លោក ហ៊ុន សែន ទម្លាយ​រឿង​ពុក​រលួយ​របស់​ចៅក្រម​រឿង​លែង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់

ដោយ វណ្ណ វិចារ
2015.02.17
ហ៊ុន សែន ៦២០ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយ​រឿង​ពុក​រលួយ​របស់​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំ​រឿង​ដោះ​លែង​ឪពុក​ម្តាយ លោក ថោង សារ៉ាត់។ ការ​បញ្ជាក់​ជា​សាធារណៈ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​សំណុំ​រឿង​ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម ជា​ឪពុក​ម្តាយ លោក ថោង សារ៉ាត់។

ចំណាត់​ការ​នេះ ធ្វើ​ឡើង​ដើម្បី​លុប​លាង​ភាព​អាម៉ាស់​របស់​អាជ្ញាធរ បន្ទាប់​ពី​អ្នក​លេង​ហ្វេសប៊ុក (facebook) បាន​យក​ករណី​ដោះ​លែង​ប្ដី​ប្រពន្ធ​អ្នក​មាន​នេះ ទៅ​ធៀប​នឹង​សំណុំ​រឿង​របស់​សកម្មជន​ដីធ្លី​ជាង ១០​នាក់ ដែល​កំពុង​ជាប់​គុក​ក្នុង​បទ​ចោទ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍។ ឪពុក​ម្តាយ​របស់ លោក ថោង សារ៉ាត់ ដែល​ជាប់​ចោទ​ពី​បទ​លាក់​ទុក​អាវុធ​ខុស​ច្បាប់ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ បន្ទាប់​ពី​ដោះ​លែង​រួច អ្នក​លេង​ហ្វេសប៊ុក​បាន​រិះគន់​ថា លោក ហ៊ុន សែន ទទួល​សំណូក​ជន​ជាប់​ចោទ អ្នក​ខ្លះ​ថា​វៀតណាម បញ្ជា​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះ​លែង ជាដើម។ ទោះ​ជា​បែប​ណា​ក្តី អាជ្ញាធរ​បាន​តាម​ចាប់​ខ្លួន​ជន​ជាប់​ចោទ​យក​ទៅ​ដាក់​គុក​វិញ នៅ​ពេល​ដែល​ពួក​គាត់​ប្រុង​គេច​ខ្លួន​ទៅ​ប្រទេស​វៀតណាម។

លោក ហ៊ុន សែន ថ្លែង​ទាំង​សម្ដី​ខ្លាំងៗ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ក្រ​គ្រាន់​តែ​លើក​ព្រនង់​សោះ​ជាប់​គុក? ឯ​អ្នក​មាន​ទុក​អាវុធ ៨​ដើម​ខុស​ច្បាប់ ហើយ​នៅ​តែ​រួច​ខ្លួន​បាន? លោក​បន្ត​ថា លោក​មិន​សុខ​ចិត្ត​ទេ! លោក​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចាត់​ការ​រឿង​នេះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ត​ទៅ​ទៀត។ លោក​បញ្ជាក់​ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ អាច​បាន​ទទួល​សំណូក​រាប់​លាន​ដុល្លារ៖ «រឿង​ហ្នឹង​មាន​ភាព​មិន​ប្រក្រតី​ទេ គ្រប់​ភាគី​មិន​អាច​ទទួល​យក​បាន​ឡើយ ចៅក្រម​ប្រហែល​ជា​កាត់​ក្តី​តាម​លុយ»

លោក​បាន​រំឭក​ពី​ប្រវត្តិ​ដែល​លោក​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ចៅក្រម​ពុក​រលួយ និង​លើក​យក​ករណី​តុលាការ​ស៊ី​លុយ​ចោរ មក​អត្ថាធិប្បាយ​ថែម​ទៀត។

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ឲ្យ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ណា​មួយ​ដែល​មាន​ភាព​មិន​ប្រក្រតី ប៉ុន្តែ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មិន​ដែល​បញ្ចេញ​សកម្មភាព​ទាល់​តែ​សោះ​ក្នុង​សំណុំ​រឿង​មុនៗ ដែល​នាយក​រដ្ឋមន្ត្រី​មិន​បាន​លើក​យក​មក​និយាយ​ជា​សាធារណៈ​នោះ៖ «កុំ​អន្តរាគមន៍​អា​រឿង​ណា​ដែល​នាយក​រដ្ឋមន្ត្រី​ស្នើសុំ​ពិនិត្យ មើល​រឿង​រាស្ត្រ​តូចតាច​ផង»

បច្ចុប្បន្ន​នេះ ឪពុក​ម្តាយ​របស់ លោក ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ពី​បទ​លាក់​ទុក​អាវុធ​ខុស​ច្បាប់។

លោក ហ៊ុន សែន បញ្ជាក់​ថា គ្រួសារ​របស់ លោក ថោង សារ៉ាត់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​រូប​ឧកញ៉ា អ៊ឹង ម៉េងជឺ។ លោក​រំឭក​ថា ចៅក្រម​ម្នាក់​ធ្លាប់​ចេញ​មុខ​ការពារ លោក ថោង សារ៉ាត់ ប៉ុន្តែ​លោក​តប​ទៅ​វិញ​ថា បើ លោក ថោង សារ៉ាត់ មិន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺ​មាន​តែ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ចាប់​មនុស្ស​ខុស។ លោក​ការពារ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថា​មិន​បាន​ចាប់​មនុស្ស​ខុស​ឡើយ។

យ៉ាង​ណា​ក៏ដោយ របាយការណ៍​ចុង​ក្រោយ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ចំពោះ​ប្រព័ន្ធ​យុត្តិធម៌ បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មិន​បាន​បែង​ចែក​អំណាច​ឲ្យ​ដាច់​ស្រឡះ​ពី​រដ្ឋាភិបាល​ឡើយ មាន​ន័យ​ថា តុលាការ​ឋិត​ក្រោម​ស្ថាប័ន​នីតិប្រតិបត្តិ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។