រដ្ឋសភា​ឯកបក្ស និង​របប​ក្រុង​ភ្នំពេញ សើរើ​ច្បាប់​ដាក់​បម្រាប​មិន​ឲ្យ​ធ្វើ​នយោបាយ និង​​បង្ហាញ​ពី​ឆន្ទៈ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2018-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​សភា​ឯកបក្ស​បើក​កិច្ច​ប្រជុំ​ដំបូង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ រដ្ឋសភា
សមាជិក​សភា​ឯកបក្ស​បើក​កិច្ច​ប្រជុំ​ដំបូង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ ២០១៨។ រូប៖ រដ្ឋសភា
រូប៖ រដ្ឋសភា

រដ្ឋសភាឯកបក្ស កំពុង​សើរើ​បទ​បញ្ញត្តិ​ច្បាប់​នានា ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​ជាប់​បម្រាប អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ មុន​ពេល​កំណត់​របស់​តុលាការ​កំពូល។ ចំណែក​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល​វិញ ក៏​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​រយៈ​ការ​លុប​ចោល​បញ្ញត្តិ​តឹងរ៉ឹង​មួយ​ចំនួន និង​ការ​បង្កើត​អន្ដរក្រសួង សម្រាប់​ដោះ​ស្រាយ​ទុក្ខ​កង្វល់​សង្គម​ស៊ីវិល ព្រម​ទាំង​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អង្គការ សមាគម។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​អាស៊ី​សេរី​ដឹង​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៨៧នាក់ កំពុង​សិក្សា​ឡើង​វិញ នូវ​បទ​បញ្ញត្តិ​ច្បាប់​មួយ​ចំនួន និង​សេចក្តី​ស្នើច្បាប់ ដើម្បី​ដាក់​ជូន​រដ្ឋសភា ក្នុង​គោល​បំណង​ស្នើសុំ​ឲ្យ​មាន​ការ​លើកលែង​បម្រាម​ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា សេចក្តី​ស្នើច្បាប់ និង​វិសោធនកម្ម​ច្បាប់​ទាំង​ឡាយ​នោះ នឹង​ផ្ដល់​លទ្ធភាព​ថ្វាយ​ព្រះមហាក្សត្រ ផ្ដល់​នីតិសម្បទា​ឡើង​វិញ ឲ្យ​អ្នក​ជាប់​បម្រាប​ធ្វើ​នយោបាយ​ទាំង​ឡាយ​ណា ដែល​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា តាម​សំណើ​នាយក​រដ្ឋមន្ត្រី ដោយ​មាន​ការ​ផ្ដល់​យោបល់​ឲ្យ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៖ «»

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នៅ​ថ្ងៃ​ទី៣ ធ្នូ ចេញ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​វិធានការ​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​ធានា​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ​នៅ​កម្ពុជា។ ក្រសួង​ការ​បរទេស​បញ្ជាក់​ថា ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បន្ថែម​ទៀត ក្រៅ​ពី​រដ្ឋសភា​កំពុង​សិក្សា​បទ​បញ្ញត្តិ​ច្បាប់​លើក​លែង​បម្រាប​ធ្វើ​នយោបាយ របប​ក្រុង​ភ្នំពេញ កំពុង​បង្កើត​យន្ដការ​ពិគ្រោះ​យោបល់ ដែល​មាន​លក្ខខណ្ឌ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​ពហុវិស័យ ជា​ប្រយោជន៍​កសាង​ប្រទេស។ ក្នុង​នោះ ក៏​មាន​ស្ថាប័ន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ និង​ការ​បង្កើត​វេទិកា​សាធារណៈ​ផ្សេងៗ។

តុលាការកំពូល​នៃ​របប​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ បាន​សម្រេច​សាលដីកា រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន ១១៨នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ៥ឆ្នាំ។

តំណាងរាស្ត្របក្ស​ប្រឆាំង និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ លោក អ៊ូ ច័ន្ទរ័ត្ន ជា​អ្នក​នយោបាយ​ម្នាក់ ក្នុង​ចំណោម ១១៨នាក់ ដែល​ត្រូវ​បាន​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ស្វាគមន៍​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ តាម​រយៈ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​វិញ ព្រោះ​មនុស្ស​ទាំង​នេះ ជា​ធនធាន​សំខាន់ និង​ចំបាច់ ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ ហើយ​គ្មាន​សំឡេង​ប្រឆាំង​ណា រឹងមាំ​ដូច​គណបក្ស​ប្រឆាំង​ទេ។

ក្រៅពីផ្ដល់​សិទ្ធិឲ្យ​អ្នក​នយោបាយ ១១៨នាក់ លោក អ៊ូ ច័ន្ទរ័ត្ន ទាមទារ​ឲ្យ​រដ្ឋសភា​ឯកបក្ស និង​របប​ក្រុង​ភ្នំពេញ ដោះ​លែង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា និង​ត្រូវ​ផ្ដល់​សុពលភាព តួនាទី ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៃ​គណបក្ស​ប្រឆាំង​វិញ​ជា​ចាំបាច់ ព្រោះ​តំណាង​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ទាំង​នោះ ជាប់​ឆ្នោត​ដោយសារ​ប្រជា​ពលរដ្ឋ៖ «»

ក្រៅពីការសើរើច្បាប់ លើក​លែង​បម្រាម​សិទ្ធិ​ធ្វើ​នយោបាយ របប​ក្រុង​ភ្នំពេញ អះអាង​ថា បាន​ប្ដេជ្ញា​ចិត្ត​មុតមាំ ក្នុង​ការ​លើក​កម្ពស់​ភាព​ជា​ដៃគូ​ពិត​ប្រាកដ ជាមួយ​​អង្គការ សង្គម​ស៊ីវិល បើ​ទោះ​ជា​របប​នេះ ធ្លាប់​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល​ចេញ​ពី​កម្ពុជា រឹតត្បិត​សេរីភាព និង​ចោទ​ប្រកាន់​សង្គម​ស៊ីវិល​ ដែល​ហ៊ាន​រិះគន់​របប​ក្រុង​ភ្នំពេញ ជា​ក្រុម​បដិវត្តន៍​ពណ៌។

របបក្រុងភ្នំពេញ បញ្ជាក់​ថា ដើម្បី​បង្ហាញ​ពី​ស្មារតី​ស្មោះត្រង់ ចំពោះ​ភាព​ជា​ដៃគូ​ពិត​ប្រាកដ​ជាមួយ​សង្គម​ស៊ីវិល ក្រសួង​មហាផ្ទៃ បាន​ចាប់​ផ្ដើម​វិធានការ​សំខាន់ៗ ជា​ច្រើន ដូច​ជា លុប​ចោល​បញ្ញត្តិ​តម្រូវ​ឲ្យ​សង្គម​ស៊ីវិល ជូន​ដំណឹង ៣ថ្ងៃ​មុន ជូន​អាជ្ញាធរ ដើម្បី​រៀបចំ​សកម្មភាព​ផ្សេងៗ រៀបចំ​វេទិកា​ទៀង​ទាត់​ជាមួយ​​សង្គម​ស៊ីវិល និង​បង្កើត​ក្រុម​ការងារ​អន្ដរក្រសួង​ដោះ​ស្រាយ​សំណើ ទុក្ខ​កង្វល់ របស់​សង្គម​ស៊ីវិល និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សំណើ​វិសោធនកម្ម។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​លើ​អ្នក​សារព័ត៌មាន សកម្មជន​សិទ្ធិ​មនុស្ស​ មន្ត្រី​សហជីព និង​អ្នក​នយោបាយ​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យសមាគមសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​ថា នេះ​ជា​កាតព្វកិច្ច​របស់​របប​ក្រុង​ភ្នំពេញ ដែល​បាន​ចុះ​ហត្ថលេខា​ទទួល​កត្តិកា​សញ្ញា​ជា​ច្រើន​ស្ដីពី​សិទ្ធិមនុស្ស​ជាមួយ​អង្គការ​សហប្រជាជាតិ។ ប៉ុន្ដែ​កន្លង​មក របប​ក្រុង​ភ្នំពេញ អនុវត្ត​មិន​ទាន់​បាន​ល្អ​ទេ ហើយ​ស្ថានភាព​ការ​គោរព​សិទ្ធិ​មនុស្ស​វិញ មិន​បាន​អនុលោម​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​កត្តិកាសញ្ញា ដែល​បាន​ទទួល​ស្គាល់​ទេ គឺ​អនុវត្ត​តាម​អារម្មណ៍។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្គេត​ឃើញ​ថា សេរីភាព​សង្គម​ស៊ីវិល តែង​រង​ការ​រឹតត្បិត​ពេល​ជិត​បោះ​ឆ្នោត ហើយ​បាន​ធូរ​ស្រាល​មក​វិញ ក្រោយ​ការ​រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​រួច​រាល់៖ «»

នៅមុនក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍​របស់​របប​ក្រុង​ភ្នំពេញ​នេះ កាល​ពី​យប់​ថ្ងៃ​ទី២ ធ្នូ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សន្មត់​ថា ប្រហែល​មាន​តែ​លោក​តែ​ម្នាក់​គត់ ជា​អ្នក​ដឹក​នាំ​តាំង​ពី​បុរាណ​មក ដែល​មាន​ការ​អត់​ឱន​ឲ្យ​ច្រើន​ជាង​គេ។ លោក ហ៊ុន សែន យល់​ថា អ្នក​ក្បត់​ជាតិ​ក្នុង​សម័យ​មុន មាន​តែ​សេចក្តី​ស្លាប់​ប៉ុណ្ណោះ។ ប៉ុន្ដែ​លោក​វិញ តែង​មាន​ការ​លើកលែង​ទោស​ដល់​អ្នក ដែល​ដឹង​កំហុស។ ខ្លះ​ម្តង ខ្លះ​​រហូត​ដល់​ទៅ​ពីរ​ដង។ ប៉ុន្តែ​មិន​អាច​មាន​លើក​ទី៣ ឡើយ។

បើ​ទោះ​ជា​លោក ហ៊ុន សែន អះអាង​បែប​នេះ សហគមន៍​អន្ដរជាតិ​វិញ បាន​ព្រមាន​ជា​បន្ដ​បន្ទាប់ ឲ្យ​របប​ក្រុង​ភ្នំពេញ ឲ្យ​ប្រញាប់​ស្ដារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​កើត​ចេញ​ពី​របប​លោក ហ៊ុន សែន ឲ្យ​ប្រញាប់ មុន​នឹង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​ក្រុង​ភ្នំពេញ។

ប្រធានក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ សង្គេត​ឃើញ​ថា ស្ថានភាព​ចុង​ក្រោយ របប​ក្រុង​ភ្នំពេញ ហាក់​បាន​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ ក្រោយ​មាន​ការ​ព្រមាន​ពី​សម្ពាធ​ខ្លាំង។ អ្នក​វិភាគ​រូប​នេះ​យល់​ថា ប្រសិន​បើ​នេះ​ជា​ឆន្ទៈ​បើក​លំហ​នយោបាយ ដោយ​មិន​មាន​ល្បិច​បំបែក​បំបាក់​គណបក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ទេ ជា​រឿង​ល្អ​ប្រសើរ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្ដែ ប្រសិន​បើ​ឆន្ទៈ​នេះ គ្រាន់​តែ​ជា​ការ​ប្រើ​ល្បិច​កល​នយោបាយ កេង​ចំណេញ​នយោបាយ​ វា​មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ៖ «»

សង្គមស៊ីវិល និងអ្នកវិភាគ ចង់​ឃើញ​របប​ក្រុង​ភ្នំពេញ មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ទើប​កម្ពុជា​អាច​រីក​ចម្រើន​ទៅ​មុខ​បាន ហើយ​បើ​គ្រាន់​តែ​កែ​លម្អ​ដើម្បី​បញ្ចៀស​សម្ពាធ ឆ្លៀត​បំបែក​បំបាក់​គណបក្ស​ដៃគូ​ប្រកួត​ម្ខាង​ទៀត ឬ​គ្រាន់​តែ​ដើម្បី​កេង​ចំណេញ​នយោបាយ មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ទៅ​មុខ​រួច​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បើតាមខ្ញុំយល់ នេះប្រាកដជាគំនាបរបស់ អន្តរៈជាតិ

Dec 04, 2018 11:00 AM

គេហទំព័រ​ទាំងមូល