បណ្ដាញ​យុវជន​នៅ​ខេត្ត​តាកែវ​បង្ហាញ​កង្វល់​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយ ខែ សុណង
2016.02.22
បណ្ដាញ​យុវជន​ពិភាក្សា​ចុះ​ឈ្មោះ​បោះ​ឆ្នោត ២០១៦ ៨៥៥ បណ្ដាញ​យុវជន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ហៅ​កាត់​ថា ភី.ឌី.ភី (PDP) ពិភាក្សា​ពី​បញ្ហា​ទាក់ទង​នឹង​កិច្ចការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo PDP
Photo PDP

មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ហៅ​កាត់​ថា ភី.ឌី.ភី (PDP) បាន​រៀបចំ​ឲ្យ​បណ្ដាញ​យុវជន​របស់​ខ្លួន លើក​ឡើង​នូវ​កង្វល់ និង​បញ្ហា​ទាក់ទង​នឹង​កិច្ចការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ការ​ជួប​ជុំ​គ្នា​នេះ ធ្វើ​ឡើង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ។

យុវជន​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​មួយ​ចំនួន ដែល​ជា​ឧបសគ្គ​រាំង​ស្ទះ​មិន​ឲ្យ​ពួក​គេ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន និង​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) រក​វិធី​ដោះស្រាយ។

យុវតី ទួន ស្រីភ័ស្ដ អាយុ ១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ អង្គ រកា ខេត្ត​តាកែវ បាន​ថ្លែង​ថា ក្ដី​កង្វល់​របស់​យុវជន​ទាក់ទង​ទៅ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​ទីកន្លែង​ចុះ​ឈ្មោះ​ឆ្ងាយ​ពី​ភូមិឋាន​របស់​ពួក​គាត់ ពេលវេលា​ចុះ​ឈ្មោះ​ជាន់​គ្នា​នឹង​ម៉ោង​សិក្សា និង​ម៉ោង​ធ្វើ​ការ បញ្ហា​ចំណាក​ស្រុក ការ​ខ្វះ​ឯកសារ​បញ្ជាក់​ផ្សេងៗ ការ​រើសអើង​ប្រកាន់​បក្ខពួក និង​យុវជន​មួយ​ចំនួន មិន​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ។ យុវតី​ដដែល​បន្ត​ថា បញ្ហា​ទាំង​នេះ នាង​ស្នើ​ឲ្យ គ..ប រិះរក​វិធី​ដោះស្រាយ​ជូន​យុវជន​ដែល​ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ខេត្ត«ខ្ញុំ​មាន​ការ​បារម្ភ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ច្រើន ព្រោះ​ម្ដាយ​ខ្ញុំ​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អ៊ីចឹង។ គាត់​ថា​មិន​អី​ទេ ពេល​ជិត​បោះ​ឆ្នោត​គេ​ឲ្យ​អត្តសញ្ញាណប័ណ្ណ​ហើយ មិន​បាច់​ភ័យ​ទេ។ មិត្ត​ខ្ញុំ​ក៏​មាន​ការ​បារម្ភ​ដែរ។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ដំឡើង​ពេលវេលា​ចុះ​ឈ្មោះ​បោះ​ឆ្នោត ១​ខែ​ឬ ២​ខែ​ទៀត»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ប្រមូល​យុវជន​ជួប​ប្រជុំ​គ្នា​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដើម្បី​ប្រមូល​ពី​បញ្ហា​របស់​ពួក​គេ​ទាក់ទង​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២២ កុម្ភៈ។ សិក្ខាសាលា​នេះ មាន​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​ជា​អតិបរមា និង​បង្ក​ឲ្យ​យុវជន​មាន​ឱកាស​បង្កើត និង​ស្គាល់​បណ្ដាញ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នានា​ទាក់ទង​កិច្ចការ​បោះ​ឆ្នោត។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល ភី.ឌី.ភី លោក យង់ គិមអេង មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​នូវ​បញ្ហា​របស់​យុវជន​ដែល​បាន​លើក​ឡើង​នេះ។ លោក​ថា បញ្ហា​ទាំងអស់​នេះ លោក​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ ហើយ​និង​ពិភាក្សា​ជាមួយ គ..ប ស្នើ​ឲ្យ​ដាក់​បញ្ចូល​ទៅ​ក្នុង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នីតិវិធី​ចុះ​ឈ្មោះ «យើង​យក​ទៅ​ជជែក​ជាមួយ​នឹង គ..ប ធ្វើ​ម៉េច​ការ​ផ្សព្វផ្សាយ និង​ការ​ធ្វើ​ការ​របស់​គាត់ គឺ​ឲ្យ​ទៅ​ដល់​យុវជន​នៅ​តាម​ភូមិ-ឃុំ​នៅ​ឆ្ងាយ។ យើង​ឃើញ​ថា គ..កំពុង​ដំណើរ​ការ​ក្នុង​ការ​រៀបចំ​បទបញ្ជា​នីតិវិធី​ដែរ។ យើង​នៅ​តែ​មាន​ឱកាស​សម្រាប់​ជជែក​ពិភាក្សា​ជាមួយ​គាត់​ដែរ»

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ គ..ប លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ..ប កំពុង​ពន្យារ​ពេល​រង់ចាំ​ឧបករណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប បញ្ជូន​មក​ដល់​កម្ពុជា។ លោក​ថា តាម​គម្រោង គ..ប នឹង​ដំណើរ​ការ​នីតិវិធី​ចុះ​ឈ្មោះ​រយៈពេល ៣​ខែ ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កក្កដា ឆ្នាំ​២០១៦។ លោក​ថា កង្វល់​ទាំងអស់​របស់​យុវជន គ..ប បាន​គិតគូរ​ជា​មុន​រួច​អស់​ទៅ​ហើយ «តាម​ពិត ទោះ​បី​ជា គ..គ្រោង​នឹង​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​នៅ​ទូទាំង​ប្រទេស ៣​ខែ​ក៏ដោយ ប៉ុន្តែ​រយៈពេល ២​ខែ គឺ​សម្រាប់​ប្ដឹងផ្ដល់ និង​ដោះស្រាយ​បណ្ដឹង ហើយ ១​ខែ​ទៀត គឺ​ជា​ការ​ចេញ​នូវ​បញ្ជី​បោះ​ឆ្នោត​បឋម។ បើ​សិន​ការ​ចុះ​ឈ្មោះ​មើល​ទៅ​ឃើញ​ថា​ពុំ​ទាន់​បាន​តាម​ការ​គ្រោង​ទុក​ទេ គ..ប អាច​នឹង​ពន្យារ​ពេល​សរុប​ទៅ គ..ប មាន​ពេល​រហូត​ទៅ​ដល់ ៦​ខែ ទាំង​ដោះស្រាយ​បណ្ដឹង ទាំង​ចេញ​មុន​ពេល​បោះ​ឆ្នោត»

មជ្ឈមណ្ឌល ភី.ឌី.ភី និង​រៀបចំ​សិក្ខាសាលា​ជាមួយ​យុវជន​ដូច​គ្នា​នេះ​នៅ​ខេត្ត​ចំនួន ៩ ទៀត ដូចជា ខេត្ត​កណ្ដាល កំពង់ស្ពឺ ព្រៃវែង កំពង់ចាម សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។