រដ្ឋសភា​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កន្លង​មក​រដ្ឋសភា បាន​ចាយ​វាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​ខ្លាំង​ណាស់

រដ្ឋសភាឯកបក្សរបប​ក្រុង​ភ្នំពេញ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​បើក​កិច្ច​ និង​ពិភាក្សា អនុម័ត​លើ​គម្រោង​ថវិកា​របស់​រដ្ឋសភា​ប្រចាំ​ឆ្នាំ២០១៩ រួច​ហើយ នៅ​ព្រឹកថ្ងៃ​ទី២៥ តុលា ដើម្បី ផ្ញើ​ជូន​របប​ក្រុង​ភ្នំពេញ ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៩

អគ្គលេខាធិការរដ្ឋសភា និងជា​អ្នក​នាំ​ពាក្យ លោក ឡេង ប៉េងឡុង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅក្រោយកិច្ច​ប្រជុំ​ថា គម្រោង​ចំណាយ​ថវិកា​ឆ្នាំ២០១៩ របស់​រដ្ឋសភា​ឯកបក្ស បាន​កើន​ឡើង​ជាង​ឆ្នាំ​២០១៨ រហូត​ដល់​ជិត​ពីរ​ភាគរយ ដោយសារ​ឆ្នាំ២០១៩ រដ្ឋសភា​ឯកបក្ស​នឹងត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ នៃ​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក ដែល​ត្រូវ​រៀបចំ​ធ្វើនៅ​ខេត្ត​សៀមរាបម្យ៉ាង​ទៀត រដ្ឋ​សភា​ឯក​បក្ស ត្រូវ​ជួសជុល និង​ផ្លាស់ប្តូរ​ប្រព័ន្ធ​បច្ចេកទេស​ក្នុង​សាល​ប្រជុំ​រដ្ឋសភា

បន្ថែមពីនេះ លោក ឡេង ប៉េងឡុង ឲ្យ​អាស៊ី​សេរី​ដឹង​ថា ការ​បង្កើន​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ស្ថាប័ន​រដ្ឋសភា ដោយសារ​រដ្ឋសភា ចង់​ឲ្យ​មាន​សុគតភាព ឬ​ថវិកា​ភាព​ស្មើ​គ្នា រវាង​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធ​សភា។ រដ្ឋសភា​ឯក​បក្ស ក៏​ត្រូវ​បង្កើន​ប្រាក់​ខែ ប្រាក់​បំណាច់ ធ្វើ​កំណែ​ទម្រង់​មុខ​ងារ​សាធារណៈ ដើម្បី​ឆ្លើយ​តប​តាម​គោល​នយោបាយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ត្រូវ​ចំណាយ​លើ​ការ​ទិញ​សម្ភារៈ​ប្រើប្រាស់​សម្រាប់​រដ្ឋសភា​ឯក​បក្ស៖ «គឺ​យើង​តម្រឹម​ឲ្យ​វា​មាន​សុក្រឹត្យ​ភាព​ជាមួយ​នឹង​ព្រឹទ្ធសភា ហើយ​មន្ត្រី​ខ្លះ​ត្រូវ​ឡើង​ប្រាក់​ខែ​ទៅ​តាម​គោលការណ៍​របស់​គណៈរដ្ឋមន្ត្រី ត្រូវ​ឡើង​ប្រាក់ខែ​ទៅ​តាម​ដំណាច់​មុខងារ ត្រូវ​ឡើង​ប្រាក់ខែ​តាម​ប្រពន្ធ​មុខងារ​សារធារណៈ​នឹង​ត្រូវ​ទិញ​សម្ភារៈ រួមទាំង​របស់​របរ​ថ្មីៗ មក​ជំនួស​ដាក់​ប្រើប្រាស់​របស់​ចាស់ៗ»

នៅពេលអ្នកសារព័ត៌អាស៊ីសេរី សាកសួរ​ពី​គម្រោង​ចំណាយ​ថវិកា​រដ្ឋ លោក ឡេង ប៉េងឡុង អះអាង​ថា លោក​មិន​បាន​ដឹង​ពី​ចំនួន​តួ​លេខ​នៃ​ថវិកា​ជាក់​លាក់​ទេ និង​មិន​អាច​ប្រាប់​ពី​កិច្ចការ​ទាំង​នេះ​បាន​ទេ គឺ​ដឹង​តែ​កើន​ឡើង​ចំនួន​ជាង​ឆ្នាំ២០១៨លោក​ណែនាំឲ្យ​ទៅ​សួរ​ប្រធាន​គណៈកម្មការ​ជំនាញ​ទី២ នៃ​រដ្ឋសភា ដែល​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ និង​សវនកម្មអាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពីប្រធាន​គណៈកម្មការ​ជំនាញ​ហិរញ្ញវត្ថុ និង​សវនកម្ម លោក ជាប យៀប បាន​ទេ នៅ​ថ្ងៃ​ទី២៥ តុលា ដោយសារ​ទូរស័ព្ទ​មិន​ចូល

អតីតអគ្គលេខាធិការរង​រដ្ឋសភា មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ដ ពន្យល់​ថា ជា​នីតិវិធី និង​ស្ថានភាព​ជាក់​ស្ដែង​នៅ​រដ្ឋសភា គឺ​ខ្ទង់​ចំណាយ​របស់​រដ្ឋសភា ត្រូវ​ផ្ដួចផ្ដើម​ដោយ​អគ្គ​នាយកដ្ឋាន​ហិរញ្ញវត្ថុ ក្រោម​ការសម្របសម្រួល​ពី​អគ្គលេខាធិការ​រង​រដ្ឋសភា​ម្នាក់ ឈ្មោះ មិត្ត ការ៉េន។ បន្ទាប់​មក​ត្រូវ​ដាក់​ទៅ​គណៈកម្មការ​ទី២ របស់​លោក ជាប យៀប ដើម្បី​បន្ដ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ហើយ​ត្រូវ​ដាក់​ចូល​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍ បញ្ជូន​បន្ដ​ទៅ​របប​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​បញ្ជូល​ក្នុង​កញ្ចប់​ថវិកា​ជាតិ​ជាមួយ​ស្ថាប័ន​ដទៃ រួច​ទើប​បញ្ជូល​មក​រដ្ឋសភា​វិញ បើក​កិច្ច​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​អនុម័ត

លោក ហ៊ីង សុខសាន្ដ សង្កេត​ឃើញ​ថា កញ្ចប់​ថវិកា​ជាតិ សម្រាប់​ចំណាយ​លើស្ថាប័ន​រដ្ឋសភា បាន​កើន​ឡើង​រាល់​ឆ្នាំ និង​ត្រូវ​បាន​ចាយ​ខ្ជះខ្ជាយ​ខ្លាំង​បំផុត តាម​រយៈ​បេសកម្ម​របស់តំណាង​រាស្ត្រ ក្រុម​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​កាន់​តែ​ខ្ជះខ្ជាយ​ខ្លាំង លើ​ការ​ចំណាយ​ឥត​ប្រយោជន៍​របស់​ក្រុម​មន្ត្រី​រដ្ឋសភា ចេញ​ទៅ​ប្រជុំ​នៅ​ក្រៅ​ប្រទេស​ម្ដងៗ តែង​ដាក់​ចំនួន​មនុស្ស​ច្រើន លើស​ពី​តម្រូវ​ការ​ជាក់​ស្ដែងលោក​ថា កញ្ចប់​ថវិកា​ជាតិ​ចំណាយ​លើ​រដ្ឋសភា ត្រូវ​រ៉ាប់​រង​ទាំង​សំបុត្រ​យន្ដ​ហោះ សណ្ឋាគារ ការ​ហូបចុក ថ្លៃ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន សោហ៊ុយ​ដាក់​តាម​ហោប៉ៅ គឺ​រាល់​ការ​ចំណាយ ​របស់​ក្រុម​មន្ត្រី​ទាំង​នោះ ជា​បន្ទុក​របស់​ថវិកា​ជាតិ

ចំណែក​សម្ភារៈ​ដែល​រដ្ឋសភា​ទិញ អតីត​អគ្គលេខាធិការ​រង​រូប​នេះ​ថា តែង​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ជា​ច្រើន​ដង។ រដ្ឋសភា​បាន​ខ្ជះខ្ជាយ​លើ​រថយន្ដ​របស់​តំណាង​រាស្ត្រ ការ​សាង់សង់​អគារមិន​មាន​តម្លាភាព បើ​ទោះ​ជា​ក្រោម​រូប​ភាព​ដេញ​ថ្លៃ ប៉ុន្ដែ​គ្រាន់​តែ​ជា​ល្បែង​ឆ្ពិន​ភ្នែកចំណាយ​លើ​ទីប្រឹក្សា ជំនួយការ ថ្នាក់​ដឹក​នាំ​រដ្ឋសភា​ជា​ច្រើន​រយ​នាក់ ដោយ​ឥត​ប្រយោជន៍

លើសពីនេះ លោក ហ៊ីង សុខសាន្ដ ឲ្យដឹងថា ក្រោយ​ពេល​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បណ្ដេញ លោក កឹម សុខា ពី​អនុ​ប្រធាន​ទី១ រដ្ឋសភា ក្រុម​តំណាង​រាស្ត្រ​ទាំង​នោះ បាន​អនុម័ត​ឲ្យ​មាន​កញ្ចប់​ថវិកា​បន្ថែម​សម្រាប់​ប្រធាន និង​អនុ​ប្រធាន​រដ្ឋសភា​ទាំង​២ ចាយ​វាយ​ជា​ប្រចាំ​សប្ដាហ៍។ លោក​បន្ដ​ថា នៅ​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង រដ្ឋសភា​ឯក​បក្ស​បាន​បន្ថែម​ជំនួយ​ការ សម្រាប់​ឲ្យ​តំណាង​រាស្ត្រ​នីមួយៗ គឺ​អាច​មាន​ជំនួយការ ២នាក់ និង​អ្នក​បើក​ឡាន​ម្នាក់ ដោយ​បៀវត្សរ៍ ជំនួយការ​ម្នាក់ ២លាន​រៀល និង​អ្នក​បើក​បរ​ម្នាក់ ១លាន ៦សែន​រៀល៖ «គ្រាន់​តែ​ប្រធាន​សភា កាល​ដែល​ខ្ញុំ​នៅ ប្រធាន​សភា​គ្រាន់​តែ​ក្នុង ១សប្តាហ៍ មាន​សិទ្ធិ​ចាយ​ចំនួន​ដប់​លាន​រៀល ចាយ​អ្វី​ចាយ​ទៅ​គេ​មិន​ដឹង​ទេ គេ​មាន​សម្រាប់​ឲ្យ​ចាយ​តែ​ម្តង។ អ៊ីចឹង​មិន​ដឹង​ថា ដប់​លាន​រៀល​ហ្នឹង​ចាយ​លើ​អី​មិន​ដឹង​ទេ គេ​ដាក់​ថា ចាយ​លើ​សង្គមកិច្ច​តែ​ប៉ុណ្ណឹង។ អត់​ធ្វើ​អី​សោះ ក៏​ប្រធាន​សភា​ចាយ​សែសិប​លាន​រៀល​ក្នុង ១ខែ។ ចំណែក​អនុ​ប្រធាន​ទី១ សភា ១សប្តាហ៍​ប្រាំបី​លាន​រៀល ហើយ​អនុ​ប្រធាន​ទី២ ប្រាំពីរ​លាន។ អត់​ដឹង​ទេ អត់​ដឹង​គេ​ចាយ​ទៅ​លើ​អី​ទេ។ ការ​រៀបចំ​ហ្នឹង រៀប​នៅ​ពេល​គេ​ចាប់​ផ្តើម​ដក​លោក​ប្រធាន កឹម សុខា ចេញ បាន​គេ​ចាប់​ផ្តើម​នាំ​គ្នា​ចាយ»

នាយកប្រតិបត្តិមជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព លោក យង់ គឹមអេង សង្កេត​ឃើញ​ថា បើទោះជារដ្ឋសភាជូនដំណឹងពី​កិច្ចប្រជុំ​អនុម័ត​ថវិកា​សម្រាប់​ចំណាយ ប៉ុន្ដែ ខ្ទង់​ចំណាយ​​ជាក់​លាក់ និង​នីតិវិធី​ចាយ​វាយ​របស់​រដ្ឋសភា​កន្លង​មក មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ទូលាយ​ទេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​ពី​តម្លាភាព​ក្នុង​ការ​ចាយ​វាយ​របស់​រដ្ឋសភា៖ «ជា​ទូទៅ​យើង​មិន​សូវ​បាន​ដឹង ឃើញ អី​ច្បាស់លាស់​ច្រើន​នោះ​ទេ ហើយ​ចំណាយ​ទាំង​អស់​ហ្នឹង សូម​ដាក់​តាម​វេបសាយ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​ឮ ផង»

នៅមុនតុលាការរបបក្រុងភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​តំណាង​រាស្ត្រ​បក្សប្រឆាំង និង​អនុ​ប្រធាន​គណៈកម្មការ​ជំនាញ​ទី២ គឺ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម លោក សុន ឆ័យ តែង​ទាមទារ និង​កោះ​អញ្ជើញ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋសភា មក​សាកសួរ​ជា​ញឹកញាប់ ពី​ភាព​មិន​ប្រក្រតី និង​អំពើ​ពុក​រលួយ ក្នុង​ស្ថាប័ន​រដ្ឋសភា

តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​រក​ឃើញ​ថា មន្ត្រី​ច្រើន​រយ​នាក់ មាន​ឈ្មោះ និង​មិន​ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​រដ្ឋសភា អគ្គលេខាធិការ​រង​រដ្ឋសភា​ម្នាក់ គឺ​លោក មិត្ត ការ៉េន មាន​សាច់​ញាតិ​ជា​ច្រើន​ធ្វើការ​ក្នុង​ស្ថាប័ន​រដ្ឋសភា ទាំង​ប្រពន្ធ កូន​ប្រុស​ស្រី​បង្កើត និង​កូន​ប្រសារ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដេញ​ថ្លៃ​​គម្រោង​សាងសង់​ដង​ទង់​ជាតិ​នៅ​រដ្ឋ​សភា ដែល​មាន​តម្លៃ​ជាង ៣​ម៉ឺន​ដុល្លារ និង​ការ​ចំណាយ ក្នុង​ឆ្នាំ​២០១៤ មាន​បញ្ហា​សង្ស័យ​ក្នុង​ទំហំ​ជាង ១១​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។