អ្នក​ធ្វើ​ការងារ​ទាក់ទង​ព្រំដែន​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មានការ​អភិវឌ្ឍ​នៅ​តំបន់​វត្ត​ប៉ាក់ណាម

ដោយ មួង ណារ៉េត
2018.12.27
វត្ត​ប៉ាក់ណាម ខេត្ត​កណ្ដាល ៦២០ វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ស្ថិត​ក្នុង​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៥
RFA

អ្នក​ធ្វើ​ការងារ​ទាក់ទង​ព្រំដែន​យល់ថា ការអភិវឌ្ឍន៍​នៅ​តំបន់​វត្ត​ប៉ាក់ណាម ដែល​ជាប់​ព្រំដែន​វៀតណាម​គឺជា​អ្វី​ដែល​អាជ្ញាធរ​ខេត្ត​កណ្ដាល និង​របប​ក្រុងភ្នំពេញ​ត្រូវ​គិតគូរ​ជា​អាទិភាព។ ដោយសារតែ​តំបន់​នេះ ស្ទើរ​ក្លាយ​ទៅ​ជា​ភូមិ​របស់​វៀតណាម​ទៅ​ហើយ ព្រោះ​អវត្តមាន​ពលរដ្ឋ​ខ្មែរ​និង​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​​នៅ​ទីនោះ។

អ្នកឃ្លាំមើល​សង្គម​យល់ថា ការអភិវឌ្ឍន៍​តំបន់​វត្ត​ប៉ាក់ណាម ជា​ផ្នែក​មួយ​ជួយ​ការពារ​ព្រំដែន​កម្ពុជា។បច្ចុប្បន្ន​តំបន់​នោះ មាន​វត្ត​ខ្មែរ​តែមួយ​ឈ្មោះ​វត្ត​បាក់ណាម ដែល​ក្លាយ​ជា​និមិត្តរូប​ការពារ​ទឹកដី​ខ្មែរ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា វត្តមាន​ជនជាតិ​វៀតណាម​យ៉ាង​ច្រើន​នៅ​ទីនេះ ព្រោះ​របប​ក្រុងភ្នំពេញ​មិនបាន​អភិវឌ្ឍ​នៅ​ទីនេះ ទើប​បាន​ជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ពិបាក​ក្នុង​រស់​នៅ។ លោក​បន្ត​ថា បើ​របប​លោក ហ៊ុន សែន ចង់​អភិវឌ្ឍ​តំបន់​នេះ​គឺ​មិនទាន់​ហួសពេល​ទេ ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​មុនគេ​នោះ បើ​ជនជាតិ​ណា​មិន​រស់នៅ​ខុសច្បាប់​ត្រូវ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​វៀតណាម​វិញ​៖ «កន្លែង​ហ្នឹង​ជា​ដី​ខ្មែរ​ត្រូវ​ដេញ​ជនជាតិ​វៀតណាម​ចេញ​មិន​អាច​ទុក​ឲ្យ​ពួកគេ​រស់នៅ​រញ៉េរញ៉ៃ​អ៊ីចឹង​ហើយ​បញ្ជូន​ខ្មែរ​ទៅ​រស់នៅ​ហើយ​រៀបចំ​ផ្សារ​សាលារៀន មណ្ឌល​សុខភាព​និង​វត្ត​អារាម​ជាដើម»

ជនជាតិ​ដែល​ដែល​កំពុង​រស់នៅ​ទីនេះ​តែង​តែង​ចេញចូល​ពី​ព្រំដែន​កម្ពុជា​ទៅ​វៀតណាម​រៀងរាល់ថ្ងៃ អាជ្ញាធរ​មូល​ស្រុក​កោះធំ​តែងតែ​អះអាង​ការពារ​ថា ជនជាតិ​វៀតណាម​ទាំងនោះ​ចូល​មក​រស់នៅ​ទីនេះ​តាំងពី​អំឡុង​ឆ្នាំ​១៩៩៨០​មក​ម្ល៉េះ​។ ប៉ុន្តែ កាលពី​ឆ្នាំ​២០១៧ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ចុះ​ដល់​ទីនោះ ជនជាតិ​វៀតណាម​ទាំង​នោះ​មិនសូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ ជាងនេះ​ទៅ​ទៀត​នៅ​ពេល​នេះ​វត្ត​ប៉ាក់ណាម មាន​ពិធីបុណ្យ​ទាន​ធំៗ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ទៅ​ធ្វើ​បុណ្យ តែងតែ​មាន​ជនជាតិ​វៀតណាម​មក​ឃ្លាំមើល​សកម្មភាព​ទាំងនោះ។

យុវជន​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ព្រំដែន លោក មួង សូនី ដែល​ធ្លាប់​ចុះ​សិក្សា​នៅ​តំបន់​ប៉ាក់ណាម​ជា​ញឹកញាប់​ដែរ​នោះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា តំបន់​នេះ​អាច​នឹង​បាត់បង់​ព្រោះ​កំណើន​នៃ​ជនជាតិ​វៀតណាម​ខណៈ​ដែល​វត្តមាន​ពលរដ្ឋ​ខ្មែរ​នៅ​ទីនេះ​កាន់តែ​តិច​ទៅៗ​។ លោក​​បន្ត​ថា ការបាត់បង់​តំបន់​នេះ​អាច​កើតឡើង​ក្នុង​រូបភាព​ប្រទេស​ទាំងពីរ​ដោះដូរ​ដី​គ្នា។ យុវជន​រូប​នេះ លើកឡើង​ទៀត​ថា ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​កណ្ដាល បង្កើត​ប៉ុស្តិ៍​យាម​ដើម្បី​ត្រួតពិនិត្យ​ការ​ចេញចូល​របស់​ជនជាតិ​នៅ​តំបន់​នេះ៖ «ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ហើយ​ចម្ប៉ា​បាត់បង់​ដោយសារ​វៀតណាម​គេ​បញ្ជូន​ជនជាតិ​គេ​មក​រស់នៅ​ច្រើន ទៅ​គេ​ធ្វើ​ផ្លូវ​គេ​​ហើយ​គេ​យក​តែ​ម្ដង»

នៅ​ជុំវិញ​វត្ត​បាក់​ណា​ម ហ៊ុមព័ទ្ធ​ដោយ​ផ្ទះ​ជនជាតិ​វៀតណាម មាន​ផ្ទះ​ពលរដ្ឋ​ខ្មែរ​តែមួយ​គ្រួសារ​ប៉ុណ្ណោះ ដែល​ព្រម​រួមរស់​ក្បែរ​បង​វត្ត​។

លោក សឹម មៀច មាន​អាយុ ៨១​ឆ្នាំ និង​ភរិយា​បាន​មក​រស់នៅ​ជាប់​របង​វត្ត​ប៉ាក់ណាម តាំងពី​ឆ្នាំ​១៩៨១​ម្ល៉េះ​។ លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា កន្លងមក​ធ្លាប់​មក​ពលរដ្ឋ​ខ្មែរ​មក​រស់​ទីនេះ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ចេះ​រស់នៅ​នឹង​ចាកចេញ​វិញ​ទៅ។ លោក​តា​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​មិន​បាន​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ ទីនេះ​អាច​នឹង​បាត់បង់៖ «ខ្ញុំ​សព្វថ្ងៃ​បើ​មាន​គេ​(​ពលរដ្ឋ​ខ្មែរ​)​មក​រស់នៅ​ច្រើន​ខ្ញុំ​អរគុណ​ណាស់ ឥឡូវ​មក​នៅ​ម៉ិច​កើត​នៅ​ណា​ក៏​ដី​វៀតណាម»

វត្ត​ប៉ាក់ណាម មាន​ព្រះសង្ឃ​គង់នៅ​ចំនួន ៦​អង្គ ក្នុង​នោះ​មាន​ព្រះ​ភិក្ខុ​មួយ​អង្គជា​ចៅអធិការ​ដែល​ព្រះអង្គ​ទើប​មក​គង់នៅ បាន​ជាង ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​។ វត្ត​នេះ​មិន​សូវ​មាន​ព្រះសង្ឃ​គង់នៅ​បាន​ច្រើន​ឆ្នាំ​ទេ។

អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ឲ្យ​អាស៊ីសេរី​ដឹង​យ៉ាង​ខ្លី​ថា តំបន់​ប៉ាក់ណាម​ពេលនេះ​មិន​ដូច​កាល​ពី​មុន​ទេ៖ «លោក​ឯង​ទៅ​ប៉ាក់ណាម​ប៉ុន្មាន​ដង​ហើយ? លោក​ឯង​ទៅ​មើល​ម្ដង​ទៀត​មើល​ចាំ​មក​សួរ​ខ្ញុំ»

ចំណែក ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ឲ្យ​ដឹង​ថា តំបន់​នេះ​បាន​បោះ​បង្គោល​ព្រំដែន​រួចហើយ​ដូច្នេះ​មិន​ប្រឈម​នឹង​ការបាត់បង់​ឡើយ។ លោក សុខ ទូច អះអាង​ថា តំបន់​នេះ​មិន​អំណោយ​ផល​សម្រាប់​ពលរដ្ឋ​រស់​នៅ​ទេ ព្រោះ​តំបន់​នេះ នៅ​រដូវវស្សា​ទឹក​លិច​ស្ទើរ​គ្រប់​ទីកន្លែង។ ទោះ​បែបនេះ​ក្ដី​លោក​ថា របប​ក្រុងភ្នំពេញ​មិនបាន​ព្រងើយកន្តើយ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នេះ​ទេ៖ «ហើយ​បើ​ទឹកធំ​សឹងតែ​លិច​វត្ត​ប៉ាក់ណាម​ទៀត ការ​អភិវឌ្ឍ​គឺ​មាន​ហើយ​គោលនយោបាយ​របស់​រដ្ឋាភិបាល»

ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លោក សន ជ័យ ព្រួយបារម្ភ​ថា ការ​សំអាង​តែ​បង្គោល​ព្រំដែន​មិន​គ្រប់គ្រាន់​ទេ បើ​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់ តំបន់​ប៉ាក់ណាម​ជា​ដី​ខ្មែរ​តែ​ក្នុង​ផែនទី ប៉ុន្តែ​ដែនដី​ពិតប្រាកដ​ត្រូវ​ជនជាតិ​វៀតណាម​ជា​អ្នក​គ្រប់គ្រង និង​កាន់កាប់។

យុវជន​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ព្រំដែន លោក មួង សូនី មិន​សូវ​មាន​ជំនឿ​លើ​ការ​អះអាង​របស់​លោក​បណ្ឌិត សុខ ទូច នោះ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា លោក សុខ ទូច តែងតែ​និយាយ​លើសលប់​ខ្លាំង​ពី​ការពិត​ជាក់ស្ដែង​នៃ​តំបន់​ព្រំដែន​នា​ពេល​កន្លងមក៖ «ខ្ញុំ​ឃើញ​ឯកឧត្ដម សុខ ទូច គាត់​លើកឡើង​ឃើញ​តែ​ធ្វើ​ប៉ុន្តែ​យើង​ទៅ​មើល​យឹត​យ៉ាវ​មែនទែន»

ព្រះសង្ឃ និង​ចំណុះជើងវត្ត​ប្រាប់​ថា ប្រសិនបើ​រដូវ​បុណ្យទាន​សំខាន់ៗ ដូចជា​ពិធី​កាន់បិណ្ឌ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​បុណ្យកឋិន​បុណ្យចូលឆ្នាំ​ខ្មែរ មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ច្រើន ប៉ុន្តែ​បើ​ថ្ងៃ​ធម្មតា​ព្រះសង្ឃ​ស្ទើរ​ដាច់​ចង្ហាន់ ឬក៏​ត្រូវ​ចេញ​បិណ្ឌបាត​នៅ​កន្លែង​ឆ្ងាយៗ​ពី​វត្ត​ទើប​បាន​ចង្ហាន់។

សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការងារ​ព្រំដែន​លើកឡើង​ថា បើ​ថ្ងៃ​ណាមួយ​វត្ត​ប៉ាក់ណាម អាច​ត្រូវ​បាត់បង់ ឬ​បោះបង់ចោល​ប្រសិនបើ​គ្មាន​ការ​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ តំបន់​នេះ​ដែល​ជា​ទឹកដី​របស់​ខ្មែរ​ក៏​នឹង​បាត់បង់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។