លោក ហ៊ុន សែន ប្រកាស​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោយ​រក​មិន​ឃើញ​កំហុស

ដោយ ទីន ហ្សាការីយ៉ា
2017-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
Screenshot

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​ធ្នូ នេះ​ថា លោក​មិន​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទេ ក្រោយ​ពី​ក្រសួង​ពិនិត្យ និង​ស្រាវជ្រាវ​រក​មិន​ឃើញ​កំហុស ឬ​មិន​មាន​សកម្មភាព​ពាក់ព័ន្ធ​បញ្ហា​ល្មើសច្បាប់​នោះ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដី​ថ្លែងការណ៍ ក៏​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើ​ទៅ​រដ្ឋាភិបាល បញ្ជាក់​ថា ស្ថាប័ន​នេះ​មិន​ពាក់ព័ន្ធ​បក្ស​នយោបាយ​ណា​មួយ រដ្ឋាភិបាល​សម្រេច​រក្សា​ទុក​មជ្ឈមណ្ឌល​នេះ​នៅ​ដដែល ដោយ​ឱ្យ​ស្ថាប័ន​មួយ​នេះ​នៅ​បម្រើ​សកម្មភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជា​បន្ត​ទៀត។

​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ពិនិត្យ និង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ភ្នំពេញ ដោយ​លោក​ចោទ​ថា មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​ដោយ​បរទេស។ ក្រោយ​ពី​ប្រកាស​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​ភ្លាមៗ​ថា ស្ថាប័ន​នេះ​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយ​ប្រកាន់​គោលការណ៍​អព្យាក្រឹត ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​ទាំង​អស់ ហើយ​អ្វី​ដែល​មជ្ឈមណ្ឌល​មាន គឺ​ធ្វើ​កិច្ចការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ការ​ផ្ដល់​អំណាច​ដល់​សហគមន៍​ជនបទ ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ​ដីធ្លី។ កិច្ចការ​ចម្បង​ដទៃ​ទៀត គឺ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ។ កិច្ច​គាំពារ​ទាំង​នេះ​ហើយ គឺជា​ការ​រួម​ចំណែក​ដោយ​ផ្ទាល់ និង​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​ប្រទេស​កម្ពុជា។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​លោក កឹម សុខា បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២។ ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មក​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ក្លាយ​ជា​អ្នក​នយោបាយ។ អ្នក​នយោបាយ​ទាំង​នោះ​មាន​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ផង និង​គណបក្ស​កាន់​អំណាច​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ចោរប្រកាសចូលដុតផ្ទះអ្នកស្រុក ហើយក៏ប្រកាសឈប់ដុត ដើម្បី ឲ្យគ្រប់មជ្ឈដ្ឋានយល់ថា លោកចោរជាមនុស្សល្អ ហើយក៏ដើម្បីចង់ លប់លាងកំហុសដែលចោរបានដុតផ្ទះគេអស់ជាច្រើនខ្នងរួចមកហើយ។ តើលោកចោរអាចរួចផុតពីទោសទេ ចំពោះការដុតផ្ទះមុនៗ ពិសេសគឺដុតរំលាយគណបក្សសង្រ្គោះជាតិ តាមធ្វើទុកបុកម្នេញ សមាជិកក្រុមប្រឹក្សាឃុំគណបក្សសង្រ្គោះជាតិឲ្យរត់ព្រាត់ប្រាសគ្រួសារ ព្រាត់ប្រាស់ផ្ទះសម្បែង ទៅពួនគេចខ្លួន។ តើពលរដ្ឋខ្មែរ សហគមន៍ជាតិ និងអន្តរជាតិអាចលើកលែងទោសឲ្យចោរនេះបានទេ ពេលដែល ចោរនេះប្រកាសថាលែងដុតផ្ទះចុងក្រោយនេះ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា?

Dec 03, 2017 04:27 AM

អ្នក​អាន​អនាមិក

? សំណាងហើយ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា បានអង្គរវត្ត ជួយ !

Dec 02, 2017 09:29 PM

អ្នក​អាន​អនាមិក

នេះ​គឺជាគំនិតកខ្វក់របស់ ហ៊ុនសែន ដើម្បីឱ្យ អន្តរជាតិ បន្ថយសម្ពាធ ប្រសិនបើ មិន
ធ្វើដូចនោះ ទ្រព្យសម្បត្តិ និង លុយកាក់ រាប់ ពាន់លានដុល្លារ ដែល ត្រកូលហ៊ុន សែននិងបវិវាលួចយកទៅលាក់នៅធនាគារអន្តរជាតិ ក្រៅ ប្រទេស នឹងត្រូវបានត្រូវបាន
បាត់រំលាយមិនអាចប៉ះ បាន។

Dec 02, 2017 05:22 PM

គេហទំព័រ​ទាំងមូល