របបលោក ហ៊ុន សែន អាចចំណាយប្រាក់ជិត ២,៤ លានដុល្លារ ថ្លៃ​ជួល​យន្តហោះ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​​សហប្រជាជាតិ

ដោយ មួង ណារ៉េត
2018.10.09
Hun_Sen_Plane លោក ហ៊ុន សែន និង យន្ត​ហោះ​បូអ៊ីង 787 របស់​ក្រុមហ៊ុនចិន Deer Jet ដែលលោក និង គណៈប្រតិភូរបបលោក ជួលជិះទៅចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពីចុងខែ កញ្ញា ឆ្នាំ ២០១៨។
AP/Facebook

មន្រ្តីបក្សកាន់អំណាច បញ្ជាក់ថ្លៃជួលយន្តហោះ ដែលដឹកលោក ហ៊ុន សែន និង មន្រ្តីរបបនេះ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវចំណាយលុយជាតិ ៧ម៉ឺន ដុល្លារក្នុងមួយម៉ោង។ មន្រ្តីដដែលរូបនេះ អះអាងថា របប​នេះ​មិន​ខ្លាច​​ចាយ​​លុយ​​ទេ ព្រោះ​ដើម្បី​សុវត្ថិភាព​ថ្នាក់​ដឹក​នាំ។ ប៉ុន្តែ មន្រ្តីអង្គការសង្គមស៊ីវិល ថាលោក ហ៊ុន សែន ក្បត់​ពាក្យ​សន្យា ដែល​ថា ចង់​កាត់​បន្ថយការចំណាយ ក្នុងការធ្វើដំណើរនេះ។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​សមាជិក​គណៈកម្មាធិការមជ្ឈិមបក្ស​ គណបក្ស​ប្រជាជន​កម្ពុជា លោក ជុំ​ កុសល ឆ្លើយ​តប​​ទាំង​ក្រេវក្រោធ ទៅនឹងលោក វិសាល ​ដែលទូរស័ព្ទចូលក្នុង “កម្មវិធី​សំឡេង​ការពិត ដើម្បី​ប្រជាជន” ដែលផ្សាយ​បន្ត​តាម​វិទ្យុ​បាយ័ន កាលពីថ្ងៃទី៣ ខែ តុលា ដោយបញ្ជាក់ថា របបនេះ​ពិត​ជា​បាន​ចាយលុយ ៧ម៉ឺនដុល្លារ​ក្នុង​មួយម៉ោង លើ​​ថ្លៃ​​ជួល​​យន្តហោះ​នោះ៖ «លោកថា​ឃើញ​ហ្វេសប៊ុកគេចុះ​ថាសម្តេច ហ៊ុន សែន ជួល​យន្ត​ហោះ​មួយម៉ោង ៧សែនដុល្លារ ខុស​​​​ហើយ! លោក​​បាន​​ព័ត៌មាន​ហ្នឹង​​មក​​ពី​ណា? ៧ម៉ឺន​ដុល្លារ​ទេ មិន​មែន​ ៧សែនទេ»។

របប​លោក ហ៊ុន សែន បាន​ជួល​យន្តហោះ​ទំនើប​ប្រភេទ បូអ៊ីង (Boeing) ៧៨៧ ពី​ក្រុមហ៊ុន​ឯកជន​ចិន​ឈ្មោះ Deer Jet ដើម្បី​ដឹក​លោក និង​គណៈប្រតិភូ​របប​លោក​ប្រមាណ ៤០នាក់​ផ្សេងទៀត រួមមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​​ផង ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅទីក្រុង​ញូយក សហរដ្ឋអាមេរិក កាល​ពី​​ចុង​ខែ​​កញ្ញា​កន្លង​​ទៅ​​នេះ​។

តម្លៃ​ក្រៅផ្លូវការ សម្រាប់​ជួល​យន្តហោះ​ប្រភេទ​នេះ គឺ​ចាប់ពី​ចន្លោះ​ពី ២០.០០០ ដុល្លារ ដល់ ៧៣.០០០ ឬ ៧៤.០០០ ដុល្លារ ក្នុង​​មួយ​​ម៉ោង។ បើ​តាមការអះអាង​របស់​លោក ជុំ កុសល ដែលថា ត្រូវ​បង់​​ ​៧ម៉ឺន ដុល្លារ​ក្នុង​មួយម៉ោង សម្រាប់​ការ​ហោះ​ហើរ​​ត្រង់ ពី​កម្ពុជា​ទៅ​អាមេរិក ដែល​សរុប ៣៤​ម៉ោង​នោះ គឺ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ២,៤ លានដុល្លារ (២.៣៨០.០០០ ដុល្លារ) សម្រាប់​​ថ្លៃ​​ជួល​​យន្តហោះ​មួយលើកនេះ ដោយមិនគិតទាំងថ្លៃ​ពន្ធព្រលានយន្តហោះ និង ថ្លៃចត​យន្តហោះនៅ​អាមេរិក ពេល​លោក ហ៊ុន សែន កំពុង​ស្នាក់នៅទីនោះផងទេ។

ទោះជាយ៉ាងនេះក្តី លោក ជុំ កុសល ថ្លែងការពារ​ការចំណាយដ៏សន្ធឹកសន្ធាប់​បែបនេះ​ ដោយ​​​អះអាង​ថា ទោះ​​ត្រូ​វ​ចំណាយ​​ប៉ុណ្ណា ក៏​មិន​ត្រូវ​​រា​ថយ​ដែរ ព្រោះវាជាការចាំបាច់៖ «អ៊‍ីចឹងការ​ចំណាយ​ថវិកា​ជាតិ​ត្រឹមប៉ុណ្ណឹង​ ដើម្បី​មេដឹកនាំ​ប្រទេស​មួយ​ទៅ​ចូលរួម​ប្រជុំ​ពិភពលោក ដើម្បី​ការពារ​សុវត្ថិភាព​ សឹងតែ​គណៈរដ្ឋ​មន្រ្តី​មួយ​ទាំង​មូល​ លើ​​យន្ត​ហោះ​ រឿង​អី​​រាជ​រដ្ឋាភិបាល​ មិន​ខ្លាច​ក្នុង​ការ​ចំណាយ​ថវិកាជាតិ»

ចំណែក​លោក ហ៊ុន សែន វិញ បាន​ថ្លែង​សារ​ឌឺដង​ឡង​សម្ដី ឲ្យ​អ្នកដែលហ៊ាន​រិះគន់ រឿង​ថ្លៃ​ចំណាយ​លើ​ការ​ជួល​យន្ត​ហោះនេះ ដោយ​លោក​ធ្វើជាសួរ​សំណួរបែបចម្អក ថាបើមិន​ឲ្យ​លោក​ជួលហោះ តើ​ឲ្យ​លោក ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នោះ ដោយ​​របៀបណាទៅវិញ?៖ «អានេះ​គិត​ឲ្យ​ឯង​ដើរ​ឬស្អី? ឲ្យ​ឯង​ហែល​ទឹក​ឬស្អី?»

មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ​ថែមទាំង​វាយប្រហា​រ​ អ្នករិះគន់​រឿង​ថ្លៃយន្ត​ហោះនោះ ថាសុទ្ធតែជាមនុស្ស​បក្ស​ប្រឆាំង ដែល​លោក​ចោទ​​ថា ជាមនុស្ស​ឧត្បាត និង សមតែ​លោកធ្វើ​ទុក្ខ​បុក​ម្នេញ​មែន៖ «បើវាចង្រៃយ៉ាង​ហ្នឹង​! វា​អ៊ីចឹង​ហើយ បានជា​ខ្ញុំ​​​និយាយ​​​ថា បើ​ពួក​អា​ចង្រៃ​នេះ​នៅ សង្គ្រាម​វា​នឹង​ផ្ទុះ ព្រោះ​វា​អាក្រក់​ពេក​! អាក្រក់​ហួសហេតុ​! អាក្រក់​ជូរ​ជាតិ។ បើ​វា​ចង្រៃ​ម្លឹងៗ វា​សមតែ​នឹង​ជាប់គុក​ហ្នឹង អា​ពួក​ហ្នឹង!»

មន្រ្តីគណបក្ស​ប្រឆាំង ច្រានចោលការ​ចោទប្រកាន់របស់លោក​ ហ៊ុន សែន ដែល​ចោទ​គណបក្ស​ប្រឆាំង ថាបំផ្លើស​ព័ត៌មាន រឿង​ថ្លៃជួលយន្តហោះនេះ។ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ចាត់​ទុក​សារ​វាយប្រហារ​របស់​​លោក ហ៊ុន សែន មក​លើ​គណបក្ស​សង្គ្រោះជាតិ រឿង​ថ្លៃ​ជួល​យន្តហោះ​ទំនើប​នោះ ថា​ ជាការលាបពណ៌អាក្រក់ មាន​ចរិត​កេង​ចំណេញ​នយោបាយ ក្នុង​ចេតនា​បន្ទាបបន្ថោក​តម្លៃ​គណបក្ស​ប្រឆាំង និង​ដើម្បី​ឲ្យ​មានការ​ភាន់ច្រឡំ ថា​គណបក្ស​ប្រឆាំង ចេះ​តែ​​ចោទ​​របប​​លោក ហ៊ុន សែន។

ប្រទេសកម្ពុជា នៅតែជាប្រទេសក្រីក្រមួយ​ ដែលប្រជាពលរដ្ឋ​ភាគ​ច្រើន រកប្រាក់បានជាមធ្យម​​ក្រោម ១,៩០ដុល្លារ​ ក្នុង​​មួយ​ថ្ងៃ បើ​ផ្អែក​លើ​​សន្ទស្សន៍​សាកល​​ពី​ភាព​ក្រីក្រ ពហុសមាសភាគ ឆ្នាំ ២០១៨ (Multidimensional Poverty Index ឬ MPI)។ ស្ថានភាព​ក្រីក្រទាំងនេះ គឺមកពីការខ្វះ​​ទឹកស្អាត ខ្វះ​អនាម័យ គ្មាន​អាហារូបត្ថម្ភគ្រប់គ្រាន់ មាន​បញ្ហា​​សុខាភាព ឬ​ខ្វះ​​ការ​អប់រំ​កម្រិត​បឋម​ជាដើម។ ជាពិសេស គឺពួកគាត់ ខ្វះ​ប្រាក់ចំណូល។

ក្នុងស្ថានភាព ដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពក្រីក្របែបនេះ របប​លោក ហ៊ុន សែន រង​ការរិះគន់​ជាទូទៅ​ថា ចំណាយ​ថវិកាជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដោយ​ឥតប្រយោជន៍ ដើម្បី​គ្រាន់តែ​បញ្ជូន​មន្ត្រី​របស់​លោក​រាប់​សិប​នាក់ ហែហម​អម​ដំណើរ​​លោក ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ប្រទេស​ខ្លះ​បញ្ជូន​មនុស្ស​មិន​ដល់ ១០នាក់​​ផង និង​ចំណាយ​ប្រាក់​តិច​ជាង​កម្ពុជា​ឆ្ងាយ​ណាស់។ បន្ថែម​លើ​មន្ត្រី​គ្រាក់ៗ​ប្រមាណ ៤០​នាក់ ​ដែល​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ឯកជន​​ជាមួយ​​លោក នៅ​មាន​មន្ត្រី​របប​លោក​ជាច្រើន​នាក់​ផ្សេងទៀត ដែល​ត្រូវ​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ផ្សេង ទៅ​ចាំ​មុន ដើម្បី​រៀបចំ​ទទួល​ដំណើរ​របស់​លោក និង គណៈប្រតិភូ និង​ដើម្បី​ទៅ​ចូលរួម​បាតុកម្ម​គាំទ្រ​វត្តមាន​លោក នៅ​ទីក្រុង​ញូវយ៉ក។

របបនេះ ក៏រងការរិះគន់ ក្នុងការ​ចំណាយ​ពេលវេលា និង​ថវិការដ្ឋខ្ជះខ្ជាយ ព្រោះ​លោក ហ៊ុន សែន ពេល​ទៅ​ណា​ម្តងៗ មាន​​មន្រ្តី​ហែហម​យ៉ាង​ច្រើន​សន្ធឹក ដែលត្រូវ​ចំណាយពេលអង្គុយកំដ​រ ការ​ថ្លែង​សុន្ទរកថា​លោក ហ៊ុន សែន ម្តងៗ​រាប់​ម៉ោង។ ដោយសារ​ការ​រិះគន់នេះ លោក ហ៊ុន សែន ធ្លាប់​បាន​​សន្យា កាលពីខែ​មីនា ឆ្នាំ២០១៣ ក្នុង​​មហាសន្និបាត​វិសាមញ្ញ​ នៅ​កោះ​ពេជ្រ ថា​“មន្រ្តី​ជាន់​ខ្ពស់របស់បក្ស​លោក មិន​ចាំបាច់​អម​ដំណើរ​លោកច្រើនពេកទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​សម្រាប់​ប្រជាជន ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​វា​ចំណាយ​ពេល ​និង​ថវិកា​ច្រើន”។

ប៉ុន្តែ ចាប់តាំងពីពេលនោះមក រៀងរាល់ការ​រៀបចំ​វេទិកាសាធារណៈ ជាពិសេសពេលចុះជួប​កម្មករ​រោងចក្រ លោក ហ៊ុន សែន នៅតែ​បន្ត​យកមន្រ្តីហែហម​លោក យ៉ាង​ច្រើនសន្ធឹកដដែល។ ចំណែកឯការ ធ្វើដំណើរទៅក្រៅប្រទេសទៀតសោត ជា​ពិសេស ​ដំណើរទៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ ដែល​មាន​តែរូប​លោកម្នាក់ឯង ប៉ុណ្ណោះ​ជា​អ្នក​ថ្លែង​សុន្ទរថា​ក៏​ដោយ​ ក៏លោក​នាំមន្រ្តីហែហម ទៅជាមួយ​​ស្ទើរ​អស់​ពី​គណៈរដ្ឋមន្រ្តី។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថាលោក ហ៊ុន សែន គួរ​កាត់​បន្ថយ​ចំនួន​មន្រ្តី និង ការ​ចំណាយយ៉ាង​សន្ធឹក​របស់​រដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​បែបនេះ ដើម្បីសន្សំ​ថវិកាជាតិផង និង ដើម្បី​ឲ្យ​ស្របតាម​អ្វីដែលលោក ហ៊ុន សែន ធ្លាប់​សន្យា​កាលពី​ឆ្នាំ ២០១៣ នោះផង៖ «ខ្ញុំ​ថា​ក្នុងករណី​ ដែល​មានការ​​ធ្វើ​​ដំណើរ​​ដែល​​មាន​​តម្លៃ​​ថ្លៃ ការ​​កំណត់​​ចំនួន​មន្រ្តី​​ហែហម ទៅ​​ចូលរួម​ហ្នឹង​ គួរតែការ​គិត​គូដែរ។ កន្លង​សម្តេច​ ហ៊ុន សែន ក៏គាត់​ធ្លាប់​លើក​ឡើង​ដែរ ការ​​ហែហម​ច្រើន​ហ្នឹង ការ​ធ្វើ​បេសកកម្ម​ទៅក្រៅប្រទេសនោះ ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ថវិការជាតិ​ដែ»

ទោះបីជាលោក ហ៊ុន សែន មិនចាំបាច់ដើរ ឬ ហែលទឹក ទើប​អាច​ទៅចូលរួម​មហាសន្និបាត​​នៅ​អង្គការ​​សហប្រជាជាតិ​​បាន​​ក៏​ដោយ ក៏​កន្លង​មក​មន្រ្តី​ជាន់​ខ្ពស់​​របបនេះ អាចធ្វើដំណើរតាមជើងយន្តហោះ​ដឹកអ្នកដំណើរ​ធម្មតា ដែលអាចចំណាយថវិកា អស់​តិច​ជាង​​នេះ​​ឆ្ងាយ​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។