លោក ផៃ ស៊ីផាន ចាត់ទុករបាយការណ៍របស់អានហ្វ្រែលថាមិនឆ្លុះបញ្ចាំងពីការពិត
2018.06.18
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុករបាយការណ៍របស់អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬហៅកាត់ថា ANFREL ដែលថា ការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី២៩ កក្កដា ខាងមុខ ថា ជាការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី១៨ មិថុនា ថា កម្ពុជាជាប្រទេសគោរពច្បាប់ និងរៀបចំការបោះឆ្នោតគោរពតាមគោលការណ៍ប្រជាធិបតេយ្យ។ «»
អង្គការANFREL បានចេញរបាយការណ៍កម្រាស់ ១៥ទំព័រកាលពីថ្ងៃទី១៥ មិថុនា វាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាគ្មានភាពយុត្តិធម៌ និងសេរីនោះទេ ដោយរបាយការណ៍នេះ បានលើកពីចំណុច៤សំខាន់ៗគឺ សិទ្ធិពលរដ្ឋជាមូលដ្ឋាន និងសិទ្ធិនយោបាយ រងការគំរាមកំហែង និងរឹតត្បិត។សារព័ត៌មានឯករាជ្យ រងការធ្វើទុក្ខបុកម្នេញ និងការបង្កើតប្រព័ន្ធរោងចក្រផលិតព័ត៌មានក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត បំពុលបរិយាកាស ធ្វើឲ្យពលរដ្ឋភាន់ច្រឡំ។ ការគំរាមកំហែង អ្នកបោះឆ្នោត ដែលមិនគួរធ្វើ។ ការប្រកួតប្រជែងមិនស្មើភាពគ្នា ដោយឥទ្ធិពលបក្សកាន់អំណាច និងការកាន់ជើងតែបក្សម្ខាង ជាពិសេស គ.ជ.ប ដែលធ្វើពលរដ្ឋបាត់បង់សិទ្ធិ និងជំនឿលើការរៀបចំការបោះឆ្នោត។
ទោះជាយ៉ាងនេះក្ដី បើទោះបីជាអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមនៅពេលនេះ ក៏មិនប្រាកដថា ការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌នោះដែរ ព្រោះ កត្តាដែលធ្វើឲ្យការបោះឆ្នោត មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនចំណុះតែមានវត្តមានគណបក្សប្រឆាំង មួយមុខនោះឡើយ៕