ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប្រកាស​គាំទ្រ​កូន​ប្រុស​របស់​លោក ហ៊ុន សែន

0:00 / 0:00

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រកាស​ជំហរ​ថា នឹង​គាំទ្រ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ក្នុង​ការ​ដឹក​នាំ​សន្តិភាព​ជូន​ជាតិ និង​ប្រជាជន។ ការ​ប្រកាស​នេះ សំដៅ​ដល់​ការ​ទទួល​បាន​ពាន​រង្វាន់​របស់​កូន​ប្រុស​របស់ លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ។ អង្គការ​មិន​មែន​រដ្ឋាភិបាល លើក​ឡើង​ថា កង​កម្លាំង​អាជ្ញាធរ​ត្រូវ​ការពារ​ប្រយោជន៍​ជាតិ ដោយ​ពុំ​មាន​ការ​រើសអើង​ជា​ជាង​ប្រយោជន៍​បុគ្គល ឬ​ប្រយោជន៍​បក្ស​នយោបាយ។

ប្រសាសន៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ត្រូវ​បាន​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។ ក្នុង​នោះ លោក ជួន សុវណ្ណ មាន​ប្រសាសន៍​ថា នាយ នាយ​រង​នគរបាល​ទាំងអស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្ដេជ្ញា​យក​អស់​កម្លាំង​កាយ​ចិត្ត និង​ប្រើ​អស់​លទ្ធភាព គាំទ្រ​រាល់​បុព្វហេតុ​របស់ លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​វ័យ​ក្មេង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​នាំ​សន្តិភាព​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា ទាំង​មូល។

ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា លោក ហ៊ុន ម៉ានី ទទួល​បាន​ពាន​រង្វាន់​សន្តិភាព ហ្គុស៊ី (The Gusi Peace Prize) នៅ​ប្រទេស​ហ្វីលីពីន ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​យុវជន ការ​គោរព​សិទ្ធិ និង​ជា​អ្នក​ការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​ស្នងការ​នគរបាល​នៅ​ពេល​នេះ គ្រាន់​តែ​ជា​ការ​យក​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។ លោក​បន្ត​ថា ជា​ការ​ល្អ​ដែល​កង​កម្លាំង​អាជ្ញាធរ​ប្រកាស​ការពារ លោក ហ៊ុន ម៉ានី ដែល​លោក​ជា​អ្នក​ទទួល​បាន​ពាន​រង្វាន់​ផង ជា​អ្នក​តំណាង​រាស្ត្រ​ផង ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​ឯករាជ​ភាព​របស់​កង​កម្លាំង​សមត្ថកិច្ច ប្រសិន​បើ​គេ​ប្រើ​ដើម្បី​ការពារ​ប្រយោជន៍​បុគ្គល ឬ​ប្រយោជន៍​គណបក្ស​នយោបាយ។ លោក​ចង់​ឃើញ​ការងារ​របស់​កង​កម្លាំង​សមត្ថកិច្ច ត្រូវ​ជា​ការងារ​ដែល​ពុំ​មាន​ការ​រើសអើង៖ «ប៉ូលិស ទាហាន តែង​ប្រកាស​ការពារ​គាំទ្រ​បែប​ហ្នឹង ប៉ុន្តែ​សំខាន់​បំផុត​ការ​ប្រកាស​ការ​បង្ហាញ​របស់​គាត់​ហ្នឹង បាន​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ជំហរ​ជា​រួម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។ យើង​មើល​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ តែង​បង្ហាញ​សមានចិត្ត​ចំពោះ​គណបក្ស​ប្រជាជន ដ្បិត​មន្ត្រី​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា»

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ប្រកាស​បែប​នេះ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ បង្ហាញ​ឲ្យ​ឃើញ​ថា កង​កម្លាំង​នគរបាល​ហាក់​បម្រើ​ឲ្យ​តែ​បុគ្គល ឬ​ក្រុម​បក្ខពួក​របស់​ខ្លួន ដែល​មតិ​ជាតិ និង​អន្តរជាតិ​តែង​រិះគន់៖ «កង​កម្លាំង​ប្រដាប់​អាវុធ​អត់​មាន​ករណី​ពិសេស​ទេ លើក​លែង​តែ​កាតព្វកិច្ច​ការពារ​ថ្នាក់​ដឹក​នាំ​ចេញ​ដំណើរ​ទៅ​ណា​មក​ណា គឺ​ជា​នីតិវិធី តែ​បើ​ថា​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា​ការពារ​អ្នក​នេះ​ពិសេស​ជាង​អ្នក​នោះ គឺ​ខុស។ ចឹង​ហើយ​ដែល​សហគមន៍​ជាតិ អន្តរជាតិ រិះគន់​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គ្មាន​ឯករាជ​ភាព​ទេ ការពារ​តែ​ក្រុម​ណា បុគ្គល​ណា​ដែល​មាន​អំណាច។ កង​កម្លាំង​សម្រាប់​ការពារ​តែ​អ្នក​បាន​ពាន​រង្វាន់ ឯ​អ្នក​ផ្សេង​អត់​ការពារ គឺ​អត់​អាច​ធ្វើ​ចឹង​បាន​ទេ»

កាល​ពី​ខែ​កញ្ញា លោក ជា តារា ដែល​កាល​ណោះ​លោក​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេ​បញ្ជាការ​ឯកភាព​សមរភូមិ​ប្រាសាទ​ព្រះវិហារ ផ្កាយ​មាស​៤ លើក​ឡើង​ថា ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​នេះ​ជា​អ្នក​ផ្គត់ផ្គង់​ទាហាន​នា​ពេល​បច្ចុប្បន្ន។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ថ្លែង​បែប​នេះ​ជា​កាយវិការ​មួយ​ចង់​បង្ហាញ​ថា កង​កម្លាំង​ឯករាជ្យ​របស់​រដ្ឋ ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​គណបក្ស​កាន់​អំណាច ហើយ​ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​កង​កម្លាំង​យោធា​ក្នុង​ការ​ការពារ​គណបក្ស​នេះ​នៅ​ពេល​ចាញ់​ឆ្នោត​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។